ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អតីត​ជន​ភៀស​ខ្លួន​ខ្មែរ​ជា​គំរូ​នៃ​បរាជ័យ​មួយ​នៃ​គោលនយោបាយ​អន្តោប្រវេសន៍​​អាមេរិក


រូបឯកសារ៖ ជន​ភៀស​ខ្លួន​កម្ពុជា​បាន​ធ្វើ​បាតុកម្ម​នៅ​តាម​ដង​ផ្លូវ ដោយ​ទាមទារ​ឲ្យ​សិទ្ធិ​ស្មើគ្នា​ដូច​ពលរដ្ឋ​ដ៏ទៃ​ទៀត និង​សិទ្ធិ​ទទួល​បាន​សេវា​សាធារណៈ រួមមាន​សេវា​ទទួល​បាន​ការ​បក​ប្រែ​ភាសា​ផង​ដែរ នៅ​ភាគ​ខាង​ពាយព្យ​នៃ​សង្កាត់ Bronx។ (រូប​ថត​ផ្តល់​ឲ្យ​ដោយ ឈុំ ឆៃយ៉ា)

ក្នុង​រវាង​ទសវត្សរ៍១៩៧០ និង​១៩៨០ ជន​ភៀស​ខ្លួន​ខ្មែរ​ប្រមាណ​១០ម៉ឺន​នាក់​ត្រូវបាន​ទទួល​យក​ជា​ជន​ភៀស​ខ្លួន ឲ្យ​មក​តាំង​ទីលំនៅ​ថ្មី​នៅ​សហរដ្ឋ​អាមេរិក។

ទោះបី​ជា​ជាង​៣០ឆ្នាំ​បាន​កន្លង​ផុតទៅ ស្រមោល​អតីតកាល​នៃ​អំពើ​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម​មិនត្រឹម​តែ​ប៉ះពាល់​សុខភាព​ផ្លូវ​ចិត្ត និង​ផ្លូវកាយ​របស់​ជន​រងគ្រោះ និង​អ្នក​នៅ​រស់រាន​មាន​ជីវិត​ ដែល​ភៀស​ខ្លួន​មក​រស់នៅ​សហរដ្ឋ​អាមេរិក​តែប៉ុណ្ណោះ​ទេ តែ​ថែមទាំង​បង្ក​ផល​ប៉ះពាល់​ដល់​កូន និង​ចៅ​របស់​ពួកគេ​ផងដែរ។

ក្នុង​រវាង​ទសវត្សរ៍១៩៧០ និង​១៩៨០ ជន​ភៀស​ខ្លួន​ខ្មែរ​ប្រមាណ​១០ម៉ឺន​នាក់​ត្រូវបាន​ទទួល​យក​ជា​ជន​ភៀស​ខ្លួន ឲ្យ​មក​តាំង​ទីលំនៅ​ថ្មី​នៅ​សហរដ្ឋ​អាមេរិក។ របាយការណ៍​ជា​បន្តបន្ទាប់​បាន​ឲ្យ​ដឹង​ថា ស្ថានភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​អតីត​ជន​ភៀស​ខ្លួន​មួយ​ចំនួន និង​កូនៗ​របស់​ពួកគេ បន្ត​ប្រឈម​នឹង​ភាព​ក្រីក្រ បញ្ហា​សុខភាព​ផ្លូវ​ចិត្ត និង​ភាព​ឯកោ​ក្នុង​សង្គម។

បទ​ពិសោធន៍​របស់​ Jennifer ka ដែល​មាន​ឪពុក​ម្តាយ​ជា​ជន​ភៀស​ខ្លួន​ខ្មែរ ឆ្លុះ​បង្ហាញ​ពី​បញ្ហា​ទាំង​អស់​នេះ។ Jennifer បាន​ឲ្យ​ដឹង​ថា កាលពី​ក្មេង នាង​មិន​យល់​ហេតុអ្វី​បាន​ជា​ឪពុក​របស់​នាង​តែងតែ​ខឹង មិន​សប្បាយ​ចិត្ត និង​មិន​អាច​ស្រឡាញ់​កូនៗ​បាន។

«‍ខ្ញុំ​ឈឺចាប់ នៅ​ពេល​ដែល​ខ្ញុំ​ចង់​ស្នីទស្នាល​ជាមួយ​គាត់ តែ​គាត់​មិន​អាច​ធ្វើ​បាន ហើយ​ខ្ញុំ​ក៏​មិន​ដឹង​ថា​ មាន​រឿង​អ្វី​ខ្លះ​ដែល​បាន​កើត​ឡើង​ចំពោះ​គាត់​នៅ​ក្នុង​អំឡុង​របប​ខ្មែរ​ក្រហម​ដែរ»។

នាង Jennifer Ka ជាមួយ​នឹង​ឪពុក​របស់​នាង​គឺលោក Keith Ka កាលពី​ឆ្នាំ​១៩៩៧។ (រូបថត​ផ្តល់​ឲ្យ​ដោយ Jennifer Ka)
នាង Jennifer Ka ជាមួយ​នឹង​ឪពុក​របស់​នាង​គឺលោក Keith Ka កាលពី​ឆ្នាំ​១៩៩៧។ (រូបថត​ផ្តល់​ឲ្យ​ដោយ Jennifer Ka)

នាង​បាន​បន្ថែម​ទៀត​ថា ភាពក្រីក្រ​គឺជា​បញ្ហា​ដ៏​ចម្បង​បំផុត​ដែល​កើត​ឡើង​នៅ​ក្នុង​គ្រួសារ​របស់​នាង។ នាង​ថា៖ «‍មាន​បញ្ហា​ខាង​ផ្លូវ​អារម្មណ៍​ច្រើន ដោយសារ​យើង​មិន​យល់​ពី​គ្នា​ទៅ​វិញ​ទៅមក ហើយ​ម្យ៉ាង​ទៀត​ភាពក្រីក្រ​ធ្វើ​ឲ្យ​យើង​ព្រួយ​បារម្ភ​ជា​រៀងរាល់​ថ្ងៃ ការណ៍​ដែល​យើង​មិនមាន​គ្រប់គ្រាន់»។

ការ​កាត់​ផ្តាច់​ទំនាក់​ទំនង

យោង​តាម​ការ​បកស្រាយ​របស់​លោកស្រី Mary Scully នាយិកា​ខាង​គម្រោង​នៃ​អង្គការ​គាំពារ​សុខភាព​ខ្មែរ​ប្រចាំ​នៅ​រដ្ឋ Connecticut គួ្រសារ​ខ្មែរ​ដែល​រស់នៅ​សហរដ្ឋ​អាមេរិក​ជាច្រើន​គ្រួសារ បាន​ជួប​នឹង​បញ្ហា​ខ្វះ​ការ​ទាក់ទង​គ្នា​ជាមួយ​នឹង​កូនៗ និង​ចៅ​របស់​ពួកគេ ដោយសារ​តែ​ភាព​តានតឹង​ផ្លូវ​ចិត្ត ដែល​បាន​បន្សល់​ពី​របប​ខ្មែរ​ក្រហម។

«‍៦០ភាគរយ​នៃ​ឪពុកម្តាយ ដែល​បាន​ឆ្លងកាត់​របប​ខ្មែរក្រហម ជួប​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​ក្នុង​កម្រិត​ខុសៗ​គ្នា។ បើ​សិន​ជា​ពួក​គេ​រំឭក​ពី​អតីតកាល ហើយ​មាន​អារម្មណ៍​ស្មុគស្មាញ នោះ​ពួកគេ​មិន​ចង់​ទាក់ទង​ជាមួយ​នឹង​កូនៗ​របស់​ពួកគេ​ទេ។ ហើយ​ការណ៍​នេះ​អាច​ធ្វើ​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ​ដែល​កើត​នៅ​សហរដ្ឋ​អាមេរិក​មាន​ភាព​ច្របូកច្របល់។

លោកស្រី Mary Scully បាន​ធ្វើ​ការងារ​ខាង​កិច្ចការ​សង្គមកិច្ច​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​ទាំង​នៅ​ជំរុំ​ក្នុង​អំឡុង​ទសវត្សរ៍​១៩៨០ និង​នៅ​សហរដ្ឋ​អាមេរិក​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ អស់​រយៈពេល​ជាង​៣៥ឆ្នាំ​មក​ហើយ។

លោកស្រី Mary Scully ជាមួយ​នឹង​ស្ត្រី​ខ្មែរ​នៅ​ក្នុង​ជំរុំ​ព្រំដែន​ខ្មែរ​ថៃ កាលពី​ឆ្នាំ​១៩៨០។ (រូបថត​ផ្តល់​ឲ្យ​ដោយ Mary Scully)
លោកស្រី Mary Scully ជាមួយ​នឹង​ស្ត្រី​ខ្មែរ​នៅ​ក្នុង​ជំរុំ​ព្រំដែន​ខ្មែរ​ថៃ កាលពី​ឆ្នាំ​១៩៨០។ (រូបថត​ផ្តល់​ឲ្យ​ដោយ Mary Scully)

លោកស្រី​បាន​ពន្យល់​បន្ត​ទៀត​ថា បញ្ហា​ខ្វះ​ការ​ទាក់ទង​នេះ​អាច​បង្ក​ផល​ប៉ះពាល់​ខាង​សតិអារម្មណ៍​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​ផង​ដែរ។ លោកស្រី​ថា៖ «‍កូនៗ​របស់​ខ្មែរ​អាមេរិកាំង​យល់​ថា ឪពុក​ម្តាយ​របស់​ពួកគេ​មិន​ចង់​ជិតស្និត​ជាមួយ​ពួកគេ ដោយ​យល់​ថា ពួកគេ​ជា​មនុស្ស​មិន​ល្អ។ តាមពិត​ទៅ កូនៗ​របស់​ជន​ភៀសខ្លួន​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​បារម្ភ​ពី​ឪពុកម្តាយ​របស់​ពួកគេ ហើយ​ក្តីបារម្ភ​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​ពួកគេ​មិន​សប្បាយចិត្ត ហើយ​ចង់​ចាកចេញ​ឆ្ងាយ​ពី​ឪពុកម្តាយ​ទៅ​វិញ»។

ចាប់​តាំង​ពី​ទសវត្សរ៍១៩៩០​មក លោកស្រី Mary Scully និង​សកម្មជន​ខ្មែរ​អាមេរិកាំង និង​អាមេរិកាំង​មួយ​ចំនួន បាន​ធ្វើការ​ស្រាវជ្រាវ​ជា​ច្រើន​អំពី​សុខភាព​ផ្លូវចិត្ត​ក្នុង​សហគមន៍​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក។ ការ​ស្រាវជ្រាវ​ទាំង​នោះ​បាន​បង្ហាញ​ថា ផល​ប៉ះពាល់​នៃ​សុខភាព​ផ្លូវចិត្ត​ អាច​បណ្តាល​ឲ្យ​មាន​ជំងឺ​រុំារ៉ៃ​ជា​ច្រើន​ដល់​ជន​ភៀស​ខ្លួន​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក។

ជាមធ្យម ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី២ ក្នុង​អត្រា​ទ្វេរដង បើ​ធៀប​នឹង​ពលរដ្ឋ​អាមេរិកាំង និង​មាន​ជំងឺ​តានតឹង​ផ្លូវ​ចិត្ត​ក្នុង​អត្រា​៧ដង​ខ្ពស់​ជាង​ពលរដ្ឋ​អាមេរិកាំង​ធម្មតា និង​មាន​ជំងឺ​បាក់​ស្បាត ឬ​ជំងឺ​បាក់​ទឹកចិត្ត​ក្នុង​អត្រា​១៥ដង​ខ្ពស់​ជាង​ពលរដ្ឋ​អាមេរិកាំង​ជា​មធ្យម។

លោកស្រី Mary Scully បាន​បញ្ជាក់​ថា៖ «‍យើង​បាន​មើល​ឃើញ​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​នៅ​ក្នុង​សហគមន៍​ខ្មែរ​តាំងពី​ដំបូង​មក​ម្ល៉េះ។ ពួកគេ​មួយ​ចំនួន​ធំ​ ចេះ​តែ​ឈឺក្បាល យល់​សុបិន​អាក្រក់ និង​មាន​អារម្មណ៍​ច្របូកច្របល់។ ខណៈដែល​ពេល​វេលា​ចេះ​តែ​កន្លង​ផុត​ទៅ យើង​នៅ​តែ​ឃើញ​បញ្ហា​ទាំង​នេះ​ដដែល‍»។

ក៏ប៉ុន្តែ ជំនួយ​ខាង​បញ្ហា​សុខភាព​ផ្លូវចិត្ត​នេះ​មិន​ដែល​ទទួល​បាន​គ្រប់គ្រាន់​ទេ​នៅ​ក្នុង​សហគមន៍។

លោកស្រី​ថា៖ «‍រដ្ឋាភិបាល​យើង​បាន​ដឹង​ពី​បញ្ហា​របស់​ជនភៀស​ខ្លួន​ខ្មែរ ហើយ​ក៏​បាន​ដឹង​ថា ពួកគេ​ត្រូវការ​ជំនួយ​ច្រើន​ណាស់ ក៏ប៉ុន្តែ រដ្ឋាភិបាល​យើង​មិន​បាន​ផ្តល់​ជំនួយ​ទាំង​នោះ​ឲ្យ​គ្រប់គ្រាន់​នោះ​ទេ»។

បញ្ហា​ដែល​បាន​កើត​មាន​ឡើង​ក្នុង​សហគមន៍​ពលរដ្ឋ​ខ្មែរ​ កាន់តែ​មាន​ស្ថានភាព​យ៉ាប់យ៉ឺន នៅ​ឆ្នាំ១៩៩៦ នៅ​ពេល​ដែល​សភា​អាមេរិក​បាន​កែទម្រង់​គោលនយោបាយ​ខាង​សុខមាលភាព​សង្គម ដែល​បាន​កាត់​បន្ថយ​ជំនួយ ដូចជា​ខាង​របប​ម្ហូប​អាហារ ផ្ទះ​សម្បែង និង​ផល​ប្រយោជន៍​ផ្សេងៗ​ទៀត​របស់​ជន​ភៀស​ខ្លួន ដែល​មិន​មែន​ជា​ពលរដ្ឋ​អាមេរិកាំង​ពេញ​សិទ្ធិ។

លោកស្រី Mary Scully ជាមួយ​នឹង​អ្នក​គាំពារ​សុខភាព​របស់​សហគមន៍​អាស៊ីអាគ្នេយ៍​នៅ​សហរដ្ឋ​អាមេរិក​កាលពី​ខែ​តុលា ឆ្នាំ​២០១៥។ (រូបថត​ផ្តល់​ឲ្យ​ដោយ Mary Scully)
លោកស្រី Mary Scully ជាមួយ​នឹង​អ្នក​គាំពារ​សុខភាព​របស់​សហគមន៍​អាស៊ីអាគ្នេយ៍​នៅ​សហរដ្ឋ​អាមេរិក​កាលពី​ខែ​តុលា ឆ្នាំ​២០១៥។ (រូបថត​ផ្តល់​ឲ្យ​ដោយ Mary Scully)

លោកស្រី Mary Scully បាន​បញ្ជាក់​ថា នៅ​ពេល​នោះ​អង្គការ​តាម​សហគមន៍​នៅ​សហរដ្ឋ​អាមេរិក​ជា​ច្រើន​បាន​សម្រេច​ចិត្ត​ផ្លាស់ប្តូរ​កិច្ចការ​ចម្បង​របស់​ខ្លួន ដែល​ផ្តោតលើ​ការ​អភិវឌ្ឍ​ខាង​សេដ្ឋកិច្ច មក​ផ្តល់​ជំនួយ​ដល់​ជនភៀស​ខ្លួន​ឲ្យ​បាន​ដាក់​សំណុំ​ឯកសារ​សុំ​សិទ្ធិ​ជា​ពលរដ្ឋ​អាមេរិកាំង​វិញ។ មុន​កំណែ​ទម្រង់​នេះ អង្គការ​តាម​សហគមន៍​ដែល​ជួយ​ជន​ភៀស​ខ្លួន​មក​ពី​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​មាន​ចំនួន​ប្រមាណ​១០០អង្គការ ក៏​ប៉ុន្តែ សព្វថ្ងៃនេះ​មាន​អង្គការ​តែ​ចំនួន​៥​ប៉ុណ្ណោះ​ទូទាំង​សហរដ្ឋ​អាមេរិក ដែល​បន្ត​ជួយ​ដល់​សហគមន៍​ទាំង​នេះ។

លោកស្រី Mary Scully បាន​លើក​ឡើង​ថា៖ «‍កាល​នោះ យើង​ទទួល​បាន​ការ​ហៅ​ទូរស័ព្ទ​មក​ទាំង​ពាក់​កណ្តាល​យប់​ពី​ជនភៀស​ខ្លួន​ទាំង​នេះ ហើយ​ពួកគេ​និយាយ​ថា បើ​ពួកគេ​មិនមាន​របប​ម្ហូប​អាហារ និង​ផ្ទះ​សម្បែង នោះ​ពួកគេ​មិន​អាច​រស់​បាន​ទេ ហើយ​ពួកគេ​មិន​អាច​ឆ្លងកាត់​បទ​ពិសោធន៍​បែប​នេះ​ម្តង​ទៀត​ទេ។ ហើយ​មន្ត្រី​តាក់តែង​ច្បាប់ មិនដឹង​ពី​ផល​ប៉ះពាល់​នៃ​កំណែ​ទម្រង់​គោលនយោបាយ​នោះ​មក​លើ​សហគមន៍​ទាំង​នេះ​ទេ»។

ខណៈ​ដែល​រដ្ឋាភិបាល​អាមេរិក​បន្ត​មិន​យក​ចិត្ត​ទុកដាក់​លើ​បញ្ហា​ទាំង​នេះ​ដែល​កើត​មាន​ក្នុង​សហគមន៍​ខ្មែរ​អាមេរិកាំង​នេះ លោកស្រី​បាន​បញ្ជាក់​ថា៖ «‍ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មួយ​ចំនួន​ធំ​ដែល​ឆ្លងកាត់​របប​ខ្មែរក្រហម កំពុង​បន្ត​រងទុក្ខ​ដោយ​ភាព​ស្ងប់ស្ងាត់។ ពួកគេ​មិន​មាន​សម្លេង​ច្រើន​ ដើម្បី​ទទួល​បាន​ជំនួយ​នោះ​ទេ»។

គោលនយោបាយ​បរាជ័យ

គោលនយោបាយ​តាំង​ទីលំនៅ​ថ្មី​ដល់​ជន​អន្តោប្រវេសន៍​របស់​សហរដ្ឋ​អាមេរិក​មាន​ចំណុច​ខ្វះខាត​ច្រើន នេះ​បើយោង​តាម​ការ​យល់ឃើញ​របស់​លោក Eric Tang សាស្ត្រាចារ្យ​នៅ​សកលវិទ្យាល័យ​តិចសាស់។ លោក​សាស្ត្រាចារ្យ​ទើប​តែ​បាន​បោះពុម្ព​សៀវភៅ​លើក​ដំបូង​របស់​លោក ដែល​បាន​ធ្វើការ​ស្រាវជ្រាវ​អំពី​ស្ថានភាព​រស់នៅ​របស់​ជនភៀស​ខ្លួន​ខ្មែរ​នៅ​ក្នុង​ចន្លោះ​ទសវត្សរ៍១៩៧០ និង​១៩៩០ នៅ​សង្កាត់ Bronx នៃ​ទីក្រុង​ញូវយ៉ក។

លោក​ថា៖ «‍នេះ​គឺជា​បរាជ័យ​របស់​រដ្ឋាភិបាល​មួយ ដែល​មិន​បាន​ផ្តល់​ជំនួយ​គ្រប់គ្រាន់​ដល់​ជនភៀស​ខ្លួន ក្នុង​ដំណាក់កាល​ប្រែក្លាយ​ពី​ជនភៀស​ខ្លួន​ទៅជា​ពលរដ្ឋ​អាមេរិកាំង​ពេញ​សិទ្ធិ ហើយ​ថែម​ទាំង​កាត់​ផ្តាច់​ជំនួយ​ខាង​សង្គមកិច្ច​ពី​ពួកគេ​ទៀត ទោះបី​ជា​ដឹង​ថា​ជំនួយ​ទាំង​នេះ​ អាច​ជួយ​ឲ្យ​ពួកគេ​កសាង​ជីវិតថ្មី​នៅ​អាមេរិក​នេះ​ឲ្យ​ផុត​ពី​ភាព​ក្រីក្រ​ក៏ដោយ»។

សៀវភៅ‍​«មិន​មាន​ទីលំនៅ​ច្បាស់លាស់៖​ជន​ភៀស​ខ្លួន​កម្ពុជា​នៅ​ទី​អនាធិបតេយ្យ​ក្នុង​ទីក្រុង​ញូវយ៉ក»​រៀបរាប់​ពី​ជីវិត​របស់​ជន​ភៀស​ខ្លួន​កម្ពុជា ដែល​ត្រូវ​បាន​ដាក់​ឲ្យ​តាំង​ទី​លំនៅ​នៅ​សង្កាត់ Bronx នៃ​ទីក្រុង​ញូវយ៉ក ដោយ​រស់នៅ​ក្នុង​ស្ថានភាព​ដ៏​លំបាក​ក្នុង​អំឡុង​ទសវត្ស​១៩៨០ និង​១៩៩០។ (រូប​ថត​ផ្តល់​ឲ្យ​ដោយ Eric Tang)
សៀវភៅ‍​«មិន​មាន​ទីលំនៅ​ច្បាស់លាស់៖​ជន​ភៀស​ខ្លួន​កម្ពុជា​នៅ​ទី​អនាធិបតេយ្យ​ក្នុង​ទីក្រុង​ញូវយ៉ក»​រៀបរាប់​ពី​ជីវិត​របស់​ជន​ភៀស​ខ្លួន​កម្ពុជា ដែល​ត្រូវ​បាន​ដាក់​ឲ្យ​តាំង​ទី​លំនៅ​នៅ​សង្កាត់ Bronx នៃ​ទីក្រុង​ញូវយ៉ក ដោយ​រស់នៅ​ក្នុង​ស្ថានភាព​ដ៏​លំបាក​ក្នុង​អំឡុង​ទសវត្ស​១៩៨០ និង​១៩៩០។ (រូប​ថត​ផ្តល់​ឲ្យ​ដោយ Eric Tang)

ក្នុង​អំឡុង​ទសវត្សរ៍១៩៩០ លោក​សាស្ត្រាចារ្យ Eric Tang បាន​ធ្វើការ​ជា​អ្នក​ជួយ​រៀបចំ​សហគមន៍​ជនភៀសខ្លួន​ខ្មែរ​នៅ​សង្កាត់ Bronx ជា​ទី​ដែល​ជន​ភៀស​ខ្លួន​ទាំង​នេះ​ឆ្លងកាត់​បទ​ពិសោធន៍​តាំង​ទីលំនៅ​ថ្មី​ដ៏​លំបាក។

លោក​បាន​លើក​ឡើង​ថា៖ «‍បញ្ហា​ទីមួយ ដែល​ពួកគេ​ត្រូវ​ប្រឈម​នោះ​គឺ​ស្ថានភាព​រស់នៅ​លំបាក ហើយ​ជនភៀស​ខ្លួន​ខ្មែរ​ភាគច្រើន ដែល​ជា​កសិករ​នោះ​មិន​មាន​វិជ្ជាជីវៈ​គ្រប់គ្រាន់​ដើម្បី​ទទួល​បាន​ការងារ​ល្អ​ធ្វើ​នោះ​ទេ។ ដូច្នេះ ពួកគេ​ត្រូវ​ធ្វើការងារ​ដែល​បាន​ប្រាក់​កម្រៃទាប»។

លោក​សាស្ត្រាចារ្យ​ថា គោលនយោបាយ​តាំង​ទីលំនៅ​ថ្មី​របស់​អាមេរិក​មិន​មាន​ផែនការ​អភិវឌ្ឍ​ខាង​សេដ្ឋកិច្ច​យូរ​អង្វែង ដើម្បី​ជួយ​ឲ្យ​ជន​ភៀស​ខ្លួន​រួចផុត​ពី​ការ​រស់នៅ​ក្នុង​ភាព​ក្រីក្រ​នោះ​ទេ។ លោក​ថា៖ «‍គោលនយោបាយ​នោះ​មិន​ផ្តោត​លើ​ការ​ជួយ​ផ្តល់​វគ្គបណ្តុះ​បណ្តាល​វិជ្ជាជីវៈ​អ្វី​ទេ ហើយ​ក៏​មិន​បាន​ផ្តល់​ជំនួយ​ខាង​សុខភាព​ផ្លូវចិត្ត​ដល់​ពួកគេ មុនពេល​ជំរុញ​ឲ្យ​ពួកគេ​រកការងារ​ធ្វើ ដូចជា​ការងារ​តាម​រោងចក្រ និង​កសិដ្ឋាន​ជា​ដើម»។

សម្រាប់​កូនៗ​របស់​អតីត​ជន​ភៀស​ខ្លួន​ទាំង​អស់​នេះ លោក​សាស្ត្រាចារ្យ Eric Tang បាន​បញ្ជាក់​ថា ស្ថានភាព​របស់​ពួកគេ​ក៏​មិន​សូវ​ខុស​គ្នា​ប៉ុន្មាន​ពី​ឪពុកម្តាយ​របស់​ពួកគេ​ដែរ។ យុវជន​ខ្មែរ​អាមេរិកាំង​មួយ​ចំនួន​ជួប​បញ្ហា​ខ្វះការងារ​ធ្វើ មិន​បាន​ទទួល​ឱកាស​បញ្ចប់​ការ​សិក្សា​ថ្នាក់​មហាវិទ្យាល័យ និង​ត្រូវប្រឈម​នឹង​ប្រព័ន្ធ​ច្បាប់​អាមេរិក ដោយ​សារ​ការ​ប្រព្រឹត្ត​បទល្មើស ឬ​ឧក្រិដ្ឋកម្ម​ផ្សេងៗ។ យុវជន​ខ្មែរ​អាមេរិកាំង​មួយ​ចំនួន​ត្រូវបាន​ផ្តន្ទាទោស ហើយ​បញ្ជូន​ត្រឡប់​ទៅកាន់​ប្រទេស​កម្ពុជា បើ​ទោះ​បី​ជា​ពួកគេ​មិន​ដែល​ស្គាល់ និង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្តី។

លោក​ថា៖ «‍ការពិត​គឺថា យុវជន​ខ្មែរ​អាមេរកាំង​មួយ​ចំនួន បាន​បន្ត​ជួប​បញ្ហា​ការងារ ហើយ​អ្នក​ខ្លះ​មិន​បាន​រៀន​នៅ​មហាវិទ្យាល័យ​ដូច​យុវជន​អាស៊ីអាមេរកាំង​ផ្សេង​ទៀត​ទេ ហើយ​អ្នក​ខ្លះ​ត្រូវ​សមត្ថកិច្ច​អាមេរិក​តាម​ដាន និង​ចាប់​ខ្លួន បញ្ជូន​ទៅ​ប្រទេស​កម្ពុជា ដោយ​សារ​ការ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ជា​ដើម»។

ក៏ប៉ុន្តែ សម្រាប់ Jennifer Ka ទោះបី​ជា​ឆ្លងកាត់​ភាពក្រីក្រ និង​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​ក្នុង​គ្រួសារ​ក្តី នាង​បាន​តស៊ូ​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត ហើយ​បាន​ធ្វើការងារ​ស្ម័គ្រចិត្ត​នៅ​ប្រទេស​កម្ពុជា​មួយ​រយៈពេល​ខ្លី។

នាង Jennifer Ka ធ្វើការងារ​ស្ម័គ្រ​ចិត្ត​ដើម្បី​ការពារ​បរិស្ថាន​នៅ​ប្រទេស​កម្ពុជា។ (រូបថត​ដក​ស្រង់​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​របស់ Jennifer Ka)
នាង Jennifer Ka ធ្វើការងារ​ស្ម័គ្រ​ចិត្ត​ដើម្បី​ការពារ​បរិស្ថាន​នៅ​ប្រទេស​កម្ពុជា។ (រូបថត​ដក​ស្រង់​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​របស់ Jennifer Ka)

កាលពី​ពេល​ដែល​នាង​មាន​អាយុ​ទើប​២០ឆ្នាំ នាង​បាន​សម្រេចចិត្ត​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កម្ពុជា​ជា​លើក​ដំបូង បើ​ទោះ​បី​ជា​នាង​បាន​កើត​នៅ​សហរដ្ឋ​អាមេរិក និង​មិន​សូវ​ចេះ​និយាយ​ភាសាខ្មែរ និង​មិន​សូវ​ស្គាល់​ពី​វប្បធម៌ខ្មែរ​ក្តី។

នាង​បាន​ឲ្យ​ដឹង​ថា៖ «‍ក្រោយពី​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កម្ពុជា ខ្ញុំ​បាន​ស្វែងយល់​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា ស្គាល់​ពី​ទឹកដី​ខ្មែរ ប្រជាពលរដ្ឋ​ខ្មែរ ដែល​ខ្ញុំ​ក៏​ជា​ខ្មែរ ហើយ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា ទីនេះ​ជា​ផ្ទះ​របស់​ខ្ញុំ»។

នាង​បាន​បញ្ជាក់​ថា ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កម្ពុជា​ពេល​នោះ បាន​ធ្វើ​ឲ្យ​នាង​យល់ និង​ដឹង​ពី​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​ឪពុកម្តាយ​របស់​នាង​ក្នុង​អំឡុង​ខ្មែរ​ក្រហម និង​បញ្ហា​មួយ​ចំនួន​ទៀត​ដែល​បាន​កើត​មាន​ឡើង​ចំពោះ​ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក៕

XS
SM
MD
LG