ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការនំាចេញ​ទំនិញ​កម្ពុជា​កើនឡើង​ជាង​៦ភាគរយ​ក្នុង​១០ខែ​ដំបូង


រូបឯកសារ៖​ កម្មការិនីកាត់ដេរកំពុងរៀបចំចូលរោងចក្រធ្វើការ នៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)
រូបឯកសារ៖​ កម្មការិនីកាត់ដេរកំពុងរៀបចំចូលរោងចក្រធ្វើការ នៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)

ការ​អនុ​គ្រោះពន្ធ​ពាណិជ្ជកម្ម​ និង​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី​ ​គាំទ្រ​ឲ្យ​មាន​​​កំណើន​នេះ។

ការ​នាំចេញ​ទំនិញកាត់​ដេរ​ និង​ផលិតផលកសិកម្មពី​ប្រទេស​កម្ពុជា​បាន​កើនឡើង​៦,៤៥​ ភាគ​រយ​ដែល​ស្មើនឹង​ទឹកប្រាក់​ជាង​៦៥៤​លាន​ដុល្លារ ​នៅ​ក្នុង​រយៈ​ពេល​១០​ ខែ​ដំបូង​នៃ​ឆ្នាំ​២០១៩​ ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​នេះ​ កាលពី​ឆ្នាំ​២០១៨។ ការ​អនុ​គ្រោះពន្ធ​ពាណិជ្ជកម្ម​ និង​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី​ បាន​គាំទ្រ​ឲ្យ​មាន​កំណើន​នេះ។ នេះ​បើ​យោង​តាម​របាយការណ៍​ចេញផ្សាយ​ដោយ​ក្រសួង​ពាណិជ្ជ​កម្ម។

អ្នកជំនាញ​សេដ្ឋកិច្ច​បាន​ព្រមាន​ថា​ ការ​ព្យួរ​ទុក​ ឬ​ក៏ការ​ដក​ការអនុ​គ្រោះ​ពន្ធពាណិជ្ជកម្ម​ណា​មួយ អាច​ធ្វើ​ឲ្យ​ខូច​កំណើន​នៃ​ការ​នាំចេញ​ទំនិញ​របស់​កម្ពុជា​ ជា​ពិសេស​ទំនិញ​ផលិត​នៅ​ក្នុង​ឧស្សាហកម្ម​កាត់​ដេរ។

របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ពាណិជ្ជកម្ម ដែល​បាន​ចុះ​ផ្សាយ​នៅ​ខែ​ធ្នូ​នេះ ​បាន​បង្ហាញ​ថា ​ការ​នាំ​ចេញ​ពី​កម្ពុជា​ រយៈ​ពេល​១០ ខែ​ដំបូង​នៅ​ឆ្នាំ២០១៩ ​មាន​ចំនួន​ជិត​១១​ពាន់លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ​ធៀប​នឹង​ ចំនួន​ជាង​ ១០​ពាន់លាន​ដុល្លារ​អាមេរិក​ក្នុង​រយៈពេល​ដូចគ្នា​នេះ​នៅ​ឆ្នាំ​២០១៨។

ផលិតផលសម្លៀក​បំពាក់​នៅតែ​ជា​ទំនិញ​នាំមុខ​សម្រាប់ការ​នាំចេញ​របស់​កម្ពុជា​ ដែល​មាន ​

ទឹក​ប្រាក់​ជាង​ ៦.៤០៦​លាន​ដុល្លារ​អាមេរិក​ បន្ត​ដោយ​ផ្នែក​ស្បែក​ជើង​និង​វាយនភណ្ឌ​ក្នុង​ទំហំ​ទឹកប្រាក់​ជាង​ ៩០៥​ លាន​ដុល្លារ​អាមេរិក​និង​ជាង​៤០​លាន​ដុល្លារ​អាមេរិក​រៀង​គ្នា​បន្តបន្ទាប់​។ ហើយ​ការ​នាំចេញ​អង្ករ​មានជាង ២៨៦ លាន​ដុល្លារ​ និង​ផលិតផល​ផ្សេងៗ​ទៀត​ជាង ៣.១៧៤​លាន​ដុល្លារ​អាមេរិក​។

លោក​សៀង​ ថៃ អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ បាន​ប្រាប់ VOA ថា នា​ពេល​បច្ចុប្បន្ន រដ្ឋាភិបាល​កម្ពុជា​កំពុង​ធ្វើ​កំណែ​ទម្រង់​មុតស្រួច​ក្នុង​ផ្នែក​ពាណិជ្ជកម្ម ​ដែល​នឹង​ជួយ​ឲ្យ​ធុរជន​នៅ​កម្ពុជា មាន​ភាព​ប្រកួត​ប្រជែង​ប្រសើរ​ជាង​មុន ដែល​អាច​ប្រកួតប្រជែង​ជាមួយ​ប្រទេស​នានា​លើ​ទីផ្សារ​ពិភព​លោក។

ទោះ​យ៉ាង​ណា​ មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ពាណិជ្ជកម្ម​រូប​នេះ​ មិនផ្តល់​ការ​អត្ថាអធិប្បាយ​ទៅ​លើស្ថានភាព​នៃ​ការ​អនុគ្រោះពន្ធ​ពាណិជ្ជកម្ម​សម្រាប់​ការនាំចេញ​ទំនិញ​ពី​ប្រទេស​កម្ពុជា​នោះ​ទេ។

នៅពេល​បច្ចប្បន្ន​នេះ​ សហភាព​អឺរ៉ុប​ គឺ​ជា​ទីផ្សារ​សំខាន់មួយសម្រាប់​ផលិតផល​កាត់ដេរ​ដែល​បាន​នាំ​ចេញ​ពី​ប្រទេស​កម្ពុជា។

សហភាព​អឺរ៉ុប​ បាន​ផ្តល់​ការអនុគ្រោះ​ពន្ធ​លើ​ទំនិញ​នាំ​ចេញ​របស់​កម្ពុជា​ តាម​ប្រព័ន្ធ​ឋានៈអនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​ «គ្រប់​មុខ​ទំនិញ​លើកលែង​សព្វាវុធ‍» ឬ Everything But Arms (EBA)។ សហគមន៍​ដែល​មាន​ប្រទេស​ជា​សមាជិក​ចំនួន​២៨​ បាន​គំរាម​ដកហូត​ឋានៈ​អនុគ្រោះ​ពន្ធ EBA​នេះ​ ពី​ប្រទេស​កម្ពុជា​ ដោយ​សារ​តែ​ធ្លាក់​ចុះ​ដំណើរ​ការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

សហរដ្ឋ​អាមេរិក​ក៏បាន​ដាក់សម្ពាធ​លើប្រទេស​កម្ពុជា​ តាម​ការ​គំរាម​ដកឋានៈ​អនុគ្រោះ​ពន្ធ​ពាណិជ្ជ​កម្ម​ទូទៅ ឬ Generalized System Preferences (GSP) ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា​នៅ​បន្តការ​រំលោភ​សិទ្ធិ​នយោបាយ និង​សិទ្ធិមនុស្ស​ជា​«លក្ខណៈ​ប្រព័ន្ធ‍»នោះ ។

កម្ពុជា​អាច​ចំណេញ​បាន​ប្រាក់បង់​ពន្ធពីចនោ្លះ​ ពី​៦០០​លាន​ទៅ​ ៧០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​សម្រាប់​ការ​នាំ​ទំនិញ​ទៅកាន់​ទីផ្សារសហភាព​អឺរ៉ុប ​និង​ជាង​១៤០​លានដុល្លារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​នាំទំនិញ​ទៅ​កាន់ទីផ្សារសហរដ្ឋ​អាមេរិក។

លោក ង៉ែត ជូ ​អ្នកស្រាវជ្រាវ​ខាង​សេដ្ឋកិច្ច​ យល់​ថា​ ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA នឹង​ធ្វើ​ឲ្យ​ទំនិញ​នាំ​ចេញ​ពី​ប្រទេស​កម្ពុជា​ឡើង​ថ្លៃ ព្រោះ​ប្រទេស​នៅ​ក្នុងតំបន់​អាស៊ីអាគ្នេយ៍​មួយនេះ​ នឹង​ត្រូវបង់​ពន្ធ​សម្រាប់​ការ​នាំ​ចេញ​ទំនិញ​របស់​ខ្លួន។

«ការ​ដែល​នៅ​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​សេរី​ហ្នឹង ក៏​មិន​អាច​ធានា​ថា នឹងឲ្យ​មាន​កំណើន​នៃ​ការ​នាំ​ចេញ​នោះ​ដែរ។ បញ្ហា​នេះ​គឺ​ដោយសារ​តែ​ទំនិញ​ពី​កម្ពុជា​នឹង​មាន​កំណើន​តម្លៃ ឬ​ថ្លៃជាង​មុន»។

លោក​បាន​បន្ត​ថា ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ផ្សេង​ទៀត​ នឹង​ពិបាក​មក​ជំនួស​ឋានៈ​អនុគ្រោះពន្ធ​ដែល​កម្ពុជា​ទទួល​បាន​ពីប្រទេស​បស្ចិម​លោក​ ដើម្បី​ជំរុញ​កំណើន​ការ​នាំ​ចេញ​ទំនិញ​កាត់​ដេរ​ពី​ប្រទេស​កម្ពុជា។ លោក​អះអាង​ថា​ ការ​នាំចេញ​ទំនិញ​ផ្សេង​ទៀត​ ដូច​ជា​ផលិតផលកសិកម្ម​ទៅ​កាន់​ប្រទេស​គោល​ដៅ​ផ្សេង​ទៀត​ ក្រៅ​ពីប្រទេសនៅ​លោក​ខាង​លិច ដូច​ជា​ចិន​ក៏​នៅតែ​មាន​ទំហំ​តូច។

អ្នក​ជំនាញធនាគារ​ពិភពលោក​ប្រចាំកម្ពុជា បាន​ព្រមាន​ម្តង​ហើយ​ម្តង​ទៀត​ថា ការ​បាត់បង់​ឋានៈ​អនុគ្រោះពន្ធ​នេះ នឹង​ប៉ះពាល់​ខ្លាំង​ដល់​សន្ទុះ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា ស្របពេល​ដែល​ក្រុមហ៊ុន​វិនិយោគទុន ​និង​សមាគម​កម្មករ បាន​ព្រមាន​ពី​ហានិភ័យ​នៃ​ការ​បាត់បង់​ប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ​យ៉ាងហោចណាស់ ៩ម៉ឺន​នាក់។

​នៅ​ក្នុង​របាយការណ៍​ស្តី​ពី​ «បច្ចុប្បន្នភាព​សេដ្ឋកិច្ច​កម្ពុជា» ចេញ​ផ្សាយ​កាល​ពី​ខែវិច្ឆិកា​កន្លងទៅ​នេះ ​ធនាគារ​ពិភពលោក​បាន​បញ្ជាក់​ជាថ្មី​ថា​ លទ្ធភាព​នៃ​ការ​បាត់​បង់​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ​ EBA ​អាច​នឹង​ក្លាយ​ជា​បច្ច័យ​មិន​ល្អ​ទៅ​លើ​កំណើន​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ ដែល​ធនាគារ​នេះ​ អះអាង​ថា​ នឹង​ចុះ​ថមថយ​ល្បឿន​មក​នៅ​ត្រឹម​៧​ភាគរយ​ក្នុង​ឆ្នាំ​២០១៩​នេះ ពោល​គឺ​ចុះ​ពី​៧,៥​ភាគរយ​ក្នុង​ឆ្នាំ​២០១៨៕

XS
SM
MD
LG