ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ខ្មែរ​អាមេរិកាំង​បន្ត​រៃអង្គាស​ថវិកា​សម្រាប់​ជន​រងគ្រោះ​កោះពេជ្រ


ស្ពាន​ពេជ្រ​ក្នុង​ថ្ងៃ​បើក​ឡើង​វិញ។

ក្រុម​ពលរដ្ឋខ្មែរ-​អាមេរិកាំង​ក្នុង​តំបន់​ជុំវិញរដ្ឋ​ធានី​វ៉ាស៊ីនតោន​បាន​ជួបជុំ​គ្នា​ដើម្បី​រៃ​អង្គាស​ថវិកា​សម្រាប់​ជួយ​ដល់​ជនរងគ្រោះ​ពីការ​រត់​ជាន់​គ្នា​នៅ​តំបន់​កោះពេជ្រ និង​ឧបត្ថម្ភ​ដល់​ក្រុម​គ្រួសារ​អ្នកដែល​បាន​ស្លាប់​បាត់​បង់ជីវិត​ទៅ។

នៅ​ក្នុង​ការ​ជួបជុំ​កាលពី​រាត្រី​ថ្ងៃសៅរ៍​ដែល​ធ្វើឡើង​ក្នុង​សណ្ឋាគារ​មួយ​នៅ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ក្រុម​អ្នក​រៀបចំ​ដែល​មក​ពី​សមាគម​អង្គរ​បាន​ស្នើសុំ​អ្នក​ចូលរួម​ឱ្យ​បន្ត​ជួយ​ដល់​ជន​រងគ្រោះ​តំបន់​កោះពេជ្រ​ឱ្យ​បាន​ជាប់​ជា​ប្រចាំ។

លោក​ កែវ ថម ​អនុប្រធាន​សមាគម និង​ជា​អ្នក​រៀបចំ​ម្នាក់​បាន​បញ្ជាក់ថា របៀប​ចាត់​ចែង​មូលនិធិ​ដែល​ប្រមូល​បាននឹង​មាន​លក្ខណៈ​ខុស​ពីការជួយ​ឧបត្ថម្ភ​ដែល​គេ​បាន​ធ្វើ​កន្លង​មក​ គឺ​តំណាង​សមាគម​នឹង​ស្វែងរក​ក្រុម​គ្រួសារ​ដែល​ត្រូវ​ការ​ការ​ឧបត្ថម្ភ​ក្នុង​ការ​ព្យាបាល​និង​កូន​ជនរងគ្រោះ​ដែល​ត្រូវ​ការ​ថវិកា​សម្រាប់​យក​ទៅ​សិក្សា​ជាដើម។ លោក​បន្ត​ថា៖

«ការណ៍​ដែល​យើង​ចង់​ជួយ​អ្នករងគ្រោះ និង​សមាជិក​នៃក្រុម​គ្រួសារ​ជនរងគ្រោះ​គឺ​យើង​ចង់​ជួយ​តាម​របៀប​ផ្តល់​អាហា​រូបករណ៍ ដោយ​យើង​ចង់​ឱ្យ​អ្នក​រងគ្រោះ​ទាំងអស់​បំពេញ​នូវ​ពាក្យសុំ ​រៀបរាប់​អំពី​ប្រវត្តិ​នៃ​ក្រុមគ្រួសារ​ដែល​បាត់បង់ជីវិត​ឬ​ក៏របួស​យើង​នឹង​ធ្វើការ​ពិនិត្យពិច័យ​ហើយ​យើង​នឹង​ជួយ​លៃលក​ទៅ​តាម​លទ្ធភាព​ដែល​យើង​អាច​ធ្វើ​ទៅ​បាន»។

ក្នុង​កម្មវិធី​ដែល​មាន​ការប្រគុំ​តន្រ្តី​ដើម្បី​ទាក់ទាញ​ឱ្យ​មាន​អ្នកចូលរួម​ច្រើន​ក្រុម​អ្នករៀបចំ​ក៏​មាន​បោះពុម្ព​ជា​ប្រតិទិន​ដាក់លក់​យក​ថវិកា​សម្រាប់​ដាក់​ចូល​ក្នុង​ការ​រៃអង្គាស​នោះ​ដែរ។

លោក កែវ ថម ​បាន​បញ្ជាក់​បន្ថែម​ថា ការ​ជួយ​ឧបត្ថម្ភ​នេះ​នឹង​បន្ត​ជាប់​ជារៀង​រហូត​មិន​កំណត់​ឈប់​ត្រឹម​តែ​កម្ម​វិធី​មួយ​នេះ​ទេ។

«គឺ​យើង​បន្ត​រៃអង្គាស​លុយ​ដើម្បី ​បាន​បន្ថែម​ទៅ​ជួយ​ដល់​អ្នក​រងគ្រោះ​នោះ​គឺ​យើង​នៅ​តែ​បន្ត​ធ្វើការ​រៃអង្គាស​លុយ​ដើម្បី ​នឹង​យក​លុយ​ទាំងនោះ​ទៅ​ ជួយ​ឱ្យ​បាន​ច្រើន​តទៅទៀត»។

ក៏​មាន​ការ​ដាក់​លក់​ម្ហូប​ដល់​អ្នក​ដែល​ចូលរួម​និង​សំបុត្រ​ចូល​ផង​ដែរ​ដែល​ថវិកា​ខ្លះ​នឹង​ដាក់​ចូល​ក្នុង​ផ្នែក​នៃ​ការ​រៃអង្គាស។

មាន​ជនរងគ្រោះ​ដែល​បាត់​បង់​ជីវិត​ពីការ​រត់​ជាន់​គ្នានៅ​តំបន់​កោះ​ពេជ្រ​ដែល​បាន​កើត​ឡើង​កាល​ពីយប់​ថ្ងៃ​ទី២២ ​ខែ​វិច្ឆិកា​ចំនួន​៣៥៣នាក់​និង​មាន​អ្នក​របួស​ជិត​៤០០​នាក់។ រហូត​មក​ដល់​ពេល​នេះ​មាន​អ្នក​របួស​ជិត​៦០នាក់​ទៀត​នៅ​កំពុង​ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ​មួយ​ចំនួន​ក្នុងទីក្រុង​ភ្នំពេញ​នៅ​ឡើយ។

លោក​ ហែម ហេង​ ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក​ដែល​បាន​ចូល​រួម​ក្នុង​ពិធី​នោះ ​បាន​បញ្ជាក់​នូវ​ការ​សោក​ស្តាយ​របស់​លោក​ចំពោះ​ហេតុការណ៍​នោះ​ ហើយ​បានថ្លែងអំណរ​គុណ​ដល់​ពលរដ្ឋ​ខ្មែរ-អាមេរិក​ដែល​បាន​រួម​គ្នា​បន្ត​ជួយដល់​ជន​រងគ្រោះ​ទាំងនោះ​និង​ក្រុម​គ្រួសារ​របស់​ពួកគេ។

កម្មវិធី​កាល​ពីរាត្រី ​ថ្ងៃសៅរ៍​បាន​ទាក់ទាញ​អ្នក​ចូលរួម​ជិត​២០០នាក់ និង​មាន​តំណាង​មក​ពី​សមាគម​ផ្សេងៗ​ទៀត​ផងដែរ៕

XS
SM
MD
LG