ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហ្វីលីពីន​នៅ​បន្ត​ចំណង​ការទូត​ជាមួយ​អាមេរិក​ ប៉ុន្តែ​មិន​ស្តាប់​​បញ្ជា​ទៀត​នោះ​ទេ


ជនជាតិភាគតិច​ហ្វីលីពីន​និង​សកម្មជន​បាន​ស្រែក​ខ្លាំងៗ​នូវពាក្យ​ស្លោក​ខណ ដែល​ពួកគេ​ដុត​ទង់ជាតិ​អាមេរិក​នៅ​ក្បែរ​វិមាន​ប្រធានាធិបតី Malacanang ទីក្រុង​ម៉ានីល​ ប្រទេស​ហ្វីលីពីនកាល​ពី​ថ្ងៃសុក្រទី​២១ តុលា ២០១៦។
ជនជាតិភាគតិច​ហ្វីលីពីន​និង​សកម្មជន​បាន​ស្រែក​ខ្លាំងៗ​នូវពាក្យ​ស្លោក​ខណ ដែល​ពួកគេ​ដុត​ទង់ជាតិ​អាមេរិក​នៅ​ក្បែរ​វិមាន​ប្រធានាធិបតី Malacanang ទីក្រុង​ម៉ានីល​ ប្រទេស​ហ្វីលីពីនកាល​ពី​ថ្ងៃសុក្រទី​២១ តុលា ២០១៦។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ហ្វីលីពីន​កំពុង​តែ​បញ្ជាក់​ពី​ទំនាក់​ទំនង​រវាង​ប្រទេស​របស់​លោក​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ ពីរ​ថ្ងៃ​បន្ទាប់​ពី​ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte បាន​ប្រកាស​ពី​ការ​បែក​ចេញ​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ទីក្រុង​ប៉េកាំង។

ក្នុង​ខណៈ​ពេល​ដែល​លោក​ហៅ​សហរដ្ឋ​អាមេរិក​ថា​ជា​មិត្ត​ដ៏​ជិត​ស្និត​បំផុត​របស់​ហ្វីលីពីន​ លោក​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​ហ្វីលីពីន Perfecto Yasay បាន​ថ្លែង​ថា​ ហ្វីលីពីន​ត្រូវ​តែ​បែក​ខ្លួន​ចេញ​ពី​ អតីត​ចៅហ្វាយ​នាយ​ពី​ជំនាន់​អាណានិគម​ ដើម្បី​បង្កើន​ការ​រីក​លូត​លាស់​និង​ទំនាក់​អន្តរជាតិ​របស់​ខ្លួន។

ចាប់​តាំង​ពី​លោក​ប្រធានាធិបតី​ Duterte បាន​ជាប់​ឆ្នោត​កាលពី​ខែ​ឧសភា​មក លោក​បាន​ប្តេជ្ញា​ធ្វើ​ការ​បង្រ្កាប​គ្រឿង​ញៀន​នៅ​ទូទាំង​ប្រទេស​ ដែល​បង្ក​ឲ្យ​មាន​ការ​រិះគន់​ពី​ក្រុម​ការពារ​សិទ្ធិ​មនុស្ស​និង​បណ្តា​ប្រទេស​នានា​ដូច​ជា​សហរដ្ឋ​អាមេរិក​ជា​ដើម។ ដើម្បី​ជា​ការ​ឆ្លើយ​តប​ លោក​បាន​បញ្ចប់​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​ជាមួយ​កង​កម្លាំង​របស់​សហរដ្ឋ​អាមេរិក​ ហើយ​ងាក​ទៅ​ជិត​ស្និត​ជា​មួយ​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

នៅ​ក្នុង​សុន្ទរកថា​របស់​លោក​ Duterte ទៅ​កាន់​ថ្នាក់​ដឹកនាំ​ពាណិជ្ជកម្ម​ចិន​កាលពី​សប្តាហ៍​មុន​ លោក​បាន​ថ្លែង​ថា៖ «ឥឡូវ​នេះ​ អាមេរិក​បាន​ចាញ់​ហើយ។ ខ្ញុំ​នឹង​រៀប​ចំ​ខ្លួន​ខ្ញុំ​ជា​ថ្មី​ឡើង​វិញ​ឲ្យ​ស្រប​ទៅ​តាម​មនោគមវិជ្ជា​របស់​អ្នក»។

ក្រោយ​មក​លោក​បាន​ថ្លែងថា​ លោក​មិន​មែន​មាន​ន័យ​ថា​ រដ្ឋាភិបាល​ក្រុង​ម៉ានីល​នឹង​កាត់​ផ្តាច់​ទំនាក់​ទំនង​កាទូត​ជា​មួយ​សហរដ្ឋ​អាមេរិក​នោះ​ទេ ដែល​សារ​នេះត្រូវ​បាន​បញ្ជាក់​តាម​រយៈ​សារ​មួយ​បង្ហោះ​ដោយ​លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ Yasay កាល​ពី​ថ្ងៃ​សៅរ៍។

លោក​ Yasay បាន​ថ្លែង​ថា៖ «ជា​ការ​ពិត​ទៅ ការ​បែក​ចេញ​ពី​សម្ព័ន្ធ​មិត្ត​ដ៏​ជិត​ស្និត​របស់​យើង​ ដែល​ជា​សម្ព័ន្ធ​មិត្ត​ខាង​ផ្នែក​យោធា​និង​ជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​យើង​នោះ​ មិន​មែន​ផ្តល់​ប្រយោជន៏​ទាំង​ស្រុង​ដល់​ប្រទេស​ជាតិ​នោះ​ទេ»។

លោក​បាន​បន្ថែម​ថា៖ «ប៉ុន្តែ​ ការ​បែក​ចេញ​ពី​អតីត​ចៅហ្វាយ​នាយ​ពី​ជំនាន់​អាណានិគម​គឺ​ជា​ការ​ទាមទារ​ដើម្បី​ចង់​បាន​គោល​នយោបាយ​ការបរទេស​ឯករាជ្យ។ នេះ​មាន​ន័យ​ថា​ ការ​បែក​ចេញ​នេះ​គឺ​ជា​ការ​បែក​ចេញ​ពី​ផ្នត់​គំនិត​ដែល​ពឹង​ផ្អែក​និង​ស្តាប់​តាម​ការ​បង្គាប់​បញ្ជា ខាង​ផ្នែក​សេដ្ឋកិច្ច​និង​យោធា​ ដែល​អាមេរិក​បាន​មើល​មក​ហ្វីលីពីន​ថា​ជា​ «Little Brown Brother» ជា​យូរ​មក​ហើយ​នោះ​ ដែល​បាន​បង្អាក់​ដល់​ការ​រីកលូត​លាស់​ទៅ​មុខ​របស់​យើង»។សារ​បង្ហោះ​ដែល​មាន​ចំណងជើង​ថា៖ «បញ្ចប់​ការ​ពឹង​ផ្អែក​លក្ខណៈ​បង​ប្អូន​រវាង​គ្នា» គឺ​ជា​មាគ៌ា​ថ្មី​មួយ​របស់​លោក Duterte ក្នុង​ការ​បង្កើន​ទំនាក់​ទំនង​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច​ជាមួយ​នឹង​បណ្តា​ប្រទេស​នៅ​អាស៊ី​ ពិសេស​ជាមួយ​នឹង​ចិន៕

XS
SM
MD
LG