ក្រុមស្មាក្តីបួនរូបរបស់មេដឹកនាំគណបក្សជំទាស់លោកកឹម សុខា បានដើរចេញពីបន្ទប់តុលាការ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ហើយបានចោទប្រកាន់ពីភាពមិនប្រក្រតីនៃបំណែកភស្តុតាងមួយ និងការណ៍ដែលពួកគេមិនត្រូវបានអនុញ្ញាតឲ្យលើកពីការមិនសុខចិត្តរបស់ពួកគេនៅក្នុងតុលាការ។
បំណែកភស្តុតាងស្ថិតក្នុងការសួរដេញដោលនោះគឺជាសេចក្តីថ្លែងការណ៍រួមមួយដែលលោកចៅក្រម សេង លាង អះអាងថា ធ្វើឡើងដោយលោក សម រង្ស៊ី និងលោក កឹម សុខា ក្នុងអំឡុងពេលនៃការបង្កើតគណបក្សសង្គ្រោះជាតិ។ តុលាការកំពុងពិភាក្សាអំពីការងាររបស់លោក កឹម សុខា នៅក្នុងពេលនៃការបង្កើតគណបក្សដែលឥឡូវត្រូវបានរំលាយ។
សម្រាប់រយៈពេលពីរថ្ងៃចុងក្រោយនេះ ក្រុមមេធាវីការពារក្តីឲ្យលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ បានចោទថា ភស្តុតាងនៃលេខកូដឯកសារដែលមាននៅលើសេចក្តីថ្លែងការណ៍រួមដែលផ្តល់ឲ្យពួកគេនោះ គឺមិនត្រូវគ្នានឹងលេខកូដនៃភស្តុតាងចម្លងទុករបស់ព្រះរាជអាជ្ញា ឬភស្តុតាងចម្លងទុករបស់ចៅក្រម។
ក្រុមប្រឹក្សាជំនុំជម្រះបានចោទសួរពីហេតុផលដែលក្រុមមេធាវីការពារក្តីឲ្យលោក កឹម សុខា ចង់ឲ្យមានការពិភាក្សាពីភាពខុសគ្នានៃការចុះលេខបំណែកនៃភស្តុតាងនេះ។ ក្រុមប្រឹក្សាជំនុំជម្រះក៏បានចោទក្រុមមេធាវីការពារក្តីឲ្យលោក កឹម សុខា ថាពួកគេបានកំពុងពន្យាពេលសវនាការ និងបានសួរថា ហេតុអ្វីបានជាបំណែកនៃភស្តុតាងនេះសំខាន់ម្ល៉េះសម្រាប់ពួកគេនោះ។
ជាការឆ្លើយតប ក្រុមមេធាវីការពារក្តីឲ្យលោក កឹម សុខា បាននិយាយថា ការណ៍ធ្វើដូច្នេះ គឺចង់ឲ្យកិច្ចការទាំងអស់ប្រព្រឹត្តទៅតាមនីតិវិធី និងធានាថារាល់ទិដ្ឋភាពនៃសវនាការរាប់បញ្ចូលទាំងភស្តុតាងដែលបានបង្ហាញនោះ គឺបានធ្វើឡើងទៅតាមនីតិវិធីច្បាប់។
មួយម៉ោងក្រោយការពិភាក្សាអំពីបំណែកភស្តុតាងដ៏ចម្រូងចម្រាសនេះ ក្រុមមេធាវីការពារក្តីឲ្យមេដឹកនាំគណបក្សជំទាស់ បានព្យាយាមលើកឡើងបញ្ហានេះម្តងទៀត។ ពួកគេបានបន្ថែមថា ពួកគេមិនបានទទួលបានរាល់ភស្តុតាងនៅក្នុងសំណុំរឿងនេះទេ។
ដំណាលពេលនោះ លោកប្រធានក្រុមប្រឹក្សាជំនុំជម្រះបានស្នើសុំយ៉ាងសោះកក្រោះឲ្យស្មាក្តីការពារលោក កឹម សុខា គឺលោក អាង ឧត្តម អង្គុយចុះ និងមិនត្រូវនិយាយទៀតទេ នៅក្នុងតុលាការពីរឿងមិនត្រូវគ្នានៃលេខកូដឯកសារភស្តុតាងដដែលនោះ។
លោក កូយ សៅ មានប្រសាសន៍ថា៖ «ថាឲ្យអង្គុយចុះ។ បើអត់ទៅរៀនសាលាក្តីខ្មែរក្រហមម្តងទៀត»។ លោកប្រធានក្រុមប្រឹក្សាជំនុំជម្រះលើកឡើងយ៉ាងដូច្នេះ ដោយសំដៅដល់ការងារកាលពីពេលមុនរបស់លោក អាង ឧត្តម នៅឯសាលាក្តីខ្មែរក្រហម។
នៅត្រង់ចំណុចនេះ ក្រុមស្មាក្តីលោក កឹម សុខា បានយកពេលពីរបីវិនាទីពិចារណា រួចក៏ចាប់ផ្តើមរៀបចំរបស់របរ និងប្រាប់តុលាការថា ពួកគេចាកចេញពីសវនាការ ដោយសារតែពួកគេមិនត្រូវបានអនុញ្ញាតឲ្យនិយាយនៅក្នុងតុលាការ។
អ្នកស្រី ម៉េង សុភារី សហមេធាវីមួយរូបដែលការពារក្តីឲ្យលោក កឹម សុខា បាននិយាយថា៖ «ខ្ញុំសុំលើកសវនាការ។ ខ្ញុំសុំនិយាយមួយម៉ាត់ ពីរម៉ាត់អត់ឲ្យនិយាយ»។
លោក កូយ សៅ ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានតបទៅអ្នកស្រី ម៉េង សុភារី ថា៖ «លោកស្រីដើរចេញ ជាសិទ្ធិរបស់លោកស្រី អង្គសវនាការបន្តទៅមុខ»។
នៅពេលក្រុមស្មាក្តីបីនាក់ដើរចេញពីបន្ទប់សវនាការ ហើយនៅតែលោកមេធាវី ចាន់ ចេន នោះ លោក កូយ សៅ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានប្រាប់លោក កឹម សុខា ថា បើលោក កឹម សុខា មិនចូលសវនាការនៅពេលក្រោយ ក្រុមប្រឹក្សានឹងមាន«វិធានការស្របតាមនីតិវិធីច្បាប់»។
លោក កូយ សៅ បាននិយាយថា៖ «បើលោកមួយលើកជាពីរលើកមិនចូល មានវិធានការច្បាប់ មិនអាចធ្វើទំនើងទេ»។
លោកមេធាវី ចាន់ ចេន ភ្លាមៗនោះ ក៏បានប្រាប់លោក កូយ សៅ ថា៖«ពួកយើងមេធាវី មិនត្រូវការរាំងស្ទះទេ គឺខាតប្រយោជន៍កូនក្តី។ យើងធ្វើការងារជាក្រុម សហភាតាចេញ។ ខ្ញុំសុំអនុញ្ញាតសម្រាក»។
នៅមុនពេលក្រុមស្មាក្តីរបស់លោក កឹម សុខា ទាំងអស់ បានដើរចេញពីបន្ទប់សវនាការនោះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានស្នើឲ្យក្រឡាបញ្ជីយកឯកសារភស្តុតាងដើមពីចៅក្រមស៊ើបសួរ មកបន្ទប់សវនាការ ដើម្បីឲ្យភាគីទាំងអស់អាចពិនិត្យឯកសារទាំងនោះ។ ក្រុមប្រឹក្សាជំនុំជម្រះក៏បានបញ្ជាក់ទៅក្រុមស្មាក្តីលោក កឹម សុខា ថា ភស្តុតាងទាំងអស់គឺត្រឹមត្រូវ។
នៅចំណុចនេះ តំណាងអយ្យការ បាននិយាយថា ពួកគេមិនចង់ខាតពេលផ្ទៀងផ្ទាត់ឯកសារសម្រាប់ក្រុមការពារក្តីជនជាប់ចោទទេ ហើយស្នើសុំចេញពីសវនាការ។ ចៅក្រមក៏បានធ្វើតាមសំណើពួកគេ ហើយតំណាងអយ្យការក៏បានចាកចេញពីតុលាការ។ ប៉ុន្តែប៉ុន្មាននាទីក្រោយមក បន្ទាប់ពីក្រុមស្មាក្តីលោក កឹម សុខា បានដើរចេញ តំណាងអយ្យការត្រឡប់មកវិញ។
បន្ទាប់មកក៏មានការបង្ហាញភស្តុតាងហិបដែកមួយដែលមានចាក់សោរ ហើយបានប្រើពេលអស់ជិតមួយម៉ោង។ រាល់ភស្តុតាងដែលបានមកពីឯកសារសំណុំរឿងរបស់ចៅក្រមស៊ើបសួរ ត្រូវបានយកទៅដាក់នៅលើតុរបស់ក្រុមស្មាក្តីលោក កឹម សុខា ទោះបីពួកគេមិនស្ថិតក្នុងតុលាការក៏ដោយ។
ក្រឡាបញ្ជីបានកកាយឯកសាររកមើលភស្តុតាងចម្រូងចម្រាស ដែលនៅក្នុងកញ្ចប់ភស្តុតាងមានលេខសម្គាល់«១២៦»។ ឯកសារមួយនេះ ទំនងជាសេចក្តីថ្លែងការណ៍រួម ដែលត្រូវបានចៅក្រមស្នើឲ្យមើលដោយយកចិត្តទុកដាក់ ដើម្បីបង្ហាញដល់ភាគីទាំងអស់ថា វាមាននៅក្នុងសំណុំរឿង ហើយថែមទាំងបានស្នើឲ្យលោក កឹម សុខា ពិនិត្យឯកសារនេះផងដែរ។
លោកចៅក្រម កូយ សៅ ចង់ឲ្យអ្នកបច្ចេកទេសបង្ហាញឯកសារដដែល ដោយប្រើឧបករណ៍បញ្ចាំងតាមម៉ាស៊ីនកំព្យូទ័រយួរដៃ។ក្រោយមកលោកចៅក្រមត្រូវបានប្រាប់វិញថា ម៉ាស៊ីនកំព្យូទ័រយួរដៃនៅក្នុងតុលាការមិនមានកន្លែងចាក់ឌិស។ កុំព្យូទ័រទីពីរមានកន្លែងចាក់ឌិស តែមិនអាចបញ្ចាំងឯកសារបាន។
ទីបំផុត ម៉ាស៊ីនកំព្យូទ័រ ទីបីត្រូវបានយកមក ដែលអាចបង្ហាញឯកសារស្ថិតក្នុងការចោទសួរនោះ។ បន្ទាប់ពីការអូសរំកិលរំលងជាងមួយរយឯកសារ ឯកសារត្រូវបានរកឃើញមានដាក់លេខសមា្គល់ «១២៦/១១៩៤»។
លោកប្រធានក្រុមប្រឹក្សាជំនុំជម្រះ ក៏បានកំណត់ថា រាល់ភស្តុតាងទាំងអស់ គឺស៊ីគ្នានឹងភស្តុតាងដែលបានដាក់បញ្ចូលក្នុងឯកសារសំណុំរឿងរបស់ចៅក្រមស៊ើបសួរ។
ក៏ប៉ុន្តែលោក កឹម សុខា បានក្រោកឈរ និងបានបង្ហាញឯកសារដែលមេធាវីលោកមាន ហើយមានប្រសាសន៍ថា ឯកសារមានលេខកូដយោង «១២៦/១១៩៤» នេះ បានបាត់ពីឯកសារសំណុំរឿង។
លោក កូយ សៅ មានប្រសាសន៍ថា លោកជឿជាក់ហើយថា ភស្តុតាងនេះគឺពិតប្រាកដ និងត្រូវគ្នាជាមួយឯកសារសំណុំរឿងរបស់ចៅក្រមស៊ើបសួរ។ លោកក៏បានសួរលោក កឹម សុខា ប្រសិនបើលោក កឹម សុខា ចង់បន្តនីតិវិធី ឬក៏ផ្អាកនីតិវិធី និងសួរថា តើលោកចង់ប្តូរក្រុមមេធាវី ឬក៏ពឹងពាក់ទុកមេធាវីដដែល។
លោក កូយ សៅ កត់សម្គាល់ក្រុមមេធាវីលោក កឹម សុខា ដែលដើរចេញពីសវនាការថា បានប្រើ«កាយវិការច្រងេងច្រងាង ប្រើសម្តីមិនសមរម្យ» ហើយថា ពួកគេបាន«សម្រេចខុសឆ្គង ខុសសីលធម៌ និងវិជ្ជាជីវៈខ្លួនឯង» ដែលដូច្នេះហើយទើបក្រុមប្រឹក្សាថា«មេធាវីទំនើង»។
ទោះយ៉ាងណា លោក កឹម សុខា បានប្រាប់ក្រុមប្រឹក្សាជំនុំជម្រះថា លោកសុំលើកពេលសវនាការ ព្រោះលោកត្រូវការពិគ្រោះយោបល់ជាមួយក្រុមមេធាវីលោក។
លោក កឹម សុខា មានប្រសាសន៍ថា៖ «រឿងដូរមិនដូរ ខ្ញុំទៅពិគ្រោះមេធាវីរបស់ខ្ញុំ»។ «ខ្ញុំត្រូវការមេធាវី ដើម្បីពិគ្រោះ»។
សវនាការនឹងបន្តទៅនៅថ្ងៃទី២៦ ខែកុម្ភៈ នៅមុនពេលដែលលោក កឹម សុខា ចាំបាច់ត្រូវជម្រាបតុលាការថា តើគាត់ចង់ប្តូរមេធាវីរបស់គាត់ និងស្នើសុំរាល់ឯកសារទាំងអស់ដែលក្រុមមេធាវីការពារក្តីលោក កឹម សុខា អះអាងថា មិនបានទៅដល់ដៃពួកគេ។
អ្នកស្រី ម៉េង សុភារី សហមេធាវីមួយរូបរបស់លោក កឹម សុខា មានប្រសាសន៍ប្រាប់ VOA តាមទូរស័ព្ទថា កូនក្តីរបស់អ្នកស្រីបានបញ្ជាក់ថា លោកមិនមានបំណងផ្លាស់ប្តូរមេធាវីទេ ហើយក្រុមមេធាវីនឹងចូលរួមសវនាការជាធម្មតា។ ក៏ប៉ុន្តែការដើរចេញពីសវនាការ ឬយ៉ាងណាទៀត នៅពេលក្រោយនោះ គឺអាស្រ័យលើស្ថានភាពជាក់ស្តែង។
អ្នកស្រី ម៉េង សុភារី ថ្លែងថា៖«យើងខ្ញុំនឹងមើលតាមស្ថានភាពជាក់ស្តែង បើសិនជា យើងខ្ញុំមានទទួលបាននូវសិទ្ធិបញ្ចេញមតិនៅក្នុងអង្គសវនាការ គឺយើងអនុវត្តតាមនីតិវិធីដូចកន្លងមកចឹង ហើយកន្លងមកលោកចៅក្រម ក៏គាត់តែងតែឲ្យគូភាគីនិយាយឲ្យអស់ចិត្តទាំងសងខាង ហើយលោកចៅក្រមក៏តែងតែបានលើកដែរថា ឲ្យគូភាគី និយាយអស់ចិត្តទាំងសងខាង ជារាល់តែដងហ្នឹង។ ប៉ុន្តែព្រឹកមិញហ្នឹងគឺយើងខ្ញុំ អត់បានបញ្ចេញមតិទាក់ទងនូវអ្វីដែលយើងចង់បង្ហាញ ហើយនិងចង់ទាមទារ»។
អ្នកស្រីមេធាវីរូបនេះ បានការពារការដើរចេញពីសវនាការថ្ងៃនេះថា មិនមែនជា «អកប្បកិរិយាទំនើងទេ» ព្រោះក្រុមមេធាវីបានប្រើសិទ្ធិជំទាស់នឹងការបិទសិទ្ធិបញ្ចេញមតិផ្លូវច្បាប់ក្នុងអង្គសវនាការ។
«ខ្ញុំចាកចេញពីបន្ទប់សវនាការក៏ដូចជា មេធាវីដទៃទៀត គឺបានគោរពតុលាការ ពីព្រោះយើងខ្ញុំចង់បញ្ជាក់ថា យើងខ្ញុំគោរពស្ថាប័នតុលាការ ការចាកចេញពីបន្ទប់សវនាការរបស់យើងខ្ញុំ គឺមានហេតុផល ហើយវាមិនមានជារឿងចម្លែកអីទេ មេធាវីដែលរងផលប៉ះពាល់សិទ្ធិតែងតែធ្វើបែបនេះ ដើម្បីបង្ហាញអំពីការទាមទារសិទ្ធិរបស់ខ្លួន»។
លោក ប្លង់ សុផល តំណាងអយ្យការមួយរូបបានលើកឡើងក្នុងបន្ទប់សវនាការនាព្រឹកថ្ងៃព្រហស្បតិ៍ដដែលនេះថា ការអធិប្បាយរបស់សហមេធាវីលោក កឹម សុខា ថាមិនបាននិយាយក្នុងសវនាការគឺមិនសមហេតុផល ព្រោះគ្រប់មេធាវីទាំងអស់បានប្តូរវេនគ្នានិយាយ ឯខាងតំណាងអយ្យការបានឡើងនិយាយពីរដង ដូចដែលដើមបណ្តឹងរដ្ឋប្បវេណីបានធ្វើដូចគ្នានោះ។
លោកតំណាងអយ្យការយល់ថា ការតវ៉ាចំពោះការណ៍ដែលមិនបាននិយាយក្នុងបន្ទប់សវនាការនេះ គឺ «ជាចេតនាអូសបន្លាយពេល»។ ចំណែកលោកចៅក្រម សេង លាង មានប្រសាសន៍មុនពេលបិទសវនាការថា អ្វីដែលលោកសង្កេតឃើញនោះ គឺការចង់ចាញ់ឈ្នះរបស់ភាគីទំាងអស់។ លោកកត់សម្គាល់ថា ភាគីពាក់ព័ន្ធមិនគួរយកការចាញ់ឈ្នះ ជាងរកយុត្តិធម៌ក្នុងសំណុំរឿងទេ៕