ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ចប្រជុំ​កំពូល​អាស៊ាន​​នៅ​ភូមា​នឹង​មិន​និយាយ​អំពី​ការ​សម្រេច​ធំៗ​ទេ


លោក Thein Sein​ ប្រធានាធិបតី​​ប្រទេស​ភូមា​​ថ្លែ​ង​​សុន្ទរកថា​​ប្រកាស​​កិច្ច​​ប្រជុំ​រដ្ឋមន្ត្រី​​អាស៊ាន​ឆ្នាំ​​២០១៤​
លោក Thein Sein​ ប្រធានាធិបតី​​ប្រទេស​ភូមា​​ថ្លែ​ង​​សុន្ទរកថា​​ប្រកាស​​កិច្ច​​ប្រជុំ​រដ្ឋមន្ត្រី​​អាស៊ាន​ឆ្នាំ​​២០១៤​

នៅ​សប្តាហ៍​ក្រោយ​នេះ ​ប្រទេស​ភូមា​នឹង​ទទួល​ស្វាគមន៍​មេដឹកនាំ​សមាគម​អាស៊ាន​ និង​កិច្ច​ប្រជុំ​កំពូល​អាស៊ី​ខាងកើត។ ​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក ​និង​ប្រធានាធិបតីរុស្ស៊ី​ក៏​ដូច​ជា​មេដឹកនាំ​ជាន់​ខ្ពស់​ចិន ហើយនឹង​លោក​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា ​ព្រម​ទាំង​មេដឹកនាំ​អាស៊ី​អាគ្នេយ៍​នឹង​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​នេះ​ ហើយ​មាន​អំពី​ក្តី​រំពឹង​ទុក​ដ៏​តិចតួច​ពី​ជំនួប​ប្រជុំ​នេះ។​

ការ​ឯកភាព​គ្នា ​ការសម្រុះ​សម្រួល​គ្នា​ និង​គោល​ការណ៍​មិន​ជ្រៀត​ជ្រែក​របស់​សមាគម​អាស៊ាន​បាន​ជួយ​ឲ្យ​ប្រទេស​ក្នុង​តំបន់​ ដែល​ធ្លាប់​មាន​អំពើ​ហិង្សា​កាលពី​មុននេះ​ មាន​សន្តិភាព​ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ។ ​លោក ​Rodolfo Severino ​អតីត​អគ្គ​លេខាធិការ​អាស៊ាន​ ​និយាយ​តាម ​Skype​ថា ​នេះ​គឺជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធ​ភាព​តែ​មួយ​គត់​ដើម្បី​ឲ្យ​អាស៊ាន​ដំណើរការ​ទៅ​មុខ។​

លោក​និយាយ​ថា៖

«ទេ ​អាស៊ាន​គឺ​មិន​ផ្តោត​លើ​ការ​សម្រេច​ធំៗ​ទេ។​ អាស៊ាន​គឺ​ធ្វើការ​ផ្អែក​លើ​មូលដ្ឋាន​កើន​ឡើង​តាម​កម្រិត»។​

ប៉ុន្តែ​ការណ៍​នេះ​អាច​ជា​ឧបសគ្គ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ចម្បងៗ ​បើ​តាម​លោក​សាស្ត្រា​ចារ្យ​ Jason Briggs​ នៃ​សាកល​វិទ្យាល័យ ​Webster ​នៅ​ទីក្រុង​បាងកក។​

«ជា​ធម្មតា ​នៅ​ពេល​សមាជិក​សមាគម​អាស៊ាន​ជួប​ប្រជុំ ​លទ្ធផល​ទទួល​បាន​គឺ​អនុស្សរណៈ​ សេចក្តី​ប្រកាស ​និង​សេចក្តី​ថ្លែង​ការណ៍រួម​គ្នា ​ដែល​ជា​យន្តការ​ច្បាប់​ធូរ​រលុង ​ជាជាង​វិធានការ​ច្បាប់​តឹងរ៉ឹង»។​

សមិទ្ធផល​ដ៏​សំខាន់​មួយ​របស់​អាស៊ាន​ត្រូវបាន​រំពឹង​ថា ​ជា​ការ​ចាប់​ផ្តើម​សហគមន៍​សេដ្ឋ​កិច្ច​អាស៊ាន​នៅ​ឆ្នាំ​ក្រោយ​នេះ ​ដោយ​សម្រួល​ការ​ធ្វើ​ជំនួញ ​និង​ការ​ធ្វើ​ដំណើរ​ឆ្លង​ព្រំដែន។ ​ប៉ុន្តែ​លោក ​Severino ​អតីត​អគ្គលេខាធិការ​អាស៊ាន​មក​ពី​ហ្វីលីពីន ​និយាយ​ថា ​ព័ត៌មាន​លម្អិត​នៅ​តែ​មិន​ច្បាស់​លាស់ ​ដែល​ជា​កិច្ចការ​មួយ​ដែល​ត្រូវ​តែ​បញ្ជាក់​ឲ្យ​ច្បាស់​នៅ​ក្នុង​សន្និបាត​ឆ្នាំ​នេះ។​

លោក ​Severino ​ថា៖​

«តើ​សហគមន៍​ប្រភេទ​ណា​ដែល​យើង​កំពុង​តែ​សម្លឹង​មើល ​ហើយ​នៅ​ទី​នេះ ​មេ​ដឹកនាំ​ត្រូវតែ​ដៅ​ប្រភេទ​សហគមន៍​របស់​ខ្លួន ​ពីព្រោះ​វា​នៅ​មិន​ឆ្ងាយ​ទេ។ ​រឿង​នេះ​នឹង​កើត​ឡើង​នៅ​ក្នុង​ពេល​ដែល​ម៉ាឡេស៊ី​ធ្វើ​ប្រធាន​អាស៊ាន។ ​វា​នឹង​កើត​ឡើង»។​

ក្នុង​កិច្ច​ប្រជុំ​កំពូល​កាលពី​ឆ្នាំ​មុន ​លោក​ប្រធានាធិតី​បារ៉ាក់ អូបាម៉ា​បាន​លុប​ចោល​ដំណើរ​ទៅ​ចូលរួម ​ដោយ​សារ​តែ​ការ​ផ្អាក​ដំណើរ​ការ​រដ្ឋាភិបាល​អាមេរិក ​ដែល​បាន​ឲ្យ​ចិន​ចាប់​យក​ឱកាស​លេច​ធ្លោ។​

នយោបាយ​ការទូត​សំខាន់​របស់​សហ​រដ្ឋ​អាមេរិក​នៅ​ឆ្នាំ​នេះ​គឺ​ការ​ជួប​ផ្ទាល់ ម្តង​មួយៗ​ជាមួយ​នឹង​មេ​ដឹកនាំ​រដ្ឋាភិបាល​ដែល​មិន​មែន​ជា​សមាជិក​អាស៊ាន។​

លោក​សាស្ត្រា​ចារ្យ​ Briggs ​និយាយ​ថា៖​

«មេដឹកនាំ​ពី​ប្រទេស​ឥណ្ឌា​ ក្រោម​ការ​ដឹកនាំ​របស់​លោក ​Modi​ និង​មេដឹកនាំប្រទេស​រុស្ស៊ី​ក៏​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​សន្និបាត​នេះ​ដែរ​ ទោះ​បី​ជា​នៅ​សហ​រដ្ឋ​អាមេរិក​ យើង​មាន​ក្តី​កង្វល់​ពី​ទំនាក់​ទំនង​ទ្វេរភាគី​ច្រើន​ជាមួយ​នឹង​រុស្ស៊ី​ក៏​ដោយ។ ​នេះ​ក៏​ជា​ឱកាស​មួយ ​ពីព្រោះ​វា​អាច​មាន​ការ​ពិភាក្សា​ដ៏​មាន​ប្រយោជន៍​មួយ​ចំនួន​រវាង​លោក​ប្រធានាធិបតី​អូបាម៉ា ​និង​មេដឹកនាំ​ទាំង​នោះ»។​

ជំនួប​ពិភាក្សា​រវាង​មេដឹកនាំ​ទាំង​នោះ​ជាមួយ​នឹង​លោក​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​ នឹង​ផ្តោត​លើ​បញ្ហា​សំខាន់ៗ​មួយ​ចំនួន​ រួមមាន​ចលនា​ជ្រុល​និយម​របស់​រដ្ឋ​អ៊ីស្លាម ​ភាព​វឹកវរ​ជា​បន្ត​បន្ទាប់​នៅ​អ៊ុយ​ក្រែន ​ផល​លំបាក​ក្នុង​ការ​ចរចា​ផ្នែក​ជំនួញ​នៅ​តំបន់​ប៉ាស៊ីហ្វិក ​ការ​ពង្រីក​ដែន​សមុទ្រ​របស់​ចិន ​និង​ការ​ទប់​ស្កាត់​ការ​រាត​ត្បាត​នៃ​ជំងឺ​ អ៊ីបូឡា ​នៅ​អាហ្រ្វិក​ខាង​លិច៕​

ប្រែស​ម្រួល​ដោយ ទែន សុខស្រីនិត

XS
SM
MD
LG