ឆ្នាំ២០១៦ មិនទំនងជាពេលដ៏ល្អប្រសើរដើម្បីនិយាយអំពីសិទ្ធិមនុស្សនៅតំបន់អាស៊ីអាគ្នេយ៍ឡើយ។ អ្នកជំនាញការផ្នែកសិទ្ធិមនុស្សជើងចាស់ប្រចាំតំបន់អាស៊ី ម្នាក់បានលើកឡើងថាស្ថានភាពសិទ្ធិមនុស្ស និងការអនុវត្តន៍ដើម្បីធានាលំហនៃសិទ្ធិសេរីភាព នៅបណ្ដាប្រទេសក្នុងតំបន់អាស៊ីអគ្នេយ៍ ឬក្រុមប្រទេសអាស៊ាន «កាន់តែមានសភាពដុនដាបទៅៗ» នៅក្នុងឆ្នាំនេះ។
ក្នុងកិច្ចសម្ភាសមួយជាមួយVOA លោក Phil Robertson នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ប្រចាំតំបន់អាស៊ី បានបង្ហាញនូវកង្វល់ថា បណ្ដារដ្ឋាភិបាលនៅតំបន់អាស៊ីអាគ្នេយ៍ មិនបានធ្វើឱ្យស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសរបស់ពួកគេ មានការរីកចម្រើនទៅមុខឡើយ។
«ស្ថានការណ៍ជាទូទៅក្នុងតំបន់ទាំងមូល និយាយជារួម និងសម្រាប់តំបន់អាស៊ីអគ្នេយ៍ និយាយដោយឡែក បានដាំក្បាលចុះយ៉ាងឆាប់រហ័ស»។
អ្នកជំនាញរូបនេះ បានបន្តលើកឡើងថា មិនមានប្រទេសណាមួយក្នុងចំណោមប្រទេសជាសមាជិកអាស៊ានទាំង១០ បានស្គាល់នូវភាពប្រសើរឡើងនៃបញ្ហាសិទ្ធិមនុស្ស និងលំហសេរីភាពពេញទីឡើយ។
លោក Phil Robertson បាននិយាយរៀបរាប់ពីស្ថានភាពម្ដងមួយប្រទេសៗ ក្នុងចំណោមប្រទេសទាំង១០។ នៅប្រទេសថៃ រដ្ឋាភិបាលយោធា ដែលឡើងកាន់អំណាចតាមរយៈរដ្ឋប្រហារឆ្នាំ២០១៤ បានបន្តបំបិទមាត់ក្រុមប្រឆាំងតាមរយៈការប្រើប្រាស់ច្បាប់អាជ្ញាសឹក និងមាត្រាច្បាប់ដែលហាមប្រាមការនិយាយរិះគន់ព្រះរាជបល្ល័ង្ក និងសមាជិកសែស្រឡាយរាជវង្ស។
ចំពោះស្ថានការណ៍នៅឯប្រទេសភីលីពីនវិញ លោក Robertson បានបរិហារថាជា«គ្រោះមហន្តរាយ»តែម្ដង ដោយលោកសំដៅទៅលើការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោកប្រធានាធិបតី Rodrigo Duterte ដែលនាំឱ្យមនុស្សយ៉ាងតិច៣ពាន់នាក់ស្លាប់ គិតត្រឹមដំណាច់ខែកញ្ញា។
រីឯប្រទេសកម្ពុជាវិញ អ្នកជំនាញរូបនេះ បានលើកឡើងពីករណីផ្លូវច្បាប់ប្រឆាំងមេដឹកនាំសង្គ្រោះជាតិ និងបុគ្គលិកអង្គការការពារសិទ្ធិមនុស្សអាដហុក ក្នុងសំណុំរឿងក្ដីដែលលោកហៅថាមានលក្ខណៈ «គួរឱ្យអស់សំណើច»។
ក្រុមប្រឆាំង និងអ្នករិះគន់ បានក្លាយជាគោលដៅរបស់រដ្ឋអំណាចនៅប្រទេសឡាវ និងម៉ាឡេស៊ីផងដែរ។ នេះបើតាមលោក Robertson ដែលលោកបានបន្តលើកឡើងអំពីករណីនៃឥទ្ធិពលយោធាដ៏គួរឱ្យព្រួយបារម្ភដែលបន្តមាននៅក្នុងប្រទេសភូមា។
អ្នកជំនាញរូបនេះបានបន្តថា ឯបណ្ដាប្រទេសមួយចំនួនទៀតនៅតែមិនទាន់អាចបើកទូលាយផ្នែកសិទ្ធិសេរីភាពដល់សហគមន៍នៃក្រុមអ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងប្រទេសរបស់ពួកគេឡើយ។
«មួយចំនួននៃរដ្ឋាភិបាលទាំងនេះ តែងតែមានគំនិតថា រាល់ដៃគូប្រជែងនយោបាយនានា មានចេតនាចង់ផ្ដួលរំលំរដ្ឋអំណាចរបស់ពួកគេ ... មិនមានការគោរពឱ្យបានខ្ជាប់ខ្ជួននៅឡើយ ទៅលើគោលការណ៍ប្រជាធិបតេយ្យ ដែលតម្រូវឱ្យមានគណបក្សជំទាស់ ដែលអាចបំពេញផ្ដល់នូវវិភាគទានរបស់ពួកគេទៅដល់ប្រទេសជាតិ»។
តំបន់អាស៊ីអគ្នេយ៍បានស្គាល់នូវវឌ្ឍនភាពដ៏លឿនសម្បើម ក៏ប៉ុន្តែតំបន់ដែលមានប្រទេសចំនួន១០នេះ ក៏ត្រូវបានគេស្គាល់ផងដែរថាជាតំបន់ដែលសម្បូរទៅដោយការគ្រប់គ្រងតាមបែប រដ្ឋបុរស និងគោលនយោបាយអធិបតេយ្យភាព មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ។
បណ្ដាប្រទេសមហាអំណាចកំពុងតែផ្ដោតការយកចិត្តទុកដាក់មកលើតំបន់នេះ ជាមួយនឹងការបង្កើនឥទ្ធិពលនយោបាយ យោធា និងសេដ្ឋកិច្ច យ៉ាងគគ្រឹកគគ្រេង។
យ៉ាងណាក្ដីមហាអំណាចប្រជាធិបតេយ្យលោកខាងលិច ដូចជាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលកំពុងបង្កើនវត្តមាននៅអាស៊ីអគ្នេយ៍ មិនបានប្រើឱកាសនៃសហប្រតិបត្តិការថ្នាក់តំបន់ ដើម្បីជម្រុញឱ្យបានដល់កម្រិត ដល់បណ្ដារដ្ឋអំណាចនៅតំបន់អាស៊ានឱ្យដើរតាមគន្លងនយោបាយប្រជាធិបតេយ្យ សេរីពហុបក្សនោះទេ។ នេះបើតាមលោក Robertson។
«វាពិតជាគួរឱ្យបារម្ភជាពន់ពេកណាស់ ដោយសារតែហេតុថា បញ្ហាសិទ្ធិមនុស្សនៅតែទុកឱ្យស្ថិតនៅក្រៅរបៀបវារៈថ្នាក់តំបន់ បើទោះជាសហរដ្ឋអាមេរិក កាន់តែបង្កើនកិច្ចសហប្រតិបត្តិការ និងវត្តមានរបស់ខ្លួន ក្រោមយុទ្ធសាស្ត្រ ងាកបែរទៅតំបន់អាស៊ី Asia Pivot របស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា យ៉ាងណាក្ដី»។
ក៏ប៉ុន្តែបណ្ដារដ្ឋាភិបាលនៅតំបន់អាស៊ីអាគ្នេយ៍តែងបានឆ្លើយតបជាបន្តបន្ទាប់ទៅនឹងការរិះគន់ពីសំណាក់មជ្ឈដ្ឋានខាងក្រៅ ជាពិសេសពីបណ្ដាបស្ចិមប្រទេស ទៅលើស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសរបស់ពួកគេ ដោយលើកឡើងជាហូរហែថាការអនុវត្តន៍គោលការណ៍ប្រជាធិបតេយ្យ មិនអាចធ្វើតាមដូចបេះបិទទៅនឹងការអនុវត្តន៍នៅលោកខាងលិចបានឡើយ។
នៅឯមហាសន្និបាតអង្គការសហប្រជាជាតិកាលពីចុងខែកញ្ញា លោករដ្ឋមន្ត្រីការបរទេសកម្ពុជា ប្រាក់ សុខុន បានប្រើប្រាស់វេទិកាដើម្បីតបថា ការអនុវត្តប្រជាធិបតេយ្យ មិនអាចធ្វើបានឥតខ្ចោះ ដូចបេះបិទទៅនឹងលោកខាងលិចបានឡើយ ដោយហេតុថាប្រទេសនីមួយៗមានស្ថានភាព និងលក្ខខណ្ឌពិសេសរបស់ប្រទេសគេរៀងៗខ្លួន ដើម្បីអនុវត្តនិងប្រកាន់យករបបនយោបាយតាមរបៀបរបស់គេ៕