អាជ្ញាធររាជធានីភ្នំពេញបានចាប់ផ្តើមរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹងនាពេលយប់ ស្របពេលដែលមានករណីគ្រោះថ្នាក់ចរាចរណ៍ជាបន្តបន្ទាប់ បង្កឡើងដោយការប្រើប្រាស់គ្រឿងស្រវឹង។
កាលពីចុងឆ្នាំ ២០២៣ និងដើមឆ្នាំ ២០២៤ មានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូ យ៉ាងតិចចំនួន ៣ ករណី ដែលបណ្តាលឱ្យមនុស្សសរុប ៧ នាក់ស្លាប់ ហើយអ្នកបើកបរត្រូវបានរាយការណ៍ថា ពិសាគ្រឿងស្រវឹង។
លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋានរាជធានីភ្នំពេញ ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា យុទ្ធនាការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹងនៅពេលយប់ គឺជាយុទ្ធនាការបន្ថែមលើគោលការណ៍ចាស់ដែលអាជ្ញាធរតែងតែអនុវត្ត។
លោកថា យុទ្ធនាការនេះនឹងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បន្ថែមទៀត ជាពិសេសគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងដោយសារអ្នកបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។
លោកថ្លែងថា៖ «ទី ១ នៅរាជធានីភ្នំពេញ បញ្ហាប្រឈមគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមនុស្សស្លាប់រងរបួសភាគច្រើនកើតឡើងនៅពេលយប់។ យប់ភាគច្រើនចន្លោះម៉ោង៩ ម៉ោង១០ ម៉ោង១១ ម៉ោង១២[យប់] គឺថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍កើតឡើង ដោយសារស្ថានភាពស្រវឹង»។
បើតាមលោក សំ វិច្ឆិកា នៅក្នុងយុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង នាយប់ថ្ងៃព្រហស្បតិ៍ ដែលជាយប់ទីមួយនៃយុទ្ធនាការ នគរបាលខណ្ឌទាំង ១៤ ក្នុងរាជធានីភ្នំពេញ បានត្រួតពិនិត្យ និងរកឃើញអ្នកបើកបរយានយន្ត ក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង សរុប ២៣ គ្រឿង។
អ្នកនាំពាក្យស្នងការដ្ឋានរាជធានីភ្នំពេញបន្ថែមថា អ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាង ២០ នាក់នេះ ត្រូវបានអាជ្ញាធរផាកពិន័យទៅតាមច្បាប់ និងមិនមានការបញ្ជូនទៅតុលាការទេ ហើយអាជ្ញាធរក៏បានហៅក្រុមគ្រួសាររបស់ពួកគេមកទទួលទៅផ្ទះដើម្បីសុវត្ថិភាព។
លោកបន្តថា៖ «កិច្ចការងារនេះ យើងគ្រាន់តែជាការផាកពិន័យ ហើយនៅពេលដែលគាត់ទទួលទានគ្រឿងស្រវឹង យើងមិនឱ្យគាត់ធ្វើដំណើរទៅមុខទៀតនោះទេ គឺយើងឱ្យគ្រួសារគាត់មកទទួល ដើម្បីឱ្យគាត់ទៅគេហដ្ឋានសម្រាន្ត»។
លោកក៏ស្នើឱ្យពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ។
អនុក្រឹត្យលេខ ០៣៩ ស្តីពីការពិន័យអន្តរកាលចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រង់មាត្រា ៦ ថ្មី កំណត់ថា អ្នកបើកបរដែលស្ថិតក្នុងភាពស្រវឹង ដែលមានអាត្រាជាតិអាកុលចាប់ពី ០,២៥ ទៅ ០,៣៩ មីលីក្រាមក្នុងមួយលីត្រខ្យល់ ត្រូវពិន័យជាប្រាក់ចំនួន ២៥០.០០០ រៀល និងត្រូវបញ្ឈប់មិនឱ្យបើកបរបន្តដំណើរទៅមុខទៀត។ ចំណែកមាត្រា ១០ ថ្មីកំណត់ថា អ្នកបើកបរដែលស្ថិតក្នុងភាពស្រវឹងដែលមានអាត្រាជាតិអាល់កុលចាប់ពី ០,៤០ មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬ ០,៨០ មីលីក្រាមក្នុងមួយលីត្រឈាម ត្រូវពិន័យជាប្រាក់ចំនួន ១លានរៀល សម្រាប់ទោចក្រយានយន្ត ឬទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ឬត្រីចក្រយានយន្ត ឬម៉ូតូកង់បួន ហើយត្រូវបញ្ឈប់មិនឱ្យបើកបរបន្តដំណើរទៅមុខទៀត។
ក្រោយមានគ្រោះថ្នាក់ចរាចរណ៍ជាបន្តបន្ទាប់ ដោយសារតែការសេពគ្រឿងស្រវឹង លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី ២៣ ខែមករា ក៏បានបញ្ជាឱ្យអាជ្ញាធរពង្រឹងការត្រួតពិនិត្យជាតិអាល់កុលនៅពេលយប់ឡើងវិញ។
លោក ហ៊ុន ម៉ាណែត កត់សម្គាល់ថា គ្រោះថ្នាក់ធំជាងគេគឺគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលមកពីការសេពគ្រឿងស្រវឹង ត្រូវតែចាត់វិធានការ ដើម្បីកុំឱ្យមានសោកនាដកម្ម។
ចំណែកអ្នកតាមដានក៏បង្ហាញក្តីព្រួយបារម្ភនិងថា បញ្ហានេះបានធ្វើឱ្យកម្ពុជាខាតបង់សេដ្ឋកិច្ចជាង ៤០០ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ និងធ្វើឱ្យពលរដ្ឋមានពិការភាព បន្សល់ទុកនូវក្មេងកំព្រា ស្ត្រីមេម៉ាយ និងពោះមាយជាដើម។
លោក គង់ រតនៈ អ្នកជំនាញ និងអ្នកពិគ្រោះយោបល់លើបញ្ហាចរាចរណ៍ផ្លូវគោក ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ការចុះត្រួតពិនិត្យអ្នកបើកបរក្រោមឥទិ្ធពលគ្រឿងស្រវឹង គ្រឿងញៀន និងអ្នកមិនពាក់មួកពេលធ្វើដំណើរពេលយប់នៅតាមដងផ្លូវ គឺជារឿងល្អប្រសើរ។ លោកថា ការអនុវត្តវិធានការនេះជារៀងរាល់ថ្ងៃនឹងអាចកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍។
លោកបន្តថា ក្នុងការរឹតបន្តឹងច្បាប់ សូមធ្វើដោយត្រឹមត្រូវ និងមានតម្លាភាព បូកផ្សំជាមួយការចុះណែនាំ អប់រំ ផ្សព្វផ្សាយពីបញ្ហាចរាចរណ៍ទៅកាន់ពលរដ្ឋដែលត្រូវអនុវត្តឱ្យបានជាប្រចាំដូចគ្នា។
លោក គង់ រតនៈ ថ្លែងថា៖ «អ៊ីចឹងសម្រាប់ខ្ញុំ ដោយសារករណីស្រវឹង យើងធ្វើតែរឿងស្រវឹងមួយ បំភ្លេចកត្តាហានិភ័យផ្សេងៗទៀតក៏អត់កើតដែរ។ អ៊ីចឹងគ្រោះថ្នាក់ចរាចរណ៍នៅពេលដែលយើងទាំងអស់គ្នាជជែកពីគ្រឿងស្រវឹង អ្នកអនុវត្តច្បាប់គាត់ឆែកត្រួតពិនិត្យគ្រឿងស្រវឹង អ៊ីចឹងអ្នកដែលពិសាក៏អត់សូវហ៊ានពិសាទេ។ ប៉ុន្ដែយើងកុំអាលភ្លេចខ្លួន ព្រោះអីមានកត្តាជាច្រើនទៀតដែលបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ដូចជាការបើកបរលើសល្បឿនកំណត់ ការអត់ចេះច្បាប់ចរាចរណ៍ ការមិនត្រួតពិនិត្យយានយន្ដក៏អាចបង្កទៅជាគ្រោះថ្នាក់ដែរ ហើយអ៊ីចឹងគឺសុំឱ្យធ្វើទាំងអស់ដើម្បីការពារកុំឱ្យមានអ្នកស្លាប់តទៅទៀត»។
លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនៃក្រសួងសាធារណការ និងដឹកជញ្ជូន ប្រាប់វីអូអេកាលពីពេលថ្មីៗនេះថា ក្នុងឆ្នាំ ២០២៣ ជាមធ្យមក្នុងមួយថ្ងៃ មនុស្សយ៉ាងតិច ៥ នាក់បានស្លាប់ និងជាង ១០ នាក់រងរបួសធ្ងន់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស។
បើតាមលោក ព្រំ វន្ថា ក្នុងឆ្នាំ ២០២៣ មានគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសជាង៣.០០០ ករណី ដែលកើនឡើង ១១% បើធៀបនឹងតួលេខឆ្នាំមុន។ ចំណែកចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មានជាង ១.៥០០នាក់ ដែលថយចុះ ៧%។ ចំណែកអ្នករងរបួសធ្ងន់មានជាង ២.៧០០នាក់ ដែលកើនឡើង ៧%។ អ្នករងរបួសស្រាលមានជាង ១.៧០០នាក់ ដែលកើនឡើង ២១%៕
វេទិកាបញ្ចេញមតិ