ប្រជាសហគមន៍ដូនឪ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញប្រមាណជា ១០០ នាក់ បានប្រមូលផ្តុំគ្នានៅខាងមុខសាលារាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍ ដោយបានស្នើឲ្យអភិបាលរាជធានីភ្នំពេញអន្តរាគមន៍ផ្តល់បណ្ណកម្មសិទ្ធិដីធ្លីដល់ពួកគេឲ្យបានឆាប់ ខណៈពួកគេព្រួយបារម្ភបាត់បង់ទីកន្លែងរស់នៅកាន់តែខ្លាំងនៅពេលឃើញសកម្មភាពចាក់ខ្សាច់ក្បែរជើងសរសេរផ្ទះអ្នកភូមិ។
ប្រជាសហគមន៍បានស្នើសុំឲ្យស្ថាប័នពាក់ព័ន្ធជួយអន្តរាគមន៍ជាច្រើនលើកច្រើនសា អំពីការផ្តល់បណ្ណកម្មសិទ្ធិដីធ្លីនេះ ចាប់តាំងពីឆ្នាំ ២០២០ មក ដូចជាក្រសួងដែនដី សាលាខណ្ឌដង្កោ និងសាលារាជធានីភ្នំពេញជាដើម ប៉ុន្តែមិនទទួលបានដំណឹងជាក់លាក់ ឬដំណោះស្រាយអ្វីឡើយ។ នេះបើតាមការអះអាងរបស់ប្រជាសហគមន៍ដូនឪដែលបានប្រាប់វីអូអេ។
កំពុងឈរប្រមូលផ្តុំនៅខាងមុខរដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍ អ្នកស្រី ជ្រុន គឹមសាន្ត អាយុ ៤០ ឆ្នាំ ដែលអះអាងថាជាពលរដ្ឋរស់នៅសហគមន៍ដូនឪរយៈពេល ៣០ ឆ្នាំ ប្រាប់វីអូអេថា ប្រជាសហគមន៍ឡើងមកសាលារាជធានីភ្នំពេញនេះដើម្បីស្នើសុំឲ្យជួយពន្លឿនការចេញប្លង់កម្មសិទ្ធិដល់ប្រជាសហគមន៍ជាង ១០០ គ្រួសារឲ្យបានឆាប់ ក្រោយពួកគេបានសុំការអន្តរាគមន៍ជាបន្តបន្ទាប់ ប៉ុន្តែមិនទទួលបានដំណឹង។ អ្នកស្រីថា បច្ចុប្បន្ននេះ អ្នកស្រីឃើញមានការចាក់ខ្សាច់លុបបឹងជើងឯក រហូតដល់ក្បែរជើងសរសេរផ្ទះរបស់អ្នកស្រី និងអ្នកភូមិផ្សេងទៀត ទើបធ្វើឲ្យប្រជាសហគមន៍ព្រួយបារម្ភបាត់បង់ទីកន្លែងរស់នៅ។
អ្នកស្រីប្រាប់វីអូអេថា៖ «រយៈពេល ៥ ឆ្នាំ នៅសាលារាជធានី មិនទាន់មានដំណោះស្រាយជូនពួកខ្ញុំទេ។ អ៊ីចឹងពួកខ្ញុំឡើងមកដោយសារអ៊ីចឹង ព្រោះឥឡូវផលប៉ះពាល់ពួកខ្ញុំ [គឺ]ពិបាក។ ពីមុនសាលាខណ្ឌបាននិយាយប្រាប់ពួកខ្ញុំថា ឲ្យរស់នៅបានចេះតែរស់ទៅ ប៉ុន្តែពីមុនមក ១០ ២០ឆ្នាំមុន ពួកខ្ញុំរស់នៅបានតែឥឡូវរស់នៅអត់បាន ដោយសារគេលុបខ្សាច់ ចំជើងសរសេរក្រោយផ្ទះខ្ញុំ ហើយព្រួយបារម្ភពេលទឹកលិចខែវស្សា បង្គោលភ្លើងបាក់មក ក្មេងៗតូចៗអាចនឹងឆក់។ ហើយចុះពេលខ្ញុំទៅលក់[ដូរ] យប់ព្រលប់ ក្មេងនៅផ្ទះ កូនចៅខ្ញុំសុទ្ធតូចៗ វាអាចឆក់ ខ្ញុំម៉េចដឹង។ អ៊ីចឹងបានខ្ញុំចង់ឲ្យគាត់ហ្នឹងពន្លឿនធ្វើប្លង់កម្មសិទ្ធិឲ្យខ្ញុំ ពេលណាដែលយើងធ្វើប្លង់បាន យើងមានលុយ យើងចាក់ស្ទួចផ្ទះឡើងឲ្យផុតពីទឹក»។
បើតាមអ្នកស្រី ជ្រុន គឹមសាន្ត ជាងមួយឆ្នាំមុន អាជ្ញាធរបានចុះទៅវាស់វែងធ្វើប្លង់កម្មសិទ្ធិដីធ្លីដល់ប្រជាសហគមន៍ដែរ ប៉ុន្តែរហូតមកដល់ពេលនេះ ប្រជាសហគមន៍មិនទទួលបានដំណឹងអ្វីទាល់តែសោះ។
ចំណែកប្រជាសហគមន៍ដូនឪម្នាក់ទៀត អ្នកស្រី អាន សុខឃីម អាយុ ៤២ ឆ្នាំ ក៏បានស្នើសុំឲ្យសាលាក្រុងជួយអន្តរាគម៍ផ្តល់ប្លង់កម្មសិទ្ធិដល់ប្រជាសហគម៍ឲ្យបានឆាប់ ខណៈអ្នកស្រីងឿងឆ្ងល់ថា ក្រុមហ៊ុនសាងសងបុរីក្បែរសហគមន៍មានប្លង់កម្មសិទ្ធិ តែបែរជាសហគមន៍ដូនឪ មិនមានប្លង់កម្មសិទ្ធិទៅវិញ។
អ្នកស្រីបញ្ជាក់ថា៖ «ចុះមូលហេតុអ្វីបានក្រុមហ៊ុន គាត់ធ្វើបុរី ឬចាក់ខ្សាច់ ក្រោយប្រជាពលរដ្ឋនៅផង គាត់ទទួលបានប្លង់កម្មសិទ្ធិទាំងក្រុមហ៊ុន ទាំងដី[ចាក់]ខ្សាច់? ហេតុអ្វីបានជាប្រជាពលរដ្ឋរស់នៅ ២០-៣០ ឆ្នាំ អត់ទាន់មានប្លង់កម្មសិទ្ធិ? បើសម្រាប់ខ្ញុំ ខ្ញុំគិតថាអយុត្តិធម៌ចំពោះប្រជាពលរដ្ឋ»។
អ្នកស្រីបន្ថែមថា រាល់ថ្ងៃ ប្រជាសហគមន៍ក៏ពិបាកក្នុងការធ្វើសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅផងដែរ។
ក្រោយបានជួបជាមួយមន្រ្តីសាលាក្រុង អ្នកស្រី អាន សុខឃីម និងអ្នកស្រី ជ្រុន គឹមសាន្ត ប្រាប់ទៅប្រជាសហគមន៍នៅខាងមុខសាលារាជធានីភ្នំពេញថា មន្ត្រីសុំរយៈពេលពីរសប្តាហ៍ ដើម្បីសិក្សាអំពីសំណើរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីសាលាក្រងក៏បានប្រាប់ប្រជាសហគមន៍ដូនឪថា គម្រោងសាងសង់ផ្លូវរដ្ឋ ២០ ម៉ែត្ររបស់រដ្ឋាភិបាល នឹងអាចប៉ះដល់សហគមន៍ដូនឪ។
ប្រជាសហគម៍ដូនឪបាននិយាយនៅខាងក្រៅសាលារាជធានីភ្នំពេញថា ពួកគេនឹងមកសាលារាជធានីភ្នំពេញសាជាថ្មី ប្រសិនបើមន្ត្រីមិនផ្តល់ដំណឹងអ្វីដល់ពលរដ្ឋតាមកាលកំណត់ ឬមិនបានផ្តល់ដំណោះស្រាយសមរម្យដល់ប្រជាសហគមន៍។ ប្រជាពលរដ្ឋទាំងនោះក៏មិនយល់ស្របចំពោះការគ្រោងបង្កើតផ្លូវរដ្ឋទំហំ ២០ ម៉ែត្រ ដែលកាត់សហគមន៍ដូនឪនោះផងដែរ។
លោក កើត ឆែ អភិបាលរងសាលារាជធានីភ្នំពេញ សុំមិនផ្តល់ការអត្ថាធិប្បាយអំពីករណីនេះ ដោយលោកថា លោកជាប់ប្រជុំ និងមិនទាន់ទទួលបានព័ត៌មានច្បាស់លាស់នៅឡើយ។
កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ ប្រជាសហគមន៍ដូនឪ ដែលស្ថិតនៅក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បានដាក់លិខិតស្នើសុំរដ្ឋមន្ត្រីក្រសួងដែនដី លោក ជា សុផារ៉ា ឲ្យជួយអន្តរាគមន៍ផ្តល់ប្លង់កម្មសិទ្ធិដីធ្លីដល់ពួកគេ។ គ្រានោះ ក្រសួងដែនដីក៏បានចេញលិខិតមួយច្បាប់ ដោយបញ្ជាក់ទៅអភិបាលខណ្ឌដង្កោ ឲ្យពិនិត្យដោះស្រាយ និងចាត់ចែងតាមការគួរ។ នេះបើតាមលិខិតស្នើសុំដែលវីអូអេទទួលបាន។
ហើយកាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៣ ប្រជាសហគមន៍ដូនឪក៏បានដាក់លិខិត ស្នើសុំអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ឲ្យជួយពន្លឿនដល់ការផ្តល់បណ្ណកម្មសិទ្ធិដីធ្លី និងការអភិវឌ្ឍន៍នៅនឹងកន្លែងដល់ប្រជាពលរដ្ឋសហគមន៍ដូនឪផងដែរ។
ប្រធានកម្មវិធីសិទ្ធិក្នុងទីក្រុងនៃអង្គការសមាគមធាងត្នោត លោក ស៊ាង មួយឡៃ ប្រាប់វីអូអេថា អាជ្ញាធរគួរតែយកចិត្តទុកដាក់ដោះស្រាយប្លង់កម្មសិទ្ធិដីធ្លី និងផ្តល់ព័ត៌មានជាក់លាក់ដល់ប្រជាពលរដ្ឋ ដើម្បីអាចទទួលយកបានទាំងអស់គ្នា។
លោកប្រាប់វីអូអេថា៖ «ដូច្នេះ ខ្ញុំគិតថា អាជ្ញាធរគួរតែយកចិត្តទុកដាក់ក្នុងរឿងនេះ ហើយជំរុញការចុះបញ្ជីដីធ្លីឲ្យបានលឿន។ ហើយដូចបញ្ជាក់ពីខាងដើម រាល់គម្រោងអភិវឌ្ឍន៍ ឬក៏មូលហេតុផ្សេងៗ មិនបានផ្តល់ប្លង់កម្មសិទ្ធិដល់ពលរដ្ឋ គួរជជែក ឬផ្តល់ព័ត៌មាននេះដើម្បីបានដឹង»។
កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំអភិបាលរាជធានី ខេត្ត និងក្រសួងរៀបចំដែនដី ខិតខំដោះស្រាយទំនាស់ដីធ្លី និងជំរុញឲ្យមានការរៀបចំការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឲ្យបានចប់ក្នុងអាណត្តិទី ៧៕
វេទិកាបញ្ចេញមតិ