ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ការទូត​សហរដ្ឋ​អាមេរិក​ជួប​ពិភាក្សា​ពី​ការ​លើក​ឡើង​របស់​លោក Duterte នៅ​​ប្រទេស​ហ្វីលីពីន


មន្រ្តី​ការទូត​ជាន់​ខ្ពស់​អាមេរិក​សម្រាប់​បន្ទុក​កិច្ច​ការ​អាស៊ី​ប៉ាស៊ីហ្វិក​លោក Daniel Russel (កណ្តាល) គ្រវី​ដៃ​ទៅកាន់​អ្នកសារព័ត៌មានមុន​កិច្ច​ប្រជុំ​នៅ​នាយកដ្ឋាន​កិច្ចការ​បរទេស​ ទីក្រុង Pasay​ ខាងត្បូង​ ទីក្រុង​ម៉ានីល​ ប្រទេស​ហ្វីលីពីន កាល​ពី​ថ្ងៃទី​២៤​ តុលា ២០១៦។
មន្រ្តី​ការទូត​ជាន់​ខ្ពស់​អាមេរិក​សម្រាប់​បន្ទុក​កិច្ច​ការ​អាស៊ី​ប៉ាស៊ីហ្វិក​លោក Daniel Russel (កណ្តាល) គ្រវី​ដៃ​ទៅកាន់​អ្នកសារព័ត៌មានមុន​កិច្ច​ប្រជុំ​នៅ​នាយកដ្ឋាន​កិច្ចការ​បរទេស​ ទីក្រុង Pasay​ ខាងត្បូង​ ទីក្រុង​ម៉ានីល​ ប្រទេស​ហ្វីលីពីន កាល​ពី​ថ្ងៃទី​២៤​ តុលា ២០១៦។

មន្ត្រី​ការទូត​ជាន់​ខ្ពស់​បំផុត​មួយ​រូប​របស់​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​អាស៊ី បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ហ្វីលីពីន ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បាន​និយាយ​ថា លោក​មាន​បំណង​ចង់​បញ្ចប់​ទំនាក់ទំនង​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក។

លោក Daniel Russel ដែល​ជា​ឧបការី​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​ខាង​កើត និង​ប៉ាស៊ីហ្វិក បាន​ប្រាប់​លោក Perfecto Yasay ដែល​ជា​រដ្ឋមន្ត្រី​ការបរទេស​ហ្វីលីពីន​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា៖ «ការ​លើក​ឡើង​ជា​បន្តបន្ទាប់​របស់​លោក Duterte និង​បរិយាកាស​ពិត​ប្រាកដ​នៃ​ភាព​ស្រពេចស្រពិល​អំពី​គោល​បំណង​របស់​ប្រទេស​ហ្វីលីពីន បាន​ធ្វើ​ឲ្យ​ប្រទេស​ជា​ច្រើន មិន​ត្រឹមតែ​សហរដ្ឋ​អាមេរិក​នោះ​ទេ មាន​ការ​ស្រងាក​ចិត្ត‍»។

កាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន លោក Duterte បាន​និយាយ​កែ​សម្រួល​បន្តិច​ចំពោះ​ការ​លើក​ឡើង​របស់​លោក​នៅ​ក្នុង​ទីក្រុង​ប៉េកាំង ដោយ​លោក​បាន​និយាយ​ថា តាម​ពិត លោក​មិន​មាន​បំណង​ចង់​កាត់​ផ្ដាច់​ទំនាក់ទំនង​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​នោះ​ទេ ដោយ​ហេតុ​ថា «ការ​រក្សា​ទំនាក់ទំនង​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​នឹង​ផ្ដល់​ផល​ប្រយោជន៍​ដល់​ប្រទេស​ហ្វីលីពីន‍»។ ប៉ុន្តែ លោក​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​ក្រុង​ម៉ានីល នឹង​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ចំពោះ​គោល​នយោបាយ​ការបរទេស​របស់​ខ្លួន​ដោយ​ផ្ទាល់ ដោយ​មិន​ចាំ​បាច់​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នោះ​ទេ។

លោក Russel បាន​និយាយ​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ស្វាគមន៍​ចំពោះ​ការ​ថមថយ​នូវ​ភាព​តានតឹង​រវាង​រដ្ឋាភិបាល​ក្រុង​ម៉ានីល និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក Duterte។ ប៉ុន្តែ ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ហ្វីលីពីន និង​ចិន​នេះ មិន​គួរ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ហ្វីលីពីន​នោះ​ទេ។

បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន លោក Russel នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ថៃ ដើម្បី​គោរព​ព្រះ​សព​ព្រះមហាក្សត្រ Bhumibol និង​ជួប​ជាមួយ​នឹង​មន្ត្រី​រដ្ឋាភិបាល​ថៃ​ដើម្បី​ពិភាក្សា​អំពី​ទំនាក់ទំនង​ទ្វេភាគី និង​បញ្ហា​ក្នុង​តំបន់។

បន្ទាប់​មក​ទៀត លោក​នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​កម្ពុជា ដើម្បី​ជួប​ជាមួយ​នឹង​មន្ត្រី​រដ្ឋាភិបាល មន្ត្រី​គណបក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល​នានា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG