ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ភ្នំពេញ​ត្រៀម​បង្រួម​តំបន់​ឆ្លង​ខ្លាំង ទោះ​មិន​ទាន់​បញ្ចប់​ការរាំង​ខ្ទប់​ទាំងស្រុង


រូបឯកសារ៖ បារ៉ាស និងខ្សែរចងបិទផ្លូវចូលតំបន់ក្រហម ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ក្នុងអំឡុងពេលបិទខ្ទប់ នៅរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)
រូបឯកសារ៖ បារ៉ាស និងខ្សែរចងបិទផ្លូវចូលតំបន់ក្រហម ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ក្នុងអំឡុងពេលបិទខ្ទប់ នៅរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)

មន្រ្តី​សាលា​រាជ​ធានី​ភ្នំពេញ​ឲ្យ​ដឹង​ថា​ អាជ្ញាធរ​នឹងមិន​ទាន់​បញ្ចប់​ការ​រាំង​ខ្ទប់​តំបន់​ឆ្លង​ជំងឺ​កូវីដ​១៩​ខ្លាំង​ក្លា ប៉ុន្តែ​គ្រោង​បន្ធូរ​បន្ថយ​ការ​បិទ​ខ្ទប់​ខ្លះ ដោយ​បង្រួម​តំបន់​ក្រហម និង​លឿង​ទុំ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ និង​ការ​រក​ស៊ី​របស់​ប្រជាជន។

មន្រ្តី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា​ ការ​ឆ្លង​ជំងឺ​កូវីដ​១៩​នៅ​ភ្នំពេញ​បន្ត​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ។ តាម​កាល​កំណត់ ការ​បិទ​ខ្ទប់តំបន់​មួយ​ចំនួន​ គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃ​ពុធ ទី​១២​ខែ​ឧសភា។

លោក ម៉េត មាសភក្តី អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ ប្រាប់​ VOA ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​តួលេខ​ធ្លាក់​ចុះ​នៃ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​នៅ​ក្រុង​ភ្នំពេញ បាន​ធ្លាក់​មក​ត្រឹម​ជាង​២០០​នាក់​ជា​មធ្យម ដែល​លោក​ថា នេះ​បង្ហាញ​ពី​ប្រសិទ្ធភាព​នៃ​យន្ត​ការ​កំណត់​ជា​តំបន់​រឹតត្បិត​ ដែល​ត្រូវ​បាន​បែង​ចែក​ជា​៣​ពណ៌ ​រួម​មាន​តំបន់​ក្រហម តំបន់​លឿងទុំ​ និង​តំបន់​លឿង។

លោក​បន្ថែម​ថា​ អាជ្ញាធរ​គ្រោង​បង្រួម​តំបន់​ក្រហម​ ដែល​មាន​ការ​រឹត​ត្បិត​ខ្លាំង​ជាង​គេ​តាម​តែ​អាច​ធ្វើ​ទៅ​បាន ទៅ​តាម​ស្ថានភាពនៃ​ជំងឺ​កូវីដ​១៩។

លោក​មាន​ប្រសាសន៍​ថា​៖ «យើង​កំពុង​តែ​ធ្វើ​យ៉ាង​ណា​ឲ្យ​ពណ៌​របស់​យើង​ហ្នឹង​ផ្លាស់ប្តូរ។ មាន​ន័យ​ថា​ម៉េច? ពណ៌​ក្រហម​ដែល​មាន​ទំហំ​ធំ​ត្រូវ​តែ​រួម​មក​តូច។ ពណ៌​លឿង​ទុំ គឺ​ដូច​គ្នា​អញ្ចឹង កាន់​តែ​រួម​មក​តូច។ ពី​មុន ក្នុង​ក្របខណ្ឌសង្កាត់​មួយ​ ក្រហម​អស់​អញ្ចឹង អញ្ចឹង​យើង​ខិត​ខំ​ព្យាយាម​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ក្រហម​ហ្នឹង​កាន់​តែ​រួម​តូច​មក​នៅ​សល់​ត្រឹម​តែ​ភូមិ ឬ​ក៏​តំបន់​ណា​មួយ​នៅ​ក្នុង​ភូមិ​ហ្នឹង​ទៀត»។

អ្នក​នាំ​ពាក្យ​សាលា​ក្រុង​រូប​នេះ​ក៏​បាន​លើក​ឡើង​ថា តាម​រយៈ​ការ​បន្ធូរ​បន្ថយ​ការ​បិទ​ខ្ទប់​នេះ សាលា​រាជ​ធានី​ភ្នំពេញមាន​បំណង​កាត់​ផ្តាច់​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ខណៈ​ចាប់​ផ្តើម​បើក​ដំណើរ​ការតំបន់​ផ្សេងៗ ដោយ​ផ្លាស់​ប្តូរ​តាម​ពណ៌​ ស្រប​តាម​ស្ថាន​ភាព​ជាក់​លាក់ រហូត​ដល់​បញ្ចប់ការ​បិទ​ខ្ទប់​ទាំង​ស្រុង​នៅ​ថ្ងៃ​ណា​មួយ។

លោកបន្ត​ថា​ ការ​កែ​ប្រែ​តំបន់​ក្រហម​មក​ជា​តំបន់​ពណ៌​លឿង​ នឹង​ជួយ​សម្រួល​ដល់​ការ​ប្រកប​របរ​របស់​ពលរដ្ឋ​ទូទៅ​នៅ​តំបន់​ទាំង​នោះ​ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ជំរុញ​សេដ្ឋកិច្ច​ឡើង​វិញ​ផង​ដែរ។

រូបឯកសារ៖ អាជីវករ​ជញ្ជូន​ឥវ៉ាន់​ចេញ​ពី​ផ្សារ​ចាស់​ដែល​ត្រូវ​បាន​អាជ្ញាធរ​បិទ​ការ​ចេញ​ចូល​បន្ទាប់​ពី​រក​ឃើញ​អាជីវករ​ក្នុង​ផ្សារ​នេះ​មាន​ជំងឺ​កូវីដ១៩​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១២ ខែ​មេសា ឆ្នាំ​២០២១។ (ទុំ ម្លិះ/វីអូអេ)
រូបឯកសារ៖ អាជីវករ​ជញ្ជូន​ឥវ៉ាន់​ចេញ​ពី​ផ្សារ​ចាស់​ដែល​ត្រូវ​បាន​អាជ្ញាធរ​បិទ​ការ​ចេញ​ចូល​បន្ទាប់​ពី​រក​ឃើញ​អាជីវករ​ក្នុង​ផ្សារ​នេះ​មាន​ជំងឺ​កូវីដ១៩​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១២ ខែ​មេសា ឆ្នាំ​២០២១។ (ទុំ ម្លិះ/វីអូអេ)

បន្ទាប់​ពី​ការ​បិទ​ខ្ទប់​ទាំង​ស្រុង​អស់​រយៈ​ពេល​២​សប្តាហ៍​នៅ​ដំណាក់​កាល​ដំបូង រដ្ឋាភិបាល​បាន​បន្ត​វិធាន​ការ​បិទ​ខ្ទប់​រយៈ​ពេល​១​សប្តាហ៍​បន្ថែម​ទៀត ស្រប​ពេល​បែង​ចែក​ក្រុង​ភ្នំពេញ​ជា​៣​តំបន់​រួម​មាន តំបន់​ក្រហម តំបន់​លឿង​ទុំ និង​តំបន់​លឿង។

បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ​កាល​ពី​កន្លង​ទៅ តំបន់​ក្រហម​មាន​នៅ​ក្នុង​ភូមិ​មួយ​ចំនួន​ក្នុង​សង្កាត់​និង​ខណ្ឌ​មួយ​ចំនួន រួម​មាន​សង្កាត់​វាលវង់ ក្នុង​ខណ្ឌ៧​មករា​ (ប្លុក​បុរី​កីឡា) និង​ក្នុង​ខណ្ឌ​ទួលគោក សង្កាត់​បឹងកក់​ទី​២ បឹង​សាឡាង និង​ផ្សារ​ដើម​គរ ខណ្ឌ​មាន​ជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ទី២ និង​ទី៣ ខណ្ឌ​ឫស្សី​កែវ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ពោធិ៍សែន​ជ័យ សង្កាត់​ចោម​ចៅ​ទី​១ និង​ទី២ និង​ខណ្ឌ​ច្បារ​អំពៅ សង្កាត់​ច្បារ​អំពៅ​ទី​២។

តំបន់​ក្រហម​ជា​តំបន់​រឹត​ត្បិត​ខ្លាំង​ដោយ​ហាមឃាត់​ការ​ធ្វើ​ដំណើរ ការ​ចេញ​ពី​ផ្ទះ​និង​អាជីវ​កម្ម​គ្រប់​ប្រភេទ។ តំបន់​លឿង​ទុំ​ជា​តំបន់​រឹតត្បិត​មធ្យម​ដោយ​មិន​ឲ្យ​មាន​ការ​ចេញ​ពី​ផ្ទះ ឬ​ធ្វើ​ដោយ​មិន​ចាំ​បាច់ ខណៈ​អាជីវកម្ម​ដែល​ចាត់​ទុក​ថា​សំខាន់​ប៉ុណ្ណោះ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ដំណើរ​ការ។ តំបន់​លឿង​ជា​តំបន់​រឹតត្បិត​ទាប ដោយ​អនុញ្ញាត​ឲ្យ​មាន​ការ​ធ្វើ​ដំណើរ​ជា​ទូទៅ​និង​ដំណើរ​ការ​អាជីវកម្ម​មួយ​ចំនួន។ ការ​បិទ​ខ្ទប់​តំបន់​ឆ្លង​ខ្លាំង​ត្រូវ​បាន​បន្ត​រហូត​ដល់​ថ្ងៃ​ទី​១២ ខែ​ឧសភា បើ​ទោះ​រដ្ឋាភិបាល​បាន​បញ្ចប់​ការ​រាំង​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ​នៃ​ខេត្ត​កណ្តាល​ក៏​ដោយ។

នៅ​ថ្ងៃ​អង្គារ​នេះ ក្រសួង​សុខាភិបាល​បាន​ប្រកាសករណី​ឆ្លង​ជំងឺ​កូវីដ​១៩​ថ្មី​ចំនួន​៤៨០​នាក់ ដែល​ក្នុង​នោះ​មាន​ប្រមាណ​២៥០​ករណី​នៅ​រាជធានី​ភ្នំពេញ។ ចំនួន​អ្នក​ស្លាប់សរុប​នៅ​ទូទាំង​ប្រទស​បាន​កើន​ឡើង​ដល់​១៣១​នាក់។

លោក ស៊ឹង សែនករុណា អ្នក​នាំ​ពាក្យ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក បាន​ប្រាប់ ​VOA​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ការ​បន្ធូរ​បន្ថយ​ការ​បិទ​ខ្ទប់ នឹង​អាច​ជា​ការ​សម្រួល​មួយ​ដល់​ប្រជាពលរដ្ឋ។ ប៉ុន្តែ​លោក​ថា​បើ​សិន​ជា​មិន​មាន​ការ​កំណត់​ឲ្យបានត្រឹម​ត្រូវ​នោះ​ទេ វាអាច​បង្ក​ជា​ហានិភ័យ​នៃ​ការ​ផ្ទុះ​ការឆ្លង​ជំងឺ​កូវីដ​១៩​ជា​ថ្មី​ទៀត។

លោក​មាន​ប្រសាសន៍​ថា៖ «បើ​សិន​ជាតំបន់​ហ្នឹង​ យើង​មិន​ច្បាស់​លាស់​ថា វា​ជា​តំបន់​រាត​ត្បាត ឬ​កំពុង​រាត​ត្បាត​ ហើយ​យើង​ទៅ​បើក​ឲ្យ​មាន​ការ​ចរាចរណ៍​មនុស្ស​ចេញ​ពី​ហ្នឹង យើង​ព្រួយ​បារម្ភ​ថា អាច​ទៅ​ចម្លង​ទៅ​ដល់​ទីតាំង​ផ្សេងៗ​ទៀត​ ដែល​បើក​ចរាចរណ៍​ឲ្យ​ហ្នឹង។ ហើយ​មនុស្ស​ទាំង​អស់​ហ្នឹង​អាច​នឹង​ទៅ​ទីតាំងនៃ​ខេត្ត​ណា​ផ្សេង​ទៀត​ទៅ វា​រាល​ដាល រាត​ត្បាត​កាន់​តែ​ខ្លាំង​ឡើង វា​ធ្វើ​ឲ្យ​ការ​ដែល​ប្រឹង​ប្រែង​កន្លង​មក​ហ្នឹង​ វា​ទៅ​ជា​បរាជ័យ​ទៅ​វិញ​ណា»។

លោកបន្ត​ទៀត​ថា​ការ​កំណត់​វិសាល​ភាព​តំបន់​បិទ​ខ្ទប់​តឹងរ៉ឹង​មិន​បាន​ត្រឹមត្រូវ​ ក៏​អាច​នឹង​ប៉ះពាល់​ដល់ជីវភាព​ពលរដ្ឋ​ទៅ​វិញផង​ដែរ ខណៈការ​ឆ្លើយ​តប​ជា​ជំនួយ​ពី​សំណាក់​រដ្ឋាភិបាលសម្រាប់ពលរដ្ឋ​ដែល​កំពុង​ជួប​លំបាកនៅ​មាន​កម្រិត​នៅ​ឡើយ។

មន្រ្តី​សមាគម​អាដហុក​រូប​នោះ​បាន​អំពាវនាវ​ឲ្យ​រដ្ឋា​ភិបាល​ផ្តល់​ជា​ការ​សម្រួល​ផ្សេងៗ​ដល់​ប្រជា​ពល​រដ្ឋ​រស់​នៅ​តំបន់​ក្រហម​ដូចជា​ថ្លៃ​បន្ទប់​ជួល ថ្លៃ​ទឹក​ភ្លើង និង​បំណុល​ធនាគារ​ជា​ដើម ដែល​លោក​ថា​រដ្ឋាភិបាល​ធ្លាប់​បាន​ច្រាន​ចោល​សំណើ​ទាំង​នេះ។

កាល​ពី​កន្លង​ទៅ រដ្ឋាករ​ទឹក​កម្ពុជា​បាន​ប្រកាស​លើក​លែង​ថ្លៃ​ទឹក​ដល់​កម្មករ​និង​និស្សិត​ដែល​ជួល​ផ្ទះ​នៅ​ក្នុង​តំបន់​ក្រហម​រយៈ​ពេល​៣​ខែ។

កាល​ពី​ចុង​សប្តាហ៍ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា​ប្រជា​ពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់​ក្រហម​មួយ​ចំនួន​មិន​ទាន់​បាន​ទទួល​អំណោយ​នៅ​ឡើយ​ទេ ដោយ​លោក​ថា​ការ​រៀបចំ​និង​ដឹក​ជញ្ជូន ​ត្រូវ​ការ​ពេល​វេលា​និង​ប្រើ​កម្លាំង​ច្រើន។

គួរ​បញ្ជាក់​ថា​ស្រប​ពេលដាក់​ចេញ​វិធានការ​បន្តបិទ​ខ្ទប់​តំបន់​មួយ​ចំនួន រដ្ឋាភិបាល​ក៏​បាន​សម្រុក​ចាក់​វ៉ាក់​សាំងបង្ការ​ជំងឺ​កូវីដ​១៩​ដល់​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​តំបន់​ក្រហម​ផង​ដែរ។ រដ្ឋាភិបាល​មាន​គម្រោង​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩ដល់​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ទីក្រុង​ភ្នំពេញ​និង​ខេត្ត​កណ្តាល​ ដែល​មាន​ប្រមាណ​៣​លាន​នាក់ ឲ្យ​បាន​ចប់​ក្នុង​ខែ​មិថុនា​ខាង​មុខ៕

XS
SM
MD
LG