ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សិទ្ធិ​មនុស្ស​ផ្តើម​ស៊ើប​អង្កេត​លើ​គ្រោះថ្នាក់​នៅ​កោះពេជ្រ


ជន​រង​គ្រោះ​ក្នុង​ឧបទ្ទវហេតុ​នៅ​ស្ពាន​កោះ​ពេជ្រ​​​រៀប​រាប់​អំពី​ព្រឹត្តិការណ៍​នៃ​ការ​រត់​ជាន់​គ្នា​នោះ។
ជន​រង​គ្រោះ​ក្នុង​ឧបទ្ទវហេតុ​នៅ​ស្ពាន​កោះ​ពេជ្រ​​​រៀប​រាប់​អំពី​ព្រឹត្តិការណ៍​នៃ​ការ​រត់​ជាន់​គ្នា​នោះ។

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​កំពុងធ្វើ​ការ​ស៊ើបអង្កេត​នៅក្នុង​ករណី​ឧបទ្ទវហេតុ​រត់​ជាន់​គ្នា​ស្លាប់​នៅលើ​ស្ពានកោះពេជ្រ​ ដើម្បី​ស្វែងរក​មូលហេតុ​ពិតប្រាកដ​ និង​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ។ ការ​ស៊ើបអង្កេត​នេះ​បានធ្វើឡើង​ សំដៅ​បម្រើដល់​យន្តការ​សិទ្ធិ​មនុស្ស​ និង​យុត្តិធម៌​ជាមូលដ្ឋាន​សម្រាប់​ជន​រង​គ្រោះ​ទាំងអស់​។ គណៈកម្មការ​ស៊ើបអង្កេត​របស់​រដ្ឋាភិបាល​បានរកឃើញ​ថា​ការស្លាប់​នេះ​បានបណ្តាលមកពី​ការរត់ស្លន់ស្លោ​ជាន់​លើ​គ្នា​និង​ការថប់ដង្ហើម​ ហើយ​មន្ត្រី​រដ្ឋាភិបាល​បាន​និយាយ​ថា​ការ​ស៊ើប​អង្កេតនេះ​ជា​សិទ្ធិ​របស់​មជ្ឈមណ្ឌលសិទ្ធិ​មនុស្ស​កម្ពុជា។

ពិធីបុណ្យ​អុំទូក​ប្រចាំឆ្នាំ​របស់​ប្រទេស​កម្ពុជា​បានបញ្ចប់​ដោយ​សោកនាដកម្ម​កាលពីយប់​ថ្ងៃច័ន្ទ​ ទី​២២ ខែ​វិច្ឆិកា បន្ទាប់ពី​អ្នកដើរកម្សាន្ត​ច្រើនរាប់ពាន់​នាក់​បានរត់ជាន់លើគ្នា​នៅលើ​ស្ពាន​កោះពេជ្រ​ដែល​មាន​មនុស្ស​ណែន​ណាន់​តាន់តាប់​ដោយ​បានសម្លាប់​មនុស្ស​៣៥២​នាក់ និង​រងរបួស​៣៩៥​នាក់។

លោក​សាំង សុខា​ អាយុ​២២​ឆ្នាំ​នៅ​ស្រុក​ខ្សាច់​កណ្តាល ​ខេត្ត​កណ្តាល​បានស្លាប់​ពី​ការរង​របួស​ធ្ងន់​កាលពីថ្ងៃ​ព្រហស្បតិ៍​ ដែល​បានធ្វើឱ្យ​ចំនួន​អ្នកស្លាប់​បានកើន​ដល់​៣៥២​នាក់​រហូតមក​ដល់​ពេលនេះ។

លោក​អ៊ូរ វីរៈ​ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​ថ្លែង​ប្រាប់​ VOA​ ថា​ការ​ស៊ើប​អង្កេត​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ម៉ត់ចត់ និង​ប្រុងប្រយ័ត្ន​បំផុត​ដើម្បី​រកឱ្យឃើញ​មូលហេតុ​ពិតប្រាកដ​នៃ​មរណភាព​ និង​ការ​រងរបួស​នេះ។

«យើង​ខំ​ស្វែងរក​ការពិត​ ដើម្បី​ជា​ការ​ឧបត្ថម្ភ​ជួយ​ព័ត៌មាន​ដល់​ជនរងគ្រោះ​ និង​រដ្ឋាភិបាល​។ ​ជា​ទូទៅ​ យើង​ធ្វើ​ការ​ស៊ើបអង្កេត​នេះ។ យើង​យក​ព័ត៌មាន​ជា​បឋម​ទាក់ទង​រឿង​ព្រឹត្តិការណ៍​កើត​ហេតុ​ដែល​មាន​ការ​សម្ភាស​ជាមួយ​សាក្សី​ឃើញ​ផ្ទាល់​ភ្នែក​ ជនរងគ្រោះ​ និង​អ្នក​រង​របួស​នៅក្នុង​ព្រឹត្តិការណ៍​នោះ​»។

លោក​អ៊ូរ វីរៈ​ បាន​ថ្លែង​ថា​ការ​ស៊ើប​អង្កេត​នេះ​បម្រើ​ដល់​យន្តការ​សិទ្ធិ​មនុស្ស​ និង​យុត្តិធម៌​ជាមូលដ្ឋាន​សម្រាប់​ជនរងគ្រោះ​ទាំងអស់។

«ជាទូទៅ​នៅក្នុង​គោល​ការណ៍​សិទ្ធិ​មនុស្សករណី​ស្លាប់​និង​រងគ្រោះ​នេះ​តាម​ផ្លូវ​ច្បាប់​ គួរតែ​មាន​ការទទួល​ខុស​ត្រូវ​តាម​ផ្លូវច្បាប់​ផង​ដែរ​ ហើយ​អនុញ្ញាត​ឱ្យ​ជនរងគ្រោះ​ស្វែងរក​ការ​ពិត។ យើង​ឃើញហើយ​ការទទួល​ខុសត្រូវ​ និង​ការ​ស្វែងរក​ការពិត​នេះ​ជា​រឿង​មួយ​ដែល​ជា​យន្តការ​នៅក្នុង​ពិភពលោក​ដែល​យន្តការ​សិទ្ធិ​មនុស្ស និង​យន្តការ​យុត្តិធម៌ ដើម្បី​ជំរុញ​ឱ្យ​មាន​ការពិត»។

លោក​អ៊ូរ វីរៈ​ បានបន្ត​ថា​ការស៊ើបអង្កេត​នេះ​ត្រូវ​ប្រមូល​ព័ត៌មាន​គ្រប់ជ្រុងជ្រោយ​តាម​ការធ្វើសម្ភាស​ជាមួយ​គ្រួសារ​សាកសព​ ជនរងរបួស​ និង​អ្នក​បាន​ឃើញ​ហេតុ​ការណ៍។

លោក​អ៊ូរ វីរៈ​ បាន​បញ្ជាក់​ថា​ការផ្តល់​ប្រាក់​បច្ចុប្បន្ន​ដល់​គ្រួសារ​សព និង​ជនរងរបួស​ពី​រដ្ឋាភិបាល ​ក្រុមហ៊ុន​ កាកបាទ​ក្រហម​ និង​សប្បុរសជន​ផ្សេងៗ​តាមរយៈ​ទូរទស្សន៍​គឺជា​អំណោយ​មនុស្ស​ធម៌​ ប៉ុន្តែ​វា​មិនមែន​ជា​សំណង​តាម​ផ្លូវ​ច្បាប់​ទេ។

លោក​ធន សារាយ ​ប្រធាន​សមាគម​សិទ្ធិ​មនុស្ស​ Adhoc ​បានបញ្ជាក់​ថា​លោក​គាំទ្រ​ដំណើរ​ការស៊ើបអង្កេត​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ក្នុង​កិច្ចខំប្រឹងប្រែង​ស្វែងរក​យុត្តិធមិ​សម្រាប់​ជនរងគ្រោះ។

លោក​ផៃ ស៊ីផាន​ រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ប្រចាំ​ទីស្តី​ការគណៈ​រដ្ឋមន្ត្រី ​បានថ្លែង​យ៉ាង​ដូច្នេះ​ថា៖

«អង្គការ​សិទ្ធិ​មនុស្ស​កម្ពុជា​ធ្វើការ​ស៊ើបអង្កេត​នៅក្នុង​ឧបទ្ទវហេតុ​រត់ជាន់គ្នា​ស្លាប់​នេះ​ វា​ជា​សិទ្ធិ​របស់​អង្គការ​សិទ្ធិ​មនុស្ស​កម្ពុជា​។ បើ​ការស៊ើបអង្កេត​នេះ​មាន​ទិសដៅ​គ្រាន់តែ​ការវាយ​ប្រហារ​មកលើ​រាជ​រដ្ឋាភិបាល​ទេ​ វា​មិន​មាន​អ្វី​គ្រាន់តែ​ធ្វើ​ឱ្យ​រំខាន​តែប៉ុណ្ណោះ»។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​គ្មាន​មន្ត្រី​រដ្ឋាភិបាល​ណាម្នាក់​ត្រូវបាន​ដាក់ទណ្ឌកម្ម​ ឬ ​ដក​ចេញ​ពី​តំណែង​ចំពោះ​ឧបទ្ទវហេតុ​រត់ជាន់គ្នា​ស្លាប់​នៅលើ​ស្ពាន​កោះពេជ្រ​ ហើយ​បានហៅ​សោកនាដកម្ម​នេះ​ថា​ជា​កំហុស​រួម៕

XS
SM
MD
LG