ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​២នាក់​ទៀតនៅ​រាជធានី​ភ្នំពេញ​ស្លាប់​ដោយសារ​ជំងឺ​​កូវីដ១៩


រូបឯកសារ៖ ប្រជាពលរដ្ឋដើរ​នៅ​ខាងមុខ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។ (រូបថត​​ផ្តល់​ឲ្យ​ដោយ ព្រីង សំរាំង)

ក្រសួង​សុខាភិបាល​បាន​ឲ្យដឹង​នៅ​ថ្ងៃ​ពុធ​នេះ​ថា​មនុស្ស​២នាក់​ទៀតរស់​នៅ​រាជធានី​ភ្នំពេញ បានស្លាប់​ដោយសារ​ជំងឺកូវីដ១៩ ដែលនាំ​ឲ្យករណីស្លាប់​សរុប​មាន​ចំនួន១៣នាក់។

សេចក្តីប្រកាស​ព័ត៌មានរបស់​ក្រសួង​សុខាភិបាល​ឲ្យ​ដឹង​ថា​ស្រ្តី​ជនជាតិ​ខ្មែរ​ម្នាក់ ​អាយុ​៥៦​ឆ្នាំ​ រស់​នៅ​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧មករា បាន​ស្លាប់​នៅ​ព្រឹក​ថ្ងៃ​ពុធ វេលា​ម៉ោង​១០និង​៣៧នាទី នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត។ ស្រ្តី​ម្នាក់​នោះ​ត្រូវបាន​រក​ឃើញថា​មានជំងឺកូវីដ១៩ កាល​ពី​ថ្ងៃ​ទី​២៦ ខែមីនា ហើយត្រូវ​បានដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត នៅ​ថ្ងៃ​ដដែល។ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា​ស្រ្តី​ម្នាក់​នោះ​ស្លាប់​ដោយសារ​វិបត្តិ​ផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ​ និង​រលាក​ទងសួត​ទាំងសងខាង​ធ្ងន់ធ្ងរ​បណ្តាល​មក​ពី​វីរុស​ជំងឺកូវីដ១៩។

ចំណែក​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ទៀត​ឲ្យ​ដឹង​ថា​ស្រ្តី​ខ្មែរ​ម្នាក់ អាយុ​២៨ឆ្នាំ​ រស់​នៅ​ក្នុង​ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សីកែវ ​ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ បាន​ស្លាប់​នៅ​ម៉ោង​២និង​៤០នាទី ​ថ្ងៃ​ពុធ​នេះ​ដែរ ​ដោយសារ​ជំងឺ​កូវីដ១៩។ ស្រ្តី​នោះ​ត្រូវ​បានរក​ឃើញ​ថា​មាន​ផ្ទុក​វីរុស​ជំងឺ​កូវីដ១៩​ នៅ​ថ្ងៃទី៣០ ខែ​មីនា ហើយ​ត្រូវ​ដាក់​ឲ្យ​សម្រាក​នៅ​មន្ទីរពេទ្យ​ខ្មែរ​សូវៀត នៅថ្ងៃ​ដដែល។

ក្រសួង​បញ្ជាក់​ថា​ស្រ្តី​ម្នាក់​នោះ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ១ ជំងឺ​ខ្សោយ​តម្រងនោម​ធ្ងន់ធ្ងរ​ដំណាក់​កាល​ចុង​ក្រោយ ដែល​អាច​ជា​មូលហេតុ​បណ្តាល​ឲ្យ​អ្នក​ជំងឺ​ធ្លាក់​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ។

គួរ​បញ្ជាក់​ថា​កម្ពុជា​កំពុង​ប្រឈម​ការ​ឆ្លងជំងឺកូវីដ១៩​ក្នុង​សហគមន៍​ធ្ងន់ធ្ងរ ចាប់ផ្តើម​តាំងពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ដែល​ករណី​ឆ្លង​មាន​ជាង​១.៩០០នាក់​ គិត​ត្រឹម​ថ្ងៃ​ពុធ​នេះ។

ដោយ​យោង​តាម​ការ​ចាំបាច់​ក្នុង​ការ​ប្រយុទ្ធ​និង​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូវីដ១៩ ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​បានចេញ​អនុក្រឹត្យ​មួយនៅ​ថ្ងៃនេះ​ ដោយដាក់​បម្រាមជាច្រើន​រួមទាំង​ការធ្វើ​ដំណើរ ​ការជួបជុំ ​ការធ្វើ​ចរាចរណ៍​ចេញពី​តំបន់​ឆ្លងរាលដាល​ ការធ្វើ​អាជីវកម្ម ពាណិជ្ជកម្ម​ដែល​បង្ក​ហានិភ័យ ​ឬជា​ប្រភព​ឆ្លង​រាលដាល​ជំងឺ​កូវីដ១៩ ​និង​សកម្មភាព​កីឡា​ជាដើម។ ​អនុក្រឹត្យ​នេះ​ ចុះហត្ថលេខា​ដោយ​លោក​ហ៊ុន សែន​ គឺមុន​ប៉ុន្មាន​ថ្ងៃនៃ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ ដែល​ពលរដ្ឋ​មិនអាច​ប្រារព្ធ​បាន​ដោយ​ទូលំទូលាយ​ព្រោះតែ​ការ​ឆ្លង​រាលដាល​នៃជំងឺ​កូវីដ១៩​ ។

គេមិន​ដឹងថា​តើអនុក្រឹត្យ​នេះ​នឹង​អនុវត្ត​ជាបណ្តោះ​អាសន្ន​ឬបន្ត​អនុវត្ត​ដល់​ពេលណា​មួយនោះ​ទេ​ក្នុងពេល​រដ្ឋាភិបាល​ព្យាយាម​ទប់ស្កាត់​ជំងឺ​កូវីដនេះ​៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG