ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​បើក​ឱ្យ​ដំណើរ​ការ​ស្ពាន​កោះ​ពេជ្រឡើង​វិញ


ពិធី​ក្រុងពាលី​ តាមបែប​ព្រះពុទ្ធ​សាសនា​មួយ​ត្រូវ​បាន​ធ្វើឡើងថា ​នៅក្នុងការ​បើក​ឱ្យ​ដំណើរការ​ស្ពានពេជ្រ​​ឡើងវិញ។​
ពិធី​ក្រុងពាលី​ តាមបែប​ព្រះពុទ្ធ​សាសនា​មួយ​ត្រូវ​បាន​ធ្វើឡើងថា ​នៅក្នុងការ​បើក​ឱ្យ​ដំណើរការ​ស្ពានពេជ្រ​​ឡើងវិញ។​

ភ្នំពេញ៖ រយៈ​ពេល​តែ​១៦​ថ្ងៃ​ប៉ុណ្ណោះ ​ក្រោយ​ពី​ឧបទ្ទវ​ហេតុ​ដែល​បាន​កើត​មាន​ឡើង​នៅ​លើ​ស្ពាន​ពេជ្រ​នៃ​មជ្ឈ​មណ្ឌល​កំសាន្ត​កោះ​ពេជ្រ ដែល​បាន​ឆក់​យក​ជីវិត​មនុស្ស​ជាង​៣០០​នាក់​នោះ សាលាក្រុង​ភ្នំពេញ​បាន​ធ្វើ​ពិធី​យ៉ាង​អធិក​អធម​មួយ​កាល​ពីថ្ងៃ​ពុធ​នេះ​ ​ដើម្បី​បើកស្ពាន​នេះឱ្យ​ចរាចរណ៍​ឡើងវិញ​។​ មន្ត្រី​គណបក្ស​ប្រឆាំង​ និង​ជន​រង​គ្រោះ​ដែល​រស់រាន​មាន​ជីវិត​ក្រោយ​ពី​ព្រឹត្តិការណដ៏​សោកសៅ​នេះ​ បានសម្តែង​ការមិន​ពេញ​ចិត្ត​ចំពោះ​ការ​បើក​ឱ្យដំណើរការ​ឡើង​វិញ​ទេ ដោយ​ពួក​គេ​ចង់​រក្សា​ទុក​ស្ពាន​នេះ​ជា​ទី​តាំង​ប្រវត្តិ​សាស្រ្ត​សម្រាប់​ភ្ញៀវ​ទេសចរណ៍​មក​ទស្សនា។

កាលពី​ថ្ងៃទី២២​ ខែវិច្ឆិកា ​កន្លង​ទៅ​នេះ​ នៅ​ថ្ងៃ​បញ្ចប់​នៃ​ពិធីបុណ្យ​អុំទូក ​អកអំបុក ​និង​សំពះ​ព្រះខែ​ មាន​ព្រឹត្តិការណ៍​សោក​នាដកម្ម​មួយ​បាន​កើត​មាន​ឡើងដោយ​សារ​តែ​ការភ័យ​ស្លន់ស្លោ​រត់​ជាន់គ្នា​នៅលើស្ពាន​ពេជ្រ ​ដែល​បាន​បណ្តាល​ឲ្យមនុស្ស​យ៉ាងតិច​៣៥៣​នាក់​ស្លាប់​បាត់បង់​ជីវិត​ និង​ប្រមាណ​ជិត៤០០​នាក់​ផ្សេង​ទៀត​ បាន​ទទួល​រងរបួស​។

លោក ​កែប ជុតិមា ​អភិបាល​ក្រុងភ្នំពេញ​ បាន​ថ្លែងប្រាប់​ក្រុម​អ្នកកាសែត​ក្រោយពី​ពិធី​ក្រុងពាលី​ តាមបែប​ព្រះពុទ្ធ​សាសនា​មួយ​ត្រូវ​បាន​ធ្វើឡើងថា ​ការបើក​ឱ្យ​ដំណើរការ​ស្ពានពេជ្រ​នេះ​ឡើងវិញ​ គឺ​ដោយសារ​តែ​ថ្ងៃនេះ ​គឺ​ជា​ថ្ងៃ​ល្អ ​ដើម្បី​ឱ្យមហាជន​បាន​ធ្វើ​ដំណើរ​ឡើងវិញ​។

លោក​បាន​មាន​ប្រសាសន៍ថា ​មជ្ឈ​មណ្ឌល​កំសាន្ត​កោះពេជ្រនឹង​មាន​គម្រោង​សាងសង់​ស្ពាន​បន្ថែម​ចំនួន​ពីរ​ផ្សេង​ទៀតដើម្បី​បញ្ចៀស​និង​ការពារ​ចំពោះ​ឧបទ្ទវហេតុ​ដែល​បាន​កើតមាន​ឡើង​នៅ​ពេល​ក្រោយៗ​ទៀត។

លោក កែប ជុតិមា​មាន​ប្រសាសន៍ថា៖

«យើង​ពិត​ជាប្រឹង​ប្រែង​ដើម្បី​ជួយ​ឱ្យការអភិវឌ្ឍ​កោះ​ពេជ្រ​នេះ​ មាន​ការលូតលាស់​ពី​ព្រោះ​កោះពេជ្រ​លូត​លាស់​ក៏​មាន​ន័យ​ថា​ភ្នំពេញ​លូតលាស់​។ ភ្នំពេញ​លូត​លាស់ ​គឺ​មាន​ន័យ​ថា​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​របស់​យើង​លូត​លាស់​ដែរ​»។

យ៉ាង​តិច​មាន​មនុស្ស​ប្រមាណ​ជាង​១០០នាក់បាន​ធ្វើដំណើរ​ដោយ​ថ្មើរ​ជើង​ខ្លះ ​តាម​ម៉ូតូ​ខ្លះ​ រថយន្ត ​និង​តាម​រ៉ឺម៉ក​កង់បី​ឆ្លង​កាត់​ស្ពាន​ពេជ្រ​ភ្លាមៗដែរ​ក្រោយ​ពី​បាន​បើក​ឱ្យដំណើរការ​ប្រមាណ​តែ​កន្លះ​ម៉ោង​ប៉ុណ្ណោះ។

លោក​ឧកញ៉ា​ ពុង ខៀវ​សែ ​ប្រធាន​មជ្ឈ​មណ្ឌល​កំសាន្ត​កោះ​ពេជ្រ មិន​បាន​ផ្តល់​អត្ថា​ធិ​ប្បាយ​ណា​មួយ​ដល់​អ្នកសារព័ត៌​មាន​ទេ ​ក៏ប៉ុន្តែ​លោក​បាន​ធ្វើដំណើរ​តាម​រថយន្ត​ទំនើប​មួយ​ឆ្លងកាត់​ស្ពាន​ពេជ្រនេះ​ផង​ដែរ​។

លោក​ ម៉ក់ សារិត ​អាយុ៣០ឆ្នាំ ​មកពី​ស្រុក​រលាប្អៀរ ​ខេត្ត​កំពង់​ឆ្នាំង ​ដែល​កំពុង​ដើរ​ឆ្លងកាត់​ស្ពាន​ពេជ្រ​បាន​និយាយ​ថា លោក​គាំទ្រ​ឱ្យបើក​ដំណើរការ​ស្ពាន​ពេជ្រ​នេះ​ឡើង​វិញ​ ពី​ព្រោះ​ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​។

«បាទ​ ខ្ញុំ​យល់​ថា ​ការ​ដែល​បើក​ដំណើរការ​ស្ពាន​វិញ​ ជា​ការ​ល្អ ​ព្រោះ​កន្លែង​នេះ​ជា​កន្លែង​តំបន់​ឆ្លង​កាត់​ហើយ​ជា​តំបន់​ដែល​រមណីយដ្ឋាន​ដ៏​សប្បាយ​មួយ​ហើយ​ គឺ​ជា​ស្នាដៃ​ដ៏​ល្អ​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​យើង​ដែល​ធ្លាប់​មាន​ពីមុនមក​»។

លោក​គឹម ស៊ូភិរិទ្ធ ​អ្នក​តំណាង​រាស្រ្ត​ និង​ជាអ្នក​នំាពាក្យ​ស្តីទី​នៃ​គណបក្ស​សម រង្ស៊ី​ បាន​និយាយ​ថា លោក​សម្តែង​ការសោកស្តាយ​ ចំពោះ​ស្ពាន​ពេជ្រ ដែល​បាន​សម្លាប់​មនុស្ស​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​នោះ​មិនទាន់​ទាំង​ស្ងប់​អារម្មណ៍​ និង​ការក្តុកក្តួល​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅឡើយ​ទេ​ ​ដូច្នេះ​រដ្ឋា​ភិបាល​មិន​គួរ​បើក​ឱ្យដំណើរ​ការ​ស្ពាន​ពេជ្រ​នេះ​ឡើង​វិញទេ។

«រដ្ឋាភិបាល​គួរ​តែ​ប្រមើ​លមើល​វែងឆ្ងាយ​ទៅ​ដល់​អារម្មណ៍​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​ថា​តើ​គាត់​បាន​ធូរស្រាល។ ​គាត់​អាច​បាន​ដាក់ចិត្ត​ និង​ទទួល​យក​ការបើក​ឱ្យ​ដំណើរការ​ស្ពាន​វិញ​បាន​ហើយនៅ»។

លោក​រស់ គង់​ អ្នក​រស់​រាន​មាន​ជីវិ​តមួយ​រូប​ក្រោយពី​ព្រឹត្តិការណ៍​រត់ជាន់​គ្នា​នៅលើ​ស្ពាន​ពេជ្រ​មិនបាន​គាំទ្រ​ចំពោះ​ការបើក​ឱ្យ​ដំណើរការ​ស្ពាន​ពេជ្រ​ឡើងវិញ​ទេ។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា​ ស្ពាន​នេះ​គួរ​តែ​ទុក​ជា​ប្រវត្តិសាស្រ្ត​សម្រាប់​ភ្ញៀវ​ទេសចរណ៍។

«ខ្ញុំ​ចង់​ឱ្យកន្លែង​នេះ​ក្លាយ​ទៅ​ជា​ទី​ប្រវត្តិ​សាស្រ្ត​មួយដែល​ខ្មែរ​យើង​មិន​ធ្លាប់​មាន​ការ​ប្រជ្រៀត​ស្លាប់​ច្រើន​ដល់​ថ្នាក់​នេះ​។ អញ្ចឹង​ទៅ​ខ្ញុំ​ចង់​ឱ្យទុក​ជា​កន្លែង​មួយដែល​ប្រជា​ពលរដ្ឋ​អាច​ទៅគោរព​បូជា​ក៏​ដូច​ជា​បាន​មើល​ឃើញ​ទិដ្ឋភាព​ដែល​បាន​ស្លាប់​កាលពី​ថ្ងៃទីបី​ នៃ​ថ្ងៃ​អុំ​ទូក​ឆ្នាំ​២០១០​នេះ​»។

ចំណែក​លោក​ចាន់ សេរី ​អាយុ​៣៧​ឆ្នាំ ដែល​សមាជិក​ក្រុម​គ្រួសារ​ចំនួន​បួន​រូបបាន​ស្លាប់​បាត់​បង់​ជីវិត ​រួម​មាន​ប្រពន្ធ​និង​កូន​ចំនួន​បី​នាក់​នៅ​លើ​ស្ពាន​ពេជ្រ​នេះ​ បាន​និយាយ​យ៉ាងដូច្នេះ​ថា​៖

«ធ្វើ​ទៅ​វាប៉ះ​ពាល់។ នេះ​វា​អត់​សមដែរ​ ព្រោះ​នេះ​ដូចថា​ មរណភាព​សព​នៅ​ដេក​លើ​ហ្នឹង។​ ​បើ​តាម​ខ្ញុំ​គិត​ទៅ​ពិបាក​ដែរ ​ពេល​ដែល​បើក​ទៅ​ឧបមា​ថា​ យើង​ដើរជាន់​ដូច​ថា​វិញ្ញាណ​វិលវល់​នៅ​លើ​ស្ពាន»។

បន្ទាប់​ពី​ឧបទ្ទវ​ហេតុ​ ដែល​បាន​កើត​មាន​ឡើង​នៅ​លើ​ស្ពាន​ពេជ្រ ​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន បាន​ទទួល​ស្គាល់​ថា​ នេះ​គឺ​ជា​ការធ្វេស​ប្រហែស​របស់​មន្រ្តី​រដ្ឋាភិបាល​។

ក៏​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​មិន​មាន​មន្រ្តី​រដ្ឋា​ភិបាល​ណា​ម្នាក់​ដែល​ទទួលខុស​ត្រូវ​ចំពោះ​ឧបទ្ទវ​ហេតុ​នេះ​ត្រូវ​បាន​ដក​ចេញ​ពីមុខ​តំណែង​ទេ៕

XS
SM
MD
LG