លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានជួបពិភាក្សាជាមួយនឹងលោកប្រធានាធិបតីចិន Xi Jinping នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីពង្រឹងចំណងទាក់ទងរវាងប្រទេសទាំងពីរឡើងវិញ។
មេដឹកនាំទាំងពីរគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីៗជាច្រើន បន្ទាប់ពីការជួបពិភាក្សាគ្នានៅថ្ងៃព្រហស្បតិ៍នេះ ដែលការចុះហត្ថលេខានេះ ត្រូវបានលោកប្រធានាធិបតីចិន Xi Jinping និយាយថា មានគោលបំណងចង់ពង្រឹងនូវទំនាក់ទំនងរវាងប្រទេសចិន និងប្រទេសហ្វីលីពីន បន្ទាប់ពីប្រទេសទាំងពីរមានជម្លោះជាមួយគ្នាពាក់ព័ន្ធនឹងការទាមទារកាន់កាប់ដែនទឹកនៅក្នុងសមុទ្រចិនខាងត្បូង។
កាលពីប៉ុន្មានខែមុន តុលាការអាជ្ញាកណ្ដាលអន្តរជាតិបានកាត់សេចក្ដីឲ្យប្រទេសហ្វីលីពីនឈ្នះក្ដីនៅក្នុងរឿងក្ដីពាក់ព័ន្ធនឹងជម្លោះនៅក្នុងសមុទ្រចិនខាងត្បូងជាមួយនឹងប្រទេសចិន។ ហើយចាប់តាំងពីពេលនោះមក លោក Duterte បានព្យាយាមមិនធ្វើឲ្យទំនាក់ទំនងជាមួយនឹងប្រទេសចិនប្រេះឆា ហើយស្របពេលនោះដែរ លោកប្រឹងប្រែងធ្វើការដើម្បីការពារការទាមទារដែនដីរបស់ប្រទេសលោកផងដែរ។
នៅមុនការពិភាក្សាជាមួយនឹងមេដឹកនាំចិន លោក Duterte បាននិយាយថា លោកនឹងមិនលើកយកបញ្ហាដែនដីដែលមានជម្លោះមកពិភាក្សានោះទេ ដរាបណាលោក Xi Jinping លើកយកបញ្ហានោះឡើងមុន។
លោកប្រធានាធិបតីចិន Xi Jinping មិនបានលើកយកបញ្ហាជម្លោះនៅក្នុងសមុទ្រចិនខាងត្បូងមកពិភាក្សានៅក្នុងជំនួបជាមួយលោក Dutete នោះទេ ប៉ុន្តែលោកបានបញ្ជាក់ថា ប្រទេសចិន និងប្រទេសហ្វីលីពីនជាបងប្អូននឹងគ្នា ហើយលោកបាននិយាយថា ប្រទេសទាំងពីរអាចស្វែងរកដំណោះស្រាយសមរម្យសម្រាប់ជម្លោះរបស់ពួកគេ៕