ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានប្រកាសពីបែកបាក់របស់ហ្វីលីពីនពីសហរដ្ឋអាមេរិក សម្ព័ន្ធមិត្តដ៏ធំមួយដែលខ្លួនមានទំនាក់ទំនងសន្តិសុខយ៉ាងជិតស្និតជាមួយ។
លោក Duterte បានចេញសេចក្តីប្រកាសនេះកាលពីថ្ងៃព្រហស្បតិ៍ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ដែលត្រូវបានឃ្លាំមើលយ៉ាងដិតដល់ពីសំណាក់សហរដ្ឋអាមេរិក។ នេះជាសញ្ញាបង្ហាញពីភាពប្រសើរឡើងនៃទំនាក់ទំនងរវាងប្រទេសហ្វីលីពីន និងចិន។
លោក Duterte បានថ្លែងនៅក្នុងទីក្រុងប៉េកាំងក្នុងខណៈដែលលោកឧបនាយករដ្ឋមន្ត្រីចិន Zhao Gaoli មានវត្តមាននៅទីនោះផងដែរថា៖ «ខ្ញុំសូមប្រកាសពីការបែកចេញពីសហរដ្ឋអាមេរិក»។
លោក Duterte បានបន្ថែមថា៖ «ឥឡូវនេះ អាមេរិកបានចាញ់ហើយ។ ខ្ញុំរៀបចំខ្លួនខ្ញុំជាថ្មីទៅតាមមនោគមវិជ្ជារបស់អ្នក ហើយខ្ញុំក៏ប្រហែលនឹងទៅរុស្ស៊ីដើម្បីជួបពិភាក្សាជាមួយនឹងលោកប្រធានាធិបតី Putin ហើយខ្ញុំនឹងប្រាប់គាត់ថា យើងទាំងបីនាក់រួមមានចិន ហ្វីលីពីន និងរុស្ស៊ី នឹងប្រឆាំងនឹងពិភពលោក។ នេះគឺជាវិធីតែមួយគត់»។
ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៤ថ្ងៃ ប្រធានាធិបតីហ្វីលីពីនក៏បានជួបជាមួយនឹងនាយករដ្ឋមន្ត្រីចិនលោក Li Keqiang និងលោកប្រធានាធិបតីចិន Xi Jinping ផងដែរ។
លោក Duterte បានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការចំនួន១៣ ជាមួយនឹងចិន ដែលផ្តោតទៅលើវិស័យសេដ្ឋកិច្ច ទេសចរណ៍ ពាណិជ្ជកម្ម ការប្រឆាំងគ្រឿងញៀន និងកិច្ចការដែនសមុទ្រផងដែរ។
ប្រទេសទាំងពីរក៏បានព្រមព្រៀងក្នុងការបង្កើតគណៈកម្មាធិការរួមមួយរវាងឆ្មាំយាមសមុទ្ររបស់ប្រទេសទាំងពីរ ដែលនេះគឺជាការវិវត្តន៍ដ៏មានសារៈសំខាន់មួយ ពីព្រោះថាវាអាចនឹងជួយសម្រួលដល់កិច្ចពិភាក្សាទៅលើជម្លោះទឹកដីរបស់ប្រទេសទាំងពីរនៅក្នុងសមុទ្រចិនខាងត្បូង ដែលជាបញ្ហាមួយដែលភាគីទាំងពីរបានព្រមព្រៀងគ្នាថានឹងធ្វើការពិចារណាជាថ្មីម្តងទៀត។
ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Duterte ទៅកាន់ប្រទេសចិន បង្ហាញពីចំណុចរបត់ដ៏សំខាន់មួយនៃទំនាក់ទំនងរវាងហ្វីលីពីន និងចិន។ លោក Duterte បានព្យាយាមពង្រឹងចំណងមិត្តភាពជាមួយនឹងចិន ហើយដកខ្លួនចេញពីអាមេរិក ចាប់តាំងពីលោកក្លាយខ្លួនជាប្រធានាធិបតីកាលពីខែឧសភា មកម្លេះ៕