ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ដោះលែង​យុវជន​គង់​ រ៉ៃយ៉ា​ឲ្យ​បាន​ស្ថិត​នៅ​ក្រៅ​ឃុំ​ តែ​ហាម​មិន​ឲ្យ​ចេញ​ក្រៅ​ប្រទេស​​​


រូបឯកសារ៖ យុវជន គង់ រ៉ៃយ៉ា (កណ្តាល) ត្រូវ​បាន​នាំ​ខ្លួន​មក​កាន់​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃអង្គារ ទី១៥ ខែ​មីនា ឆ្នាំ​២០១៦។
រូបឯកសារ៖ យុវជន គង់ រ៉ៃយ៉ា (កណ្តាល) ត្រូវ​បាន​នាំ​ខ្លួន​មក​កាន់​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃអង្គារ ទី១៥ ខែ​មីនា ឆ្នាំ​២០១៦។

លោក​ គង់​ រ៉ៃយ៉ា ​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់ខ្លួន​ជា​លើក​ទី​ពីរ​ បន្ទាប់​ពី​លោក​ប្រកាស​លក់​អាវយឺត​មាន​ភ្ជាប់​រូបថត​អ្នក​វិភាគ​នយោបាយ​លោក ​កែម ឡី​ ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុកកាលពី​ថ្ងៃ​ទី​៩ខែកក្កដា​ ឆ្នាំ​២០១៩។

សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​សម្រេច​អនុញ្ញាត​ឲ្យ​លោក គង់​ រ៉ៃយ៉ា​ បាន​ស្ថិត​នៅ​ក្រៅ​ឃុំ បន្ទាប់​ពី​សកម្មជន​វ័យ​ក្មេង​រូប​នេះ​បាន​ជាប់​ក្នុង​ពន្ធនាគារ​អស់​រយៈ​ពេល​ជាង​បួន​ខែ​ក្នុងសំណុំរឿង​ចូលរួមរំឭក​ដល់​ការ​ស្លាប់​របស់​អ្នកវិភាគ​នយោបាយ​លោក​បណ្ឌិត​ កែម​ ឡី។​ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ភរិយា​លោក គង់​ រ៉ៃយ៉ា និង​មន្ត្រី​សិទ្ធិមនុស្ស។

អ្នកស្រី​ សុខ ស្រីនិច្ច ​វ័យ​២៤​ឆ្នាំ​ ភរិយា​របស់ ​លោក​គង់​ រ៉ៃយ៉ា​ វ័យ​២៨​ឆ្នាំ​ ប្រាប់ ​VOA នៅ​ថ្ងៃ​សុក្រ​នេះថា​ ​លោក​ស្រី​ចៅក្រម​ អ៊ុក រ៉េតគន្ធា ​នៃ​តុលាការ​ក្រុង​ភ្នំពេញ​បាន​អនុញ្ញាត​ឲ្យ​ស្វាមី​អ្នក​ស្រី​បាន​ស្ថិត​នៅ​ក្រៅឃុំ​ តែ​ត្រូវ​បំពេញ​តាម​លក្ខខណ្ឌ​មួយ​ចំនួន​ ដូច​ជា​ត្រូវ​ទៅ​បង្ហាញ​ខ្លួន​តាម​ការ​កោះ​ហៅរបស់​តុលាការ។

អ្នកស្រី​បញ្ជាក់​ថា​៖ «គឺ​ប៉ះ​ពាល់​ទៅ​ដល់​ការងារ​ ដែល​ ដែល​យើង​ធ្វើ​ជា​ប្រចាំ​ថ្ងៃ​ផង​ ដោយ​សារ​តែ​ពេល​ខ្លះ​តុលាការ​គាត់​កោះហៅ​អ៊ីចឹង​ទៅ​ យើង​រវល់​ធ្វើនេះ​ ធ្វើនោះ​ផង​ គឺ​វា​ខាត​ពេល​វេលា​មែនទែន...តែយ៉ាង​ណាក៏​គ្រាន់​បើ​ដែរ ដោយសារ​តែ​គាត់​បាន​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​ បាន​ជួប​ជុំ​ជាមួយ​នឹង​កូន​ប្រពន្ធ»។

អ្នកស្រី​បន្ថែម​ថា​ ស្វាមី​អ្នកស្រី​ក៏​ត្រូវ​ឈប់​ការ​បង្ហោះ​សារ​ទាំងឡាយណា​ ​ដែលទាក់​ទង​ទៅ​នឹង​បញ្ហា​សង្គមតាម​បណ្តាញសង្គម​ ហើយ​ក៏មិន​អាច​ឆ្លង​ដែន​ចេញ​ពី​ប្រទេស​បាន​ដែរ៖

«គេ​ហាម​គាត់​ អត់​ឲ្យ​គាត់ post [បង្ហោះ]ទាក់​ទង​ទៅ​រឿង​សង្គម​ បញ្ហា​សង្គម​នៅ​លើ​ បណ្តាញ​សង្គម​ ហើយ​គេ​អត់​ឲ្យ​គាត់​ចេញ​ទៅ​ ក្រៅ​ប្រទេស​ទេ​ គេហាម​ឃាត់​»។ ​

លោក​ គង់​ រ៉ៃយ៉ា ​ត្រូវបាន​អាជ្ញាធរ​កម្ពុជា​ចាប់ខ្លួន​ជា​លើក​ទី​ពីរ​ បន្ទាប់ពី​លោក​ប្រកាស​លក់​អាវយឺត​មាន​ភ្ជាប់​រូបថត​អ្នក​វិភាគ​នយោបាយ​លោក ​កែម ឡី​ ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុកកាលពី​ថ្ងៃ​ទី​៩ខែកក្កដា​ ឆ្នាំ​២០១៩​ [] ពោល​គឺ​មុន​មួយ​ថ្ងៃ​នៃ​ការ​រំឮក​ខួប​បី​ឆ្នាំ​សម្រាប់​ឃាតកម្ម​លើ​លោក កែម​ ឡី​ ដែល​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់ស្លាប់​ទាំងកណ្តាល​ថ្ងៃ​ក្នុង​ស្ថានីយ៍​ប្រងសាំង​មួយ​នៅ​ទីក្រុង​ភ្នំពេញ​កាលពី​ថ្ងៃទី១០​ ខែ​កក្កដា​ឆ្នាំ​២០១៦។

នៅ​ផ្នែក​ខាង​ក្រោយ​នៃ​អាវ​យឺត​ដែល​បាន​ប្រកាស​ដាក់​លក់​នោះ​មាន​សរសេរ​សម្រង់​សម្តី​លោក ​កែម ឡី​ ថា៖​ «បើ​អ្នក​មិន​ធ្វើ​អ្វី​សោះ​ ក៏​គង់​នឹង​រង​គ្រោះ​ដែរ​ គ្រាន់​តែ​មិន​ទាន់​ដល់​វេន​អ្នក​ប៉ុណ្ណោះ »។

រូបភាពផ្តល់ឲ្យបង្ហាញពីលោកគង់ រ៉ៃយ៉ាឈរជាមួយសាច់ញ្ញាតិនៅមុខមណ្ឌលអប់រំកែប្រែទី១។ (Courtesy Photo)
រូបភាពផ្តល់ឲ្យបង្ហាញពីលោកគង់ រ៉ៃយ៉ាឈរជាមួយសាច់ញ្ញាតិនៅមុខមណ្ឌលអប់រំកែប្រែទី១។ (Courtesy Photo)

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ (Adhoc) លោក ស៊ឹង​ សែនករុណា​ សាទរ​ចំពោះ​ការ​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ​ដែល​បាន​ផ្តល់​សេរីភាព​មួយ​ផ្នែក​ដល់​លោក គង់​ រ៉ៃយ៉ា។

«សេរីភាព​នេះ​អត់​ទាន់មាន​ភាព​ពេញ​លេញ​នៅ​ឡើយ​ទេ​ ព្រោះលោក​គង់​ រ៉ៃយ៉ា​នៅ​មាន​ការ​ជាប់​បណ្តឹង ឬក៏ជាប់​ការចោទប្រកាន់​ហ្នឹង​នៅឡើយទេ»។

មន្ត្រី​សិទ្ធិមនុស្ស​នេះ​ រំពឹង​ថា ​តុលាការ​នឹង​ផ្តល់​សុភវិនិច្ឆ័យ​ដោយ​ឯករាជ្យ​មួយក្នុង​សំណុំ​រឿង​ នេះ​ នៅពេល​ខាងមុខ ដោយ​តុលាការ​នឹង​ផ្តល់ឲ្យ​យុវជន​រូប​នេះ​វិញ​ នូវ​សិទ្ធិ​ពេញ​លេញ​ក្នុងការ​ចូលរួម​សកម្មភាព​សង្គម​ និង​នយោបាយ​ដូច​ពល​រដ្ឋ​ទូទៅ។

លោក ​សំ សុគង់​ មេធាវី​ការពារ​ក្តី ​លោក ​គង់ រ៉ៃយ៉ា​ មាន​ប្រសាសន៍​ថា​ លោក​នឹងបន្ត​ស្នើ​សុំ​ឲ្យ​តុលាការ​ លើក​លែង​បទចោទ​លើ​កូន​ក្តី​របស់​លោក នៅ​ពេល​ដែល​កូន​ក្តី​លោក​ឡើង​សវនាការ​ជនុំ​ជម្រះ​ទោស​នៅ​ថ្ងៃ​ទី​២០ ខែ​ធ្នូ​ខាង​មុខ។

ទាក់​ទង​នឹង​ការ​ហាម​ប្រាម​កូន​ក្តី​លោក​មិន​ឲ្យ​ធ្វើ​ការ​បញ្ចេញ​មតិ​តាម​បណ្តាញ​សង្គម​ ឬក៏​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​នោះ​ លោក​មេធាវី​យល់​ថា​ ជា​ការ​រឹត​ត្បិតសិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ និង​ដើរ​ហើរកូន​ក្តី​របស់​លោក។ លោក​បន្ថែម​ថា កូន​ក្តី​លោក​ក៏​មិន​ត្រូវ​ផ្លាស់​ប្តូរ​អាស័យដ្ឋាន​ស្នាក់​នៅ​ ដោយ​គ្មានការ​ជូនដំណឹង​ដល់​អាជ្ញាធរ​នោះ​ដែរ។

«វា​មាន​ន័យ​ថា​ សិទ្ធិ​របស់​កូន​ក្តី​ខ្ញុំបាទ​ ត្រូវ​បាន​រឹត​ត្បិត​ចំពោះ​សេរីភាព​ ក្នុង​ការ​បញ្ចេញ​មតិ​ បាន​ន័យ​ថា​ គឺ​វា​ប៉ះពាល​ទៅ​នឹង​សិទ្ធិ​ក្នុងការ​បញ្ចេញ​មតិ។ ទីពីរ​ទាក់​ទង​ទៅ​នឹង​ការ​ហាម​មិន​ឲ្យ​ធ្វើ​ដំណើរ​ចេញ​ទៅ​ក្រៅ​ប្រទេស​ ឬ​ក៏​ចេញ​ពី​ដែន​ដី​នៃព្រះរាជាណាចក្រ​កម្ពុជា​ហ្នឹង​ ក៏​វា​ប៉ះពាល់​ដល់​សិទ្ធិ​ក្នុង​ការ​ដើរ​ហើរ​ដែរ​ ដោយ​សារ​កូន​ក្តី​ខ្ញុំ​បាទ​ហ្នឹង​ ក៏​បាន​សន្យា​ថា​នឹង​មិន​គេច​វេស»។​

លោក​ គង់ រ៉ៃយ៉ា ​ធ្លាប់​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​១៨​ខែ​ កាល​ពី​ឆ្នាំ​២០១៦​ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​«ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍»​ ក្រោយ​ពី​រូប​លោក​បាន​ប្រកាស​ឲ្យ​សាធារណជន​ចូល​រួម​ធ្វើ​បដិវត្តន៍​ពណ៌​ប្រឆាំង​នឹង​រដ្ឋាភិបាល​បច្ចុប្បន្ន។​

នៅ​ក្នុង​សំណុំ​រឿង​រំឭក​ដល់​ការ​ស្លាប់​លោក ​កែម ឡី ​ដែល​នាំ​ដល់​ការ​ឃុំ​ខ្លួន​លោក​គង់​ រ៉ៃយ៉ា​ នោះ​ មានសកម្មជន​វ័យ​ក្មេង​មួយ​រូប​ទៀតគឺ​លោក​សួង នាគព័ន្ធ​ វ័យ២៩​ឆ្នាំ ត្រូវ​បាន​តុលាការ​សម្រេច​ដោះលែង​ឲ្យ​បាន​ស្ថិត​នៅក្រៅ​ឃុំ​ កាល​ពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា​នេះ។​ លោកសួង​ នាគព័ន្ធបានរង​ការ​ចោទ​ប្រកាន់​ដូចគ្នា​នឹង​លោក គង់​ រ៉ៃយ៉ា​ ដែរ៕

XS
SM
MD
LG