ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ពីក្រុងម៉ានីលថា កាលពីថ្ងៃអាទិត្យក្រុមរដ្ឋមន្ត្រី ពាណិជ្ជកម្មនៃប្រទេសចំនូន២១ក្នុងភូមិភាគអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា «APEC» បានចេញផ្សាយការគាំទ្រយ៉ាងខ្លាំងដល់កិច្ចខិតខំប្រឹងប្រែងរបស់អង្គការពាណិជ្ជកម្មពិភពលោកក្នុងការជួយជ្រោមជ្រែងធ្វើពាណិជ្ជកម្មសាកលនៅពេលមានកំណើនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅក្នុងតំបន់។
ក្រុមរដ្ឋមន្ត្រីមកពីបណ្តាប្រទេសនៃអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងភូមិភាគអាស៊ីប៉ាស៊ីហ្វិកបានសន្យានៅទីបញ្ចប់នៃការប្រជុំពីរថ្ងៃរបស់ពួកគេនៅលើកោះសម្រាកលំហែកាយ Boracay នៅក្នុងផ្នែកកណ្តាលនៃប្រទេសហ្វីលីពីនថា នឹងផ្តល់សច្ចានុម័តមិនឲ្យហួសពីខែធ្នូដល់កិច្ចព្រមព្រៀងសំខាន់មួយសម្រាប់សម្រួលពាណិជ្ជកម្ម និងចូលរូមក្នុងកម្មវិធីធ្វើការងារមួយដើម្បីបញ្ចប់កិច្ចចរចាពាណិជ្ជកម្ម Doha ដែលបានត្រូវពន្យារពេលយូរមកហើយនោះ។
ក្រុមរដ្ឋមន្ត្រីទាំងនេះបានបញ្ជាក់ជាថ្មីទៀតនៅក្នុងឯកសារមួយដាច់ដោយឡែកពីសេចក្តីថ្លែងការណ៍រួមប្រចាំឆ្នាំរបស់ពួកគេអំពី «ភាពចំកណ្តាល និងបឋមភាពល្អដាច់គេនៃប្រព័ន្ធពាណិជ្ជកម្មពហុភាគីនៅក្រោមការឧបត្ថម្ភនៃអង្គការពាណិជ្ជកម្មពិភពលោក» ក្នុងការឧបត្ថម្ភផ្តួចផ្តើមការលូតលាស់ផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ច៕