ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​សារព័ត៌មាន​ហ្វីលីពីន​អ្នកស្រី Maria Ressa ថា​សំណុំ​រឿង​បរិហារកេរ្តិ៍​ថ្មី​ «គួរ​ឲ្យ​អស់​សំណើច​»


រូបឯកសារ៖ អ្នក​កាសែត​អ្នកស្រី Maria Ressa ថ្លែង​ក្នុង​កិច្ចប្រជុំ​កំពូល​ស្ត្រី​ក្នុង​ពិភពលោក​នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩។
រូបឯកសារ៖ អ្នក​កាសែត​អ្នកស្រី Maria Ressa ថ្លែង​ក្នុង​កិច្ចប្រជុំ​កំពូល​ស្ត្រី​ក្នុង​ពិភពលោក​នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩។

អ្នក​ស្រី Maria Ressa នាយិកា​នៃ​គេហទំព័រ​ព័ត៌មាន​ហ្វីលីពីន​មួយ​ដែល​ត្រូវ​បាន​គេដឹងថា​រងការ​ត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់ពី​ប្រធានាធិបតី​ Rodrigo Duterte ​បដិសេធ​ទទួល​ទោស​កាលពី​ថ្ងៃទី​១៥​ខែធ្នូ ​លើ​សំណុំ​រឿងបង្ខូចកេរ្តិ៍​ឈ្មោះ​តាម​អ៊ិនធឺណេតទីពីរដែល​អ្នក​ស្រី​កំពុង​ប្រឈម។ អ្នកស្រី​និយាយ​ថាការ​ចោទ​ប្រកាន់​លើ​អ្នក​ស្រី​គឺ​ជារឿង​គួរ​ឲ្យ​អស់​សំណើច។

អ្នក​ស្រី Ressa ដែល​បាន​ជាប់​ជា​មនុស្ស​ប្រចាំ​ឆ្នាំ​កាលពី​ឆ្នាំ​២០១៨​លើ​ទស្សនាវដ្តី​ Time Magazine ​បាន​ប្រឈម​នឹងពាក្យ​បណ្តឹង​ជាច្រើន​ដែល​អ្នក​ស្រី​និយាយ​ថាគឺ​ជា​ការ​បំភិត​បំភ័យ​លើ​អ្នក​ស្រី​និង​អ្នក​សារព័ត៌មាន​ផ្សេង​ទៀត​ ក្នុង​ប្រទេស​មួយ​ដែល​ត្រូវបានគេ​ស្គាល់​ពីមុន​ថា​បាន​គាំទ្រ​សេរីភាព​សារព័ត៌មាន។

អ្នកស្រី Ressa នាយិកា​ប្រតិបត្តិ​នៃ​សារ​ព័ត៌មាន Rappler បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ខាងក្រៅ​តុលាការ​ក្នុងរដ្ឋ​ធានីម៉ានីលថា៖ ​«ខ្ញុំ​នឹង​តតាំងក្តី​រហូត​ដល់​ទីបញ្ចប់ ​ហើយ​យើង​នឹង​ទទួល​ជ័យ​ជម្នះ ​ដោយសារ​តែ​វា​មិនសមហេតុផល​។»

ទីប្រឹក្សា​របស់អ្នក​ស្រី​Ressa ​លោក​ Theodore Te ​បាន​និយាយ​ថា​ពួកគេ​បាន​យល់​ស្រប​ជាមួយ​នឹង​សវនាការ​ដែល​មាន​លក្ខ័ខណ្ឌ​មួយ​ នៅពេល​ដែល​កំពុង​រង់ចាំ​សេចក្តី​សម្រេចលើ​ការ​ស្នើ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​នានា។

អ្នក​ជំនួញ​ម្នាក់​គឺ​លោក Wilfredo Keng បានដាក់​ពាក្យ​បណ្តឹង​ប្រឆាំងនឹង​អ្នក​ស្រី​ Ressa​ពី​បទ​បរិហារ​កេរ្តិ៍​តាម​អនឡាញ​ថ្មី ដោយ​ចោទប្រកាន់​អ្នក​ស្រី​ថា​បាន​ចែករំលែក រូប​ថត​អត្ថបទ​មួយ​កាលពី​ឆ្នាំ ២០០២​ដែល​ភ្ជាប់​លោក​នឹង​របាយ​ការណ៍​ឧក្រិដ្ឋកម្ម​មួយ។ មេធាវី​របស់​លោក Keng មិន​បាន​និយាយ​ជា​មួយ​អ្នក​សារព័ត៌មាន​ទេ​បន្ទាប់​ពី​សវនាការ​នោះ។

កាលពី​ខែ​មិថុនា អ្នក​ស្រី Ressa ​ត្រូវបានផ្តន្ទាទោស​ពី​បទ​ប្រមាថ​ ដោយសារ​អត្ថបទ​មួយ​កាលពី​ឆ្នាំ២០១២ ដែល​ភ្ជាប់​លោក Keng ជាមួយ​នឹង​សកម្ម​ភាព​ខុសច្បាប់​ជាច្រើន។ លោកស្រី​ប្រឈមមុខ​នឹងការ​ជាប់គុករយ:ពេល​៦ឆ្នាំ ​តែកំពុង​ដាក់ពាក្យ​ប្តឹង​ឧទ្ធរណ៍​ចំពោះការ​ផ្តន្ទាទោស។

អ្នក​ស្រី Ressa ក៏​កំពុង​ប្រឈម​មុខ​នឹង​សំណុំរឿង​មួយ​ចំនួន​ទៀត រួម​មានបទល្មើស​ពន្ធដារ និង​ការ​រំលោភ​លើច្បាប់​កម្មសិទ្ធិ​ជនបរទេស​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ។

អ្នក​ស្រី​បាន​និយាយ​ថា​សំណុំ​រឿង​ទាំង​នោះ​គឺ​ជា​ទម្រង់​នៃ​ការ​យាយី​មួយ​ដោយសារ​តែ​ការ​រាយការណ៍​ព័ត៌មាន​សំខាន់ៗ​នៅលើ​គេហទំព័រ​ព័ត៌មាន​របស់​អ្នក​ស្រី អំពី​សង្រ្គាម​បង្ហូរឈាម​ប្រឆាំង​នឹង​ថ្នាំ​ញៀនរបស់​លោក Duterte ​ក្នុង​អំឡុង​ពេល​ដែល​មាន​អ្នក​ចែកចាយ​គ្រឿងញៀន​និង​អ្នក​ប្រើប្រាស់​ដែល​ជា​ជន​សង្ស័យ​ច្រើន​ជាង​៥,៩០០នាក់​ត្រូវបាន​សម្លាប់​ក្នុង​ប្រតិបត្តិ​ការ​ប្រឆាំង​គ្រឿង​ញៀន។

លោកDuterte បាន​រិះគន់​ទីភ្នាក់ងារ​ប្រព័ន្ធ​ផ្សព្វផ្សាយពី​របាយការណ៍រិះគន់​ស្តី​ពី​ការរំលោភ​សិទ្ធិ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​នៅ​ក្នុង​យុទ្ធនាការ។

កាលពី​ខែ​កក្កដា សមាជិក​សភា​ដែល​មាន​សម្ព័ន្ធ​មិត្ត​ជាមួយ​នឹង​ប្រធានាធិបតី​បានបដិសេធ​ការ​ស្នើ​សុំបន្ត​សិទ្ធិ​ធ្វើ​អាជីវកម្ម​រួមគ្នា​តាមរយ:​សភារបស់​ក្រុម​ហ៊ុន​ផ្សព្វផ្សាយ ​ABS-CBN Corp ដ៏​ធំ ​ដែល​ក្រុម​ហ៊ុន​នោះ​បាន​ធ្វើ​ឲ្យ​លោក Duterte ខឹងផង​ដែរ។

ជាលទ្ធផល ក្រុម​ហ៊ុន​ផ្សព្វផ្សាយ​ដ៏​ធំ​បំផុត​របស់​ប្រទេស​នេះ​បាន​បិទ​ស្ថានីយ៍​វិទ្យុ បិទ​ការិយាល័យ​តាម​បណ្តា​ខេត្ត និង​បញ្ឈប់​បុគ្គលិក​រាប់ពាន់នាក់៕

ប្រែសម្រួល​ដោយ​កញ្ញា ទុំ ម្លិះ

XS
SM
MD
LG