ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា ​និង​ហ្វីលីពីន​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នាក្រោម​មន្ទិល​សង្ស័យ​អំពី​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ


សមាជិក​នៃកងទ័ព​ការពារ​ជាតិ​សហរដ្ឋអាមេរិក​បង្ហាញ​ពីជំនាញ​​ឡើងជញ្ចាំង​​តាម​ខ្សែ​ក្នុង​សកម្ម​ភាព​ហ្វឹក​ហាត់​សង្គ្រោះ​ Urban Search នៃសមយុទ្ធ រួមគ្នា​ប្រចាំឆ្នាំ RP- Balikatan នៅ​ជំរំ​ Capinpin ក្រុង​ Tanay នៃ​ខេត្ត Rizal ភាគ​ខាង​កើត​រដ្ឋធានី​ម៉ានីល ប្រទេស​ហ្វីលីពីន កាល​ពី ថ្ងៃទី ០៨ មេសា ឆ្នាំ២០១៦។
សមាជិក​នៃកងទ័ព​ការពារ​ជាតិ​សហរដ្ឋអាមេរិក​បង្ហាញ​ពីជំនាញ​​ឡើងជញ្ចាំង​​តាម​ខ្សែ​ក្នុង​សកម្ម​ភាព​ហ្វឹក​ហាត់​សង្គ្រោះ​ Urban Search នៃសមយុទ្ធ រួមគ្នា​ប្រចាំឆ្នាំ RP- Balikatan នៅ​ជំរំ​ Capinpin ក្រុង​ Tanay នៃ​ខេត្ត Rizal ភាគ​ខាង​កើត​រដ្ឋធានី​ម៉ានីល ប្រទេស​ហ្វីលីពីន កាល​ពី ថ្ងៃទី ០៨ មេសា ឆ្នាំ២០១៦។

កង​កម្លាំង​យោធា​សហរដ្ឋ​អាមេរិក​និង​កង​កម្លាំង​យោធា​ហ្វីលីពីន​បាន​ចាប់ផ្ដើម​ការ​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​មួយ​នៅ​ថ្ងៃ​អង្គារ​នេះ ទោះបី​ជា​មាន​មន្ទិល​សង្ស័យ​មួយ​ចំនួន​ចំពោះ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កើត​ឡើង​ក៏ដោយ។ ការ​ធ្វើ​សមយុទ្ធ​នេះ​ធ្វើ​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterteបាន​និយាយ​ថា ការ​ធ្វើ​សមយុទ្ធ​នេះ​គឺ​ជា​ការ​ធ្វើ​សមយុទ្ធ​លើក​ចុង​ក្រោយ​រវាង​ប្រទេស​ទាំង​ពីរ នៅ​ក្នុង​អាណត្តិ​ប្រធានាធិបតី​របស់​លោក​រយៈពេល ៦ ឆ្នាំ ទៅ​មុខ។

សមយុទ្ធ​យោធា​នេះ​មាន​ការ​ចូលរួម​ពី ទាហាន​សហរដ្ឋ​អាមេរិក​ចំនួន ១,១០០​នាក់ និង​ទាហាន​ហ្វីលីពីន​ចំនួន ៤០០​នាក់។

មេ​បញ្ជាការ​កងទ័ព​នាវា​មុជ​ទឹក​មកពី​ប្រទេស​ទាំង​ពីរ បាន​និយាយ​នៅ​ក្នុង​ពិធី​បើក​ការ​ធ្វើ​សមយុទ្ធ​នេះ​ថា ការ​ធ្វើ​សមយុទ្ធ​នេះ​មាន​គោល​បំណង​ពង្រឹង​ការ​ប្រុងប្រៀប​រួច​ជា​ស្រេច​របស់​ប្រទេស​ទាំង​ពីរ ដើម្បី​ឆ្លើយតប​ទៅ​នឹង​វិបត្តិ​ជា​ច្រើន​ដែល​អាច​នឹង​កើត​ឡើង ហើយ​ក៏​មាន​គោល​បំណង​ដើម្បី​ពង្រឹង​ចំណង​ទាក់ទង​ជា​ប្រវត្តិសាស្ត្រ​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​ស៊ី​ជម្រៅ​បន្ថែម​ទៀត។

លោក Duterte បាន​និយាយ​កាល​ពី​សប្តាហ៍​មុន​ថា ការ​ធ្វើ​សមយុទ្ធ​លើក​នេះ​គឺ​ជា​ការ​ធ្វើ​សមយុទ្ធ​លើក​ចុងក្រោយ​នៅ​ក្នុង​អាណត្តិ​របស់​លោក​ជា​ប្រធានាធិបតី​ហ្វីលីពីន។ ប៉ុន្តែ​លោក​រដ្ឋមន្ត្រី​ការ​បរទេស​ហ្វីលីពីន​ក្រោយ​មក​បាន​ថា ការ​លើក​ឡើង​របស់​លោក Duterte មិន​ទាន់​ជា​ការ​សម្រេច​ចិត្ត​ចុងក្រោយ​នោះ​ទេ។

មន្ត្រី​ស្ថានទូត​អាមេរិក​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​បញ្ជាក់​ជា​ផ្លូវការ​ពី​រដ្ឋាភិបាល​ហ្វីលីពីន​នៅ​ឡើយ​ទេ​ចំពោះ​បញ្ហា​នេះ។

ការ​វិវត្តន៍​ដូច​អ្វី​ដែល​ប្រធានាធិបតី​ហ្វីលីពីន​លើក​ឡើង​នេះ អាច​រារាំង​ដល់​គម្រោង​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន នៅ​ក្នុង​ការ​ពង្រីក​វត្តមាន​របស់​កង​កម្លាំង​យោធា​អាមេរិក​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដើម្បី​តទល់​ជាមួយ​នឹង​ប្រទេស​ចិន៕

XS
SM
MD
LG