ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ​សម រង្ស៊ី​ ​រក្សា​ទស្សនៈ​របស់​ខ្លួន ខណៈ​តុលាការ​​កោះ​ហៅ​លោក​ពី​បទ​ប្រមាថ​ព្រះ​មហា​ក្សត្រ


រូបឯកសារ៖ លោក សម រង្ស៊ី អតីតប្រធានគណបក្ស​សង្គ្រោះជាតិ ថ្លែង​ទៅកាន់អ្នកគាំទ្រគណបក្សតាមរយៈវីដេអូបង្ហោះតាមប្រព័ន្ធអ៊ីនធឺណិត ពីប្រទេសអ៊ីតាលី កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧។ (រូបដកស្រង់ពីវីដេអូ)
រូបឯកសារ៖ លោក សម រង្ស៊ី អតីតប្រធានគណបក្ស​សង្គ្រោះជាតិ ថ្លែង​ទៅកាន់អ្នកគាំទ្រគណបក្សតាមរយៈវីដេអូបង្ហោះតាមប្រព័ន្ធអ៊ីនធឺណិត ពីប្រទេសអ៊ីតាលី កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧។ (រូបដកស្រង់ពីវីដេអូ)

ព្រះ​រាជ​អាជ្ញារង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​បាន​កោះ​ហៅ​លោក​ ​សម រង្ស៊ី​ឲ្យ​ចូល​ខ្លួន​ទៅ​តុលាការ​ដើម្បី​សាក​សួរ​ពាក់​ព័ន្ធ​នឹង​ការ​លើក​ឡើង​ថា​ លិខិត​របស់​ព្រះ​មហា​ក្សត្រ​ដែល​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ជា​លិខិត​ក្លែង​ក្លាយ។​ ប៉ុន្តែ​លោក​ សម រង្ស៊ី​ នៅ​តែ​រក្សា​​ទស្សនៈ​​​របស់​លោក។

លោក​ សម រង្ស៊ី​ អតីត​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ ដែល​រស់​នៅ​ក្រៅ​ប្រទេស​ ​អះអាង​ថា​ លោក​នៅ​តែរក្សាទស្សនៈ​របស់​ខ្លួន​ក្នុង​ការ​លើក​ឡើង​ថា​ លិខិត​របស់​ព្រះ​មហា​ក្សត្រ​ដែល​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​គឺ​ជា​លិខិត​ក្លែង​ក្លាយ​ ​ហើយ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​ការ​សម្លុត​គាប​សង្កត់​ បើ​ទោះ​ជា​តុលាការ​កោះ​ហៅ​រូប​លោក​ឲ្យ​ចូល​បំភ្លឺ​ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​បែប​នេះ​ក៏​ដោយ។​

លោក​ ​សម រង្ស៊ី​ ​អតីត​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ ​បាន​បង្ហោះ​សារ​មួយ​ទៀត​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ពុធ​នេះ​ ​ដោយ​សរសេរ​ថា​ ​លោក​នៅ​តែ​ជឿ​ជាក់​ថា ​លិខិត​ដែល​ព្រះ​មហា​ក្សត្រ​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី២៩ខែ​កក្កដាឆ្នាំ​២០១៨​គឺជា​លិខិត​ក្លែង​ក្លាយ​ ​និង​ថា ​ជា​លិខិត​ដែល​មិន​មាន​តម្លៃ​អាច​យក​ជាការ​បាន។​

លោក​បន្ថែម​ក្នុង​សម្រង់​ន័យ​ដើម​ថា៖​

«លិខិត​ព្រះ​មហា​ក្សត្រ​ ​ចុះ​ថ្ងៃ​១៨​ ​ឧសភា​ ​២០១៨​ ​ដែល​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​ក្លែង​ក្លាយ​ ​ថ្ងៃ​ទី២៩​ ​កក្កដា​ ​ខាង​មុខ គឺជា​លិខិត​ក្លែង​ក្លាយ​ ​ឬ​ក៏​ជា​លិខិត​ធ្វើ​ឡើង​ក្រោម​ការ​សម្លុត ​និង​គាប​សង្កត់។ ​ ខ្ញុំ​ក៏​នៅ​តែជឿ​ជាក់​ថា ​ព្រះ​មហា​ក្សត្រ​សព្វ​ថ្ងៃ​ ​ជា​ចំណាប់​ខ្មាំង​ក្នុង​កណ្តាប់​ដៃ​លោក​ ​ហ៊ុន សែន​ ​ដែល​បង្ខំ​ឲ្យ​ព្រះ​អង្គ​គាំទ្រ​របប​ក្បត់​ជាតិ​សព្វ​ថ្ងៃ»។​

ការ​បង្ហោះ​សារ​របស់​លោក​ ​សម រង្ស៊ី​ ​ធ្វើ​ឡើង​តែ​ប៉ុន្មានម៉ោង​ប៉ុណ្ណោះ​ ​ក្រោយ​ពេល​ដែល​ព្រះ​រាជអាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញបាន​ចេញដីកា​កោះ​ហៅ​លោក​ឲ្យ​ចូល​បំភ្លឺ​នៅ​តុលា​ការ​ នា​ព្រឹក​ថ្ងៃ​ទី​១២​ ខែ​កក្កដា ​ឆ្នាំ​២០១៨ ពាក់​ព័ន្ធ​នឹង​ការ​ប្រមាថ​ព្រះ​មហា​ក្សត្រ។​

បើ​តាម​ដីកា​កោះ​ចេញ​នៅ​ថ្ងៃ​ទី​១៩​ ​ខែ​មិថុនា​ ឆ្នាំ​២០១៨​ ​និង​ទើប​ត្រូវ​បាន​ផ្សព្វផ្សាយ​នា​ព្រឹក​ថ្ងៃ​ពុធ​នេះ ​លោក​ ​សៀង សុខ​ ​ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​បាន​កោះ​ហៅ​លោក​ ​សម រង្ស៊ី​ ​ក្នុង​នាម​ជាជន​សង្ស័យ​ឲ្យ​ចូល​ខ្លួន​ទៅ​តុលាការ​នៅ​ម៉ោង៩​ព្រឹក​ ​ដើម្បី​សាកសួរ​ពាក់​ព័ន្ធ​នឹង​ការ​ប្រមាថ​ព្រះ​មហា​ក្សត្រ។

ដីកា​កោះ​នោះសរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«អញ្ជើញ​ឈ្មោះ​ ​សម រង្ស៊ី​ ​ជាជន​សង្ស័យ [...]​ ​ដើម្បី​សាកសួរ​ពី​ដំណើរ​រឿង​លើ​ករណី​ពាក់​ព័ន្ធ​ការ​ប្រមាថ​ព្រះ​មហា​ក្សត្រ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ តាម​គណនី​ហ្វេសប៊ុក​ឈ្មោះ​សម រង្ស៊ីជា​បន្ត​បន្ទាប់​ពីខែ​មិថុនា ​ឆ្នាំ​២០១៨»។

ដីកា​កោះហៅចេញ​ដោយ​លោក​ ​សៀង សុខ​ ​ធ្វើ​ឡើង​តែ​ប៉ុន្មានថ្ងៃ​ប៉ុណ្ណោះ​ ​បន្ទាប់​ពី​លោក​ ​អង្គ វង្សវឌ្ឍនា​ ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ បាន​បញ្ជា​ឲ្យ​តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​លោក​ ​សម រង្ស៊ី​ ​ដោយ​ថា​ ​លោក​បាន​ប្រមាថ​ព្រះ​មហា​ក្សត្រ ​រឿង​ព្រះ​រាជសារក្លែង​ក្លាយ។​

ព្រះ​មហា​ក្សត្រ​ព្រះ​បាទ ​នរោត្តម សីហមុនី​ ​កាលពី​ថ្ងៃ​ទី១៨ ​ខែ​ឧសភា ​ឆ្នាំ​២០១៨ ​បាន​ចេញ​ព្រះ​រាជសារ​មួយ ​ដោយ​ព្រះ​អង្គ​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ទាំង​អស់​ទៅ​បោះ​ឆ្នោត​ជ្រើសរើស​អ្នកដឹក​នាំប្រទេស ​ដើម្បីការ​អភិវឌ្ឍ ​និង​ការ​រីក​ចម្រើន​រុង​រឿង​គ្រប់វិស័យ ​ឲ្យ​បាន​គ្រប់ៗ​គ្នា ​និង​សូម​កុំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​គាប​សង្កត់ ការ​គំរាម​កំហែង​ ​ឬ​សម្លុត​ពី​ជន​ណា​ម្នាក់​ ឬ​គណ​បក្សនយោបាយណាមួយ​ឲ្យ​សោះ។​

ក្រោយ​ពេល​លោក​ ​សម រង្ស៊ី​ ​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ដោយ​ថា ​លិខិត​របស់​ព្រះ​មហា​ក្សត្រ​គឺ​ជា​លិខិត​ក្លែង​ក្លាយ​ ​ភ្លាមៗ​នោះ​ ក្រសួង​ព្រះ​បរម​រាជវាំង​ដែល​ជា​ផ្នែក​មួយ​នៃ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ ​នៅ​ថ្ងៃ​ទី៨ ​ខែ​មិថុនា ​ក៏​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ​ទាត់​ចោល​ការ​ចោទ​ប្រកាន់​ថា ​មាន​ការក្លែង​បន្លំ ឬ​បង្ខំ​ឲ្យ​ព្រះ​មហា​ក្សត្រ​ចេញ​ព្រះ​រាជសារ​អំពាវនាវ​ពលរដ្ឋ​ខ្មែរ​ទៅ​ចូល​រួម​ការ​បោះ​ឆ្នោត​នេះ។​

លោក​ ​សម រង្ស៊ី​ ​អតីត​ប្រធាន​គណ​បក្សប្រឆាំង​ដែល​ហ៊ុមព័ទ្ធ​ទៅ​ដោយ​បណ្តឹង​របស់​តុលា​ការ​កម្ពុជា តែង​អំពាវនាវ​ពី​ខាង​ក្រៅ​ប្រទេស ​ឲ្យ​ប្រជា​ពលរដ្ឋ​ធ្វើ​ពហិការកុំ​ទៅ​ចូល​រួម​ការ​បោះ​ឆ្នោត ប្រសិន​បើគ្មាន​វត្ត​មាន​របស់​គណ​បក្ស​សង្រ្គោះ​ជាតិ​ ​ដោយ​ថា​ ​ការ​បោះ​ឆ្នោត​នោះ​ជាការ​បោះ​ឆ្នោត​ក្លែង​ក្លាយ។​

ដោយឡែក​ ​លោក​ ​សុក សំអឿន​ ​មេធាវី​ជើង​ចាស់​មួយ​រូប ​ដែល​តែង​ការពារ​ក្តីពាក់​ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស​ សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ច្រើន​ពាក់​ព័ន្ធ​នឹង​ដីកា​កោះ​ហៅ​លោក​ ​សម រង្ស៊ី​ ​ដើម្បី​សាកសួរ​ពី​បទ​ប្រមាថ​ព្រះ​មហា​ក្សត្រ​ទេ​ ​ដោយ​លោក​គ្រាន់​តែ​ប្រាប់​ ​VOA​ ​យ៉ាង​ខ្លី​ថា​ ​ការ​លើក​ឡើង​ដែលថា​ ​សារ​លិខិត​របស់​ព្រះ​មហា​ក្សត្រ​មិន​មែន​ជា​ការ​ប្រមាថ​នោះ​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖​

«បើ​សិន​ថា គ្រាន់​តែ ​"លិខិត​ហ្នឹង​ ​ដូច​មិន​ជឿ​ថា​ លិខិត​របស់​ព្រះ​មហា​ក្សត្រ​លោក​ចេញ​ទេ​ ​ប្រហែល​ជា​លិខិត​ក្លែង​ក្លាយ"​ អាហ្នឹង​គ្រាន់​តែ​ជា​ការ​គិត ​ការ​យល់​របស់​មនុស្ស​ម្នាក់​ទេ​តើ»។​

ចាប់​តាំង​ពី​មាត្រា​មួយ​ចំនួន​ក្នុង​ក្រម​ព្រហ្មទណ្ឌ​ត្រូវ​បាន​ធ្វើ​វិសោធន​កម្ម​ ​ដោយ​ចែងពី​ការ​ដាក់​ទោស​អ្នក​ដែល​ប្រមាថ​ព្រះ​មហា​ក្សត្រ​ ​តាំងពី​ខែ​កុម្ភៈមកនោះ​ ​លោក​ ​សម រង្ស៊ី​គឺជា​ជនទី​បួន​ដែល​ត្រូវ​បាន​តុលាការ​កម្ពុជា​កោះ​ហៅ​ពាក់​ព័ន្ធ​នឹង​ការ​ប្រមាថ​ព្រះ​មហា​ក្សត្រ​ ​បន្ទាប់​ពី​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ចំនួន​បីរូប​ត្រូវ​បាន​ចោទ​ប្រកាន់​កន្លង​ទៅ៕

XS
SM
MD
LG