លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ កោះហៅឲ្យចូលបំភ្លឺនៅថ្ងៃទី១៣ ខែសីហាខាងមុខ ពាក់ព័ន្ធនឹងបទ «ប៉ុនប៉ងប្រគល់ឲ្យរដ្ឋបរទេសនូវដែនដីជាតិមួយផ្នែក»។ នេះគឺជាសំណុំរឿងទី១១ដែលតុលាការរាជធានីភ្នំពេញ ចោទប្រកាន់ និងកាត់ទោសលើលោក សម រង្ស៊ី។
បើតាមដីកាបង្គាប់ឲ្យចូលខ្លួនចេញនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ លោក រស់ ពិសិដ្ឋ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់លោក សម រង្ស៊ី ឲ្យចូលបំភ្លឺនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ នាម៉ោង៩:០០នាទីព្រឹក ដើម្បីសួរចម្លើយពាក់ព័ន្ធនឹងសំណុំរឿង «ប៉ុនប៉ងប្រគល់ឲ្យរដ្ឋបរទេសនូវដែនដីជាតិមួយផ្នែក» ដែលមានចែងឲ្យផ្តន្ទាទោសតាមប្បញ្ញត្តិមាត្រា២៧ និងមាត្រា៤៤០ នៃក្រមព្រហ្មទណ្ឌ។ ដីកានោះបញ្ជាក់ថា លោក សម រង្ស៊ី បានប្រព្រឹត្តបទល្មើសនេះនៅរាជធានីភ្នំពេញ និងទីកន្លែងផ្សេងទៀត កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣។
ដីកាបង្គាប់ដដែលនោះបញ្ជាក់បន្ថែមថា៖
«ក្នុងករណីមិនចូលខ្លួនតាមកាលកំណត់ខាងលើនេះ យើងនឹងចេញដីកាបង្គាប់ឲ្យនាំខ្លួនឬដីកាបង្គាប់ឲ្យចាប់ខ្លួន»។
ដីកាបង្គាប់របស់ចៅក្រមស៊ើបសួរចេញនៅថ្ងៃទី១៣ ខែកក្កដានេះ គឺជាសំណុំរឿងទី១១ហើយ ដែលលោក សម រង្ស៊ី ត្រូវបានប្តឹង កោះហៅ ចោទប្រកាន់ និងកាត់ទោស។
ដីកាបង្គាប់មួយនេះធ្វើឡើង បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាកាលពីពាក់កណ្តាលខែមីនា ឆ្នាំ២០១៨ ឲ្យក្រសួងមហាផ្ទៃនិងក្រសួងយុត្តិធម៌ បើកការស៊ើបអង្កេតលើករណីនៃការផ្សព្វផ្សាយឯកសារ និងវីដេអូលើបណ្តាញអ៊ីនធឺណេតមួយ ដោយចោទលោក សម រង្ស៊ី ថាបានសន្យាកាត់ខេត្តខ្មែរចំនួន៤ ឲ្យទៅជនជាតិដើមភាគតិចវៀតណាម នៅពេលដែលគណបក្សប្រឆាំងឈ្នះឆ្នោត។
លោក ហ៊ុន សែន នាពេលនោះលើកឡើងថា ទង្វើនៃការកាត់ទឹកដីឲ្យបរទេស ជាអំពើក្បត់ជាតិ និងថារដ្ឋាភិបាលកម្ពុជាចាំបាច់ត្រូវមានចំណាត់ការតាមច្បាប់ឲ្យបានហ្មត់ចត់។
ឯកសារនិងវីដេអូឃ្លីបដែលត្រូវបានបង្ហោះតាមបណ្តាញអ៊ីនធឺណេតកាលពីដើមខែមីនា ឆ្នាំ២០១៨នោះ បង្ហាញថា លោក សម រង្ស៊ី បានជួបលោក Kok Ksor ដែលជាប្រធានមូលនិធិម៉ុងតាញ៉ា កាលពីឆ្នាំ២០១៣ ដោយភាគីទាំង២ បានចុះហត្ថលេខាយល់ព្រមឲ្យជនជាតិម៉ុងតាញ៉ារស់នៅលើខេត្ត៤ របស់កម្ពុជារួមមានខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី។
លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំងដែលកំពុងស្ថិតនៅក្រៅប្រទេសប្រាប់VOAតាមរយៈសារអេឡិចត្រូនិច ឬអ៊ីមែលនាល្ងាចថ្ងៃច័ន្ទនេះថា លោកអរគុណរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ដែលបានផ្តល់ឱកាសឲ្យលោកលើកឡើងពីបញ្ហារបស់ជនជាតិដើមភាគតិចតាមរយៈការចោទលោកពី «បទក្បត់ជាតិ» លើករណីនេះ។ លោកបន្ថែមថា លោកទទួលស្គាល់ថាលោកពិតជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយលោក កុក ស ដែលជាប្រធានមូលនិធិម៉ុងតាញ៉ា កាលពីឆ្នាំ២០១៣ ពិតមែន។
លោក សម រង្ស៊ី សរសេរបន្ថែមថា ខ្លឹមសារនៃកិច្ចព្រមព្រៀងនោះ គឺធ្វើឡើងស្របតាមសេចក្តីប្រកាសស្តីពីសិទ្ធិជនជាតិដើមភាគតិច ដែលត្រូវបានអនុម័តដោយអង្គការសហប្រជាជាតិប៉ុណ្ណោះ។
លោក សម រង្ស៊ី សរសេរបញ្ជាក់ក្នុងសម្រង់ន័យដើមជាភាសាអង់គ្លេសនិងត្រូវបានប្រែសម្រួលជាភាសាខ្មែរថា៖ «ខ្លឹមសារនៃកិច្ចព្រមព្រៀងនោះ ធ្វើឡើងស្របតាមសេចក្តីប្រកាសស្តីពីសិទ្ធិជនជាតិដើមភាគតិច ដែលត្រូវបានអនុម័តដោយអង្គការសហប្រជាជាតិ ក្នុងឆ្នាំ២០០៧។ មានតែពាក្យមួយប៉ុណ្ណោះ នៅក្នុងកិច្ចព្រមព្រៀង ដែលខុសពីសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិនោះ គឺ កុក ស និងខ្ញុំបានតស៊ូមតិគឺពាក្យឯករាជ្យភាពជំនួសឲ្យពាក្យថាការផ្តាច់ខ្លួន»។
លោក សម រង្ស៊ី បន្ថែមថា ក្នុងកិច្ចព្រមព្រៀងនាពេលនោះ មិនមានអ្នកនិយាយពីឯករាជ្យភាព ឬរដ្ឋដាច់ដោយឡែកនោះទេ ប៉ុន្តែលោកថា លោកសំដៅលើការផ្តល់នូវសិទ្ធិស្វ័យភាពខ្លះសម្រាប់ជនជាតិដើមភាគតិចទាំងនោះដើម្បីឲ្យពួកគេអាចធ្វើសេចក្តីសម្រេចចិត្តក្នុងការរស់នៅដោយខ្លួនឯង និងដើម្បីថែរក្សាវប្បធម៌ប្រពៃណីនិងរក្សាអត្តសញ្ញាណរបស់ពួកគេ ជៀសវាងអំពើប្រល័យពូជសាសន៍លើពួកគេដោយស្ងៀមស្ងាត់ប៉ុណ្ណោះ។
លោកបញ្ជាក់បន្ថែមថា៖ «ក្នុងនាមគណបក្សសង្គ្រោះជាតិដែលតំណាងឲ្យកម្លាំងប្រជាធិបតេយ្យ ដែលកំពុងរីកចម្រើនទៅមុខ ខ្ញុំធ្លាប់ចង់ទទួលស្គាល់ជាផ្លូវការនូវសិទ្ធិស្របច្បាប់របស់ជនជាតិភាគតិចជាច្រើនដែលរស់នៅភាគឦសាននៃប្រទេសរបស់យើង។ ជនជាតិដើមភាគតិចទាំងនោះត្រូវបានគេធ្វើទុក្ខបុកម្នេញអស់ជាច្រើនទសវត្សរ៍មកហើយ»។
យ៉ាងណាក៏ដោយ លោក សម រង្ស៊ី មិនបានបញ្ជាក់ថា លោកនឹងចូលឆ្លើយបំភ្លឺនៅថ្ងៃទី១៣ ខែសីហា ទៅតាមការកោះហៅរបស់តុលាការ ឬក៏អត់នោះទេ។
ក្រៅតែពីដីកាបង្គាប់ឲ្យចូលខ្លួនពាក់ព័ន្ធនឹងករណីមួយនេះលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ និងជាប្រធានចលនាសង្គ្រោះជាតិបច្ចុប្បន្ន ក៏រងនូវការចោទប្រកាន់ និងកាត់ទោសនូវបទល្មើសយ៉ាងហោចណាស់ចំនួន១០ផ្សេងទៀត។ភាគច្រើននៃបទល្មើសទាំងនោះ ត្រូវបានប្តឹងដោយមន្រ្តីសំខាន់ៗនៃរដ្ឋាភិបាលកម្ពុជា ដែលរួមមានទាំងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផង ដែលរាល់បណ្តឹងទាំងនោះលោក សម រង្ស៊ី តែងចាញ់ក្តីជានិច្ច៕