សាលារាជធានីភ្នំពេញនឹងរៀបចំពិធីសូត្រមន្តឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះជិត៤០០នាក់ ដែលបានស្លាប់ក្នុងឧបទ្ទវហេតុរត់ជាន់គ្នានៅលើស្ពានពេជ្រ នៃទីក្រុងកោះពេជ្រ កាលពីអំឡុងពិធីបុណ្យអុំទូក ឆ្នាំ២០១០។ នេះបើតាមសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ។
សេចក្តីជូនដំណឹងចេញដោយលោក ឃួង ស្រេង អភិបាលសាលារាជធានីភ្នំពេញ ចុះថ្ងៃអង្គារនេះ បញ្ជាក់ថា ពិធីនេះនឹងប្រព្រឹត្តទៅនៅវេលាម៉ោង ០៧:០០នាទី ព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមានពិធីសូត្រមន្តនៅស្តូបក្បែរស្ពាននាគ ទីក្រុងកោះពេជ្រ ក្នុងរាជធានីភ្នំពេញ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនជនរងគ្រោះ ដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍រត់ជាន់គ្នានោះ។
សេចក្តីជូនដំណឹងដដែលបន្ថែមតាមន័យដើមថា៖
«សេចក្តីជូនដំណឹងនេះចាត់ទុកជាការនិមន្ត យាង និងអញ្ជើញ ពុទ្ធបរិស័ទ ញាតិមិត្តជិតឆ្ងាយ ពិសេសក្រុមគ្រួសារ បងប្អូន និងសាច់ញាតិនៃជនរងគ្រោះ ចូលរួមពិធីខាងលើ»។
VOA មិនអាចទាក់ទងសុំការអធិប្បាយបន្ថែមពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានទេ។
ប្រជាពលរដ្ឋ ដែលភាគច្រើនជាអ្នកដើរលេងកម្សាន្តចំនួន៣៥៤នាក់បានស្លាប់ និង៣៩៣នាក់ផ្សេងទៀតបានរងរបួស ក្នុងឧបទ្ទវហេតុភ័យស្លន់ស្លោររត់ជាន់គ្នានៅលើស្ពានកោះពេជ្រ កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ ដែលជាថ្ងៃចុងបញ្ចប់នៃព្រះរាជពិធីបុណ្យអុំទូក។
រដ្ឋាភិបាលកម្ពុជា បានផ្តល់អំណោយឧបត្ថម្ភដល់សពជនរងគ្រោះក្នុងម្នាក់ទទួលបានទឹកប្រាក់ជាង១២,០០០ដុល្លារសហរដ្ឋអាមេរិក។
ក្រោយសោកនាដកម្មដ៏អាក្រក់នោះបានកើតឡើង រដ្ឋាភិបាលក៏បានកសាងស្តូបមួយលើដីទំហំ៣៣ គុណ៣២ម៉ែត្រ ជាប់គល់ស្ពានពេជ្រត្រើយខាងលិច ជាទីកន្លែងដែលឧបទ្ទវហេតុបានកើតឡើង ដើម្បីរំឭកវិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់៕