ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នគរបាលរាជធានីភ្នំពេញបញ្ជូនជនបង្កគ្រោះថ្នាក់​ចរាចរណ៍​សម្លាប់មនុស្ស៤នាក់ទៅតុលាការ


ទិដ្ឋភាពកន្លែង​កើតហេតុ​នៃគ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឡើង​ដោយ​អ្នក​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​ ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោចណាស់ ៤នាក់ នៅរាជធានីភ្នំពេញ។ (រូបថតដោយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ)
ទិដ្ឋភាពកន្លែង​កើតហេតុ​នៃគ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឡើង​ដោយ​អ្នក​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​ ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោចណាស់ ៤នាក់ នៅរាជធានីភ្នំពេញ។ (រូបថតដោយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ)

នគរបាល​រាជធានី​ភ្នំពេញ​បាន​កសាង​សំណុំ​រឿង ​និង​បញ្ជូន​ជន​បង្ក​ទៅ​តុលាការ ​ចំពោះ​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឡើង​ដោយ​អ្នក​បើក​បរ​រថយន្ដ ​Ford Ranger។ ​នេះ​បើ​តាម​មន្រ្តី​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ។​

កាល​ពី​ថ្ងៃ​សៅរ៍ ​លោក​ នាង សំអូន​ ដែល​ជា​ជន​បង្ក​ ​បាន​បើក​បរ​រថយន្ត​ក្នុង​ល្បឿន​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ និង​បើក​បរ​ក្រោម​ឥទិ្ធពល​ជាតិ​ស្រវឹង ​ដែល​បណ្ដាល​ឱ្យ​មនុស្ស​ ៤ ​នាក់​ស្លាប់ ​និង​រង​របួស​ ៤ ​នាក់។ ​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ស្នងការដ្ឋាននគរបាល​រាជធានី​ភ្នំពេញ ​និង​អ្នក​នាំពាក្យ។​

យោង​តាម​ការ​ចុះ​ផ្សាយនៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​ស្នងការ​ដ្ឋានរាជធានី​ភ្នំពេញ ​និង​ការ​បញ្ជាក់​ពី​អ្នក​នាំពាក្យ​ ហេតុការណ៍​នេះ​កើត​ឡើង ​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍ ​ទី២០ ​ខែ​មករា ​ឆ្នាំ​២០២៤​ ត្រង់​ចំណុច​ស្ដុប​ស្ពាន​ ឫស្សីកែវ ​ផ្លូវ​ជាតិ​លេខ​៥ ​ភូមិ​មិត្តភាព ​សង្កាត់​ឫស្សីកែវ។ ជន​បង្ក​មាន​ឈ្មោះ ​នាង សំអូន ​ជា​មន្ត្រីម្នាក់​នៅ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញ​វត្ថុ។ ជន​បង្ក​ត្រូវ​បាន​សង្ស័យ​ថា ​បើក​បរ​រថយន្ដ​ Ford Ranger ​ពណ៌ស ​ក្នុង​ល្បឿន​លឿន ​និង​ស្ថិត​ក្នុង​ស្ថាន​ភាព​ស្រវឹង ​ហើយ​បាន​បុករះ​រថយន្ដ​ចំនួន​២​គ្រឿង ​និង​ម៉ូតូ​ចំនួន ​៤​គ្រឿង ​ពេល​ចុះ​ពី​ស្ពាន​ភ្ជាប់​ពី​តំបន់ ​OCIC ​ទៅ​ផ្លូវ​ជាតិ​លេខ​៥​ ក្នុង​ទិស​ដៅ​ពី​កើត​មក​លិច។​

លោក ​សំ វិចិ្ឆកា ​អ្នកនាំ​ពាក្យ​ស្នងការ​ដ្ឋាន​រាជធានី​ភំ្នពេញ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ សមត្ថកិច្ច​បាន​កសាង​សំណុំ​រឿងនេះ ​ហើយ​បញ្ជូន​ជន​បង្ក​ទៅ​តុលាការ។​

លោក​ថ្លែង​ថា៖ ​«ករណី​នេះ​យើង​កំពុង​កសាង​សំណុំ​រឿង​បញ្ជូន​គាត់​ទៅ​តុលាការ​នៅ​រសៀល​នេះ​ហើយ ​ពាក់​ព័ន្ធ​នឹង​ការ​បើក​បរ​ល្បឿន​លឿន​ ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ​និង​បើក​បរ​ក្រោម​ជាតិ​ឥទិ្ធពល​ស្រវឹង​ ដែល​មាន​ជាតិ​អាកុល ​០,៥៤»។​

ប្រសិន​បើ​តុលាការ​រក​ឃើញ​កំហុស ​បុគ្គល​នោះ​អាច​ជាប់​ពន្ធនាគារ​ពី​ ១​ខែ ​ទៅ ៦ខែ ​និង​ពិន័យ​ជា​ប្រាក់​ពី​ ៨សែន​រៀល ​ទៅ ​៤​លាន​រៀល ​តាម​មាត្រា ​៧៧ ​នៃ​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវ​គោក ​ពី​បទ​បើក​បរ​យាន​យន្ដ​ក្នុង​ភាព​ស្រវឹង​ដោយ​មាន​ជាតិ​អាកុល​ចាប់​ពី០,៤០ ​មីលីក្រាម​ក្នុង​មួយ​លីត្រ​ខ្យល់។ ​ជន​បង្ក​អាច​ជាប់​ពន្ធនាគារ​ពី​ ១​ឆ្នាំ​ ទៅ ​៣​ឆ្នាំ ​តាម​មាត្រា​ ៨៥ នៃ​ក្រម​ព្រហ្មទណ្ឌ ​ពី​បទ​បើក​បរ​ដោយ​ធ្វេស​ប្រហែស​ ខ្ចី​ខ្ចា ​និង​មិន​ប្រុង​ប្រយ័ត្ន។​

លោក ​ឃឿម ហ៊ីង ​ត្រូវ​ជា​បង​ថ្លៃ​របស់​កញ្ញា ​ង៉ែត ស្រីម៉ៅ ​អាយុ​ ២២​ឆ្នាំ ​ដែល​ជា​ជន​រង​គ្រោះស្លាប់​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថា្នក់​ចរាចរណ៍​ខាង​លើ ​ប្រាប់​វីអូអេ​ថា​ លោក​ស្នើ​ដល់​អាជ្ញាធរ​ជួយ​រក​យុត្តិធម៌​ជូន​ប្អូន​ស្រី​របស់​លោក។​

លោក​ថ្លែង​ថា៖ ​«ខ្ញុំ​សំណូម​ពរ​ថា ​ឱ្យ​អាជ្ញាធរ​ក៏​ដូច​ជា​មន្រ្ដី​ពាក់​ព័ន្ធ​ ឱ្យ​គាត់​ជួយ​គិត​គូរ​ពី​ជន​ដែល​ស្លូត​ត្រង់​ ដែល​ត្រូវ​បាន​បុក​ដោយ​ជន​បង្ក​ដែល​បាន​បុក​ធ្វើ​ឱ្យ​ប្អូន​ស្រី​ខ្ញុំ​គាត់​បាន​បាត់​បង់​ជីវិត ​ទាំង​ដែល​គាត់​គឺ​ជា​ផ្នែក​មួយ​ដ៏​ល្អ​សម្រាប់​ក្រុម​គ្រួសារ​គាត់​ ​ដែល​គាត់​ខំ​បណ្ដុះ​បណ្ដាល​រហូត​មក​ដល់​ពេល​នេះ​ គឺ​មាន​តម្លៃ​ខ្លាំង​ណាស់»។​

លោក ​យង់ គិមអេង ​ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្ដិភាព​ កត់​សម្គាល់​ឃើញ​ថា ​កន្លង​មកទាក់​ទង​នឹង​គ្រោះ​ថ្នាក់​ចរាចរណ៍​ ធ្លាប់​មាន​ការ​ផ្សព្វផ្សាយ​នៅ​ក្នុង​សង្គម​ផង​ដែរ​ ប៉ុន្ដែ​ចំពោះ​ការ​ផ្សព្វ​ផ្សាយ​ទាក់​ទង​នឹង​បញ្ហា​គ្រឿង​ស្រវឹង ​គឺ​មិន​ទាន់​មាន​ភាព​ទូលំទូលាយ ​ដូច្នេះ​ហើយ​មូល​ហេតុ​ដែល​បង្ក​ឱ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍ ​ដោយ​សារ​ពិសា​គ្រឿង​ស្រវឹង​តែង​កើត​មាន។​

លោក​ថ្លែង​ថា៖ ​«ប៉ុន្តែ​ហេតុ​អី​បាន​មនុស្ស​អត់​បញ្ឈប់​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​នៅ​ពេល​ខ្លួន​បើក​បរ? ​ដោយ​សារ​គាត់​យល់​ថា ​ខ្លួន​គាត់​មាន​កម្លាំង​គ្រប់​គ្រាន់។ គាត់​អត់​ស្រវឹង។ គាត់​អាច​បើក​ទៅ​ផ្ទះ​បាន​ត្រង់​ផ្លូវ ​ហើយ​អ្នក​ខ្លះ​ខំ​និយាយ​ថា​ អូ! ​បើ​កាន់​តែ​ស្រវឹង ​កាន់​តែ​ត្រង់​ផ្លូវ។ ​ខ្ញុំ​មិន​ជឿ​ទេ។ ​នេះ​សុទ្ធ​តែ​ជា​លេស​ដើម្បី​បាន​ទទួល​ទាន​គ្រឿង​ស្រវឹង»។​

លោក ​យង់ គិមអេង ​ស្នើ​ដល់​អាជ្ញាធរ​គួរ​ពង្រឹង​វិធាន​ការ​ចំពោះ​បុគ្គល​ដែល​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​ដោយ​ការ​ពិសា​គ្រឿង​ស្រវឹង ​ការ​ពិនិត្យ​មើល​ឡើង​វិញ​ចំពោះ​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​គ្រឿង​ស្រវឹង ​និង​ពន្លឿន​ច្បាប់​ស្ដីពី​ការ​ត្រួត​ពិនិត្យ​ផលិត​ផល​គ្រឿង​ស្រវឹង​ដែល​នៅ​តែ​ជា​សេចក្ដី​ព្រាង​ច្បាប់​តាំង​ពី​ឆ្នាំ​ ២០១៥​ ដើម្បី​អាច​ប្រើ​ប្រាស់​ជា​វិធាន​ការ​ក្នុង​ការ​ទប់​ស្កាត់​កំណើន​នៃ​ការ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​ក្នុង​ប្រទេស​កម្ពុជា។​

របាយ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស ​គិតពីថ្ងៃ​ទី១ ​ខែ​មករា ​ដល់​ថ្ងៃទី​ ២១ ​ខែ​មករា ​ឆ្នាំ​២ ០២៤ ​បង្ហាញ​ថា​ គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង ១៨១​ករណី ​ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់ ​និង​រង​របួស​ជាង​ ៣០៧​នាក់ ​ក្នុង​នោះ​ ៨០​នាក់ ​បាន​ស្លាប់។ ​អាជ្ញាធរ​កត់​សម្គាល់​ថា​ គ្រោះ​ថ្នាក់​ចរាចរណ៍​ទាំង​នោះ​បណ្តាល​មក​ពីបើក​បរ​ល្មើស​ល្បឿន ​មិន​គោរព​សិទ្ធិ ​ប្រជែង​និង​បត់​គ្រោះ​ថ្នាក់ ​និង​ស្រវឹង។​ នេះ​បើ​តាម​របាយ​ការណ៍​របស់​អគ្គ​ស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ។​

គួរ​បញ្ជាក់​ថា​ កាល​ពី​ចុង​ឆ្នាំ​ ២០២៣ ​និង​ដើម​ឆ្នាំ​ ២០២៤ ​បូក​ទាំង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ចុង​ក្រោយ​នេះ ​មានគ្រោះ​ថ្នាក់​ចរាចរណ៍​រថយន្ដ​បុក​ម៉ូតូចំនួន ​៣​ករណី ​នៅរាជធានី​ភ្នំពេញ​ដែល​បង្ក​ឡើង​ដោយ​សារ​ការ​បើក​បរ​ក្នុង​ល្បឿន​លឿន​ ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ​និង​បើក​បរ​ក្រោម​ឥទិ្ធពល​ជាតិ​ស្រវឹង។​ ករណី​ទី​មួយ ​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី ១៤​ ខែ​ធ្នូ ​ឆ្នាំ ២០២៣ ​ដោយ​ជន​បង្ក​បុក​បុរស​ជិះ​ម៉ូតូ​ម្នាក់​ស្លាប់​ និង​ករណី​ទីពីរ ​កើត​ឡើង​កាល​ពី​ថ្ងៃទី​ ២៤ ​ខែធ្នូ ​ឆ្នាំ​ ២០២៣ ​ដែល​បណ្ដាល​ឱ្យ​មនុស្ស​ពីរ​នាក់​ស្លាប់ ​និង​ម្នាក់​រង​របួស​ធ្ងន់៕​

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG