ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កសិករ​​ខេត្ត​ពោធិ៍សាត់​ជំពាក់​បំណុល​ច្រើន​ពេល​ខ្សត់​ទឹក​ភ្លៀង


កសិករដាក់គោយន្តក្នុងប្រឡាយទឹកជាម៉ាស៊ីន ដើម្បីបូមទឹកដាក់ស្រែរបស់ពួកគេក្នុងឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។ (ស៊ុន ណារិន/VOA Khmer)
កសិករដាក់គោយន្តក្នុងប្រឡាយទឹកជាម៉ាស៊ីន ដើម្បីបូមទឹកដាក់ស្រែរបស់ពួកគេក្នុងឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។ (ស៊ុន ណារិន/VOA Khmer)

ប្រជាកសិករ​នៅ​ទីនេះ ​ចាប់​ផ្តើម​ចេញ​មក​បូម​ទឹក​ពីប្រឡាយ​មេ​មួយ​ដែល​ត្រូវបាន​ស្ថាបនា​ដោយ​ក្រុមហ៊ុន​ចិន ដែល​មាន​ប្រវែង​២០គីឡូ​ម៉ែត្រ។ អ្នក​ខ្លះប្រើប្រាស់​ម៉ាស៊ីន​បូមទឹក ហើយ​អ្នក​ខ្លះ​ទៀត​ ប្រើប្រាស់​គោ​យន្ត​ជា​ម៉ាស៊ីន ដើម្បី​ជំនួយ​ដល់​ការបូមទឹក។

គោយន្ត​រាប់រយដែល​កសិករ​ប្រើប្រាស់​ដើម្បី​ធ្វើ​ដំណើរ​និង​ដឹក​កសិផល ត្រូវបាន​ទម្លាក់ចូល​ក្នុង​ប្រឡាយទឹក​ទាំង​លំបាក​ ដើម្បី​បូមទឹក ដាក់​ស្រែ​របស់​ពួក​គេ​ដែល​នៅដាច់ឆ្ងាយ​ពីមួយកន្លែង​ទៅ​មួយ​កន្លែង​ទៀត​។

កំពុង​រៀបចំ​ទុយោ​បូម​ទឹក​ពី​ប្រឡាយ​សង់ដោយក្រុមហ៊ុន​ Guangdong Foreign Construction Co., Ltd. លោក ណុប គឹមឡុង​ អាយុ​៤៤​ឆ្នាំ ជា​កសិករ​ម្នាក់ក្នុង​ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់​បានមាន​ប្រសាសន៍​ថា​ លោក​ធ្វើ​ស្រែ​ជាង​១៦​ហិកតា​ ដោយ​ក្នុង​នោះ​ជួលដីគេចំនួន៨​ហិកតា។

ក្នុង​សម្លៀក​បំពាក់​ប្រឡាក់​ដោយ​ភក់​ លោក គឹមឡុង ​បាន​ចំណាយ​ពេល​ប្រហែល​២០​ថ្ងៃ​ហើយ​ ដើម្បី​បូម​ទឹក តែ​មិន​ទាន់​គ្រប់​គ្រាន់​សម្រាប់​ស្រែ​របស់​លោក​នៅឡើយ​ទេ។ លោក​បាន​ចំណាយ​ថវិកា​ប្រហែល​២​ទៅ​៣​លាន​រៀល (ឬប្រហែល​ជា​៥០០ទៅ​៧៥០​ដុល្លារ​អាមេរិក​)​ រួច​ទៅហើយ​ ដើម្បី​បូម​ទឹក​ចេញ​ពី​ប្រឡាយ​នេះ។

លោក ណុប គឹមឡុង អាយុ៤៤ឆ្នាំ ជាកសិករម្នាក់ក្នុងឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ មានប្រសាសន៍ថាឆ្នាំនេះ មេឃមិនមានភ្លៀង ដែលធ្វើឲ្យស្រែរបស់លោកខ្វះទឹកសម្រាប់ប្រើប្រាស់។ (ស៊ុន ណារិន/VOA Khmer)
លោក ណុប គឹមឡុង អាយុ៤៤ឆ្នាំ ជាកសិករម្នាក់ក្នុងឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ មានប្រសាសន៍ថាឆ្នាំនេះ មេឃមិនមានភ្លៀង ដែលធ្វើឲ្យស្រែរបស់លោកខ្វះទឹកសម្រាប់ប្រើប្រាស់។ (ស៊ុន ណារិន/VOA Khmer)

ជាឪពុក​មាន​កូនបីនាក់​ក្នុងបន្ទុក លោក​ គឹមឡុង​បានប្រាប់​ VOA ថា៖

«ដឹង​តែ​ខាត​បង់​ហើយ។ អត់​ចំណេញ​បណ្តោយ។ ឲ្យ​តែ​បាន​រួច​ខ្លួន និង​បាន​ពូជ​មក​វិញ​បាន​ហើយ។ ប៉ុន្តែ​៦​ហិកតា​កន្លះ ចោល​បាត់​ហើយ។ ស្រោច​ស្រង់​អត់​បាន អត់​ទឹក​ទៅ​ដល់​សោះ»។ លោក​បន្ត​ថា៖ «ប៉ះពាល់​យ៉ាង​ធ្ងន់​តែ​ម្តង។ បើ​សិន​ជា​មាន​ទឹក​មក​ឆាប់ៗ នៅ​អាច​សង្រ្គោះ​បាន។ សំខាន់​បើ​អត់​ទឹក​អញ្ចឹង ប្រហែល​ជា​ខាត​បង់​ច្រើន​ហើយ​ខ្ញុំនោះ»។

អ្នកស្រី វិត ចាន់ធូ អាយុ៤០ឆ្នាំ រស់នៅក្នុងភូមិបឹងប្រីយ៍ ឃុំត្រពាំងជង មានប្រសាសន៍ថាស្រែរបស់អ្នកស្រី៣ហិកតា កំពុងរងផលប៉ះពាល់ ដោយសារកង្វះទឹក។ (ស៊ុន ណារិន/VOA Khmer)
អ្នកស្រី វិត ចាន់ធូ អាយុ៤០ឆ្នាំ រស់នៅក្នុងភូមិបឹងប្រីយ៍ ឃុំត្រពាំងជង មានប្រសាសន៍ថាស្រែរបស់អ្នកស្រី៣ហិកតា កំពុងរងផលប៉ះពាល់ ដោយសារកង្វះទឹក។ (ស៊ុន ណារិន/VOA Khmer)

ឈរ​នៅ​ក្បែរ​នោះ កសិករ​ម្នាក់​ទៀត គឺ​អ្នកស្រី វិត ចាន់​ធូ អាយុ​៤០ឆ្នាំ រស់​នៅក្នុង​ភូមិ​បឹង​ប្រីយ៍ ឃុំ​ត្រពាំងជង កំពុង​ជួយ​ស្វាមីក្នុង​ការ​បូម​ទឹក​ដាក់​ស្រែ​ទំហំ​៣ហិកតា​។ ប៉ុន្តែ​វា​ត្រូវការបូម​ច្រើន​ដង ទម្រាំ​ទៅ​ដល់​ស្រែ​របស់​អ្នកស្រី។

កសិករ​ធ្វើស្រែដែល​មានកូន​៤នាក់រូបនេះ​ បាន​មាន​ប្រសាសន៍ថា ដីស្រែ​របស់​អ្នកស្រី​ ​កំពុង​រង​ផល​ប៉ះពាល់​ ដោយ​សារ​កង្វះ​ទឹក។ ​អ្នកស្រី​បាន​ចំណាយ​ប្រាក់​ជាង​៧០​ម៉ឺន​រៀល (ឬប្រហែល​ជា១៧៥ដុល្លារ​អាមេរិក​)​ រួច​មក​ហើយ ដើម្បី​ទិញប្រេង​បូម​ទឹក​ដាក់​ស្រែ ដែល​នៅ​ឆ្ងាយ​ពី​ប្រភព​ទឹក។

អ្នកស្រី​បាន​ថ្លែង​ថា៖ «ឆ្នាំ​មុន​មាន​ភ្លៀង​មាន​អី​ ឆ្នាំ​នេះ​ អត់​អាលីង។ បូម​ទឹក​បួន​ដង​ហើយ​ ស្រូវ​មិន​ទាន់​បាន​ច្រូត​ផង។ មាន​តែ​ខាត​ពេញទំហឹង​ហើយ ប៉ុន្តែជ្រុល​ធ្វើ​ហើយ តស៊ូ​ក្រែង​បាន​មក​ខ្លះ​វិញ»។

គ្រោះ​ខ្វះទឹក​ជា​ផ្នែកមួយ​នៃបន្ទុក​ជា​ច្រើន​ផ្សេង​ទៀត​របស់​អ្នកស្រី​ចាន់​ធូ។ អ្នក​ស្រី​ជំពាក់​បំណុលគេ​ចំនួន​៦លាន​រៀល​ (ឬ​ប្រហែល​ជា១,៥០០​ដុល្លារ​អាមេរិក​)​ រួច​ទៅហើយ​ ហើយ​អ្នកស្រី​នឹង​ខ្ចី​គេ​ចំនួន​២លាន​រៀល​ទៀត (ឬប្រហែល​ជា​៥០០ដុល្លារ​អាមេរិក)​នៅ​ពេល​ឆាប់ៗ​ខាង​មុខ ដោយ​ក្នុង​មួយលាន​រៀល អ្នកស្រី​ត្រូវ​បង់​ការ​ប្រាក់ចំនួន៣​ម៉ឺន​រៀល ​ក្នុង​មួយ​ខែ។

នៅ​តាម​បណ្តោយ​ប្រឡាយ​ ក្រៅ​ពី​កសិករ​ដែល​កំពុង​បូម​ទឹក កសិករ​រាប់​សិប​នាក់ទៀត សម្រាកចាំ​មើល​ថា​តើ​នឹង​មាន​ការ​បង្ហូរ​ទឹក​ទៅ​តំបន់​ខាង​ក្រោម​ៗ ដែល​ពួកគេ​ត្អូញត្អែរ​យ៉ាងខ្លាំង​ថាបង្ក​ឲ្យ​មានការខ្វះខាត​ទឹក​សម្រាប់​ធ្វើ​ស្រែ។

លោក ដួង សាវី មេភូមិ​ឧកញ៉ាមាន់ ឃុំ​អូរ​តា​ប៉ោង ខេត្ត​ពោធិ៍សាត់​ និង​កសិករ​រាប់​សិប​នាក់​ទៀត បាន​កំពុង​រង់ចាំ​សាកសួរព័ត៌មាន​អំពី​ការ​បើក​ទឹក​ ដើម្បី​ឲ្យ​ពលរដ្ឋ​ដែល​នៅ​ឆ្ងាយៗ អាចទទួល​បាន​ទឹក​បង្ហូរ​ចូល​ដីស្រែ​របស់​ពួក​គាត់។ លោក​មាន​ប្រសាសន៍​ថាស្រែ​របស់​លោកចំនួន​៤ហិកតា កំពុង​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​។

លោក​និយាយ​ថា៖​ «អា​ខ្លះ​ទើប​តែ​បាន​មួយ​ខែ អាខ្លះ​ទើប​តែ​កន្លះ​ខែ​ហ្នឹង​ ឥឡូវ​កំពុង​តែ​អត់​ទឹក ស្វិត​អស់​រលីង»។ លោក​បន្ថែម​ថា៖ «ខ្ញុំ​ថា​ប្រជាពលរដ្ឋ​ឆ្នាំ​នេះ​ចំណាក​ស្រុក​ច្រើន(ទាំង​ក្នុង​និង​ក្រៅ​ប្រទេស)។ បើ​អត់​បាន​ទឹក​ទៅ​ស្រោចស្រប់ស្រែ​ទេ។ ទៅ​ធ្វើ​កម្លាំង​ពលកម្ម​ស៊ី​ឈ្នួល​គេ ទៅ​ធ្វើ​សំណង់ ដក​ដំឡូង ដាំពោត​អី​ចឹង​ទៅ»។

កាល​ពី​ថ្ងៃទី​១១ ខែ​ធ្នូឆ្នាំ​២០១៩ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ បាន​ប្រកាស​ថា​ប្រទេស​កម្ពុជា ប្រឈម​នឹង​ការខ្វះ​ទឹក​សម្រាប់​ធ្វើស្រែ​ចម្ការ។ លោក​អំពាវនាវ​ឲ្យ​ប្រជា​កសិករ​ធ្វើ​ស្រូវ​ប្រាំ​ងតែ​ម្តង​បាន​ហើយ។

លោក​បាន​មាន​ប្រសាសន៍ថា៖ «កង្វល់​ពិត​ប្រាកដ​របស់​យើង​ ខ្វះ​ទឹក សូម​ឲ្យ​ប្រជាពលរដ្ឋ​ កុំ​ធ្វើ​ស្រែ​ស្រូវ​ប្រាំង​ពីរ​ដង។ ធ្វើ​ម្តង​ច្រូត​កាត់​ហើយ អាច​ធ្វើ​ដាំណាំ​អី​ផ្សេង​វិញ»។

ជំទប់​ទី​១​នៃ​ឃុំ​ត្រពាំង​ជង ស្រុក​បាកាន​ ខេត្ត​ពោធិ៍សាត់ លោកស្រី ពេជ្រ ស្រី​សុផល បាន​ប្រាប់​ VOA នៅ​សាលាឃុំ​ថា​ ដីស្រែ​ជាង​២.៦០០​ហិកតា គឺ​ស្មើ​នឹង​ជាង​ពាក់​កណ្តាល​នៃ​ដី​ស្រែ​សរុប​នៅ​ក្នុង​ឃុំ​ កំពុង​រង​ផល​ប៉ះពាល់។ លោកស្រី​បាន​បន្ត​ថា​កង្វះ​ទឹក​នេះ គឺ​ដោយសារ​មេឃ​មិនបង្អុរភ្លៀង​ខ្លាំង​ និង​មួយ​វិញទៀត ប្រឡាយកំពុង​ស្ថិត​ក្នុង​ការ​ជុសជួល ដែលនាំ​ឲ្យ​មាន​ការ​បិទទឹក​នៅ​តំបន់​ខ្លះ។

ជំទប់​ឃុំរូប​នេះ​ បាន​បញ្ជាក់​ថា​កន្លង​ទៅ​លោកស្រី​បានអំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ស្រែ​បន្តិច​បន្តួច​បាន​ហើយ ដោយសារ​កង្វះទឹក ប៉ុន្តែ​ប្រជាពលរដ្ឋ​ប្រកែក​។

លោក​ស្រី​និយាយ​ថា៖ «គាត់​ធ្វើ​តាម​គេ។ គាត់​មិន​ជឿ​ថា​(អត់​ទឹក)។ ដល់​ពេល​ណា​គាត់​ធ្វើ​ស្រែ យើង​ត្រូវ​រក​ទឹក​ឲ្យ​គាត់។ ហើយ​យើង​ទៅ​រក​ទឹក​ពី​ណា។ ដល់​ពេល​អញ្ចឹង​គាត់​ខឹង​ជាមួយ​រដ្ឋាភិបាល។ ហើយ​មិន​ថែម​ទាំងខឹង​ជាមួយ​រដ្ឋាភិបាល មួយ​ចំនួន​គាត់​ទម្លាក់​បន្ទុក​ទៅ​លើ​សន្លឹក​ឆ្នោត។ វា​ចេះ​តែ​មាន​មតិ​មកអញ្ចឹង​ថា​បើ​អត់​បើក​ទឹក​ឲ្យ​អញ​ អញ​អត់​បោះ​ឆ្នោត​(ឲ្យ​)។ ទៅ​យក​ទឹក​ពីណា បើ​ទឹក​មាន​តែ​ប៉ុណ្ណឹង»។

ទោះ​យ៉ាង​ណា​ លោកស្រី ពេជ្រ ស្រី​សុផល បាន​ទទួល​ស្គាល់​ថា​ ការ​ខាត​បង់​ផល​ស្រូវនេះ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ជីវភាព​របស់​កសិករ​ ដែល​អាច​ធ្លាក់​ខ្លួនក្រ​ពីមួយ​ឆ្នាំ​ ទៅ​បី​ឆ្នាំ។

លោកស្រី​បញ្ជាក់​ថា៖ «បើ​អត់​បាន​ស្រូវ​មួយ​ឆ្នាំ គាត់​អាច​ក្រ ​បី​ឆ្នាំ។ មិន​មែន​អត់​ឆ្នាំ​ហ្នឹង គាត់​អាច​ក្រតែ​ឆ្នាំ​ហ្នឹង​ទេ»។

លោក​ យ៉ង់​ សាំងកុមារ ​អ្នក​ជំនាញ​កសិកម្ម ​ដែល​មាន​បទពិសោធន៍​ធ្វើ​ការងារ​ជាមួយ​កសិករ​ច្រើន​ឆ្នាំ​មក​ហើយ កត់​សម្គាល់​ថា​ កម្ពុជា​មាន​សក្តានុពល​ទឹក​ខ្ពស់ គឺ​សម្បូរបឹង​ ទន្លេ តែ​ការ​គ្រប់គ្រង​ទឹក​ មិន​ទាន់​បាន​ល្អ​នៅ​ឡើយ។

អតីត​ប្រធាន​មជ្ឈមណ្ឌល​សិក្សា​ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា ​ហៅ​កាត់​ CDAC លោក​ សាំង​កុមារ ​ដែល​ឥឡូវ​នេះ​ ​ជា​ប្រធាន​គណៈកម្មការ​នាយក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បន្ថែមថា​ ថវិកា​ជាតិ​ ត្រូវ​ទម្លាក់​ទៅ​ថ្នាក់​ក្រោម​ជាតិ ​ដើម្បី​ឲ្យ​ពួកគេ​មាន​ធនធានគ្រប់គ្រាន់​ក្នុង​ការ​បំពេញការងារ​ទាំង​អស់​នេះ។

លោក​បាន​ថ្លែង​ថា៖​ «ដើម្បី​ឲ្យ​ដោះ​ស្រាយ​បញ្ហា​ទឹក​បាន​ហ្នឹង ទាល់​ឲ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ហ្នឹង ថ្នាក់​ឃុំ​ថ្នាក់​ស្រុក​ហ្នឹង ឲ្យ​មាន​សិទ្ធិ មាន​អំណាច ​ធនធាន​គ្រប់គ្រាន់»។

លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​របស់​ក្រសួងធនធាន​ទឹក និង​ឧតុនិយម បាន​មាន​ប្រសាសន៍ថា​ ផ្ទៃ​ដី​ជាង​៤​ពាន់​ហិកតា​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់​ បាន​រង​ផល​ប៉ះពាល់​ដោយសារ​កង្វះ​ទឹក ប៉ុន្តែ​ត្រូវបាន​ជួយ​សង្រ្គោះ​ជិត២ពាន់​ហិកតា​រួច​មក​ហើយ ​មក​ដល់​ពេល​នេះ។

លោក​មាន​ប្រសាសន៍​ថា៖ «ទឹក​យើង​មាន​គ្រប់គ្រាន់ អត់​អី​ទេ។ គ្រាន់​តែ​ទាមទារ​ពេល​វេលា​បន្តិច​ហើយ។ យើង​កំពុង​តែ​ទម្លាក់​ទៅ​ហើយ អាច​មួយ​ថ្ងៃ​ពីរ​ទៀត​ហ្នឹង​ ទៅ​ដល់​ហើយ»។

លោក​បន្តថា​អាជ្ញាធរ​កំពុង​ធ្វើ​សកម្មភាព​ជួយ​សង្រ្គោះក្នុង​ខេត្ត​ចំនួន​១៣ លើ​ផ្ទៃដី​ប្រហែល​៤ម៉ឺន​៥ពាន់​ហិកតា ហើយ​ក្នុង​នោះប្រហែល​២​ម៉ឺន​ហិកតា​ ត្រូវបាន​ជួយ​សង្រ្គោះ​រួច​ហើយ។

លោក ចាន់ យុត្ថា បន្ថែម​ថា​ប្រព័ន្ធស្តុកទឹក​របស់​កម្ពុជា មាន​លទ្ធភាពជួយ​សង្រ្គោះ​ជាង​៦៨​ភាគរយ​នៃ​ផ្ទៃដី​បង្កបង្កើន​ផល​សរុប​នៅ​ទូទាំង​ប្រទេស ហើយ​រដ្ឋាភិបាល​កំពុង​ស្ថាបនា​អាង​ទឹក និង​ស្តារ​កន្លែង​ស្តុក​ទុក​ទឹក​ផ្សេង​ទៀត ដើម្បីបំពេញតម្រូវ​ការ​នៅ​ទូទាំង​ប្រទេស​ឲ្យ​បាន​១០០​ភាគរយ​នៅ​ពេល​ខាង​មុខ។

លោក​មាន​ប្រសាសន៍​ថា៖ «និយាយ​ឲ្យ​សាមញ្ញ​ យើង​មិន​មែន​ជប់​ណា។ ការ​ធ្វើ​ហ្នឹង​ទាម​ទារ​ពេល​វេលា ទាមទារ​ថវិកា។ ប៉ុន្តែ​យើង​បាន​និង​កំពុង​អនុវត្ត​ជា​បណ្តើរ​ហើយ»៕

XS
SM
MD
LG