ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ភ្នំពេញ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ពេល​យប់​១៤​ថ្ងៃ បើ​គ្មាន​ភារកិច្ច​ចាំបាច់ ដើម្បី​ទប់​ស្កាត់​ជំងឺ​កូវីដ​១៩


ទិដ្ឋភាពទីក្រុងភ្នំពេញស្ថិតក្នុងភាពស្ងាត់ ក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ១៩ ភ្នំពេញ ថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២១។

សាលារាជធានី​ភ្នំពេញ​បាន​ចេញបម្រាម​ហាម​ឃាត់ការ​ធ្វើ​ដំណើរក្នុង​ទីតាំង​ភូមិ​សាស្រ្ត​ទីក្រុង​ភ្នំពេញ ចាប់​ពី​ម៉ោង ​៨ ​យប់​ដល់​ម៉ោង ​៥ ​ទៀប​ភ្លឺ ក្នុង​រយៈ​ពេល​ ១៤ ​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​ ១ ខែ​មេសា ឆ្នាំ ​២០​២១។ នេះ​បើ​យោង​តាម​សេចក្តី​សម្រេច​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី ​១ ខែ​មេសា។

បើ​តាម​សេចក្តី​សម្រេច​ចុះ​ហត្ថលេខា​ដោយ​អភិបាល​រាជ​ធានី​ភ្នំពេញ លោក ឃួង ស្រេង ប្រជា​ពលរដ្ឋ​មិនអាច​ធ្វើ​ដំណើរ​ចេញ​ចូល​ផ្ទះ​សម្បែង​ ឬ​ទៅ​កន្លែង​ណា​មួយ​មិន​ចាំបាច់ចាប់​ពី​ម៉ោង ​៨ ​យប់​ដល់​ម៉ោង ​៥ ​ភ្លឺ​។ ចំណែកម្ចាស់​អា​ជីវកម្ម​លក់​ដូរ​ម្ហូប​អាហារ​និង​ភេសជ្ជៈ​ ក៏​ត្រូវ​ផ្អាក​ដំណើរ​ការ​ក្នុង​ម៉ោង​ពេល​ដូច​គ្នា​នេះ។ បម្រាម​ខាង​លើនេះ​នឹង​ត្រូវ​អនុវត្ត​ ចាប់​ពី​ថ្ងៃ​ទី​ ១ ខែ​មេសា​ ដល់​ថ្ងៃទី​ ១៤ ខែ​មេសា​ពោល​គឺ​នៅមុ​ន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ។

សេចក្តី​សម្រេច​ឲ្យ​ដឹង​ទៀត​ថា​ អ្នក​ធ្វើ​ដំណើរ​និង​អ្នក​បើក​បរ​យានយន្ត ក៏​ត្រូវបាន​ស្នើ​ឲ្យផ្អាក​ជា​បណ្តោះ​នូវ​ការ​ធ្វើ​ចរាចរណ៍​ក្នុង​ភូមិ​សាស្ត្រ​រាជ​ធានី​ភ្នំពេញ​នៅ​ចន្លោះ​ម៉ោង​ ៨​ យប់ ​ដល់​ម៉ោង​ ៥ ​ភ្លឺ។

ប៉ុន្តែ​លើក​លែង​មួយ​ចំនួន ដូច​ជា​ការ​ធ្វើ​ដំណើរ​ដោយ​មូល​ហេតុ​សុខ​ភាព​បន្ទាន់ ​និង​មូល​ហេតុ​ចាំចាច់​ក្នុង​គ្រួសារ​ដែល​មាន​លិខិត​បញ្ជាក់​ ឬការ​អនុញ្ញាត​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច ការ​ធ្វើ​ដំណើរ​របស់​បុគ្គលិក​ក្រុម​គ្រូពេទ្យ​ទាំង​ផ្នែក​រដ្ឋ​និង​ឯកជន​មន្ត្រី​រាជការ​ ក្រុម​ពន្លត់​អគ្គិភ័យ​កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ ដើម្បី​បំពេញ​បេសកកម្ម​ជូន​ស្ថាប័ន និង​ការ​ធ្វើ​ដំណើរ​របស់​បុគ្គលិក​និង​កម្មករ​កម្ម​ការិនីទៅ​កន្លែង​បំពេញ​ការងារ​ នៅ​ក្នុង​សហគ្រាស​គ្រឹះ​ស្ថាន​រោង​ចក្រ​ ឬទីតាំង​អាជីវកម្ម​ ដែល​អនុញ្ញាត​ឲ្យ​បើក​ដំណើរ​ការ​ធម្មតា​។

បើ​តាម​សេចក្តី​សម្រេច អាជីវករ​ត្រូវ​ផ្អាក​ជា​បណ្តោះ​អាសន្ន​នូវ​សេវា​នៅតូប​អាហារ​អាហារ​ដ្ឋាន​ ភោជនីយដ្ឋាន ​ហាង​កាហ្វេ​ ហាង​ភេសជ្ជៈ​ និង​ភោជនីយដ្ឋាន​នៅតាម​សណ្ឋា​គារ​ជាដើម នៅ​ចន្លោះ​ម៉ោង ​៨ ​យប់ ដល់​ម៉ោង ​៥ ភ្លឺ​ ជា​កំហិត។ ប៉ុន្តែ​មានការអនុ​ញ្ញាត​ឲ្យ​វេច​ខ្ចប់​បាន។

បម្រាមលើ​ការ​ធ្វើ​ដំណើរ​និង​អាជីវកម្ម​នេះ​ ជា​ផ្នែក​មួយ​នៃ​វិធាន​ការរ​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩។ បម្រាម​នេះ​ធ្វើ​ឡើង ​ក្រោយលោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ បាន​ប្រកាស​ឲ្យ​ប្រើ​ប្រាស់នូវ​អនុក្រឹត្យ​ថ្មី​មួយ​ កាល​ពី​ថ្ងៃ​ពុធ ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​ដាក់​បម្រាម​គោចរ។

លោក ​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ បដិ​សេធ​មិន​ផ្តល់​ការ​អធិប្បាយ​ដោយ​ថា​ជាប់​ប្រជុំ​អំពី​កិច្ច​ការ​សន្តិ​សុខ​។

«សុំ​ទោស​ខ្ញុំ​ជាប់​ប្រជុំ​ video conference ​ជុំវិញ​បញ្ហា​សន្តិសុខ​នៅ​ក្នុង​ទីក្រុង​»។

នៅ​ក្នុង​សារ​សំឡេង​មួយ​លោក ឃួង ស្រេង នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ក៏​បាន​ដាក់​បទ​បញ្ជា​ឲ្យ​ដក​ហូត​មធ្យោ​បាយ​ធ្វើ​ដំណើរ ដូច​ជា​ម៉ូតូនិង​រថយន្ត​ ចំពោះ​អ្នក​ធ្វើ​ដំណើរបំពាន​បម្រាម​នេះ។ លោក​បន្ថែម​ថា​ ម្ចាស់​យានយន្ត​ក៏​តម្រូវ​ឲ្យធ្វើ​ចត្តាឡីស័ក​នៅ​ផ្ទះ​រៀងៗ​ខ្លួន ​រយៈ​ពេល​ ១៤ ​ថ្ងៃ​ផង​ដែរ។ នេះ​បើ​យោង​តាម​សារ​សំឡេង​របស់​អភិបាល​រាជធានី​ភ្នំពេញ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​សារ​ព័ត៌មាន​ Fresh​news។

លោក សាន​ សុខសីហា ​អ្នក​នាំ​ពាក្យ​របស់​ស្នង​ការ​ដ្ឋាន​នគរបាល​រាជធានីភ្នំពេញ​ បា្រប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​ការ​សម្រេចរបស់​សាលា​រាជធានី​ភ្នំពេញ​ជា​ផ្នែក​មួយ​នៃ​ការ​ហាម​ធ្វើ​ដំណើរ​ពេល​យប់​ដែល​មិន​ចាំបាច់ ប៉ុន្តែ​មិន​មែន​ជា​ការ​បិទ​ទីក្រុងភ្នំពេញ​ទេ។

លោក​ប្រាប់​ VOA​ ថា​៖ «ត្រូវ​មើលសេចក្តី​សម្រេច​ហ្នឹង​ឲ្យ​វា​ច្បាស់ ​មិន​មែន​ជា​ការ​បិទ​ក្រុង​ទេ​ ត្រូវ​មើល​ឲ្យ​ច្បាស់ជាសេចក្តី​សម្រេច​មួយ ​ដែល​គ្រាន់​តែ​ថាជា​ការហាម​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចេញ​ពី​ម៉ោង​ ៨​ យប់​ដល់​ម៉ោង​ ៥ ​ព្រឹក​»។

បដា​ធំ​មួយ​បង្ហាញ​ពី​វិធានការណ៍​ការពារ​ខ្លួន​ពី​ជំងឺ​កូវីដ១៩ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវមួយ​នៅ​ជាយ​រាជធានី​ភ្នំពេញ ​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)
បដា​ធំ​មួយ​បង្ហាញ​ពី​វិធានការណ៍​ការពារ​ខ្លួន​ពី​ជំងឺ​កូវីដ១៩ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវមួយ​នៅ​ជាយ​រាជធានី​ភ្នំពេញ ​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

អនុក្រឹត្យ​ចុះ​ហត្ថ​លេខា​ដោយ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ កាល​ពីថ្ងៃទី​ ៣១ ខែមីនា​ ស្តី​ពី«​វិធាន​ការ​រដ្ឋបាល​ដើម្បីទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​ និង​ជំងឺ​ឆ្លង​កាច​សាហាវ​ និង​ប្រកបដោយ​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ផ្សេង​ទៀត​»​ បាន​ផ្តល់​សិទ្ធិ​អំណាច​មួយ​ចំនួន ​ឲ្យ​អភិបាលរាជធានី​ខេត្ត​ក្នុង​ការ​រឹត​ត្បិត​ការ​បម្លាស់​ទី​ ឬ​បិទ​ទីតាំង​និង​តំបន់​ណា ​ដែល​ប្រឈម​នឹង​ការ​ឆ្លង​នៃជំងឺ​កូវីដ​១៩​។

បើ​តាម​អនុក្រឹត្យ​នោះ អាជ្ញាធរ​ក៏​អាច​ហាម​ឃាត់​រាល់​ការ​ជួប​ជុំ​ ឬ​ការ​ប្រមូល​ផ្តុំ​មនុស្ស​លើក​លែង​តែ​ក្នុង​ករណី​ចាំបាច់​មួយ​ចំនួន​ រួម​មាន​ការ​ជួប​ជុំ​ក្នុង​ចំណោម​សមាជិក​គ្រួសារ​ដែល​រស់​នៅ​ក្នុង​លំនៅ​ដ្ឋាន ​ឬ​ទី​សំណាក់​ជាមួយ​គ្នាពិធី​បុណ្យ​សព ​ការ​ប្រមូល​ផ្តុំ​មនុស្ស​ដើម្បី​វិធាន​ការ​សុខាភិ​បាល​ ការ​ជួប​ជុំ​មនុស្ស​ដើម្បី​កិច្ច​ការ​មនុស្សធម៌​ និង​បម្រើ​ប្រយោ​ជន៍​សាធារណៈ​ ឬក្នុង​គោល​បំណង​ផ្សេង​ទៀត​ តាម​ការ​កំណត់​របស់​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​។

អ្នក​វិភាគ​សេដ្ឋកិច្ច​លោក ​ង៉ែត​ ជូ​ យល់​ថា ​ផល​ប៉ះ​ពាល់​លើ​ប្រាក់​ចំណូល​អាច​កើតមាន​លើ​អាជីវករ​ដែល​លក់​ដូរ​ពេល​យប់​ ប៉ុន្តែ​លោក​ថា ក្នុង​កាលៈ​ទេសៈ​នេះ​ បញ្ហា​អាទិភាព​គឺ​ការ​ពារ​សុវត្ថិ​ភាព​សុខ​ភាព​សាធារណៈ​។

លោក​មាន​ប្រសាសន៍​ថា៖ «​ស្ថានភាព​យើង​វា​អត់​សូវ​ថម​ថយ​ អ៊ីចឹង​វិធានការ​ថ្មី​ៗ​ដែល​ទៅ​ជួយ​ឲ្យ​ស្ថាន​ភាព​កាន់​តែ​មាន​ភាព​ធូរ​ស្រាល​ ហ្នឹង​វា​ចាំបាច់​ជាង ​ពី​ព្រោះ​ការ​រីក​រាល​ដាល​ទាក់​ទង​នឹង​ការ​ព្យាបាល​ការ​ចំណាយ...គឺ​វា​ពិបាក​ ហើយ​វា​ប្រឈម​មុខ​ហានិភ័យ​ជាមួយ​នឹង​ការ​បាត់​បង់​អាយុ​ជីវិត​។ អីចឹង​ក្នុង​ស្ថានភាព​នេះ​សេដ្ឋកិច្ច​ ប្រហែល​ជា​មិន​មែន​ជា​អាទិភាព​ទេ ​អាទិភាព​គឺ​សុខ​សុវត្ថិ​ភាព​ហើយ​និង​សុខភាព​ប្រជាពលដ្ឋ​ហ្នឹង​ជា​ធំ​»។

លោក​បន្ថែម​ថា ​វិធានការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ​និង​លក់ដូរ​អាហារ ​ឬ​ភេសជ្ជៈនា​ពេល​រាត្រី​ សម្រាប់​រយៈ​ពេល​ ១៤​ ថ្ងៃ​នេះ អាច​នឹង​មាន​ការ​ពន្យារ​ពេល​បន្ថែម​ ឬ​ក៏​ឈាន​ដល់​ផ្អាក​សកម្មភាពធ្វើ​ដំណើរ​និង​អាជីវ​កម្ម​នា​ពេល​ព្រឹក​និង​រសៀល​ផង​ដែរ ​ក្នុង​ករណី​ចំនួន​ឆ្លង​ថ្មី​មិន​ចុះ​ថម​ថយ​នោះ។

នៅ​ខេត្ត​ព្រះសីហនុ​វិញ លោក​ គួច ចំរើន​ អភិបាល​ខេត្ត ក៏​បាន​ចេញ​សេចក្តី​សម្រេច​បិទ​ខ្ទប់​ជា​បណ្តោះ​អាសន្ន​ចំពោះ​ទីតាំង​មួយ​ផ្នែក​នៃ​តំបន់​ទំនប់​រលក​ ដែល​កំពុង​មាន​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩។

នេះ​ជា​វិធាន​ការ​បន្ថែម​របស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហនុ លើ​វិធាន​ការ​ដែលហាម​ឃាត់​ការ​ធ្វើ​ដំណើរ​បស់​ពលរដ្ឋ​ចេញ​ចូល​ពី​ក្នុង​ខេត្ត​ព្រះសីហនុ​ ទៅ​កាន់​ខេត្ត​ក្រុង​ផ្សេង​ទៀត​ ឬ​ពី​ខេត្ត​ក្រុង​ផ្សេង​ទៀត​ចូល​មក​ក្នុង​ខេត្ត​ព្រះសីហនុ​។

កាល​ពី​សប្តាហ៍​មុន​ ធនាគារ​ពិភពលោក​បាន​វាយ​តម្លៃ​ថា សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​សម្រាប់​ឆ្នាំ​ ២០​២១ ​នេះ​អាច​នឹង​មាន​កំណើន​ក្នុងអត្រា​ ៤%។ ធនាគារ​ព្រមាន​ថា​ កម្ពុជា​អាច​នឹង​ឃើញ​ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​ដូច​ការ​ប៉ាន់​ស្មានជាមុន ​ប្រសិន​បើ​ប្រទេស​ក្នុងតំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ​អាច​បន្ត​គ្រប់​គ្រង​បាន​ល្អ​នៃការ​ឆ្លង​រាត​ត្បាតជំងឺ​កូវីដ​១៩​ ហើយ​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា វិធានការ​ទប់​ស្កាត់​មួយ​ចំនួន​មិន​ត្រូវ​រំខាន​ដល់​សកម្មភាព​សេដ្ឋកិច្ច​។

ធនាគារ​ពិភព​លោក​បាន​លើកឡើង​ថា​ សេដ្ឋ​កិច្ច​នៅ​ប្រទេស​មួយ​ចំនួនអាច​ងើប​ឡើងវិញ​បាន​ល្អ​ដោយ​សារ​ប្រទេស​ទាំង​នោះ​មាន​វិធានការ​ស័ក្តិ​សិទ្ធិក្នុង​ការ​គ្រប់​គ្រង​ការ​រាត​ត្បាត​កូវីដ​១៩​ ដោយ​ផ្លាស់​ប្តូរ​ពី​វិធាន​ការ​បិទ​ខ្ទប់​តឹងរ៉ឹង​ទៅ​ដាក់​ចេញ​យុទ្ធ​សាស្ត្រ​ ដែល​មាន​ការ​ធ្វើ​តេស្ត​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ ជា​ជាង​បណ្តែត​បណ្តោយ​តាម​ការ​អូស​បន្លាយ​នៃ​ការ​ដាក់​វិធាន​ការ​បិទ​ខ្ទប់៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG