អ្នកតាមដានសង្គមរិះគន់ និងស្នើឱ្យបញ្ឈប់ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមផ្ទាំងប៉ាណូ និងផ្ទាំងពាណិជ្ជកម្មផ្សេងៗតាមដងផ្លូវ ដោយហេតុថា ការផ្សាយពាណិជ្ជកម្មគឺជាកត្តាជំរុញឱ្យមនុស្សប្រើប្រាស់គ្រឿងស្រវឹងច្រើន ហើយគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយគ្រឿងស្រវឹងនៅតែជាបញ្ហាមួយគួរឲ្យព្រួយបារម្ភ។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្ដិភាព ប្រាប់វីអូអេថា ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងលើបដាផ្ទាំងប៉ាណូនៅតាមដងផ្លូវផ្ដល់ផលប៉ះពាល់ដល់សង្គម ជាពិសេសក្នុងចំណោមយុវជន ព្រោះលោកយល់ថា នេះជាការជំរុញឱ្យយុវជនពិសាគ្រឿងស្រវឹង ហើយអាចបង្កជាគ្រោះថ្នាក់ចរាចរណ៍ដោយសារការពិសាគ្រឿងស្រវឹង។ លោកបន្ថែមថា អាជ្ញាធរគួរតែហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមផ្ទាំងប៉ាណូលើដងផ្លូវ ព្រោះចំណូលពីការផ្សាយពាណិជ្ជកម្មនេះមិនអាចប្រៀបធៀបនឹផលប៉ះពាល់ពីគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងនោះទេ។
លោកថ្លែងថា៖ «ខ្ញុំថា អាជ្ញាធរមិនគួរអនុញ្ញាតឱ្យមានការផ្សាយគ្រឿងស្រវឹងនេះទេ ហើយការដែល(យក)ពន្ធពីគ្រឿងស្រវឹងមិនបានធ្វើឱ្យរដ្ឋចំណេញនោះទេ បើធៀបនឹងផលប៉ះពាល់ដែលកើតឡើង។ ខ្ញុំឧទាហរណ៍ដូចជាគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើង ដែលបុកមនុស្សស្លាប់ ៤នាក់ នៅជិតស្ពានបាឡេ នៅខណ្ឌឫស្សីកែវហ្នឹង ថាតើយើងគិតមើលថា ចំណូលពន្ធប៉ុន្មាន ហើយបើករណីបែបហ្នឹង ករណីដែលស្លាប់ក្នុងមួយឆ្នាំៗដែលក្រសួងមហាផ្ទៃប្រកាសថា ដល់បន្ទាត់ក្រហមហើយហ្នឹង តើយកលុយពន្ធហ្នឹង ចំណូលហ្នឹងទៅទប់ជាប់ទេ? ទៅដោះស្រាយបញ្ហាដែលជាប់ពាក់ព័ន្ធនឹងគ្រឿងស្រវឹងបានទេ?»
លោក យង់ គិមអេង យល់ថា ការផ្សព្វផ្សាយផ្ទាំងប៉ាណូពាណិជ្ជកម្មគ្រឿងស្រវឹងគឺជាការលើកទឹកចិត្តឱ្យមានការប្រើប្រាស់ និងអាចបង្កគ្រោះថ្នាក់ចរាចរណ៍ដោយសារគ្រឿងស្រវឹង។
យោងតាមរយៈការស្រាវជ្រាវរបស់មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្ដិភាព កាលពីចុងឆ្នាំ ២០២៣ ប្រជាពលរដ្ឋ ៩៨,៧% ដែលឆ្លើយក្នុងការស្ទង់មតិមួយបានបង្ហាញការមិនពេញចិត្តចំពោះការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមផ្ទាំងប៉ាណូលើដងផ្លូវ និងតាមបណ្ដាញសង្គម ហើយស្នើឱ្យមានការលុបបំបាត់ផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង។ នេះបើតាមលោក យង់ គិមអេង។
ចំណែកលោក គី សេរីវឌ្ឍន៍ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា សង្កេតឃើញផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងមានច្រើនកន្លែងទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត។ លោកបន្ថែមថា បើទោះបីការផ្សព្វផ្សាយទាំងនោះផ្តល់ចំណូលចូលរដ្ឋ ប៉ុន្តែវាក៏មានផលប៉ះពាល់ដល់សង្គមច្រើនដែរ។
លោកថ្លែងថា៖ «ការផ្សព្វផ្សាយផ្ទាំងប៉ាណូនេះគឺជាការលើកទឹកចិត្តឱ្យមនុស្សស្គាល់ប្រភេទស្រាបៀរ និងសេពគ្រឿងស្រវឹងច្រើន ដែលកន្លងមកយើងឃើញថា ផលប៉ះពាល់នៃការសេពគ្រឿងស្រវឹងទៅលើគ្រោះថ្នាក់ចរាចរណ៍ជាពិសេសនៅតំបន់ទីប្រជុំជន»។
លោកបន្ថែមថា៖ «បាទ! ធម្មតាកាលណាកាត់បន្ថយការផ្សព្វផ្សាយហ្នឹង វាធ្វើឱ្យបាត់ចំណូលរដ្ឋអស់មួយចំនួន ក៏ប៉ុន្ដែរដ្ឋក៏ត្រូវថ្លឹងថ្លែងដែរថា កាលណាបាត់ចំណូលរដ្ឋគឺជាផ្នែកមួយនៃចំណូលជាតិ ហើយការស្លាប់របស់ប្រជាពលរដ្ឋដែលរៀនបានឆ្នាំទី៣ ទី៤ ការស្លាប់ជាបន្ដបន្ទាប់នេះក៏ជាកម្លាំងចលកររបស់ជាតិដូចគ្នា។ ហើយនៅពេលដែលគាត់ស្លាប់ទៅ ឪពុកម្ដាយស្លាប់ទៅ ហើយអត់មានអ្នករកចំណូលចូល គ្រួសារនឹងក្លាយជាបន្ទុករបស់រដ្ឋបន្ថែម»។
ខណៈមានការរិះគន់ទាក់ទងនឹងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងដែលបង្កឱ្យមានគ្រោះថា្នក់ចរាចរណ៍នាពេលកន្លងមក បណ្ដាខេត្តមួយចំនួនចាប់ផ្ដើមរុះរើផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង។
កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៤ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០២៣ រដ្ឋបាលស្រុកដំណាក់ចង្អើរ អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ បានបញ្ជាឱ្យអាជ្ញាធរពិនិត្យមើលនិងរុះរើផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងដែលមើលទៅស្អេកស្កះតាមដងផ្លូវ និងតាមសួនច្បារ ដើម្បីគិតគូរដល់សីលធម៌សង្គម គ្រោះថ្នាក់សង្គម ហានិភ័យសង្គម ដែលកើតចេញពីគ្រឿងស្រវឹង។ នេះបើតាមការផ្សាយផ្ទាល់ក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់អភិបាលខេត្តកែប។
លោកថ្លែងថា៖ «បច្ចុប្បន្ននេះ ថ្មីៗនេះ យើងមានសេចក្ដីប្រកាសរបស់ក្រសួងព័ត៌មានពាក់ព័ន្ធនឹងផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មពាក់ព័ន្ធនឹងស្រាបៀរ។ សូមឱ្យមានការប្រុងប្រយ័ត្នហើយយកមកថ្លឹងថ្លែងពិចារណា។ អ៊ីចឹងនៅក្នុងភូមិសាស្រ្ដក្រុងប៉ុន្មានថ្ងៃនេះ យើងឃើញហើយសេវាការិយាល័យច្រកចេញចូលតែមួយ សេវារដ្ឋ ទោះយ៉ាងណាខ្ញុំបានបញ្ជាណែនាំឱ្យរុះរើ»។
អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ ប្រាប់វីអូអេថា អ្នកដែលរិះគន់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនៅលើផ្ទាំងប៉ាណូអាចដាក់សំណើមករដ្ឋបាលរាជធានីភ្នំពេញដើម្បីរដ្ឋបាលអាចពិនិត្យមើលករណីនេះ។ លោកមិនអាចបញ្ជាក់អំពីទិន្នន័យថា តើរដ្ឋបាលរាជធានីភ្នំពេញអាចរកចំណូលបានប៉ុន្មានពីការផ្សព្វផ្សាយស្រាបៀរតាមផ្ទាំងប៉ាណូ និងថា តើផ្ទាំងប៉ាណូមួយមានតម្លៃប៉ុន្មាន នៅពេលក្រុមហ៊ុនស្រាបៀរចង់ផ្សព្វផ្សាយ។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ ប្រាប់វីអូអេតាមរយៈតេឡេក្រាមថា ការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងចាំបាច់ត្រូវមានការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធដើម្បីសុខុមាលភាពរបស់ប្រជាពលរដ្ឋ។
លោកបន្ថែមថា កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មានក៏បានក្រើនរំឭកជាថ្មីដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ម្ចាស់ក្រុមហ៊ុនផលិតនាំចូល ចែកចាយ និងក្រុមហ៊ុនផ្តល់សេវាកម្មផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទាំងអស់ ត្រូវអនុវត្តតាមសារាចរណែនាំ និងគោលការណ៍ក្រមប្រតិបត្តិស្តីពីការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងរបស់ក្រសួងព័ត៌មាន ដើម្បីទប់ស្កាត់ និងលុបបំបាត់នូវរាល់ភាពអសកម្មដែលបណ្តាលឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងសុខុមាលភាពសង្គម។
ជាទូទៅ នៅលើផ្ទាំងប៉ាណូពាណិជ្ជកម្មស្រាបៀរតែងតែមានសារភ្ជាប់នៅពីលើថា«ពិសាដោយការទទួលខុសត្រូវ»។
លោក គឹម មាសសុខសីហា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអ្នកនាំពាក្យ ប្រាប់វីអូអេនៅថ្ងៃពុធថា ក្រសួងមិនមានតួនាទីក្នុងការផ្ដល់អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាត ការគ្រប់គ្រងផ្ទាំងប៉ាណូពាណិជ្ជកម្ម និងការគ្រប់គ្រងសេវាពាណិជ្ជកម្មទៅលើផ្ទាំងប៉ាណូពាណិជ្ជកម្មនានានោះទេ។ លោកបញ្ជាក់ថា នេះជាតួនាទីរបស់រដ្ឋបាលរាជធានី ស្រុក ខេត្ត ខណ្ឌ និងក្រសួងព័ត៌មាន។
លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រាប់វីអូអេជាអក្សរតាមតេឡេក្រាមថា ការផ្សាយផ្ទាំងប៉ាណូពាណិជ្ជកម្មនៅតាមដងផ្លូវមិនស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ចឡើយ ហើយលោកក៏មិនទាន់អាចបញ្ជាក់ចំណូលដែលបានមកពីការផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរបានដែរ។
វីអូអេបានព្យាយាមទាក់ទងសុំការអត្ថាធិប្បាយពីតំណាងក្រុមហ៊ុនស្រាបៀរមួយចំនួនដូចជា Khmer Beverages ដែលផលិតស្រាបៀរកម្ពុជា ក្រុមហ៊ុនវឌ្ឍនៈដែលផលិតស្រាបៀរវឌ្ឍនៈនិងគ្រុឌ និងក្រុមហ៊ុនហនុមាន ប៉ុន្តែមិនទាន់អាចទាក់ទងបាននៅឡើយទេ៕
វេទិកាបញ្ចេញមតិ