ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ការពារ​ចំណាត់​ការ​លើ​សកម្មជន​ចំពោះ«សកម្មភាព​ញុះញង់»ដោយ​ប្រៀប​ធៀប​នឹង​ករណី​​​​លោក ដូណាល់ ត្រាំ


រូបឯកសារ៖ លោក រ៉ុង ឈុន ​ប្រធាន​សហភាព​សហ​ជីព​កម្ពុជា ប្រើ​មីក្រូ​និយាយ ក្នុង​អំឡុងពេល​ធ្វើ​បាតុកម្ម​មួយ​ក្នុងជម្លោះ​រវាង​កម្មករ និង​ម្ចាស់​រោងចក្រ ​នៅ​ក្បែរ​គេហដ្ឋាន​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ក្នុង​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី២៩ ខែកក្កដា ឆ្នាំ២០២០។

រដ្ឋាភិបាល​កម្ពុជា​បាន​ការពារ​ចំណាត់​ការ​របស់​ខ្លួន​លើ​ការ​ចាប់មនុស្សមួយ​ចំនួន ដែល​រដ្ឋាភិបាល​បាន​ចោទ​ថា​ពួកគេ​បាន​ធ្វើ​សកម្មភាពញុះញង់ ហើយ​បាន​លើក​ឡើង​ករណី​អតីត​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ(Donald Trump) ដែល​ត្រូវរដ្ឋសភា​ចោទថា​លោក​ញុះញង់​ឲ្យបះបោរ​នៅវិមាន​សភា​អាមេរិក​កាល​ពី​ខែ​មករា។ នេះ​បើ​យោង​តាម​ឯកសារ​ស្ដីពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជាដែល​ដាក់​ទៅ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ ដែល​នឹង​បើក​កិច្ច​ប្រជុំ​លើក​ទី​៤៦​របស់​ខ្លួន​ ចាប់​ពី​ថ្ងៃ​ទី​២២​ ខែ​កុម្ភៈ ដល់​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០២១។

នៅ​ក្នុង​របាយការណ៍​១៥​ទំព័រ​ជា​ភាសា​អង់គ្លេស ស្ថាន​បេសកកម្ម​អចិន្រ្តៃយ៍​របស់​កម្ពុជា​ប្រចាំ​ទីក្រុង​ហ្ស៊ឺណែវ ប្រទេស​ស្វីស បាន​លើក​ឡើងអំពី«ការ​អនុវត្ត​ស្តង់ដារ​ពីរ»ដែល​រដ្ឋាភិបាល​កម្ពុជា​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​រិះគន់​របស់​ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន​លើ​ចំណាត់​ការផ្លូវ​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា។ ត្រង់​ចំណុច​នេះ​ រដ្ឋាភិបាល​កម្ពុជាបាន​ការពារ​ចំណាត់​ការ​របស់​ខ្លួន​ប្រឆាំង​នឹង​សកម្មជន​នយោបាយ អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​អ្នក​សារព័ត៌មាន​ ដែលត្រូវ​បាន​ចាប់​ខ្លួន ចោទ​ប្រកាន់ និង​កាត់​ទោសពី​បទ​ញុះញង់។ ការ​ចោទ​ប្រកាន់​នេះ ត្រូវ​បាន​រិះគន់​ដោយ​ក្រុម​សិទ្ធិ​មនុស្ស​ថា​ធ្វើ​ឡើង​ ដើម្បី​បំបិទ​សំឡេង​ប្រឆាំង​ក្នុង​ប្រទេស។

របាយ​ការណ៍​បាន​លើក​ឡើង​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ប្រទេសចំៗ ប៉ុន្តែសំដៅ​ទៅ​សហរដ្ឋ​អាមេរិក ដោយ​យក​ករណី​របស់​អតីត​ប្រធានាធិបតី​អាមេរិក​ លោក ដូណាល់ ត្រាំ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ញុះញង់​រហូត​ដល់​មាន​កុបកម្ម​វាយ​ចូល​វិមាន​សភា​អាមេរិក។

របាយការណ៍​បញ្ជាក់​ថា៖ «កាល​ពី​ខែ​មករា ឆ្នាំ​២០​២១ ក្រុមហ៊ុន​បណ្តាញ​សង្គម​ធំៗ​បាន​បិទ​គណនី​របស់​អតីត​ប្រធានាធិបតី​របស់​ប្រទេស​មួយ ដោយ​សារ​បារម្ភ​អំពី​ហានិភ័យ​បន្ថែម​នៃ​ការ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ។ វា​ជា​រឿង​គួរ​ឲ្យ​សោកស្តាយ​ដែល​ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន​នៅ​តែ​បន្ត​អធិប្បាយ​ពីការ​អនុវត្ត​ច្បាប់ក្នុង​ប្រទេស​កម្ពុជា​ ដែល​ជា​ការ​ព្យាយាម​ការ​ពារ​ពលរដ្ឋដែល​គោរព​ច្បាប់ ទៅ​ជា​រិះគន់​ថា​គាប​សង្កត់​ក្រុម​ណាមួយ​ទៅ​វិញ»។

រូបឯកសារ៖ ក្រុម​អ្នក​គាំទ្រ​លោក​ប្រធានាធិបតី Donald Trump ​ព្យាយាម​ចូល​ទៅ​ក្នុងវិមាន​សភា​សហរដ្ឋ​អាមេរិក​ រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។
រូបឯកសារ៖ ក្រុម​អ្នក​គាំទ្រ​លោក​ប្រធានាធិបតី Donald Trump ​ព្យាយាម​ចូល​ទៅ​ក្នុងវិមាន​សភា​សហរដ្ឋ​អាមេរិក​ រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។

រដ្ឋាភិបាល​ក៏​បន្ត​ការពារ​ថា​ការ​ចោទ​ប្រកាន់​អ្នក​សារ​ព័ត៌មាន​ពី​បទ​ញុះញង់ មិន​ទាក់ទង​នឹង​ការ​រឹត​ត្បិត​សេរី​ភាព​អ្វី​នោះ​ទេ គឺ​ទាក់ទ​ង​នឹង​ការ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​នៃ«ការ​ញុះ​ញង់​ឲ្យ​ស្អប់ និង​ប្រព្រឹត្តហិង្សា​ជាមួយ​ចេតនា​បង្ក​ហានិភ័យ ដែលមាន​ចែង​ក្នុង​មាត្រា​៤៩៤​និង​៤៩៥​នៃ​ក្រម​ព្រហ្មទណ្ឌកម្ពុជា​ដែល​ក្រុម​អ្នក​ជំនាញ​ច្បាប់​របស់លោក​ខាង​លិច​បាន​ជួយ​តាក់​តែង​ផង​ដែរ»។

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​ព្រឹទ្ធ​សមាជិក​មួយ​រូប បាន​ថ្លែង​ថាការ​អនុវត្ត​ស្តង់ដារ​ពីរ​នេះ រដ្ឋាភិបាល​សំដៅ​លើ«ភាព​លម្អៀង»របស់​ក្រុម​សិទ្ធិ​មនុស្ស​និង​ប្រទេស​មួយ​ចំនួន​ទៅ​ក្រុម​របស់​គណបក្ស​ប្រឆាំង។ លោក​បាន​ការពារ​ចំណាត់​ការ​របស់​រដ្ឋាភិបាល និង​អាជ្ញា​ធរ​កម្ពុជាក្នុង​ការ​ចោទ​ប្រកាន់ពី​បទ​ញុះញង់​និង​ចាប់​សកម្ម​ជន​មួយ​ចំនួន។

លោក​ប្រាប់​VOA​ថា៖ «ដូច​សកម្មជន​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់ ធ្វើ​ខុស​ច្បាប់ហ្នឹង វា​ទៅ​ជា​កាន់​ជើងថា​ជា​សិទ្ធិបញ្ចេញ​មតិ ជា​សិទ្ធិ​ពលរដ្ឋ គេ​មាន​សិទ្ធិ​ធ្វើ។ អាហ្នឹង​ហើយ​ជា​ការ​ញុះញង់ លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ប្រព្រឹត្ត​ល្មើស​ច្បាប់ កាន់​តែ​ល្មើស​ច្បាប់ ហើយ​កាន់​តែ​ព្រហើន​ទៀត»។

លោក សុខ ឥសាន ​បន្ថែម​ថា​លោក ដូណាល់ ត្រាំ ពិត​ជាបាន​ញុះញង់​អ្នក​គាំទ្រ​របស់​លោក​ ទើប​បាន​ជា​សភា​អាមេរិក​ចោទ​ប្រកាន់​រូប​លោក។

លោក​បញ្ជាក់​ថា៖ «អញ្ចឹង​ទេ​ដោយសារ​សភា​គេ​ធ្វើ​second impeachment[ការ​ចោទប្រកាន់​ជា​លើក​ទី​ពីរ]​របស់​លោក ដូណាល់ ត្រាំ វា​បញ្ជាក់​ច្បាស់ថា​លោក​ ដូណាល់ ត្រាំ ប្រព្រឹត្ត​នូវ​ការ​ញុះញង់​ ដោយ​ឲ្យ​សកម្មជន​របស់​គាត់​ប្រើអំពើ​ហិង្សា​ទៅ​លើ​វិមាន​Capitol​ រហូត​ដល់​មាន​មនុស្ស​ស្លាប់​ហ្នឹង»។

​រដ្ឋសភាអាមេរិក​បាន​ចោទប្រកាន់​លោក ដូណាល់ ត្រាំ ពី​បទ«ញុះញង់​ឲ្យ​មាន​ការ​បះបោរ» ដោយ​ថា​លោក​បានជំរុញ​ឲ្យ​អ្នក​គាំទ្រ​រាប់រយ​នាក់​ទៅ​ប្រឈម​តតាំង​នឹង​សមាជិក​សភា​នៅ​ឯ​វិមាន​សភា​អាមេរិក​កាល​ពី​ខែ​មករា ដែលបណ្តាល​ឲ្យ​មនុស្ស​៥​នាក់​ស្លាប់។ ប៉ុន្តែ​ព្រឹទ្ធសភា​អាមេរិកបាន​ឲ្យ​លោក​រួច​ខ្លួន​ពី​ការ​ចោទ​ប្រកាន់​នេះ បន្ទាប់​ពី​បោះ​ឆ្នោត​៥៧​សំឡេងទល់​នឹង​៤៣​សំឡេង​ ដែល​មិន​គ្រប់​សំឡេង៦៧ ដើម្បី​អាច​ដាក់​ទោស​លោក ដូណាល់ ត្រាំ បាន។

លោក​ អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​របស់​អង្គការ​លីកាដូ​ មាន​ប្រសាសន៍​ថា ​ការ​បក​ស្រាយ​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​នៅ​មាន«ភាព​ស្រពេច​ស្រពិល» ហើយ​ការ​ចោទ​ប្រកាន់​នេះ ត្រូវ​បាន​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​ទាំង​ជាតិ​និង​អន្តរ​ជាតិ​លើក​ឡើង​ថា​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់​នោះ​ទេ។

លោក​បន្ត​ថា​ក្រុម​សិទ្ធិ​មនុស្ស​យល់ថា​ករណី​ទាំង​នេះ​ជា​រឿង​នយោ​បាយ ជាជាង​ការ​អនុវត្ត​ច្បាប់។

លោក​បញ្ជាក់​ថា៖ «ទាក់ទង​នឹង​បទ​ញុះញង់​នេះ យើង​ឃើញ​ថា​ការ​បក​ស្រាយពី​បទ​ញុះញង់​នេះ ហាក់​ដូច​ជា​នៅមិន​ទាន់​ច្បាស់​លាស់ ហើយ​វា​មាន​ភាព​មិន​ប្រាកដ​ប្រជា​ឲ្យ​ច្បាស់​លាស់។ វា​ងាយ​ស្រួល​នៅ​ក្នុង​ការ​បក​ស្រាយ ដើម្បី​ធ្វើ​ការ​ចោទ​ប្រកាន់»។

លោក ស៊ឹង សែនករុណា អ្នកនាំពាក្យ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក មាន​ប្រសាសន៍​ថា​តុលាការ​កម្ពុជា​ត្រូវ​បាន​រិះគន់​ថា​មិន​ឯករាជ្យ ដូច្នេះ​ការ​កាត់​សេចក្តី​ប្រឆាំង​នឹង​ក្រុម​មនុស្ស​ដែល​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ នៅ​តែ​ជា​សំណួរ​នៅ​ឡើយ។

លោក​ថ្លែង​ថា៖ «ដូច្នេះ​ហើយ​ការ​ចោទ​ ការ​ចាប់​អី​ទាំង​អស់​ហ្នឹង​ គឺ​ជា​រឿង​ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ យើង​កម្រ​ឃើញ​ ​តុលាការ​ប្រើ​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ក្នុង​ភាព​ជា​ឯករាជ្យ​ភាព​ ឬ​ក៏​អព្យាក្រឹត​ភាព​ក្នុង​ការ​សម្រេច​សេចក្តី​ហ្នឹង​និង​ផ្តល់យុត្តធម៌​ដល់​ភាគី​ណាស់»។

លោក​បណ្ឌិត ​ប៉ា ចន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា មាន​ប្រសាសន៍​ថា​មិន​គួរ​មាន​ការ​ប្រៀប​ធៀប​រវាង​កម្ពុជា​និង​សហរដ្ឋ​អាមេរិក​លើ​ការ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​បែប​ញុះញង់​នេះ​ទេ ដោយ​លោក​ថា​ករណី​នៅ​អាមេរិក ​ចេញ​ជា​សកម្មភាព​ជាក់​ស្តែង គឺ​មាន​សកម្មភាព​វាយ​ចូល​វិមាន​សភា ក្រោយ​ការ​ថ្លែង​របស់​លោក ដូណាល់ ត្រាំ។

លោក​មាន​ប្រសាសន៍​ថា៖ «ដូច្នេះ​ហើយ​ការ​ប្រៀប​ធៀប​ករណី​ប្រជាពលរដ្ឋ​យើង​ចេញ​ជួប​ជុំ​គ្នា​តវ៉ា​សម្តែង​មតិទៅ​នឹង​ករណី​លោក​ ត្រាំ​ហ្នឹង មិន​មែន​ជា​រឿង​ត្រឹម​ត្រូវ​ទេ ដោយសារ​តែ​បរិបទទាំង​សង្គម ទាំង​នយោបាយ​ វា​ខុស​គ្នា»។

លោក​បន្ថែម​ថា​កម្ពុជា​គួរ​តែ​រៀន​ចំណុច​ល្អៗ​របស់​អាមេរិក​ដែល​ជា​ប្រទេស​មាន​ប្រជាធិបតេយ្យ​រឹង​មាំ។

លោក​បញ្ជាក់​ថា៖ «បើ​យើង​ឃើញ​គេ​ធ្វើ​ខុស យើង​ថា​គេ​ធ្វើ​បាន ហេតុ​អី​ក៏​យើង​ធ្វើ​មិន​បាន។ អាហ្នឹង​មាន​ន័យ​ថា​យើង​ទៅ​ធ្វើ​ខុស​ដូចគ្នា​ដែរ។ ទី​ពីរ​យើង​កុំ​មើល​តែ​គំរូ​អាក្រក់​នៅ​សហរដ្ឋ​អាមេរិក។ បើ​សិន​ជា​យើង​ឆ្លុះ​បញ្ចាំង​ទៅ​សហរដ្ឋ​អាមេរិក យើង​គួរ​តែ​មើល​គំរូ​ល្អ​គេ​ផង»។

ការ​បង្ក្រាប​ចាប់​តាំង​ពី​ចុង​ខែ​កក្កដា​ឆ្នាំ​មុន គឺ​ការ​ចាប់​ខ្លួន​លោក ​រ៉ុង​ ឈុន ​ប្រធាន​សហភាព​សហ​ជីព​កម្ពុជា និង​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ បន្ទាប់​ពី​លោក​បាន​រិះគន់​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម​នៅ​ខេត្ត​ត្បូង​ឃ្មុំ។ ការ​ចាប់​ខ្លួន​មេ​ដឹក​នាំ​សហ​ជីព​រូប​នេះ​ បាន​ធ្វើ​ឲ្យ​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​វ័យ​ក្មេងយ៉ាង​តិច​១២​នាក់ ​ដែល​ចេញ​មុខ​តវ៉ា​ទាម​ទារ​រក​យុត្តិធម៌​ឲ្យ​លោក រ៉ុង ឈុន។

កាល​ពី​ឆ្នាំ​មុន អ្នក​សារព័ត៌មាន​៣​នាក់​ត្រូវ​បាន​ចាប់​ខ្លួន និង​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពី​បទ​ញុះញង់​នេះ​ផង​ដែរ។

ចំណែក​សកម្មជន​នយោបាយ​របស់​គណបក្សសង្រ្គោះ​ជាតិជាង​១០០​នាក់ ក៏​ត្រូវ​បាន​ចោទ​ប្រកាន់ពី​បទ​ញុះញង់​នេះ ទាក់​ទង​នឹង​ផែន​ការ​វិល​ចូល​ស្រុក​វិញ​របស់​លោក​ សម រង្ស៊ី មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG