ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវី​គណបក្ស​ប្រជាជន​កម្ពុជា​ប្តឹង​សកម្មជន​គណបក្ស​ភ្លើង​ទៀន​ម្នាក់​ចំនួន​៤​បទ​ចោទ


លោក ប៉ាល់ កែប ជា​បេក្ខជន​ចៅ​សង្កាត់​ក្នុង​ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង​នៃ​គណបក្ស​ភ្លើង​ទៀន នៅក្នុង​រូបថត​មួយ​ដែល​ត្រូវបាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់ Candle Light Party of Europe នៅ​ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២។ (រូបថត​ពី​ទំព័រ​ហ្វេសប៊ុក Candle Light Party of Europe)

មេធាវី​របស់​គណបក្ស​កាន់​អំណាច​បាន​ដាក់​ពាក្យ​ប្តឹង​ប្រឆាំង​នឹង​សកម្ម​ជន​គណបក្ស​ភ្លើង​ទៀន​មួយ​រូប ដែល​ឈរ​ឈ្មោះ​ជា​បេក្ខជន​ចៅ​សង្កាត់​ក្នុង​ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង។ នេះ​បើ​យោង​តាម​ដីកា​របស់​តុលាការ​ខេត្ត​កោះកុង ដែល​វីអូអេ​ទទួល​បាន។

លោក ប៉ាល់ កែប អាយុ​៣០​ឆ្នាំ ដែល​ជា​បេក្ខជន​ចៅ​សង្កាត់​ស្ទឹងវែង ក្នុង​ក្រុង​ខេម​រភូមិន្ទ ត្រូវ​បាន​កោះ​ហៅ​ក្នុង​នាម​ជា​«ជន​សង្ស័យ»ក្នុង​ករណី​ចោទ​ប្រកាន់​ចំនួន​៤ រួម​មាន​ក្លែង​ឯកសារ​សាធារណៈ បង្ក​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ជាតិ បរិហារ​កេរ្តិ៍ជា​សាធារណៈ និង​ការ​ឃោសនា​បោះ​ឆ្នោត​ផ្ទុយ​ពី​ច្បាប់។ នេះ​បើ​តាម​ដីកា​របស់​ព្រះ​រាជ​អាជ្ញា​រង​លោក វ៉ៃ ភីរម្យ ចុះ​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០​២២ ដែល​វីអូអេ​ទទួល​បាន។

បើ​តាម​ដីកា​របស់​តុលាការ សកម្មជន​រូប​នោះ​ត្រូវ​បាន​ប្តឹងដោយ​មេធាវី​៦​នាក់ តំណាង​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា រួម​មាន​ឈ្មោះ កេត ច័ន្ទ​ម៉ានីន ស៊ិន គឹម​ឈាង លន វិចិត្រវិទ្យា ហ៊ល​ រាជ​បណ្ឌិត រ៉េត សារិន និង​មេធាវី ចាន់ រិទ្ធិ។

បើ​តាម​ដីកា លោក ប៉ាល់ កែប ត្រូវ​បាន​តុលាការ​កោះ​ហៅ​ឱ្យ​ចូល​បំភ្លឺ​ នៅ​ថ្ងៃទី​១១ ខែ​ឧសភា ឆ្នាំ​២០២២ នៅ​វេលា​ម៉ោង​៨ព្រឹក។

លោក ប៉ាល់ កែប ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា លោក​មិន​ដឹង​ថា​ហេតុ​អ្វី​បាន​ជា​មាន​ការ​ចោទ​ប្រកាន់​រូប​លោក​ធ្ងន់​ធ្ងរ​យ៉ាង​នេះ ខណៈ​លោកគ្រាន់​តែ​ដាក់​ពាក្យ​ស្នើ​សុំ​លើក​បដា​ផ្សេងៗ​តែ​ប៉ុណ្ណោះ​។ លោក​ចាត់​ទុក​ថា​នេះ​ជា​រឿង​នយោ​បាយ ដោយ​សារ​លោក​មានអ្នក​ស្គាល់​និង​គាំ​ទ្រ​ច្រើន​នៅ​ក្នុង​ឃុំ​សង្កាត់​ដែល​លោក​ឈរ​ឈ្មោះ​ ដែល​អាច​ឱ្យ​គណបក្ស​របស់​លោក​ឈ្នះ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នាពេល​ខាង​មុខ​នេះ។

លោ​កថ្លែង​ថា៖«​ហើយ​មួយ​វិញទៀត​ រឿង​ដែល​ពិបាក​ទប់​ទល់ខ្លាំង​ គឺ​ខ្ញុំ​ជា​បេក្ខជន​នៅ​សង្កាត់​ស្ទឹង​វែង​ហ្នឹង​ ប្រជាពលរដ្ឋ​ស្គាល់​ច្រើន ​.....បើ​ទុកឱ្យ​ខ្ញុំ​ធ្វើ​សកម្មភាព​ពេញ​ទីរហូត​ដល់​ថ្ងៃ​បោះ​ឆ្នោត​តែ​ហ្មង ភាគ​រយ​នៃ​ការ​ដែល​ខ្ញុំ​ឈ្នះ​គឺ​វា​ខ្ពស់ កាន់​តែ​ខ្ពស់។ អ៊ីចឹង​គេ​ធ្វើ​ម៉េច​ទប់​សិន​ ទោះ​បណ្តឹង​នោះ​ពិត​មិន​ពិត​ក្តី​ គេ​ប្តឹង​ឱ្យ​រអាក់​រអួល​សិន»។

លោក​បន្ថែម​ថា​រូប​លោក​គឺ​នៅ​តែ​តតាំង​ជាមួយ​រឿង​ក្តី​មួយ​នេះ ពី​ព្រោះរូប​លោក គឺ​មិន​បាន​ធ្វើ​អ្វី​ខុស​នោះ​ទេ​ ហើយ​ការងារ​ទាំង​ប៉ុន្មាន​ដែល​លោក​ធ្វើ​កន្លង​មក គឺ​ដើម្បី​ប្រជាពលរដ្ឋ​ និង​ប្រយោជន៍​សា​ធារណៈ​ប៉ុ​ណ្ណោះ។

លោក​ថា៖«ខ្ញុំ​ជំហរ​ខ្ញុំ​គឺនៅ​ត​តាំង​ក្តី​ហ្នឹង​ ព្រោះ​ខ្ញុំ​អត់​ខុស​ទេ។ ខ្ញុំ​ធ្វើ​អំពើ​ល្អ​ ខ្ញុំ​មាន​គោលដៅ​ ដើម្បី​ជួយ ដើម្បី​ឱ្យ​មាន​ភាព​ស្មើគ្នា។ ភាព​ស្មើ​គ្នា​តាម​រយៈ​ទទួល​ផល​ប្រយោជន៍​សេវា​សាធារណៈ​ពី​រដ្ឋ​បាល​សង្កាត់​ហ្នឹង»។

លោក ប៉ាល់ កែប កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ បាន​ដាក់​ពាក្យ​ស្នើ​សុំ​លើក​ពេល​ចូល​បំភ្លឺ​ទៅ​ថ្ងៃ​ក្រោយ​វិញ ដោយសារ​លោក​មិន​ទាន់​អាច​រក​មេធាវី​បាន​នៅ​ឡើយ។

ចំណែក​ព្រះរាជអាជ្ញារង លោក វ៉ៃ ភីរម្យ ដែល​កោះ​ហៅ​សកម្មជន​រូប​នោះ អះអាង​ថា​រឿង​ក្តី​នេះ​មិន​មែន​តុលាការ​ចេះ​តែ​ធ្វើ​ឡើង​នោះ​ទេ គឺ​តុលា​ការ​ធ្វើ​ឡើង​ទៅ​តាម​បណ្តឹង​របស់​ដើម​បណ្តឹង​តែ​ប៉ុណ្ណោះ។ លោក​បន្ថែម​ថា​វា​ជា​រឿង​ធម្មតា​ទេ​ដែល​ចុង​បណ្តឹង​និយាយ​ថា​រឿង​ដែល​គេ​ចោទ​មក​លើ​ខ្លួន​ជា​រឿង​អយុត្តិធម៌។

ទោះ​ជា​យ៉ាង​ណា​ លោក​ថា​អ្វី​ដែល​សំខាន់​ គឺ​ជន​សង្ស័យ​ត្រូវ​ចូល​ខ្លួន​មក​បំភ្លឺ​នៅ​តុលាការ​ពី​អ្វី​ដែល​គេ​បាន​ចោទ​ប្រកាន់​នោះ។

លោក​ប្រាប់​វីអូអេ​ថា៖ «ចំពោះ​គាត់​ជា​ជន​រង​បណ្តឹង គាត់​ថា​អយុត្តិធម៌​ ខាង​ដើម​បណ្តឹង​ដែល​ជា​អ្នក​ប្តឹង ក៏​គេ​ថា​អយុត្តិធម៌។ អ៊ីចឹង​ត្រង់​ថា​រក​យុត្តិធម៌​យ៉ាង​ណា​ឱ្យ​គាត់​មកបំ​ភ្លឺ​នៅ​តុលាការ មក​បំភ្លឺ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​គេ​អំពី​ករណី​មួយៗ​»។

វីអូអេ​បាន​ព្យាយាម​ទាក់ទង​មេធាវី​តំណាង​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​៦​នាក់​ដែល​មាន​ឈ្មោះ​នៅ​លើ​ដីកា​របស់​តុលាការ​ខេត្ត​កោះកុង ប៉ុន្តែ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​បាន​នៅ​ឡើយ​ទេ។

លោក ថាច់ សេដ្ឋា អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន បាន​ចាត់​ទុក​បណ្តឹង​លើ​សកម្មជន​របស់​គណបក្ស ជា​រឿង«នយោ​បាយ​សុទ្ធ​សាធ»។ លោក​បន្ថែម​ថា កិច្ច​ការ​បោះ​ឆ្នោត​ជា​សមត្ថកិច្ច​របស់​គណៈ​កម្មាធិ​ការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត(គ.ជ.ប) មិន​មែន​ជា​សមត្ថកិច្ច​របស់​តុលាការ​ឡើយ។

លោក​បន្ថែម​ថា៖ «ខ្ញុំ​យល់​ថា​ល្មម​បញ្ចប់​ហើយ​អា​រឿង​ការ​ប្តឹង​ផ្តល់​អី​ក្នុង​ពេល​បោះ​ឆ្នោត​។ សូម​រក្សា​ទុក​បរិយាកាសនយោបាយ​ហ្នឹង​ឱ្យ​បាន​ល្អ​ប្រសើរ​បន្តិច​ទៅ​កុំ​បង្ក​ឱ្យ​កាន់​តែ​អាប់អួ​ខ្លាំង​ពេក ​ហើយ​ប្រើប្រាស់​ប្រព័ន្ធតុ​លា​ការបែប​នេះ​នៅ​ក្នុង​ពេល​ជិត​ដល់​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត [និង] មុន​បោះ​ឆ្នោត​គឺកាន់​តែ​ធ្វើ​ឱ្យ​អាប់អួកាន់​តែ​ខ្លាំង​»។

គួរ​បញ្ជាក់​ថា​គណបក្ស​ភ្លើង​ទៀន​ធ្លាប់​ឱ្យ​ដឹង​ថា​នៅ​ក្នុង​ខែ​មីនា ​ឆ្នាំ​២០២២​ សកម្ម​ជន​គណបក្ស​ភ្លើង​ទៀន​យ៉ាង​តិច​១០​នាក់​ ត្រូវ​បាន​ប៉ូលិស​មូលដ្ឋាន​ហៅ​ទៅ​សួរនាំ​ដោយ​គ្មាន​បង្ហាញ​ដីកា ​ឬ​បញ្ជាក់​មូលហេតុ​អ្វី​ឡើយ៕

XS
SM
MD
LG