ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

បន្ទាប់​ពី​បាន​ជួប​ក្រុម​គ្រួសារ​កូដករ​ណាហ្គាវើលដ៍ ​មន្ត្រី​អ.ស.ប.​ ប្រចាំ​កម្ពុជា​អំពាវនាវ​ឲ្យ​អាជ្ញាធរ​គោរព​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​


រូបឯកសារ៖ ក្រុមអតីតបុគ្គលិកណាហ្គាវើសលដ៍កំពុងធ្វើកូដកម្មនៅខាងមុខកាស៊ីណូណាហ្គាវើលដ៍ទាមទារឲ្យក្រុមហ៊ុនផ្តល់ដំណោះស្រាយលើការបញ្ឈប់បុគ្គលិក នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។ (រូបថត៖ កាន់ វិច្ឆិកា/វីអូអេ)

ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ប្រចាំ​ប្រទេស​កម្ពុជា​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​កម្ពុជា​គោរព​សិទ្ធិ​មនុស្ស​ជាមូលដ្ឋាន ​និង​ការ​ទទួល​បាន​សិទ្ធិ​ជំនុំ​ជម្រះ​ឲ្យ​បាន​ឆាប់​រហ័ស​ និង​ដោយ​ភាព​យុត្តិ​ធម៌​ បន្ទាប់​ពី​កម្លាំង​នគរបាល​ បាន​ចាប់​ខ្លួន​ក្រុម​កូដករ​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ជា​បន្តបន្ទាប់​យ៉ាង​ហោច​ណាស់​១១​នាក់​ គិត​ចាប់​តាំង​ពី​ការ​ផ្ទុះ​កូដកម្ម​នៅ​មុខ​កាស៊ីណូ​ណាហ្គាវើលដ៍​កាល​ពី​ធ្នូ​ ឆ្នាំ​២០២១។​

កាល​ពី​ចុង​សប្តាហ៍​មុន តំណាង​ការិយាល័យ​ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ប្រចាំ​ប្រទេស​កម្ពុជា ​បាន​ជួប​ជាមួយ​ក្រុម​គ្រួសារ​របស់​កូដករ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ​ដែល​ត្រូវ​សមត្ថ​កិច្ច​ចាប់ ​និង​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ ​បាន​ពិភាក្សា​អំពី​ក្តី​កង្វល់​នានា ​រួម​មាន​ការ​ពិបាក​ទៅ​សួរ​សុខ​ទុក្ខ​សមាជិក​គ្រួសារ​ដែល​កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ ​និង​បញ្ហា​ហិរញ្ញ​វត្ថុ​ដែល​បណ្តាល​មក​ពី​ការ​ជាប់​ពន្ធនាគារ​ជាដើម។ ​ នេះ​បើ​តាម​ការ​អត្ថាធិប្បាយ​របស់​លោក​ Pradeep Wagle ​តំណាង​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ប្រចាំ​ប្រទេស​កម្ពុជា ​ដែល​បង្ហោះ​នៅ​លើ​ប្រព័ន្ធ​Twitter​របស់​លោក​ កាលពី​ថ្ងៃ​ទី​១១​ ខែ​កុម្ភៈ។​

បើ​តាម​លោក​ Pradeep Wagle ​ ​ក្រុម​គ្រួសារ​របស់​កូដករ​បាន​ស្នើ​សុំ​ នៅ​ចំពោះ​មុខ​មន្ត្រី​ការិយាល័យ​ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា ​ឱ្យ​ជួយ​ពិនិត្យ​តាមដាន​ដំណើរ​ការ​ផ្លូវ​ច្បាប់​នានា ​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ចាប់​ខ្លួន​កន្លង​មក​នោះ។​

លោក​ Pradeep Wagle ​បាន​ថ្លែង​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​ Twitter​ក្នុង​ន័យ​ដើម​ថា៖​«យើង​បន្ត​ធ្វើការ​អំពាវ​នាវ​ដល់​អាជ្ញាធរ​ការពារ​សិទ្ធិ​មនុស្ស ​ជា​មូលដ្ឋាន​ និង​លើក​កម្ពស់​លទ្ធភាព​នៃ​ការ​ទទួល​បាន​នូវ​ យុត្តិ​ធម៌ ​និង​ការ​គាំទ្រ​ផ្នែក​មនុស្ស​ធម៌​ ការ​ការពារ​សិទ្ធិ​ដើម្បី​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ក្តី​មួយ​ឆាប់​រហ័ស​ និង​មាន​យុត្តិធម៌​សម្រាប់​ក្រុម​កូដករ​ដែល​បាន​ជាប់​ពន្ធនាគារ​ទាំង​អស់​នោះ»។​

ដោយ​ឡែក​លោក​ សុន ផលរិទ្ធ ​អាយុ​៣២​ឆ្នាំ ​ជា​បង​ប្រុស​បង្កើត​របស់​កូដករ​ស្ត្រី​ម្នាក់​គឺ​អ្នកស្រី ​សុន ស្រីពេជ្រ ​ដែល​កំពុង​ស្ថិត​ក្នុង​ពន្ធនាគារបាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ក្រុម​គ្រួសារ​លោក​បារម្ភ​អំពី​សុខ​ទុក្ខ​របស់​ប្អូនស្រី​ និង​បាន​ស្នើឲ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ​ផ្តល់​កិច្ច​អន្តរាគមន៍​ដោះ​លែង​ប្អូន​ស្រី​លោក​ចេញ​ពី​ពន្ធនាគារ​មក​វិញ។​

លោក​ថ្លែង​ថា៖ ​«ម៉ែ​ខ្ញុំ​នៅតែ​បារម្ភ​ ហើយ​ថ្ងៃ​[ចន្ទ]​នេះ ​គាត់​ទៅ​សួរ​សុខ​ទុក្ខ​[កូន]​នៅ​[ពន្ធនាគារ]​ម២។​[ក្រុមគ្រួសារ] ​នៅ​តែ​បារម្ភ ​ហើយ​ចង់​ឲ្យ​តែ​ខាង​គេ​[អាជ្ញាធរ]​ដោះស្រាយ​ចេញ​[ពីពន្ធនាគារ]​មក​វិញ»។​

លោក​បន្ត​ថា​បច្ចុប្បន្ន​ការ​ចូល​សួរ​សុខ​ទុក្ខ​សាច់​ញាត្តិ​ក្នុង​ពន្ធនាគារ​ត្រូវ​បាន​រឹតត្បិត​ជាង​មុន ​ដោយ​ខាង​មន្ត្រី​ពន្ធនាគារ​អនុញ្ញាត​ឲ្យ​ចូល​បាន​តែ​ម្នាក់​តែ​ប៉ុណ្ណោះ​ ​ខុស​ពី​ពេល​មុន​ ដែល​មន្ត្រី​អនុញ្ញាត​ឲ្យ​អ្នកចូល​សួរ​សុខ​ទុក្ខពី​២​ ទៅ​៣​នាក់។ ​ប៉ុន្តែ​លោក​ថា​ការ​រឹត​ត្បិត​នេះ ​ប្រហែល​ជា​មាន​ការ​ពាក់​ព័ន្ធ​នឹង​ការ​បារម្ភ​អំពី​ស្ថាន​ភាព​នៃ​ការ​ឆ្លង​រីក​រាល​នៃ​ជំងឺ​កូវីដ១៩​ ប្រភេទ​អូមីក្រុង។​

ចំណែក​លោក ​ង៉ែត ចន្ថា ​អាយុ​៣៧​ឆ្នាំ ​ដែល​ប្រពន្ធ​របស់​លោក​ គឺ​អ្នកស្រី ​ឃ្លាំង សុបិន្ត​ កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ ដោយ​សារ​ការ​តវ៉ា​រឿង​វិវាទ​ការងារ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​នោះ​ បាន​ប្រាប់​វីអូអេ​ថា ​ ​ការ​ចាប់​ខ្លួន​ប្រពន្ធ​របស់​លោក​ គឺ​មិន​សមហេតុ​ផល​នោះ​ទេ​ ​ ព្រោះ​ថា​ទំនាស់​ដែល​ផ្ទុះ​ឡើង​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​នោះ​ គឺ​ជា​វិវាទ​ការងារ​រវាង​ក្រុមហ៊ុន​ជាមួយ​បុគ្គលិក​តែ​ប៉ុណ្ណោះ។​ដូច្នេះ​លោក​ថា​អាជ្ញាធរ​គួរ​រក្សា​ភាព​នៅ​កណ្តាល​ក្នុង​ការ​សម្រប​សម្រួល​បញ្ចប់​វិវាទ​ការងារ​មួយ​នេះ​ ជា​ជាង​ការ​ចាប់​ខ្លួន​កូដករ​ជា​បន្ត​បន្ទាប់​ ដែល​បាន​ធ្វើ​ឲ្យ​វិវាទ​ការងារ​នេះ​រឹតតែ​អូស​បន្លាយ​ពេល​យូរ​បន្ថែម​ទៀត។​

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​ថា៖ ​«និយាយ​រួម​ទៅ​ អាហ្នឹង​ត្រូវ​រាជ​រដ្ឋាភិបាល​ខាង​អាជ្ញា​ធរ​ ត្រូវ​ឲ្យ​ក្រុមហ៊ុន​ និង​បុគ្គលិក​ហ្នឹង​ ចូល​តុ​ចរចា ​ អាហ្នឹង​បាន​វា​មាន​ដំណោះ​ស្រាយ។ បើសិន​ជា​ខាង​អាជ្ញាធរ​ នៅ​តែ​លូក​ដៃ​ អត់​ឲ្យ​ខាង​ក្រុមហ៊ុន ​មក​ដោះ​ស្រាយ​ហើយ​គាត់​ចេះ​តែ​ចាប់​មនុស្ស​ថែមៗ ​អ៊ីចឹង ​គឺ​ការងារ​ហ្នឹង​អត់​មាន​ថ្ងៃ​ចប់​ទេ»។​

វីអូអេ​បាន​ផ្ញើ​សំណួរ​តាម​សារ​អ៊ីមែល​ទៅ​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ប្រចាំ​ប្រទេស​កម្ពុជា​ ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​ទេ​រហូតដល់ពេល​វីអូអេ​សរសេរ​សេក្តី​រាយ​ការណ៍​នេះ​ចប់​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​នេះ។​

មន្ត្រី​កម្ម​វិធី​ការងារ​របស់​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ ហៅ​កាត់​ថា​ សង់ត្រាល់ ​លោក​ឃុន ថារ៉ូ​យល់​ថា​ការ​ចោទ​ប្រកាន់​របស់​តុលាការ​លើ​ក្រុម​កូដករ ​មេដឹក​នាំ​និង​សកម្មជន​សហជីព​របស់​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ គឺ​ធ្វើ​ឡើង​ដោយមិន​មាន​មូលដ្ឋាន​ច្បាប់​រឹង​មាំ​ក្នុង​ការ​ដាក់​បន្ទុក​នោះ​ទេ​ខណៈ​វិវាទ​ដែល​បាន​កើត​ឡើង​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ​គឺ​ជា​វិវាទ​ការងារ​សុទ្ធសាធ។

លោក​ប្រាប់​វីអូអេ​ថា៖ ​«អ៊ីចឹង​ការ​ចោទ​ប្រកាន់​នេះ​ គឺ​ជា​ការ​ចោទ​ប្រកាន់​ដោយ​អយុត្តិធម៌​ គ្មាន​ភស្តុតាង​ត្រឹម​ត្រូវ​នៅ​ក្នុង​ការ​[ដែល] ចោទ​ប្រកាន់​ពួក​គាត់​ថា​ ញុះញង់​ឲ្យ​ធ្វើ​បាតុកម្ម​ដោយ​ខុស​ច្បាប់។​អ៊ីចឹង​មាន​ន័យ​ថា ​ ទាំង​តុលាការ​ ទាំង​អាជ្ញាធរ​មិន​បាន​ទៅ​មើល​ច្បាប់​ស្តីពី​ការងារ​ មិន​បាន​ទៅ​មើល​លក្ខន្តិកៈ​ផ្ទៃ​ក្នុង​របស់​សហជីព​ដែល​មាន​ការ​ចុះ​បញ្ជីការ​នៅ​ក្រសួង​ការងារ​អំពី​នីតិវិធី​ក្នុង​ការ​ធ្វើ​កូដកម្ម។​អ៊ីចឹង​វា​អត់​មាន​អី​ចម្លែក​សម្រាប់​ខ្ញុំ​ ដែល​ថា​ ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​មក​យាយី ​មក​ទប់ស្កាត់ ​មក​រារាំង​សកម្មភាព​ស្របច្បាប់​របស់​សហជីព​មិន​មែន​ជា​រឿង​ថ្មី​ទេ»។

លោក​បញ្ជាក់​បន្ថែម​ថា ​ មន្ត្រី​រដ្ឋាភិបាល​កំពុង​ធ្វើ​ឲ្យ​មាន​ភាព​ស្មុគ​ស្មាញ​ ជុំវិញ​ករណី​វិវាទ​ការងារ​នេះ ​ដែល​អាជ្ញាធរ​ត្រូវ​លុប​បំបាត់​ និង​ទប់​ស្កាត់​រាល់​ការ​គំរាម​កំហែង ​ឬ​ការ​ដាក់​គំនាប​ណា​មួយ​លើ​ក្រុម​កូដករ​ ដោយ​ងាក​មក​ប្រើ​ប្រាស់​វិធាន​ច្បាប់​ស្តីពី​ការងារ​ជា​នីតិ​វិធី​ដោះ​ស្រាយ​ជំនួស​វិញ។ លោក​ជំរុញ​ឲ្យ​អាជ្ញាធរ​យុត្តិធម៌​ពិចារណា​ដោះ​លែង​ជា​បណ្តោះ​អាសន្ន​ដល់​ថ្នាក់​ដឹក​នាំ ​និង​សកម្ម​ជន​សហជីព​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ដែល​កំពុង​ជាប់​ឃុំ​ ដើម្បី​បើក​ផ្លូវ​ឲ្យ​មាន​ចរចា​ដោយ​ស្មើភាព​ ហើយ​ឈាន​ទៅ​ដល់​ការ​បញ្ចប់​នីតិវិធី​តុលាការ។​

យ៉ាង​ណា​ក៏​ដោយ​ រដ្ឋ​លេខាធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​លោក​ជិន ម៉ាលីន ​បាន​ប្រាប់​វីអូអេ​ថា ​ មិន​មាន​ស្ថាប័ន​ណា​មួយ​ ឬ​អង្គការ​អន្តរជាតិ​ណាមួយ​ អាច​លូក​លាន់​ ឬ​បង្គាប់​បញ្ជា​ឲ្យ​ស្ថាប័ន​តុលាការ​ធ្វើ​ទៅតាម​ការ​ចង់​បាន​របស់​ខ្លួន​នោះ​ទេ។​

លោក​ថ្លែង​ថា៖​«សំខាន់​ចំពោះ​ចំណាត់​ការ​ច្បាប់​ លើ​ក្រុម​បាតុករ​ [ឬ]​កូដករ​ខុស​ច្បាប់​ គឺ​សមត្ថ​កិច្ច​មាន​មូលដ្ឋាន​ផ្លូវ​ច្បាប់ ​រឹងមាំ​ច្បាស់លាស់។​អ៊ីចឹង​ ភាគី​ណា​ដែល​ចង់​ការពារ​ គឺ​ត្រូវ​ចូល​រួម​ដំណើរ​ការ​នីតិវិធី​តុលាការ​ហើយ ​មាន​មូលដ្ឋាន​ ភស្តុតាង ​សក្ខី​កម្ម​ឲ្យ​បាន​រឹង​មាំ​ក្នុង​ការ​ដោះ​បន្ទុក។ សូម្បី​ការិយាល័យ​ ឧត្តម​ស្នងការ​ដែល​គាត់​យល់​ច្បាស់​រឿង​ច្បាប់ ​និង​សិទ្ធិ​មនុស្ស​ គាត់​មិន​ហ៊ាន​លូកដៃ​ដែរ។ ​ គាត់​គ្រាន់តែ​លើក​ជា​គោល​ការណ៍​ជា​ទូទៅ​អ៊ីចឹង»។​

គួរ​បញ្ជាក់​ថា​កាល​ពី​ដើម​ខែ​កុម្ភៈ ​ សមត្ថ​កិច្ច​បាន​ចាប់​ខ្លួន​អ្នក​សហជីព​៣​នាក់​ចុង​ក្រោយ​ដែល​នាំ​ឱ្យ​ចំនួន​ថ្នាក់​ដឹកនាំ​ និង​សកម្ម​ជន​សហ​ជីព​ណាហ្គាវើលដ៍​ ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​កើន​ឡើង​ដល់​១១នាក់។​ ​សមាជិក​សហ​ជីព​ចំនួន​៤​នាក់​ទៀត​ ក៏​ត្រូវ​បាន​តុលាការ​ចេញ​ដីកា​ឲ្យ​ចូល​ខ្លួន​ទាក់​ទង​នឹង​សំណុំ​រឿង​បំពាន​វិធាន​ការ​ទប់​ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ១៩​ដែរ។​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​កំពុង​ធ្វើ​យុទ្ធនាការ​តាម​បណ្តាញ​ទំនាក់​ទំនង​សង្គម​ជំរុញ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​សហជីព​ទាំង​នោះ​ជា​បន្ទាន់​ និង​ដោយ​ឥត​លក្ខ​ខណ្ឌ៕​

XS
SM
MD
LG