ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចៅក្រម​ទទួល​ភស្តុតាង​មេធាវី​ដោះ​បន្ទុក​លោក​ កឹម សុខា​ ​ចំនួន​១៦​បន្ថែម


លោក កឹម សុខា ចាកចេញពីសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីសវនាការរបស់លោកលើសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស»នៅថ្ងៃទី៨ សប្ដាហ៍ទី៤ (ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០) ត្រូវបានបញ្ចប់។(ទុំ ម្លិះ/VOA)
លោក កឹម សុខា ចាកចេញពីសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីសវនាការរបស់លោកលើសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស»នៅថ្ងៃទី៨ សប្ដាហ៍ទី៤ (ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០) ត្រូវបានបញ្ចប់។(ទុំ ម្លិះ/VOA)

​ចៅក្រម​ជំនុំ​ជម្រះ​សំណុំ​រឿង​លោក​កឹម ​សុខា ដែល​ជា​មេដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​សម្រេច​ទទួល​យក​ភស្តុតាង​ថ្មី​ដែល​ដាក់​បន្ថែមដោយមេធាវី​ការពារ​លោក​កឹម ​សុខា ចំនួន​១៦រួម​មាន​វីដេអូ ​ លិខិត​និង​រូប​ថត​មួយ​ចំនួន​។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​គឺ​ជា​ថ្ងៃ​ទី​៨​ សប្តាហ៍​ទី​៤​នៃសវនាការ​ជំនុំ​ជម្រះសំណុំ​រឿង​របស់​លោកកឹម សុខា ពី​បទ «សន្និដ្ឋិភាព​ជាមួយ​បរទេស» ឬ​ស្មើ​នឹង​បទ​ក្បត់​ជាតិ។ សវនាការ​ព្រឹក​នេះ​ចាប់​ផ្តើម​បន្ត​ដោយ​ចៅក្រម​បាន​បង្ហាញ​ឡើង​វិញ​ពី​ភស្តុតាង​ចំនួន​៣៥ ដែល​ក្រុម​មេធាវី​របស់​លោក កឹម​ សុខា​ បាន​ដាក់​កាល​ពី​ពីរ​សប្តាហ៍​មុន។

លោក​ចៅក្រម កូយ​ សៅ ​ក៏​បាន​ឲ្យបង្ហាញ​ភស្តុតាង​ថ្មី​ចំនួន​១៦ ដែល​មេធាវី​របស់​លោក កឹម សុខា ដាក់​បន្ថែម​កាល​ពី​ថ្ងៃ​អង្គារ​ដោយ​ភស្តុតាង​ចំនួន​៨​ជាវីដេអូ មួយ​ជា​លិខិត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ជូន​លោក John Cavanaugh ​អតីត​ប្រធាន​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​(NDI) ។ ហើយ​ចំនួន​ភស្តុតាង​៧​ទៀត​គឺ​ជា​រូប​ថត​ដែល​បង្ហាញ​ពី​ជំនួប​រវាង​លោក​កឹម ​សុខា និង​លោក John Cavanaugh ​រូប​ថត​លោក​ហេង ​សំរិន ​ជួប​លោក John Cavanaugh ​ព្រម​ទាំង​រូប​ថត​ដែល​បង្ហាញ​អំពី​សិក្ខា​សាលា​និង​ការបណ្តុះ​បណ្តាល​គណបក្ស​នយោបាយ​ផ្សេង​ៗ​ដែល​រៀប​ចំ​ដោយ​អង្គការ NDI​។

ក្រោយ​ការ​បង្ហាញ​ភស្តុតាង​ទាំង​នោះ​ក្នុង​អង្គ​សវនាការ​ ចៅក្រម​បាន​អនុញ្ញាត​ឲ្យ​ភាគី​ពាក់ព័ន្ធ​ពិភាក្សាពី​ភស្តុតាង​ទាំង​នោះ។

តំណាង​អយ្យការ​លោក ​ប្លង់ ​សុផល​បាន​លើកឡើង​អំពី​ឯកសារ​ជា​អក្សរ​ស្រង់​ពី​វីដេអូ​ឃ្លីប​មួយ ថាមាន​បាត់​ពាក្យ។ លោក​ក៏​លើក​ឡើង​ដែរ​ថា​រូប​ថត​មួយ​ចំនួនក្នុង​ភស្តុតាង​នោះ​ថា​មិន​មាន​ដាក់​កាល​បរិច្ឆេទ និង​ទីកន្លែង​ច្បាស់​លាស់។ លោក​តំណាង​អយ្យការ​បាន​ទាមទារ​ឲ្យ​មាន​ការ​បញ្ជាក់​បន្ថែមលើ​រូប​ថត​ទាំង​នោះ។​

ចំណែក​មេធាវី​តំណាង​រដ្ឋាភិបាល​លោក ​គី ​តិច​ក៏​បាន​លើកឡើង​ពី​ចំណុច​ស្រដៀង​គ្នា​ទៅ​នឹង​តំណាង​អយ្យការ​ផង​ដែរ។​លោក​ គី​ តិច ​លើក​ឡើង​ថា​ភស្តុតាង​ជា​អក្សរ​ដែល​មាន​ការ​បាត់​ពាក្យ និង​ថា​លើ​ភស្តុតាង​មួយ​ចំនួនមិនមាន​ការ​បញ្ជាក់​ពី​មេធាវី។

លោក​និយាយ​ថា៖ «រាល់​ឯកសារ​អត់​ចុះ​ហត្ថលេខា​ត្រឹមត្រូវ អាច​បង្ហាញ​ពី​ការ​គេច​វេស​ទទួល​ខុស​ត្រូវ»។

ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា បាន​ឆ្លើយ​តប​នឹង​ការ​លើកឡើង​របស់​តំណាង​អយ្យការ និង​មេធាវី​រដ្ឋាភិបាល ពាក់ព័ន្ធ​នឹង​ភស្តុតាង​ទាំង​នោះ​ថា​ការ​សរសេរដែល​ស្រង់​ពី​វីដេអូ​ឃ្លីប​តែង​មិន​មាន​ភាព​ឥត​ខ្ចោះ។ ពួកគេ​បាន​ស្នើ​ឲ្យ​យក​វីដេអូ​ជាគោល​និង​ថា ពួកគេ​នឹង​កែ​តម្រូវ​ប្រសិន​បើ​មាន​ការ​មិន​សុខ​ចិត្ត។

អ្នកស្រី ម៉េង សុភារី ​មេធាវី​ការពារ​ក្តី​លោក កឹម សុខា មួយ​រូប បាន​ការពារ​ភស្តុតាង​ជា​រូប​ថតដែល​ក្រុម​មេធាវី​បាន​ដាក់​នោះ​ថា​រូប​ថត​ដែល​មេធាវី​ដាក់​ដែល​បញ្ជាក់​ត្រឹម​ឆ្នាំ​គឺ​ដោយសារ​មេធាវី​មាន​ចេតនា​បង្ហាញ​តែ​ខ្លឹម​សារ។ អ្នកស្រី​ថា​រូប​ទាំង​នេះ​បញ្ជាក់​ថា​មិនមែន​មាន​តែ​លោក កឹម សុខា ទេ​ដែល​ជួបជាមួយ​ជន​បរទេស​ប៉ុន្តែ​មាន​ទាំង​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​នយោបាយ​ផ្សេងៗ​ទៀត​សុទ្ធ​តែ​ជួប​ជាមួយ​បរទេស និង​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ពី​អង្គការ​បរទេស។

អ្នកស្រី​បញ្ជាក់ថា៖ «សំខាន់​តើ​អ្នកដាក់​ភស្តុតាងចង់​បញ្ជាក់​ពី​អ្វី? គឺ​មិនមែន​បញ្ជាក់​ពី​ការ​ប្រព្រឹត្តិ​បទល្មើស​ទេ​[...]​ខ្ញុំ​ចង់​បញ្ជាក់​ពី​ខ្លឹមសារ»។

តំណាង​អយ្យការ​លោក ប្លង់ សុផល បញ្ជាក់​ថា៖ «ក្នុង​រូប​ថត​ដែល​បង្ហាញ​ពី​ការ​អង្គុយ​ជាមួយ​ជន​បរទេស ខ្ញុំ​អាច​និយាយ​ថា​ជាការ​ត្រូវ​រ៉ូវ​គ្នា​ជាមួយ​បរទេស​ក៏​បាន»។

អ្នកស្រី ម៉េង សុភារី ឆ្លើយ​តប​ទៅវិញ​ថា តំណាង​អយ្យការ​មិន​អាច​ចោទ​ប្រកាន់​បែប​នេះ​បាន​ទេ ប្រសិន​បើ​គ្មាន​ភស្តុតាង។

អ្នកស្រី​បញ្ជាក់ថា៖ «​លោក​តំណាងអយ្យការ​ចង់​ចោទ​អី​ក៏​ចោទ​ទៅ តែ​លោក​ត្រូវ​តែ​មាន​ភស្តុតាង​មក​បញ្ជាក់ [...]​បើ​លោក​មាន​ខ្សែអាត់​សំឡេង​និយាយនោះ​ខ្ញុំ​ជឿ»។​

ក្រោយ​ការ​ជជែក​រវាង​ភាគី​ពាក់ព័ន្ធ​ដោយ​មាន​ការ​ដំឡើង​សំឡេង តឹង​សរសៃ​ក​ផង​នោះ លោក ចៅ​ក្រម​ កូយ សៅ បាន​សម្រេច​ទទួល​យក​ភស្តុតាង​ទាំង​១៦។ ទោះយ៉ាងណា​លោក​បាន​ប្រាប់​ឲ្យ​ក្រុម​មេធាវី​របស់​លោក​កឹម​ សុខា ​សរសេរ​បន្ថែម​អំពី​កាល​បរិច្ឆេទនិង​ទី​កន្លែង​ជាក់​លាក់ ភ្ជាប់​ជាមួយ​លេខ​កូដ​រូប​ថត​ដែល​ជា​ភស្តុតាង​នីមួយៗ។

មុននឹង​បង្ហាញ​ភស្តុតាង​ថ្មី​ចំនួន​១៦​នោះ​ចៅក្រម​ក៏​បាន​បញ្ជា​ឲ្យ​បង្ហាញ​ភស្តុតាង​ចំនួន​៣៥​ដែលបាន​ដាក់​កាល​ពី​បីរ​សប្តាហ៍​មុន​ដែល​មាន​វីដេអូ​ឃ្លីប​ខ្លីៗចំនួន​ជិត​២០​ឯកសារ​ជា​លិខិត​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​លក្ខន្តិកៈ​ការ​ចុះ​បញ្ជីនិង​កម្មវិធី​នយោបាយគណបក្ស​សង្គ្រោះជាតិ​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​បាតុកម្ម​អហិង្សា ឯកសារ​ពាក់ព័ន្ធ​នឹង​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ (USAID) ព្រមទាំង​លិខិត​ដែល​ប្រធានាធិបតី​អាមេរិក​លោក​ ដូណាល់ ​ត្រាំ​ផ្ញើជូន​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន​ សែន​ និង​លិខិត​លោក​ហ៊ុន ​សែន​ ផ្ញើ​ជូន​លោក​ត្រាំ​ ជាដើម​។

មុន​នឹង​បិទ​បញ្ចប់​សវនាការ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក​ចៅក្រម​ កូយ សៅ បាន​ប្រកាស​ថា នៅ​សវនាការ​សប្តាហ៍​ក្រោយ​តុលាការ​នឹង​ពិភាក្សា​អង្គហេតុ​ចាប់​ពី​ឆ្នាំ​២០១២​រហូត​ដល់​ពេល​ដែល​លោក ​កឹម​សុខា ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ឆ្នាំ​២០១៧។ លោក​បន្ត​ថា​ការ​ពិភាក្សា​នោះ​នឹង​ត្រូវចែក​ចេញ​ជា​បី​ដំណាក់​កាល ដោយ​នឹង​ជជែក​ពី​អង្គហេតុ​នៃ​ការ​បង្កើត និង​រចនា​សម្ព័ន្ធ​គណបក្ស​សង្គ្រោះជាតិ អង្គហេតុ​ជុំវិញ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ និង​អង្គហេតុ​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ រហូត​ដល់​ការ​ចាប់​ខ្លួន​លោក កឹម សុខា។

លោក​ចៅក្រម​បាន​ប្រកាស​បិទ​សវនាការ​នៅ​ម៉ោង​១១ និង​៣០​នាទី​ព្រឹក ដោយ​មានការ​សម្រេច​តាម​ការ​ស្នើ​របស់​មេធាវី​តំណាង​រដ្ឋាភិបាល​មួយ​រូបផង​ថា​ចាប់​ពី​សប្តាហ៍​ក្រោយ​រៀងរាល់​ថ្ងៃ​ពុធ សវនាការ​នឹង​បញ្ចប់​ក្នុង​អំឡុង​ម៉ោង​១១​ព្រឹក​ចំណែក​ថ្ងៃ​ព្រហស្បតិ៍​អាច​ធ្វើ​ដល់​ម៉ោង​១២​រសៀល៕

XS
SM
MD
LG