នៅថ្ងៃសុក្រនេះ សាលាដំបូងរាជធានីភ្នំពេញបានលើកពេលសវនាការជនុំជម្រះក្តី លោក គង់ រ៉ៃយ៉ា សកម្មជនវ័យ២៨ឆ្នាំ ដែលកំពុងស្ថិតនៅក្រៅឃុំ ដោយសារតែមិនមានវត្តមានរបស់សាក្សី និងភាគីពាក់ព័ន្ធផ្សេងទៀត។ នេះបើយោងតាមការបញ្ជាក់របស់ភរិយាលោក គង់ រ៉ៃយ៉ា និងមន្ត្រីសិទ្ធិមនុស្ស។
អ្នកស្រី សុខ ស្រីនិច្ច ភរិយារបស់លោក គង់ រ៉ៃយ៉ា បានប្រាប់ VOA ថា តុលាការបានពន្យារពេលបើកសវនាការកាត់ក្តីស្វាមី ព្រោះមិនមានសាក្សីគ្រប់គ្រាន់ខណៈដែលស្វាមីអ្នកស្រីមិនអាចចូលរួមសវនាការដែលគ្រោងធ្វើនៅថ្ងៃនេះ។ អ្នកស្រីបន្ថែមថា តុលាការក៏មិនបានកំណត់កាលបរិច្ឆេទជំនុំជម្រះថ្មីនោះទេ។
«ខាងតុលាការគាត់ថា អត់មានសាក្សី សាក្សីខាងមន្ត្រី ខាងប៉ូលិសក៏អត់មាន សាក្សីខាងប្ដីខ្ញុំហ្នឹងក៏អត់ចូលរួម ហើយអត់មានវត្តមានរបស់គាត់អ៊ីចឹងទៅក៏គេសម្រេចលើកពេល»។
កាលពីខែវិច្ឆិកា តុលាការក្រុងភ្នំពេញ បានអនុញ្ញាតឲ្យលោក គង់ រ៉ៃយ៉ា បានស្ថិតនៅក្រៅឃុំ បន្ទាប់ពីសកម្មជនរូបនេះបានជាប់ក្នុងពន្ធនាគារអស់រយៈពេលជាងបួនខែក្នុងសំណុំរឿងចូលរួមរំឭកដល់ការស្លាប់របស់អ្នកវិភាគនយោបាយលោកបណ្ឌិត កែម ឡី។ តុលាការបានហាមប្រាមលោកគង់រ៉ៃយ៉ា មិនឲ្យធ្វើការបញ្ចេញមតិតាមបណ្តាញសង្គម ឬក៏ធ្វើដំណើរទៅក្រៅប្រទេស ក្នុងអំឡុងពេលលោកកំពុងស្ថិតនៅក្រៅឃុំ។
អ្នកស្រីសុខ ស្រីនិច្ច បានបន្តថាស្វាមីរបស់អ្នកស្រីមិនអាចមកចូលរួមសវនាការបានដោយសារតែលោកមានជំងឺបន្តិចបន្តួច ហើយកំពុងសម្រាកនៅខេត្តសៀមរាប។ អ្នកស្រីបន្ថែមថា អ្នកស្រីក៏ទៅមិនទាន់ម៉ោងបើកការជំនុំជម្រះដើម្បីធ្វើជាសាក្សីឲ្យស្វាមីអ្នកស្រីផងដែរ។ ទោះយ៉ាងណាអ្នកស្រីសង្ឃឹមថាតុលាការនឹងលើកយកក្តីក្តាំរបស់ស្វាមីរបស់អ្នកស្រីមកជម្រះឆាប់ៗនេះ។
អ្នកស្រីសុខ ស្រីនិច្ចនិយាយថា៖ «ពិបាកដែរ បើយើងរង់ចាំលើកហ្នឹងហើយដល់ពេលយើងត្រូវរង់ចាំរយៈពេលពីរបីខែអីទៀត អ៊ីចឹងវាយូរហើយការលំបាកខ្លាំងមែនទែន។ ខ្លាចតែពេលខ្លះចំរវល់អ៊ីចឹងទៅ អត់បានចំថ្ងៃគាត់កោះហៅដូចលើកហ្នឹងអ៊ីចឹងណាបង»។
លោកអ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបដិសេធមិនផ្តល់ការអធិប្បាយនៅថ្ងៃសុក្រនេះ។
លោក គង់ រ៉ៃយ៉ា ត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួនជាលើកទីពីរ បន្ទាប់ពីលោកប្រកាសលក់អាវយឺតមានភ្ជាប់រូបថតអ្នកវិភាគនយោបាយលោក កែម ឡី តាមបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី៩ខែកក្កដា ឆ្នាំ២០១៩។
អ្នកឃ្លាំមើលស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា យល់ថា តុលាការគួរតែទម្លាក់បទចោទ ប្រឆាំងសកម្មជនរូបនេះ ដោយសារតែសកម្មភាពសង្គមរបស់លោកគង់ រ៉ៃយ៉ា មិនបានបង្កឲ្យមានបទល្មើស ដែលត្រូវនាំយកមកកាត់ទោសនោះទេ។
លោក សឹង សែនករុណា អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក (Adhoc) មានប្រសាសន៍ថា៖
«ធ្វើយ៉ាងណាពន្លឿននីតិវិធីហើយទម្លាក់នូវបទចោទប្រកាន់ដើម្បីឲ្យគាត់មានសេរីភាពក្នុងការប្រកបរបរចិញ្ចឹមជីវិតរបស់គាត់ រួមទាំងកិច្ចការងារសង្គមនានា អាហ្នឹងវាជារឿងមួយដែលល្អប្រសើរ។ ជាទូទៅកម្ពុជាយើងនេះ កំពុងស្ថិតក្នុងការឃ្លាំងមើលពីសិទ្ធិសេរីភាពទាំងអស់នេះ»។
លោក គង់ រ៉ៃយ៉ា ធ្លាប់ត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន១៨ខែ កាលពីឆ្នាំ២០១៦ ក្រោមការចោទប្រកាន់ពីបទ«ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ក្រោយពីរូបលោកបានប្រកាសឲ្យសាធារណជនចូលរួមធ្វើបដិវត្តន៍ពណ៌ប្រឆាំងនឹងរដ្ឋាភិបាលបច្ចុប្បន្ន៕