ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​មេធាវី​ការពារ​ក្តី​ទាំង​បួន​រូប​របស់​លោក ​កឹម សុ​ខា​ដើរ​ចេញ​ពីបន្ទប់​សវនាការ


អ្នកស្រី​ ម៉េង​ សុភារី​ មេធាវី​ការពារ​ក្តី​របស់​លោក​ កឹម​ សុខា​ ថ្លែងទៅកាន់អ្នកសារព័ត៌មាន​នៅមុខ​​សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​ នៅ​រាជធានី​ភ្នំពេញ​​ នៅ​​ថ្ងៃទី​១៦ ខែមករា ឆ្នាំ២០២០។ (ខាន់ សុគុំមនោ​/VOA)
អ្នកស្រី​ ម៉េង​ សុភារី​ មេធាវី​ការពារ​ក្តី​របស់​លោក​ កឹម​ សុខា​ ថ្លែងទៅកាន់អ្នកសារព័ត៌មាន​នៅមុខ​​សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​ នៅ​រាជធានី​ភ្នំពេញ​​ នៅ​​ថ្ងៃទី​១៦ ខែមករា ឆ្នាំ២០២០។ (ខាន់ សុគុំមនោ​/VOA)

ក្រុម​មេធាវី​ការពារ​ក្តី​ទាំង​បួន​រូប​របស់​លោក ​កឹម សុ​ខាមេដឹកនាំគណបក្សជំទាស់​ដើរ​ចេញ​ពីបន្ទប់​សវនាការ​មួយ​ម៉ោង​ក្រោយ​ពី​ការ​ចាប់​ផ្តើម​សវនា​ការ​បន្ទាប់​ពី​ពួកគេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​សួរ​បន្ថែម​ពី​ហេតុផល​នៃ​ភាព​មិន​ប្រក្រតីនៃ​លេខ​សម្គាល់​ឯកសារ​ភស្តុតាងមួយដែល​ប្រើ​នៅ​ក្នុង​តុលាការ។

ឯកសារភស្តុតាងនេះសំដៅដល់សេចក្តីថ្លែងការណ៍រួមរបស់គណបក្សសិទ្ធិមនុស្សដឹកនាំដោយលោកកឹម សុខា និង​គណបក្សសម រង្ស៊ី​ដឹកនាំដោយលោកសម រង្ស៊ី ដែលធ្វើនៅថ្ងៃទី១៧ ​ខែកក្កដា ឆ្នាំ២០១២ ​សម្រាប់ការ​បង្កើតគណបក្សសង្គ្រោះជាតិ។

ក្នុង​សវនាការ​ទាំង​ពីរ​ថ្ងៃ​សប្តាហ៍​នេះ​មេធាវី​ការពារ​ក្តី​ទាំង​បួនរូបនោះ​ថា​លេខ​សម្គាល់​សេចក្តី​ថ្លែងការ​ណ៍ដែល​ផ្តល់​ទៅ​ពួក​គេ​មិន​ដូច​គ្នា​ទៅ​នឹង​លេខ​សម្គាល់​ឯកសារ​ដដែល​ដែល​ផ្តល់​ដោយ​ព្រះ​រាជអាជ្ញា។

នៅពេល​ដែល​ពួកគេ​សួរ​លោក​ចៅក្រម​ដើម្បី​បញ្ជាក់​ពី​តួលេខ​ដែល​ខុសគ្នា​ទៅ​លើ​សេចក្តី​ថ្លែងការណ៍ដែល​ត្រូវ​បាន​ប្រើ​ជា​ភស្តុតាង​នៅ​ក្នុង​បន្ទប់​សវនាការ​លោក កូយ សៅ​ ប្រធាន​ក្រុមប្រឹក្សាជំនុំ​ជម្រះ​ ​នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ប្រាប់​ឲ្យ​មេធាវី​ការពារក្តីលោកកឹម សុខា គឺ​លោក​អាងឧត្តម​ស្ងាត់មាត់​ម្តង​ហើយ​ម្តង​ទៀត​និង​បន្ត​ប្រាប់​ពួក​គេ​ឲ្យ​អង្គុយចុះ។

តិច​ជាង​មួយ​នាទី​បន្ទាប់​ពី​នោះ ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា​និយាយគ្នា​ក្នុងសំឡេង​តិច​បន្ទាប់មក ពួកគេរៀបចំឥវ៉ាន់របស់ពួកគេ ហើយដើរចេញពីបន្ទប់សវនាការបន្តបន្ទាប់គ្នា ដោយទុកឲ្យ លោក កឹម សុខា នៅក្នុងតុលាការប្រឈមនឹងក្រុមប្រឹក្សាជំនុំនិងភាគីពាក់ព័ន្ធ​ផ្សេងទៀត​តែម្នាក់ឯង៕

XS
SM
MD
LG