ភ្នំពេញ — កាលពីថ្ងៃអាទិត្យ សមាជគណបក្សភ្លើងទៀនបានសម្រេចជាឯកច្ឆន្ទចូលរួមប្រកួតក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្នាក់មូលដ្ឋាន ដែលកំពុងខិតជិតចូលមកដល់។ ដំណាលគ្នានឹងការសម្រេចចិត្តនេះ បេក្ខជនមួយចំនួនរបស់គណបក្សជំទាស់មួយនេះ ដែលបានឈរឈ្មោះ ជាមេឃុំ ឬចៅសង្កាត់ មានក្តីសង្ឃឹមថា ពួកគេនឹងអាចទាក់ទាញបានទឹកចិត្តគាំទ្រពីម្ចាស់ឆ្នោត ដើម្បីបានមកផ្តល់សេវាសាធារណៈដល់ពលរដ្ឋនៅកម្រិតមូលដ្ឋាន។
ពួកគេនិយាយថា បើជាប់ឆ្នោតហើយ តែបំពេញការងារមិនបានត្រឹមត្រូវទៅតាមការចង់បានរបស់ប្រជាពលរដ្ឋ ដោយសារតែបណ្តោយឱ្យមានអំពើពុករលួយកើតឡើងនោះ ពួកគេនឹងចុះចេញពីតំណែង។
តំណាងបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់នៅទូទាំងប្រទេស និងជាបេក្ខជនចៅសង្កាត់គោកចក ក្រុងសៀមរាប អ្នកស្រី យឹម ផល្លី បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងបានសន្យារួមគ្នាជាមួយបេក្ខជនឈរឈ្មោះឃុំសង្កាត់ឯទៀតរបស់គណបក្សភ្លើងទៀនថា បេក្ខជនណាក៏ដោយដែលជាប់ឆ្នោត ត្រូវធានាការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងត្រូវយកគោលនយោបាយបក្សទាំង ៧ ចំណុចទៅអនុវត្តឱ្យទាល់តែបាន។ អ្នកស្រីថា បើមិនដូច្នោះទេ ត្រូវតែចុះចេញពីតំណែង។
អ្នកស្រីនិយាយថា៖ «បេក្ខជនចៅសង្កាត់របស់គណបក្សភ្លើងទៀន មិនមែនបេក្ខជនបម្រើបក្ស គឺជាបេក្ខជនបម្រើរាស្ត្រយ៉ាងពិតប្រាកដ»។
អ្នកស្រីបន្ថែមថា៖ «សូមអញ្ជើញសំឡេងបេក្ខជនជាស្ត្រីទាំងអស់គ្នា ប្តេជ្ញាទាំងអស់គ្នា ស្ត្រីអាចធ្វើបាន។ បើសិនពលរដ្ឋបោះឆ្នោតឱ្យហើយ សកម្មជនណាមួយមិនធ្វើតាមលក្ខខណ្ឌនៃគោលនយោបាយដែលយើងអនុម័ត៧ចំណុចនេះទេ ហ៊ានចុះចេញពីតំណែងឬអត់? [សំឡេងសមាជិកបក្សភ្លើងទៀនស្រែកថាហ៊ាន]។ ហ៊ានទះដៃមួយ...»។
កាលពីថ្ងៃអាទិត្យ ទី ១៥ ខែឧសភា សមាជរបស់គណបក្សភ្លើងទៀត ដែលរៀបចំឡើងនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញដោយមានសមាជិក និងអ្នកគាំទ្របក្សជាង ៣.០០០ នាក់ ចូលរួមនោះ បានបោះឆ្នោតអនុម័តគោលនយោបាយឃុំសង្កាត់ឆ្នាំ ២០២២ ដែលមាន ៧ ចំណុចសំខាន់ៗ ក្នុងនោះ គឺការគោរពសិទ្ធិអំណាចនិងគោរពការសម្រេចចិត្តរបស់ពលរដ្ឋ ការផ្តល់សេវាសាធារណៈតាមឃុំសង្កាត់ដោយឆាប់រហ័ស ត្រឹមត្រូវ ទាន់ពេលវេលា និងមិនមានការយកកម្រៃក្រៅផ្លូវការ ទប់ស្កាត់និងលុបបំបាត់អំពើអបាយមុខ គ្រឿងញៀន និងបទល្មើសផ្សេងៗ។
ផ្អែកតាមគោលនយោបាយខាងលើដដែលនោះ គណបក្សភ្លើងទៀននឹងធ្វើការអភិវឌ្ឍមូលដ្ឋានដោយគិតគូរពីប្រយោជន៍ពលរដ្ឋនិងជាតិ ប្រើប្រាស់និងបែងចែកថវិកាឃុំសង្កាត់មួយចំនួនទៅដល់គ្រួសារក្រីក្រ ចាស់ជរាគ្មានទីពឹង និងជនងាយរកគ្រោះ និងបង្កើតក្រុមប្រឹក្សាយោបល់ពីការខ្ចីបុលធនាគារ ការគិតគូរពីសុខភាព និងការផ្តល់ឱកាសឱ្យពលរដ្ឋទទួលបានការអប់រំជាដើម។
អ្នកស្រី ប្រុញ តុលា អាយុ ៣០ ឆ្នាំ បេក្ខជនឈរឈ្មោះជាមេឃុំលេខរៀងទី ១ ក្នុងឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដែលបានមកចូលរួមសមាជគណបក្ស ប្រាប់វីអូអេថា សន្ទុះនៃការចង់ផ្លាស់ប្តូរភាពជាអ្នកដឹកនាំនៅមូលដ្ឋានរបស់ប្រជាពលរដ្ឋ ដែលធុញទ្រាន់អំពើពុករលួយនានានោះ អាចផ្តល់ឱកាសឱ្យគណបក្សភ្លើងទៀនយកឈ្នះគូប្រជែងក្នុងការបោះឆ្នោតឃុំសង្កាត់ខាងមុខ។
អ្នកស្រីថ្លែងថា៖ «ខ្ញុំមានការចូលរួមធ្វើនយោបាយចូលមកបក្សភ្លើងទៀន ដោយសារខ្ញុំចង់មានការផ្លាស់ប្តូរ ដោយសារភូមិឃុំរបស់ខ្ញុំ ពុករលួយខ្លាំងពេក គាបសង្កត់ប្រជាពលរដ្ឋ ដើរគំរាមកំហែងប្រជាពលរដ្ឋ។ អ៊ីចឹងខ្ញុំឈរជាមេឃុំ ឈ្នះឆ្នោតជាមេឃុំ ខ្ញុំនឹងបម្រើប្រជាពលរដ្ឋមិនឱ្យមានពុករលួយដូចរាល់ថ្ងៃនេះទេ»។
ស្រដៀងគ្នានេះដែរ លោក ប៉ាល់ កែប អាយុ ៣០ ឆ្នាំ ដែលជាបេក្ខជនចៅសង្កាត់ស្ទឹងវែង ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលត្រូវបានតុលាការកោះហៅក្នុងនាមជា «ជនសង្ស័យ» ក្នុងសំណុំរឿងព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងបទបង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងបរិហារកេរ្តិ៍ជាសាធារណៈនោះ បានអំពាវនាវទៅគណបក្សកាន់អំណាចឱ្យឈប់បំភិតបំភ័យពលរដ្ឋតាមទម្រង់យាយីផ្សេងៗ ហើយបែរមកប្រកួតគ្នាដោយភាពយុត្តិធម៌ ឈ្នះដោយកិត្តិយស និងចាញ់ដោយអស់ចិត្តរៀងៗខ្លួន។
លោកថ្លែងថា៖ «ខ្ញុំសូមអនុញ្ញាតលើកបទចោទមួយចុះ ក្នុងដីកាហ្នឹងគេថា ខ្ញុំនេះបង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ... បេក្ខភាពចៅសង្កាត់ម្នាក់ធ្វើការដើម្បីតែបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋទេ សូមអំពាវនាវថាឈប់ធ្វើអ៊ីចឹងទៅអាក្រក់មើលខ្លាំងណាស់»។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី ៥ ខែមិថុនា ខាងមុខ ដោយគណបក្សនយោបាយផ្លូវការចំនួន ១៧ ត្រូវគេរំពឹងថា នឹងចូលរួមប្រកួតដណ្តើមយកតំណែង ក្រុមប្រឹក្សាសរុបទាំងអស់ជាង ១១.០០០ នាក់ នៅឃុំសង្កាត់សរុបចំនួន ១.៦៥២ នៅក្នុងប្រទេស។
អំឡុងពេលធ្វើសមាជកាលពីថ្ងៃអាទិត្យ ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន មន្ត្រីបក្ស និងបេក្ខជនឈរឈ្មោះជាមេឃុំរបស់គណបក្សនេះ បានបង្ហាញការប្តេជ្ញាចិត្តចូលក្នុងសង្វៀនប្រកួតដើម្បីយកជ័យជម្នះ បើទោះបីពួកគេអះអាងថា មានការយាយីផ្នែកនយោបាយពីដៃគូប្រកួតយ៉ាងណាក្តី។
អនុប្រធានគណបក្សភ្លើងទៀនលោក សុន ឆ័យ បានថ្លែងក្នុងសមាជវិសាមញ្ញនោះថា ក្នុងរយៈពេល៥ខែនេះ ការយាយីផ្នែកនយោបាយ ការធ្វើទុក្ខបុកម្នេញ ការបំភិតបំភ័យបេក្ខជនពីមន្ត្រីមូលដ្ឋាន និងអាជ្ញាធរ ទៅលើសកម្មជន សមាជិក សមាជិកា និងភ្នាក់ងារសង្កេតការណ៍របស់គណបក្សនៅតែមាន។ ប៉ុន្តែលោកថាការធ្វើបែបនេះ គឺមិនអាចបំបាក់ស្មារតីអ្នកគាំទ្រ និងពលរដ្ឋស្រឡាញ់គណបក្សភ្លើងទៀនបាននោះទេ។
អ្នកនយោបាយជើងចាស់លោក សុន ឆ័យ បន្តថា គណបក្សភ្លើងទៀន នឹងប្រើប្រាស់គោលនយោបាយក្នុងការបម្រើប្រជាពលរដ្ឋ ខុសពីបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោកសង្កត់ធ្ងន់ថា គណបក្សភ្លើងទៀតនឹងមិនអនុញ្ញាតឱ្យមានអំពើពុករលួយ មិនប្រើអំណាចគាបសង្កត់ ជិះជាន់លើប្រជាពលរដ្ឋណាម្នាក់ ដើម្បីផលប្រយោជន៍បុគ្គលនោះទេ។
លោកប្រាប់អង្គសមាជថា៖ «ក្នុងគោលនយោបាយនៃគណបក្សភ្លើងទៀនដែលមាន ៧ ចំណុច ក្រៅពីរំឭកដល់ប្រជាពលរដ្ឋខ្មែរឱ្យយល់ពីកាតព្វកិច្ចក្នុងការចូលរួម និងការពង្រឹងលទ្ធិប្រជាធិបេតេយ្យ និងការគោរពសិទ្ធិមនុស្ស គណបក្សភ្លើងទៀន ត្រូវធ្វើឱ្យខុសពីគេ បើគេយកអំណាចពីប្រជាពលរដ្ឋ ទៅជាន់កប្រជាពលរដ្ឋ ប្លន់ដីប្លន់ធ្លីប្រជាពលរដ្ឋ គណបក្សភ្លើងទៀនធ្វើឱ្យខុសពីគេ គឺយើងនឹងទៅបម្រើប្រជាពលរដ្ឋ និងគោរពឆន្ទៈរបស់ពលរដ្ឋយើងជាដាច់ខាត»។
បើតាមលោក សុន ឆ័យ តួលេខចុងក្រោយនៃឃុំសង្កាត់ដែលមានបេក្ខភាពឈរឈ្មោះជាមេឃុំរបស់គណបក្សភ្លើងទៀន ដែលនឹងចូលរួមប្រជែងជាមួយគណបក្សកាន់អំណាច គឺមាន ១.៦២៣ ឃុំសង្កាត់ប៉ុណ្ណោះ លើ ១៦៥២ ឃុំសង្កាត់ទូទាំងប្រទេស។
នាយកប្រតិបត្តិនៃអង្គការនិកហ្វិច (Necfic )ដែលធ្វើការលើផ្នែកឃ្លាំមើលដំណើរការបោះឆ្នោត លោក សំ គន្ធាមី បានលើកឡើងពីអនុសាសន៍ថ្នាក់ដឹកនាំគឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោករដ្ឋមន្ត្រីមហាផ្ទៃ ស ខេង ដែលបានបកស្រាយកន្លងមកថា សកម្មភាពគំរាមកំហែង ឬអំពើហិង្សានៅតាមមូលដ្ឋាន មិនត្រូវកើតឡើងទេអំឡុងពេលបោះឆ្នោត។ លោកជំរុញឱ្យគណបក្សភ្លើងទៀនដាក់បណ្តឹងទៅតាមនីតិវិធី ប្រសិនពិតជាមានការយាយីឬក៏រំខានផ្នែកនយោបាយ។
លោកថា៖ «ដាក់ពាក្យបណ្តឹងទៅក្រសួងមហាផ្ទៃទៅព្រោះក្រសួងមហាផ្ទៃសម្តេច ស ខេង ក៏គាត់និយាយថាដាក់ពាក្យបណ្តឹងទៅគាត់ទៅ គាត់ចាត់ការ»។
ប្រតិកម្មទៅនឹងអំពើយាយីខាងនយោបាយមុនការបោះឆ្នោត អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា ករណីផ្សេងៗដែលបានកើតឡើងនៅមុនការបោះឆ្នោតគឺស្ថិតនៅក្រោមសមត្ថកិច្ចរបស់អាជ្ញាធរដែនដី។
លោកបន្ថែមថា ពាក់ព័ន្ធជាមួយការដែលគណបក្សភ្លើងទៀនដែលលើកឡើងថាមានការយាយីឬក៏រំខានផ្នែកនយោបាយ ឬយ៉ាងណានោះគឺ គ្រាន់តែជាយុទ្ធសាស្ត្រដើម្បីទាក់ទាញការចាប់អារម្មណ៍ ពីព្រោះថា គ.ជ.បមិនបានទទួលលិខិតផ្លូវការណាមួយផ្ញើមកដើម្បីយកមកពិនិត្យនិងធ្វើការពិចារណានោះទេ។
លោកថ្លែងថា៖ «ខ្ញុំចង់និយាយថា នៅមុនអំឡុងពេលថ្ងៃទី ២១ ខែឧសភា គឺជាអំឡុងពេលទទួលខុសត្រូវរបស់អាជ្ញាធរដែនដី។ អ៊ីចឹងបញ្ហាទាំងឡាយ ទី ១ ស្ថិតនៅក្នុងសមត្ថកិច្ចរបស់អាជ្ញាធរដែនដី ហើយទី ២ អ្វីដែលឮសូរហ្នឹងវាគ្រាន់តែជាការឮ មិនមានជាពាក្យឬក៏លិខិតផ្លូវការណាផ្ញើជូនមកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីយកមកពិនិត្យពិចារណានោះទេ»។
ដោយឡែក នៅពេលគណបក្សភ្លើងទៀនសម្រេចជាផ្លូវការចូលរួមការបោះឆ្នោតក្នុងខែមិថុនានោះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងថា គណបក្សកាន់អំណាចមិនមានការព្រួយបារម្ភចំពោះវត្តមានរបស់បក្សភ្លើងទៀនក្នុងការបោះឆ្នោតនាពេលខាងមុខនេះ។ លោកថែមទាំងសាទរចំពោះគណបក្សនោះទៀតផង។
លោកថ្លែងថា៖ «មានរឿងអីព្រួយបារម្ភ។ យើងបន់ឱ្យតែមានគណបក្សច្រើនចូលរួម។ យើងបន់ឱ្យតែមានគណបក្សដែលអួតខ្លួនថាមានសក្ដានុពលមកប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះទេ»។
គណបក្សភ្លើងទៀនមានឈ្មោះដើមថា «គណបក្សសម រង្ស៊ី» បង្កើតឡើងដោយលោក សម រង្ស៊ី។ លោក សម រង្ស៊ី ដែលកំពុងរស់នៅដោយនិរទេសខ្លួនឯងឯក្រៅប្រទេស បានបង្កើតគណបក្សជាតិខ្មែរ កាលពីឆ្នាំ ១៩៩៥ តែដោយគណបក្សជួបទំនាស់ ក៏បានដូរឈ្មោះជាគណបក្សសម រង្ស៊ី កាលពីឆ្នាំ ១៩៩៨។
ជាមួយនឹងវិសោធនកម្មដ៏ចម្រូងចម្រាសនៃច្បាប់ស្ដីពីគណបក្សនយោបាយ កាលពីឆ្នាំ ២០១៧ បក្សនេះ ក៏បានដូរឈ្មោះជា «គណបក្សភ្លើងទៀន» វិញមកទល់នឹងសព្វថ្ងៃ។
គណបក្សមួយនេះ បានទទួលអាសនៈរដ្ឋសភាចំនួន ១៥ កាលពីឆ្នាំ ១៩៩៨ ចំនួន ២៤ កាលពីឆ្នាំ ២០០៣ ចំនួន ២៦ កាលពីឆ្នាំ ២០០៨ មុននឹងចូលរួមជាមួយនឹងគណបក្សសិទ្ធិមនុស្សបង្កើតគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ ២០១២៕