ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ផ្តើម​សួរ​លោក កឹម សុខា​ អំពី​ការ​បង្កើត​គណបក្ស​សង្គ្រោះជាតិ


លោក កឹម សុខា មេដឹក​នាំ​បក្ស​ជំទាស់​និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​នៅ​ក្នុង​គេហដ្ឋាន​របស់​លោក​មុន​នឹង​ចេញ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចូល​រួម​សវនាការសវនាការ​សប្តាហ៍​ទីពីរ លើ​សំណុំរឿង ដែល​លោក​ត្រូវបាន​ចោទបទ «ឃុបឃិតជាមួយរដ្ឋបរទេស» ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០។

នៅថ្ងៃ​ទី៩ សប្តាហ៍ទីប្រាំ​នៃ​សវនាការ​កាត់​ក្តី​សំណុំរឿង​ក្បត់​ជាតិ​របស់​លោក​ កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ដែលត្រូវបាន​រំលាយ​ តំណាងអយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ចោទ​សួរ​លោក​កឹម សុខា​ អំពីការ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​អង្គហេតុថ្មី​នៃ​សវនាការ​ ដែល​អាចប្រើ​ពេល​៣ខែ។

នៅ​ក្នុងបន្ទប់​សវនាការ​សម្រាប់​ថ្ងៃទី​៩នេះ​ មាន​មន្ត្រី​សិទ្ធិ​មនុស្ស​ តំណាង​ស្ថានទូត​ និង​អ្នកសារព័ត៌ និង​សហការី​លោក​កឹម សុខា​ ព្រម​ទាំង​មន្ត្រី​នគរបាល​ជាង​៣០នាក់​ បាន​ចូល​ស្តាប់​ការ​កាត់​ក្តីលោក​កឹម សុខា ដែល​ផ្តើម​ដោយ​ការ​ប្រកែក​របស់​សហ​មេធាវី​មួយ​រូប​របស់​លោក កឹម សុខា​ គឺ​លោក​ចាន់ចេន​ ដែល​បាន​ទាត់​ចោល​ភស្តុតាង​ដែល​ទាញ​ចេញ​ពីគណនីហ្វេស៊ុក​ឈ្មោះ​កូនខ្មែរ។ លោក​ ចាន់ ចេន​ បាន​ចោទ​ថា​ ហ្វេសប៊ុក​កូនខ្មែរ​នេះ​ គ្មាន​ម្ចាស់​ពិត​ប្រាកដ។

តំណាង​អយ្យការ​មួយ​រូប​គឺ​លោក​ ប្លង់ សុផល​ បាន​ការពារ​ភស្តុតាង​នេះ​ថា​ មាន​សុពលភាព​ ហើយ​ចោទ​សហ​មេធាវី​របស់​លោក កឹម សុខា​ ថា​ បាន​ធ្វេសប្រហែស​មិនតវ៉ា​ សុំ​មោឃៈភាព​ភស្តុតាង​នេះ​ នៅ​ក្នុង​ដំណាក់​កាល​ស៊ើបសួរ។

ក្រោយ​ការ​តតាំង​គ្នា​លើ​ភស្តុតាង​ដែល​ទាញចេញ​ពី​គណនី​ហ្វេសប៊ុក​កូនខ្មែរ​នេះ​ជិត​មួយម៉ោង​មក​នោះ​ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​លោក​កូយ សៅ​ បាន​ប្រកាសអំពី​អង្គហេតុ​ថ្មី​ គឺ​ការ​បង្កើត​គណបក្ស​សង្គ្រោះជាតិ។

លោក លី ចាន់តុលា​ មេធាវី​មួយ​រូប​នៃ​ដើម​បណ្តឹង​រដ្ឋប្បវេណី​ បាន​សួរ​លោក​កឹម សុខា​ អំពី​ទំនាក់​ទំនង​លោក​ជាមួយ​លោក​សម រង្ស៊ី​ ដែល​ជា​ប្រធាន​គណបក្ស​ប្រឆាំង​ធំមួយ​ នៅមុនការ​បោះឆ្នោត​ជាតិឆ្នាំ​២០១៣។

រូបឯកសារ៖ ស្លាក​សញ្ញា​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ក្នុង​ក្រុង​សៀមរាប​ ដែល​មាន​រូប​អតីត​ប្រធាន​គណបក្ស​ លោក សម រង្ស៊ី និង​ប្រធាន​គណបក្ស​បច្ចុប្បន្ន លោក កឹម សុខា។(ស៊ុន ណារិន/VOA)
រូបឯកសារ៖ ស្លាក​សញ្ញា​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ក្នុង​ក្រុង​សៀមរាប​ ដែល​មាន​រូប​អតីត​ប្រធាន​គណបក្ស​ លោក សម រង្ស៊ី និង​ប្រធាន​គណបក្ស​បច្ចុប្បន្ន លោក កឹម សុខា។(ស៊ុន ណារិន/VOA)

លោកបាន​សួរលោក​កឹម សុខា ថា​ «មុនឆ្នាំ​២០១២​ លោក​ស្គាល់​លោក​សម រង្ស៊ីទេ​?»​ លោក​ កឹម សុខា​ ដែល​ពាក់​ម៉ាស់​ជាប់​នឹង​មុខ​បាន​លើកឡើងថា៖ «ខ្ញុំស្គាល់​គាត់​ជា​អ្នក​នយោបាយ​ម្នាក់»។​

លោក​មេធាវី លី ចាន់តុលា​ បាន​សួរ​ដេញ​ដោល​លោក​កឹម សុខា ទាក់​ទង​នឹង​សារ​នយោបាយ​របស់​លោក​សម រង្ស៊ី​ និង​ការ​ចុះ​កិច្ច​ព្រមព្រៀង​បង្កើត​គណបក្ស​សង្គ្រោះជាតិ​នៅ​ក្នុង​ខែ​កក្កដា​ ឆ្នាំ​២០១២។

លោក​ លី ចាន់តុលា​ ដែល​បាន​ហៅ​លោក​សម រង្ស៊ី​ថា​ ជាទណ្ឌិត​នោះ​ បានសួរ​លោក​កឹម សុខា​ថា​ «តើ​លោក​មាន​ស្គាល់​ចរិត​នយោបាយ​របៀប​ម៉េច​របស់​លោក​សម រង្ស៊ី?» លោក​កឹម សុខា​ បាន​តប​វិញ​ថា៖ «មិន​ស្គាល់​ចរិត​គេអស់​ទេ»។

ភ្លាមៗ​នោះ​ សហ​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ កឹម សុខា ​មួយ​រូប​ទៀត​ គឺ​អ្នកស្រី​ម៉េង​ សុភារី​ បាន​ជំទាស់​ការ​សួរ​សំណួរ​ ដែល​មាន​ការ​ពាក់​ព័ន្ធ​នឹង​លោក សម រង្ស៊ី។​ ក៏​ប៉ុន្តែ​ការ​សួរ​ដេញ​ដោល​ពាក់​ព័ន្ធ​នឹង​លោក​សម រង្ស៊ី បាន​បន្ត។

ដំណាល​គ្នា​នឹង​ការ​សួរ​ដេញ​ដោល​នោះ​ មេធាវី​ដើម​បណ្តឹម​រដ្ឋប្បវេណី​រូបនេះ​ ក៏​បាន​ស្នើ​សុំ​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​ ចាក់​ឃ្លីប​វីដេអូ​ខ្លី​មួយ​ ដែល​បង្ហាញ​អំពី​ការ​ថ្លែង​របស់​លោក សម រង្ស៊ី​ នៅ​ទីក្រុង​ឡូវែល រដ្ឋ​ Massachusetts សហរដ្ឋ​អាមេរិក។

នៅ​ក្នុង​ឃ្លីប​វីដេអូខ្លី​នោះ​ លោក​ សម រង្ស៊ី ​ត្រូវ​គេ​ឃើញ​ ថ្លែង​ពី​ការ​ទាមទារ​ឲ្យ​ប្រជាពលរដ្ឋ​ និង​កង​កម្លាំង​ប្រដាប់​អាវុធ​ ងើប​បះបោរ​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន។

បន្ទាប់​ពី​បាន​ចាក់​បញ្ចាំង​ឃ្លីប​វីដេអូ​ដែល​មាន​រយៈពេល​៥០វិនាទី​នោះ​ លោក​ លី ចាន់​តុលា​ បា​ន​តាំង​សំណួរសួរ​លោក​ កឹម សុខា ថា​ «លោក​មាន​ដែល​ឃើញ​ឃ្លីប​វីដេអូ​នេះ​ទេ»?​ លោក​កឹម សុខា​ មាន​ប្រសាសន៍​ថា៖ «​អត់​ដែលបាន​ឃើញ​ទេ»។

សំឡេង​នៃ​អ្នក​បក​ប្រែ​ដល់​អ្នកចូលរួម​សវនាការ​ដែល​ជា​ជនបរទេស​ បាន​លាន់​ឮ​នៅ​ក្នុង​បន្ទប់​សវនា​ការ​ ដែល​បាន​ធ្វើឲ្យ​លោក​ កូយ សៅ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​អន្តរាគមន៍​សុំ​បន្ថយ​សំឡេង​ការ​បក​ប្រែ​ដល់​អ្នក​ចូលរួម​សវនាការ​ជា​ជន​បរទេស​ ដែល​ក្នុង​នោះ​មាន​មន្ត្រីទូត​របស់​សហរដ្ឋ​អាមេរិក​ សហភាព​អឺរ៉ុប​ ជប៉ុន និង​បារាំង​ និង​មន្ត្រី​របស់​អង្គការ​សហប្រជាជាតិ។

លោក​ វង្ស ប៊ុនវិសុទ្ធ តំណាង​អយ្យការ​មួយរូប​ទៀត​បាន​ចោទ​សួរ​លោក កឹម សុខា​ អំពី​គំនិត​ដែល​នាំ​ដល់​ការ​បង្កើត​គណបក្ស​សង្គ្រោះជាតិ​ និង​ការណ៍​ដែល​មិន​រំលាយ​គណបក្ស​សិទ្ធិមនុស្ស​ និង​គណបក្សសមរង្ស៊ី​ នៅ​ក្រោយការ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ។

លោក ​វង្ស ប៊ុនវិសុទ្ធ​ បាន​តាំង​សំណួរ​ទៅ​លោក​ កឹម សុខា​ ថា​ «តើ​លោក​ចាប់​ផ្តើមមាន​គំនិត​ពេល​ណា​ បង្កើត​បក្ស​ថ្មី​ជាមួយ​ទណ្ឌិត​សម រង្ស៊ី?» លោក កឹម សុខា​ លើកឡើង​ថា លោក​បាន​បង្កើត​គណបក្ស​សិទ្ធិមនុស្ស​ ដើម្បី​ចូលរួម​ការបោះឆ្នោត​ ហើយ​ដោយសារ​ក្រោយការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០០៨ និង​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១២ គណបក្ស​លោក​មិន​បាន​សំឡេង​គាំទ្រ​ច្រើន​ ក៏​លោក​បាន​ធ្វើ​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ ដែល​ស្នើ​ឲ្យ​លោក​រួមគ្នាន​ជាមួយ​គណបក្ស​របស់​លោក​សម រង្ស៊ី។

លោក ​កឹម សុខា​ មាន​ប្រសាសន៍​ថា៖«ប្រជាពលរដ្ឋ​ថា​ បើចង់​បាន​ច្រើន​ត្រូវរួមគ្នា។ នេះជា​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ»។​

រូបឯកសារ៖ បាតុករ​កាន់​បដា​រូប​លោក កឹម សុខា និងលោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង នៅក្នុង​ការ​ប្រមូល​ផ្តុំ​គ្នា​មួយ នៅ​ក្បែរ​រដ្ឋ​សភា​អាមេរិក រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។
រូបឯកសារ៖ បាតុករ​កាន់​បដា​រូប​លោក កឹម សុខា និងលោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង នៅក្នុង​ការ​ប្រមូល​ផ្តុំ​គ្នា​មួយ នៅ​ក្បែរ​រដ្ឋ​សភា​អាមេរិក រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។

លោក​ វង្ស ប៊ុនវិសុទ្ធ បាន​ចោទ​សួរ​បន្ត​ថា«តើ​មាន​ការ​ជួយ​ជ្រោម​ខាង​ណា»? លោក កឹម សុខា​ ឆ្លើយ​ភ្លាម​ថា​ ខ្មែរ​ ពោល​គឺ​ពលរដ្ឋខ្មែរ​ពេញចិត្ត​ឲ្យបង្កើត​ ហើយ «លើក​សំណូមពរ​ ឲ្យ​មាន​បរទេស​ណា​បង្ខំ​ ឬ​បញ្ជា​ទេ សំណូមពរ​កើត​ចេញ​ពី​ប្រជាពលរដ្ឋ​ខ្មែរ»។

តំណាង​អយ្យការ​រូប​នេះ​ បាន​ជជីក​សួរ​លោក​ កឹម សុខា​ អំពី​កាល​បរិច្ឆេទ​នៃ​ការ​ចរចា​ដំបូងៗ ដែល​នាំ​ដល់​ការ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​ តែ​លោក ​កឹម សុខា ថា​លោក​មិន​ចាំ។

នៅ​ចុង​បញ្ចប់​នៃ​សវនាការ​ពេល​ព្រឹក​នេះ ខាង​ភាគី​សហ​មេធាវី​លោក ​កឹម សុខា​ បាន​លើក​ជា​សំណួរ​អំពី​ឯកសារ​លេខ៥ ដែល​សំដៅ​ដល់​សេចក្តី​ថ្លែងការណ៍​រួម​រវាង​គណបក្ស​សិទិ្ធមនុស្ស​ និង​គណបក្ស​សម រង្ស៊ី​ អំពី​ការ​បង្កើត​គណបក្ស​សង្គ្រោះជាតិ។

អ្នកស្រី ម៉េង សុភារី​ បាន​លើក​ពី​ចម្ងល់​ អំពី​ប្រភព​នៃ​ឯកសារ​លេខ៥នោះ​ថា​បាន​ពីតុលាការ​ ឬ​ដើម​បណ្តឹង​រដ្ឋប្បវេណី។ តំណាង​អយ្យការលោក ​ប្លង់​ សុផល​ បាន​បញ្ជាក់​ថា​ លោក​មាន​តួនាទី​ត្រឹម​ប្រាប់​លេខ​ឯកសារ​ ហើយ​មិន​អាច​បញ្ជាក់​ថា ឯកសារ​នោះ​នៅ​ទីណា​ឲ្យ​ប្រាកដ​ទេ។ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​កូយសៅ​ ក៏​បានស្នើ​ជា​យោបល់​ឲ្យ​ផ្អាក​ប្រមាណ​បី​សប្តាហ៍​ ដើម្បី​ពិនិត្យ​ឯកសារ។

នៅ​ពេល​សវនាការ​នាពេល​រសៀល​បាន​ចាប់ផ្តើមនោះ​ តំណាងអយ្យការលោក​ប្លង់​ សុផល បាន​បន្ត​សួរ​ដេញដោល​លោក​កឹម សុខា​អំពី​ពាក្យពេចន៍​លោក​សម រង្ស៊ី​ ដែល​បាន​និយាយ​ពីការ​បះបោរ​របស់​ប្រជាពលរដ្ឋ​និង​កងកម្លាំង​ប្រដាប់​អាវុធ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ និង​ការ​ទាមទារ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ចុះពី​តំណែង។

លោក​ប្លង់ សុផល​ បាន​សួរថា៖​«តើ​លោក​ចូល​រួបរួម​គណបក្ស​សម រង្ស៊ី​ គោល​បំណង​ដូច​គ្នា​ទេ»។ លោក​ កឹម សុខា​ បាន​បញ្ជាក់​ថា​ «គោលជំហរ​ដូច​ក្នុង​លក្ខន្តិកៈ​គណបក្ស​សង្គ្រោះជាតិ»។

លោក ​កឹម សុខា​ក៏បាន​ស្នើ​ក្រុមប្រឹក្សាជុំនុំ​ចាក់​ឃ្លីបវីដេអូ​ចំនួនពីរ​ ដើម្បី​បញ្ជាក់​ពី​គោល​ជំហរ​និង​បំណង​របស់​លោកដែលមិនប្រើ​អំពើហិង្សា និង​ធ្វើ​បដិវត្តន៍​ដើម្បី​ដណ្តើម​អំណាច​ ហើយ​ចង់​បាន​តែ​ការ​បោះឆ្នោត​មួយ​ដែល​សេរី​ត្រឹមត្រូវ​និង​យុត្តធម៌។

នៅ​មុន​ការ​អះអាង​របស់​លោកកឹម សុខា នោះ​ តំណាងអយ្យការ​លោក​ប្លង់​ សុផល​ បានលើក​ឡើង​ពីថ្លែង​របស់​លោក​កឹម សុខា នៅ​ប្រទេស​អូស្ត្រាលី​ និងចោទសួរ​លោក​កឹម សុខា​ថា បើធ្វើតាម​ប្រជា​ធិបតេយ្យ​ហេតុអ្វីយក​ជីវិតទៅប្តូរ? លោក​កឹម សុខា បានពន្យល់​ថា ការ​តស៊ូតាមការ​បោះឆោ្នតតែង​មាន​ការ​ប៉ះពាក្យសម្តី​ ហើយ​អាច​ទទួល​រងគ្រោះថា្នក់។ លោក​កឹម សុខា​ ក៏បាន​បញ្ជាក់​ថា លោក​ធ្លាប់​រង​ការ​គំរាម​ដោយការ​ភ្ជង់​អាវុធ​ នៅ​ពេល​លោកធ្វើ​សកម្មភាព​នយោបាយ។

​ក៏ប៉ុន្តែ​លោកមេធាវី​គី តិច​ ដែល​ការពារ​ក្តីឲ្យរដ្ឋាភិបាល​ បាន​យកពេល​នៃការ​ជជែក​ដេញដោលរបស់​ក្រុម​មេធាវីការ​ពារក្តី​លោកកឹម សុខា​ អំពី​សុចរិត​ភាព​ឯកសារ​ទាក់​ទិន​ការបង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​ថា អ្វី​ដែល​ជនជាប់លោក​កឹម សុខា​លើកឡើង​មិន​ត្រឹមត្រូវ​ទេ​។

លោក​ គី តិច ​បាន​ថ្លែង​បញ្ជាក់​ទៅ​អ្នក​ចូលរួម​សវនាការ​ដែល​ជា​ជន​បរទេស​ថា​ ក្នុង​យុទ្ធនាការ​បោះ​ឆ្នោត​ រដ្ឋាភិបាល​បាន​ប្រគល់​សិទ្ធិ​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (គ.ជ.ប)និង​កម្លាំង​មាន​សមត្ថកិច្ច​ ហើយ​ទូរទស្សន៍​ជាតិកម្ពុជា​ បាន​ចែក​ម៉ោង​ស្មើគ្នា​ដល់​គណបក្ស​នយោបាយ។ បន្ថែម​លើនោះសមត្ថកិច្ច​ការពារ​គ្រប់​គណបក្ស​នយោបាយ។

លោក​មេធាវី​មាន​ប្រសាសន៍​ថា៖«ចំពោះ​ដែល​លើកឡើង​ថា​ គាត់​ត្រូវបាន​គេ​ភ្ជង់​ ខ្ញុំ​គិត​ថា​ បើ​មាន​មែន​ ជន​ជាប់​ចោទ​ច្បាស់​ជា​ប្តឹង​មិន​នៅ​ស្ងៀម​ចឹង​ទេ»។

លោក​បាន​បន្ថែម​ថា៖«អត់​មាន​ទេ​ស្លាប់​ក្នុង​យុទ្ធនាការ​បោះឆ្នោត​ ទាំងនេះ​ជា​ការ​ចោទ​ដោយ​អសុទ្ធ​ចិត្ត​មក​លើ​រដ្ឋាភិបាល​ជា​ពិសេស​សម្តេច​តេជោ»។

នៅ​ចុង​បញ្ចប់​នៃ​សវនាការ​នាសៀល​ថ្ងៃពុធនេះ​ មានការ​ជជែកគ្នា​រវាង​តំណាង​អយ្យការ​លោក​ប្លង់​ សុផល និង​សហមេធាវី​អំពី​សុចរិតភាព​នៃ​ភស្តុតាងឯកសារនៅ​ក្នុង​Disc ១២៦​ ដែលពាក់​ព័ន្ធ​នឹង​សេចក្តីថ្លែងការណ៍​រួម​របស់​គណបក្ស​សិទ្ធិមនុស្ស​ និង​គណបក្ស​សម រង្ស៊ី​ អំពីការ​បង្កើត​គណបក្ស​សង្គ្រោះជាតិ។ លោកមេធាវី ចាន់​ ចេន​បាន​ស្នើ​ក្រុមប្រឹក្សាជំនុំជម្រះ​ចាក់​Disc ១២៦នេះ​ ​ តែត្រូវ​លោក​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​លោក​កូយ សៅ បដិសេធ​ និង​ស្នើ​ឲ្យ​ក្រុម​សហ​មេធាវី​របស់​លោក​កឹម សុខា​ ស្នើសុំ​ចម្លង​ឯកសារ​នៅក្នុង​Disc​ដដែល​នោះ។​

សវនាការ​ថ្ងៃទី១០​របស់​លោក​កឹម សុខា​ នឹង​បន្ត​នៅ​ព្រឹកថ្ងៃព្រហស្បតិ៍​ ទី ១៣ ខែ​កុម្ភៈ​ស្អែកនេះ៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG