កសិករចិញ្ចឹមជ្រូកមួយចំនួនត្អូញត្អែរថា ពួកគេកំពុងប្រឈមខ្លាំងនឹងការក្ស័យធន ដោយសារការចំណាយច្រើនលើការចិញ្ចឹម ប៉ុន្តែតម្លៃនៃការលក់ចេញចុះថោក។
លោក ទេព វីរៈ អាយុ៣៧ឆ្នាំ កសិករចិញ្ចឹមជ្រូកក្នុងខេត្តបាត់ដំបង ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា សព្វថ្ងៃនេះការប្រកបរបរចិញ្ចឹមជ្រូកមានភាពយ៉ាប់យឺនខ្លាំង រហូតមានអ្នកក្ស័យធន និងបោះបង់ការចិញ្ចឹមនេះចោល។
លោកថ្លែងថា៖ «ចប់ហើយឥឡូវយ៉ាប់បណ្តោយ។ បើនិយាយពីរឿងបញ្ហាតម្លៃទីផ្សារជ្រូកគឺចប់ហើយ!ស្រុកខ្មែរ ឥឡូវវាពិបាក… ធ្លាក់ថ្លៃខ្លាំងមែនទែន។ ជ្រូកក៏មានការនាំចូលច្រើន ហើយចាប់ផ្តើមធ្លាក់ថ្លៃ…. ធ្លាក់រហូតពេញមួយឆ្នាំ ហើយពេញមួយឆ្នាំចុងក្រោយនេះគឺវាពិបាកទទួលយក គឺតម្លៃផលិតវាថ្លៃ អ៊ីចឹងថ្លៃជាងអាតម្លៃលក់ចេញវិញ»។
លោកបន្តថា ការនាំចូលជ្រូកនិងសាច់បង្កកចូលមកកាន់ប្រទេសកម្ពុជាកាន់តែកើនឡើង ដែលជាហេតុធ្វើឱ្យតម្លៃជ្រូកក្នុងស្រុកលក់បានថោក។
លោកលើកឡើងថា៖ «ទាក់ទងក្នុងការនាំជ្រូកក្រៅស្រុកចូលមកក្នុងស្រុករបស់យើងហ្នឹង វាមានសាច់ស្រស់និងសាច់បង្កក។ វាធ្វើឱ្យប៉ះពាល់ដល់កសិករតូចៗ ក្ស័យធនខ្លាំង ហើយថ្លៃដើមផលិតដូចជាចំណីអីហ្នឹង គឺវាឡើងខ្លាំងសូម្បីតែ កន្ទក់ហ្នឹងក៏ឡើងខ្លាំង ហើយពេលខ្លះក៏រកអត់បានទៀត»។
បើតាមលោក ទេព វីរៈ កាលពីពេលកន្លងទៅ ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជាបានជួយខិតខំស្នើសុំរកដំណោះស្រាយពីខាងភាគីក្រសួងពាក់ព័ន្ធដែរ តែមិនមានការឆ្លើយតបនោះឡើយ។
កសិករចិញ្ចឹមជ្រូកម្នាក់ទៀត អ្នកស្រី យ៉ា ស្រីម៉ុម លើកឡើងថា តម្លៃជ្រូកសព្វថ្ងៃលក់មិនសូវបានថ្លៃនោះទេ និងថា ការផ្គត់ផ្គង់ចំណីក្នុងការចិញ្ចឹមជ្រូកមានការចំណាយច្រើន ខណៈចំណីទាំងនោះហក់ឡើងថ្លៃជាងតម្លៃលក់ជ្រូក។
អ្នកស្រីថ្លែងថា៖ «អស់ថ្លៃត្រឹម១គីឡូ១៣០[១៣.០០០រៀល] ប៉ុន្តែវាបានត្រឹមតែ១គីឡូក្រាមបាន៧៥ ឬ៧០ ឬក៏៨០ [៧.៥០០ ឬ ៧.០០០ ឬ ៨.០០០រៀល] តាមឈ្មួញ។ អ៊ីចឹងវាថោកខ្លាំងមែនទែន។ និយាយរួមជ្រូកបើតម្លៃក្រោម១ម៉ឺនរៀលចុះក្រោមគឺ អ្នកចិញ្ចឹមស្មើនឹង១០០% វាលែង៩០% ឬ៩៥%ហើយ គឺវាត្រូវខាតទាំងស្រុង ព្រោះថា កន្ទក់ហើយនឹងចំណីគឺឡើងថ្លៃខ្លាំង។ កន្ទក់១គីឡូក្រាមតម្លៃ១០បាតជាង [ជិត២ពាន់រៀល] ចំណី១ការ៉ុង៣០គីឡូក្រាម១៣-១៤ម៉ឺនរៀល»។
អ្នកស្រីសំណូមពរឱ្យរដ្ឋាភិបាលរកដំណោះស្រាយចំពោះបញ្ហាទាំងនេះឱ្យបានឆាប់។
អ្នកស្រីនិយាយថា៖ «ចង់ស្នើឱ្យរដ្ឋាភិបាលកំណត់តម្លៃថេរមួយកុំឱ្យមានចុះ។ បើសិនជាចុះ ឱ្យចុះត្រឹមតម្លៃ១ម៉ឺនរៀលគត់។អ៊ីចឹង បើតម្លៃត្រឹម១ម៉ឺន ទៅ១ម៉ឺន៣ពាន់រៀល អាហ្នឹងយើងអាចចិញ្ចឹមបាន។ តែបើតម្លៃក្រោមហ្នឹងគឺយើងប្រឈមនឹងការខាតទាំងស្រុងហ្មង។ ដូចដឹងអ៊ីចឹងកន្ទក់ កាចុងហើយចំណីហ្នឹងវាថ្លៃខ្លាំង។ អ៊ីចឹងយើងមិនអាចចំណេញបានទេ។ យើងចិញ្ចឹមហ្នឹងគឺខាតអ៊ីចឹងហ្មង។ ហើយរាល់ថ្ងៃគឺខាត អត់មានអ្នកណាចំណេញទេចិញ្ចឹមជ្រូក»។
វីអូអេពុំទាន់អាចសុំការអត្ថាធិប្បាយពីលោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជាបាននៅឡើយទេ ដោយលោកថា លោកកំពុងមានបញ្ហាសុខភាព។
អ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា សុំមិនធ្វើអត្ថាធិប្បាយ ដោយគ្រាន់តែបញ្ជាក់ថា ក្រសួងកសិកម្មនឹងចេញសេចក្តីប្រកាសព័ត៌មានមួយដើម្បីបំភ្លឺអំពីបញ្ហានេះនាពេលខាងមុខ។
ការត្អូញត្អែរអំពីតម្លៃសាច់សត្វចិញ្ចឹមក្នុងស្រុកដូចជាជ្រូក និងគោជាដើម តែងកើតមានជារឿយៗ ខណៈដែលទំនិញ សាច់ខូចគុណភាព ឬទំនិញល្មើសច្បាប់ដែលមិនមានឯកសារបញ្ជាក់គុណភាពសាច់ ត្រូវបានអាជ្ញាធរបង្ក្រាបបានជាញឹកញាប់។
ជាក់ស្តែង កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញនៅខេត្តតាកែវចាប់បានទំនិញជាសាច់គោបង្កក និងគ្រឿងសមុទ្រក្លាស្សេល្មើសច្បាប់ និងខូចគុណភាព ជាង៨តោន។ ហើយកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញក៏ចាប់បានសត្វនិងផលិតផលដែលមានដើមកំណើតពីសត្វដូចជា ជើងជ្រូក ពោះវៀនជ្រូក ស្លាបមាន់ ជើងជ្រូកបង្កក និងសាច់បង្កកផ្សេងៗប្រមាណជា៥តោន ដែលដឹកមកពីប្រទេសវៀតណាម ដោយមិនមានលិខិតអនុញ្ញាតអ្វីទាំងអស់៕