ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រោយ​មរណភាព​កូនស្រី​ គ្រួសារ​បាត់​បង់​ប្រាក់​ចំណូល


កាល​ពី​ថ្ងៃ​ពុធ ពលរដ្ឋ​ខ្មែរ​​ដើរ​លើ​ស្ពាន​​ពេជ្រ​ជា​កន្លែង​មាន​កើត​ទបទ្ទវហេតុ​រត់​ជាន់​គ្នា​កាល​ពី​ថ្ងៃ​ទី​២២​ខែ​វិច្ឆិកា ដែល​បាន​សម្លាប់​មនុស្ស​៣៥៣​នាក់។ ព្រះ​សង្ឃ​បាន​សូត្រ​មន្ត​កាល​ពី​ថ្ងៃ​ពុធ​ដើម្បី​ផ្តល់​សេចក្តី​សុខ​និង​សុវត្ថិភាព​ ក្នុង​ពិធី​បើក​ស្
កាល​ពី​ថ្ងៃ​ពុធ ពលរដ្ឋ​ខ្មែរ​​ដើរ​លើ​ស្ពាន​​ពេជ្រ​ជា​កន្លែង​មាន​កើត​ទបទ្ទវហេតុ​រត់​ជាន់​គ្នា​កាល​ពី​ថ្ងៃ​ទី​២២​ខែ​វិច្ឆិកា ដែល​បាន​សម្លាប់​មនុស្ស​៣៥៣​នាក់។ ព្រះ​សង្ឃ​បាន​សូត្រ​មន្ត​កាល​ពី​ថ្ងៃ​ពុធ​ដើម្បី​ផ្តល់​សេចក្តី​សុខ​និង​សុវត្ថិភាព​ ក្នុង​ពិធី​បើក​ស្

អ្នកស្រី​ចឹក បូភី ​អាយុ​៤០​ឆ្នាំ​បាន​ស្រមៃ​ឃើញ​កូន​ស្រី​ឌុក ស្រីមុំ ​របស់​គាត់​ដែល​បាន​ស្លាប់​នៅ​ក្នុង​គ្រោះ​មហន្តរាយ​នៅ​លើ​ស្ពាន​កោះ​ពេជ្រ​នោះ​ ថា​នៅ​តែ​មាន​ជីវិត​រស់​ជាមួយ​គាត់និង​ក្រុម​គ្រួសារ​ ខណៈ​ដែល​គាត់បាន​ឃើញ​កូនស្រី​អ្នក​ជិត​ខាង​ដើរកាត់​មុខ​ផ្ទះ។

អ្នកស្រី​បាន​បញ្ជាក់​ថា​ឥឡូវ​នេះ​ អ្នកស្រី​មាន​ការសោក​ស្តាយ​និង​សោក​សង្រេង​យ៉ាង​ខ្លាំង​ចំពោះ​ការបាត់​បង់​កូន​ស្រី​សំណប់ហើយ​ហាក់​ដូចជាបាន​បាត់​បង់​អ្វីៗ​ទាំង​អស់​នៅ​ក្នុង​ឆាក​ជីវិត។

កញ្ញា​ឌុក ស្រីមុំ​ អាយុ​២០ឆ្នាំ​ បាន​ប្រសូត្រ​នៅក្នុង​គ្រួសារ​កសិករ​ក្រីក្រ​នៅក្នុង​ភូមិ​មួយ​នៃ​ឃុំ​កំពង់ អំពិល ​ស្រុក​ពារាំង​ ខេត្ត​ព្រៃវែង។ ប៉ុន្តែ​នាង​បាន​ខំប្រឹង​ជំនះ​នឹង​ភាព​ក្រលំ​បាក​នេះ ​រហូតដល់​ពេល នាង​បាន​ស្លាប់​នៅក្នុង​ឧបទ្ទវហេតុ​រត់ជាន់​គ្នា​ស្លាប់​នៅលើ​ស្ពាន​កោះពេជ្រ​កាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា​។

ចាប់​ពី​ពេល​នេះទៅ ​អ្នកស្រី​ចឹក បូភី​ ​មិនអាច​មើលឃើញ​កូន​ស្រី​សំណប់​តទៅ​ទៀត​បាន​ទេ។ ​អ្នក​ស្រី​បាន​និយាយ​ថា​គាត់​នឹក​នាងនិង​ចង់​ជួប​នាងប៉ុន្តែ​គាត់អាច​បាន​ត្រឹម​រក្សា​ទុក​រូប​កូន​ស្រី​នេះ​នៅ​ក្នុង​បេះ​ដូង​និង​ការចងចាំ​របស់​គាត់​ជារៀង​រហូត។

អ្នកស្រី​បាន​បន្ថែម​ថា​ម្តាយ​និង​កូន​មិន​អាច​ជួប​គ្នា ​មិន​អាច​ស្តាប់គ្នា ​និង​មិនអាច​ប៉ះពាល់​សាច់​គ្នា​ទៅវិញ​ទៅមក​បាន​ទៀត​ទេ ​ពីព្រោះ​យើង​កំពុង​រស់នៅ​ក្នុង​ភព​ផ្សេង​គ្នា​ ប៉ុន្តែ​អារម្មណ៍​នៅ​តែ​រស់​ជាលក្ខណៈ​ម្តាយ​ និង​កូន​ស្រី​ជា​ដរាប។

ម្តាយ​សព​កញ្ញា​ឌុក ស្រីមុំ បាន​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​របស់​កូនស្រី​ឱ្យ​ទៅ​កាន់​សុគតិភព​ និង​បួង​សួង​ឱ្យ​នាង​បាន​ទៅ​ចាប់​ជាតិ​ក្នុង​ត្រកូល​អ្នកមាន​និង​សប្បុរសធម៌​និង​កុំឱ្យ​ជួបភាព​ក្រ​លំបាក​ដូច​ជាតិ​នេះ​ ទៀត​ព្រម​ទាំង​រៀន​បាន​ខ្ពង់​ខ្ពស់​ដល់​សាកលវិទ្យាល័យ​ប្រកប​ដោយ​ចំណេះ​វិជ្ជា​ ការយល់​ដឹង ​និង​បញ្ញា​វាងវៃ ​ហើយ​ជា​ពិសេស ​សុំ​បន់​ស្រន់​ឱ្យ​នាង​ប្រព្រឹត្តតែ​អំពើ​ល្អ​មាន​អាយុវែង​ជាង​ជាតិនេះ​ និង​កុំឱ្យ​ជួប​ប្រទះ​ឧបទ្ទវហេតុ​ដ៏អាក្រក់​នេះ​ទៀត។

ឌុក ស្រីមុំ ​បាន​បោះ​បង់​ចោល​ការសិក្សា​របស់​នាង​នៅត្រឹម​ថ្នាក់​ទី៨​ និង​បន្ទាប់​មកបាន​សុំ​ម្តាយ​ឪពុក​មក​ភ្នំពេញ​ដើម្បី​រកការងារ​ធ្វើ​យក​ប្រាក់​ទៅ​ជួយ​ជីវភាព​គ្រួសារ​និង​ផ្គត់​ផ្គង់​ការសិក្សា​របស់​បង​ប្អូន​ប្រុស​ស្រី​ ខណៈ​ដែល​ស្ថានភាព​ជីវភាព​គ្រួសារ​បាន​ប្រឈម​នឹង​ភាពក្រីក្រ​និង​ការធ្វើ​ស្រែ​មិនសូវ​បាន​ផល​សម្រាប់​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ។

អ្នកស្រី​ចឹក បូភី​បាន​បញ្ជាក់​ថា៖

«សម្រេច​ចិត្ត​ទៅ​ធ្វើ​ការ​រោងចក្រ​ហ្នឹង ​ម្តាយ​ឪពុក​ក្រ ​ទៅជួយ​ឲ្យ​ថវិកា ​បង​ប្អូន​រៀន​ ហើយ​ជួយ​ដល់ ម្តាយ​ ឪពុក​ផង​ បាន​សម្រេច​ចាក​ចេញ​ទៅ​ធ្វើ​ការ​រោង​ចក្រ ​ដោយ​បោះបង់​ការងារ​រៀន​សូត្រ។​ កិច្ចការងារ​ក្នុងផ្ទះ​ធ្វើ​សព្វ​បែប​យ៉ាង​មិន​ដែល​ឲ្យ​ខ្ញុំ​ពិបាក​ទេតាំង​ពី​តូចមក។ កូន​ខ្ញុំ​មាន​ចរិត​ស្លូត​បូត»។

មុន​ពេល​ស្រីមុំ​ បាន​សម្រេច​បោះបង់​ចោល​ការសិក្សា​នៅ​ក្នុង​ឆ្នាំ​២០០៥​នោះ​ អ្នកស្រី​ចឹក ​បូភី ​បាន ប្រាប់​កូន​ស្រី​ថា ​គាត់មិន​ចង់​ឱ្យ​កូន​បោះបង់​ចោល​ការ​សិក្សា​ទេ។ គាត់​ចង់​ឱ្យ​កូន​បន្ត​ការសិក្សា​ទៀត​ បើ​ទោះ​បី​ជា​គ្រួសារ​បាន​ជួប​ប្រទះ​នឹង​ភាពក្រីក្រ​ក៏​ដោយ។ ប៉ុន្តែ​សពស្រី​មុំ បាន​ឆ្លើយ​តបថា​ នាង​ត្រូវ​តែ​ចេញ​ទៅរក​ប្រាក់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​និងការ​សិក្សា​របស់​បងប្អូន​ទាំង​អស់។

អ្នកស្រី​ចឹក បូភី ​បាន​រំលឹក​ដោយ​បង្ហាញ​ទឹកមុខ​ក្រៀម​ក្រំ​ចំពោះ​ស្រីមុំ​ថា គាត់មិនអាច​បំភ្លេច​នូវ​អ្វី​ដែល​កូន​ស្រីបាន​និយាយ​និង​បាន​ធ្វើ​ជា​ផល​ប្រយោជន៍សម្រាប់​គ្រួសារ​ហើយ​គាត់ចង់​ធ្វើ​ជាម្តាយ​និង​កូន​នៅ​ជាតិ​ក្រោយ​ទៀត។

កញ្ញា​ឌុក ស្រីមុំ ​គឺជា​មរណជន​ម្នាក់​ក្នុង​ចំណោម​មរណជន​៣៥៣នាក់​នៅក្នុង​ឧបទ្ទវ​ហេតុ​រត់ជាន់​គ្នា​ស្លាប់​នៅ​លើ​ស្ពាន​កោះពេជ្រ​កាលពី​ថ្ងៃទី២២​ ខែ​វិច្ឆិកា​ ដែល​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ​បាន ពិពណ៌នា​ថា​ជាសោកនាដកម្ម​ដ៏ធំ​ធេង​សម្រាប់​ប្រទេស​កម្ពុជា​ ចាប់តាំងពី​ការកាប់សម្លាប់​របស់​របប ខ្មែរ​ក្រហម​នៅក្នុង​ទសវត្សរ៍​១៩៧០។

គ្រួសារសព​កញ្ញា​ឌុក ស្រីមុំ ​បាន​ទទួល​ប្រាក់​ជាង​១០.០០០​ដុល្លារ​អាមេរិក​ពី រដ្ឋាភិបាល​ សប្បុរស​ជន​ និង​ក្រុមហ៊ុន​មជ្ឈ​មណ្ឌល​កម្សាន្ត​កោះពេជ្រ។

កញ្ញា​ឌុក ស្រីមុំ ​មាន​ការងារ​ធ្វើ​នៅ​រោងចក្រ​កាត់​ដេរ ​Chou Shing ​នៅក្នុង​ខណ្ឌ​ឬស្សីកែវ ​រាជធានី ភ្នំពេញ​អស់​ រយៈ​ពេល​ពីរឆ្នាំ​ មុន​នឹង​នាង​បាន​ទទួល​មរណភាព។

ម្តាយ​សព​ស្រី​មុំ ​បាន​បន្ថែម​ថា​ កូនស្រី​របស់​អ្នកស្រី​មិន​ដែល​ថ្ងូរ​ពីការ​លំបាក​ក្នុង​ការងារទេ ​ពីព្រោះ នាង​ត្រូវការ​ប្រាក់​ជួយ​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ។ អ្នកស្រី​មាន​ការរន្ធត់​យ៉ាងខ្លាំង​ចំពោះ​មរណភាព​របស់ កូន​ស្រី​នេះ​ដែល​ជា​សសរ​ទ្រូង​ដ៏រឹងមាំ​សម្រាប់​គ្រួសារ។

«កូន​ខ្ញុំ​មិន​ដែល​ធ្លាប់​ថ្ងូរ​ទុក្ខ​លំបាក ​និង​ការងារ​ទេ ​ពីព្រោះ​កូនខ្ញុំ​ចង់​បាន​លុយ​មក​ចិញ្ចឹម​ម៉ែ ​ឪ ​បង​ប្អូន ​មិនដែល​ថ្ងូរ​ពីទុក​លំបាក​ការងារ​យប់ថ្ងៃ​អ្វីទេ។ កូន​ខ្ញុំ​ជា​គ្រឹះ​ដ៏​ធំ​មួយ​សម្រាប់​ផ្គង់​ផ្គង់​ជីវភាព​នៅក្នុង​គ្រួសារ។ ខ្ញុំ​អាង​កូន​ហ្នឹង»។

អ្នកស្រី​ជា ចន្ធូ ​អាយុ​៣១​ឆ្នាំ ​ប្រធាន​ក្រុម​របស់​សព​ឌុក ​ស្រីមុំ​នៅ​រោងចក្រ​កាត់​ដេរ ​Chou Shing ​បាន និយាយ​ថា នាង​មាន​ចរិតស្លូត​បូត ​សុភាព​រាបសា ​ចេះ​ស្តាប់​បង្គាប់​ ឧស្សាហ៍​ព្យាយាម​ក្នុង​ការងារ​ និង​ចេះ​ជួយ​យក​អាសា​មិត្ត​រួម​ការងារ។

«ក្មេង​ហ្នឹង​ មនុស្ស​វា​ស្លូត ​សុភាព​រាបសា។ មនុស្សយក​ចិត្ត​ទុកដាក់​ និង​ការងារ​ ដូចថា​ ថែមម៉ោង​ ថែមអ្វី​អញ្ចឹង ​ឲ្យតែ​គេ​ឲ្យ​ថែម​ចង់​បាន​លុយ​ចេះតែ​ខិតខំ​ថែម​អញ្ចឹង​ណាស់។ ចរិត​វា ស្លួត​បូត​ ចេះ​ជួយ​គេ ​ហើយ​ចេះ​ស្តាប់​បង្គាប់។ ដួច​ថា​ យើង​ជា​មេ​អញ្ចឹង​ យើង​ប្រើ​ឲ្យ​ទៅ​ណា​អញ្ចឹង ​វា​ទៅ វា​ឥតប្រកែក​ ប្រឆាំង​ជាមួយ​យើង ត​ពាក្យ​តសម្តី។ និយាយរួមកូនហ្នឹង​ល្អ​តែម្តង​ចរិត។ និយាយ​មួយ​ម៉ាត់​ឲ្យ​ចំ»។

លោក​ព្រឿង ទូច ​អាយុ​២៣ឆ្នាំ ​ជា​អ្នក​ជិត​ខាង​របស់​សព​ឌុក ស្រីមុំ ​បាន​បញ្ជាក់​ថា ​នាង​ឧស្សាហ៍​ ព្យាយាម​ជួយ​កិច្ចការ​ផ្ទះ​គ្រប់​បែប​យ៉ាង​ហើយ​នៅ​រោងចក្រនាង​បាន​ខំ​ធ្វើការ​តាំងពី​ម៉ោង​៨​ព្រឹក​ រហូត​ដល់​ម៉ោង​៨យប់​ជារៀង​រាល់​ថ្ងៃ​ដោយ​ធ្វើការ​ថែម​ម៉ោង។

លោក​ព្រឿង ទូច ​បាន​បន្ថែមថា​ ប្រាក់ខែ​របស់​នាង​៧០ភាគ​ត្រូវ​បាន​ផ្ញើ​មក​ផ្ទះ​សម្រាប់​ជួយ​ជីវភាព គ្រួសារ ​ហើយ​បាន​ទុក​ប្រាក់​បន្តិចបន្តួច​សម្រាប់​ចំណាយ​ក្នុង​មួយខែៗ​តែប៉ុណ្ណោះ។

អ្នកស្រី​ចឹក បូភី​ បាន​ថ្លែង​ថា​កូនគាត់រក​ប្រាក់​បាន​រវាង​ពី​៨០ទៅ​១២០ដុល្លារអាមេរិក​ ក្នុងមួយ​ខែ​ពី​ការងារ​៨ម៉ោង​និង​ការងារ​ថែមម៉ោង​។ កូនស្រី​របស់​គាត់​បាន​ផ្ញើ​ប្រាក់​ពី​៤០ទៅ​៨០ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ​ទៅ​ផ្ទះ​ដើម្បី​ជួយ​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ និង​មាន​ចរិក​ល្អ ​សីលធម៌​ល្អ ​ទំនាក់​ទំនងល្អ ​និង​ឧស្សាហ៍​ព្យាយា​មធ្វើ​ការងារ ​ព្រម​ទាំង​ចេះ​ជួយ​យក​អាសា​មិត្ត​ភក្តិ​ និង​អ្នក​ជិត​ខាង ​នៅពេល​មាន​ជម្ងឺ​ពិធី​បុណ្យ ​និង​ពិធី​អាពាហ៍​ពិពាហ៍​នៅ​ក្នុង​ភូមិ។

អ្នក​ស្រី​ចឹក ​បូភី​ បាន​បញ្ជាក់​ថា ​គាត់​បាន​បាត់​បង់​ប្រាក់​ចំណូល​ដែល​កូនស្រី​បាន​ខំ​ធ្វើ​ជារៀង​រាល់ ថ្ងៃ​ និង​រាល់ខែ។

អ្នក​ស្រី​បាន​ពឹង​លើ​សព​កូន​ស្រី​នេះ​ទាំង​ស្រុង​ក្នុង​ការ​ជួយ​រក​ប្រាក់​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ​ហើយ​ការ បាត់​បង់​កូន​ស្រី​នេះ​គឺជា​ការបាត់បង់​ផ្នែក​ស្មារតី​និង​ជីវភាព​ដ៏​ធំធេង​ពីព្រោះ​គ្រួសារ​មាន​ជីវភាព​ក្រីក្រ៕

XS
SM
MD
LG