មុនបីថ្ងៃនៃការចាប់ផ្តើមយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ គណបក្សភ្លើងទៀន ដែលជាគណបក្សជំទាស់ បានប្រកាសជាសាធារណៈស្នើឱ្យពលរដ្ឋចូលរួមដំណើរការឃោសនារបស់ខ្លួននៅទូទាំងរាជធានីភ្នំពេញ នាថ្ងៃសៅរ៍ខាងមុខនេះ។
គណបក្សភ្លើងទៀន ដែលដើមឡើយមានឈ្មោះថា«គណបក្សសម រង្ស៊ី» បានប្រកាសជាផ្លូវការកាលពីថ្ងៃអាទិត្យទី១៥ ខែឧសភា ឆ្នាំ២០២២ ថានឹងចូលរួមការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំមូលដ្ឋាននៅដើមខែមិថុនាខាងមុខ។
បើតាមលិខិតអំពាវនាវរបស់គណបក្សភ្លើងទៀនចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ថ្នាក់ដឹកនាំ និងរចនាសម្ព័ន្ធគ្រប់លំដាប់ថ្នាក់របស់សាខាគណបក្សនេះក្នុងទីក្រុងភ្នំពេញ នឹងចូលរួមដឹកនាំដង្ហែក្បួនឃោសនាថ្ងៃដំបូងរបស់ខ្លួននៅថ្ងៃសៅរ៍ទី២១ ខែឧសភានេះ។
សេចក្តីអំពាវនាវរបស់គណបក្សភ្លើងទៀន រាជធានីភ្នំពេញបានសរសេរក្នុងអត្ថន័យដើមថា៖ «អាស្រ័យដូចនេះ គណបក្សភ្លើងទៀន រាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែររស់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញទាំងអស់ ដែលមានគោលជំហរស្រឡាញ់គាំទ្រនូវគោលនយោបាយរបស់គណបក្សភ្លើងទៀន ចង់ឃើញប្រទេសកម្ពុជាមានការគោរពសិទ្ធិមនុស្សពេញលេញ លើកតម្កើងលទ្ធិប្រជាធិបតេយ្យសេរី និងយុត្តិធម៌សង្គមដោយពិតប្រាកដ ចូលរួមហែក្បួន របស់គណបក្សភ្លើងទៀន រាជធានីភ្នំពេញឱ្យបានច្រើនកុះករ»។
បើតាមសេចក្តីអំពាវនាវដដែលការហែក្បួននឹងធ្វើឡើងពីរលើក គឺនៅម៉ោងព្រឹក ក្បួនឃោសនានឹងចេញដំណើរនៅបណ្តោយផ្លូវ៣០ម៉ែត្រ (ទ្រីហេង៣) ភូមិ ក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ និងម៉ោង២រសៀលក្បួនឃោសនានឹងដំណើរនៅមហាវិថីអង្គរ ជិតរង្វង់មូលកាំកូស៊ីធី។
គួរបញ្ជាក់ផងដែរថា ប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដោយមានគណបក្សនយោបាយចំនួន១៧ចូលរួមដើម្បីដណ្តើមអាសនៈក្រុមប្រឹក្សាសរុបទាំងអស់ជាង ១១.០០០ នាក់ នៅឃុំសង្កាត់សរុបចំនួន ១.៦៥២ នៅក្នុងប្រទេស។
ការបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំថ្នាក់មូលដ្ឋាននាពេលខាងមុខនេះ កំពុងស្ថិតក្រោមការតាមដានពីក្រុមប្រទេសប្រកាន់យកលទ្ធិប្រជាធិបតេយ្យរួមមានសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក និងជប៉ុន ដែលសុទ្ធតែចង់ឃើញការបោះឆ្នោតមួយធ្វើឡើងដោយគ្មានការរឹតត្បិតលើក្រុមជំទាស់ និងដោយមានលក្ខណៈបើកចំហ ដើម្បីឆ្លុះបញ្ចាំងពីឆន្ទៈពិតប្រាកដរបស់អ្នកបោះឆ្នោតនៅប្រទេសកម្ពុជា៕