មន្ត្រីយោធាហ្វីលីពីន បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា ការវាយប្រហារតាមអាកាសរបស់ខ្លួនមួយ ដែលមានគោលបំណងកម្ទេចពួកសកម្មប្រយុទ្ធដែលមានទំនាក់ទំនងជាមួយនឹងពួកជ្រុលនិយមក្រុមរដ្ឋឥស្លាម នៅក្នុងទីក្រុង Marawi ភាគខាងត្បូងប្រទេសហ្វីលីពីន បានសម្លាប់ទាហាន ១០ នាក់ និងធ្វើឲ្យទាហាន ៧ នាក់ ផ្សេងទៀតរងរបួស។
រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីន លោក Delfin Lorenzana បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងមិនបានរៀបចំប្រតិបត្តិការវាយប្រហារនេះឲ្យបានត្រឹមត្រូវ ដូច្នេះហើយ យើងបានវាយប្រហារចំទាហានរបស់យើងខ្លួនឯង»។
ការទម្លាក់គ្រាប់បែកខុសគោលដៅនេះ គឺជាការវាយប្រហារតាមអាកាសមួយ ក្នុងចំណោមការវាយប្រហារតាមអាកាសជាច្រើន ដែលយោធាបានធ្វើឡើងកាលពីថ្ងៃពុធម្សិលមិញ ពេលដែលទាហានជើងគោកព្យាយាមបំបែកពួកសកម្មប្រយុទ្ធ។
អំពើហិង្សានៅក្នុងទីក្រុង Marawi បានផ្ទុះឡើងកាលពីសប្ដាហ៍មុន នៅពេលដែលកងកម្លាំងសន្តិសុខបានព្យាយាមចាប់ខ្លួនលោក Isnilon Hapilon មេដឹកនាំនៃពួកជ្រុលនិយមក្រុមរដ្ឋឥស្លាមនៅក្នុងប្រទេសហ្វីលីពីន ហើយពួកជ្រុលនិយមក្រុមរដ្ឋឥស្លាមទាំងនោះបានតបតវិញ ដោយដណ្ដើមកាន់កាប់ផ្នែកមួយចំនួននៃទីក្រុង Marawi និងចាប់មនុស្សធ្វើជាចំណាប់ខ្មាំង។
សហរដ្ឋអាមេរិកបានបញ្ចូលលោក Hapilon ទៅក្នុងបញ្ជីភេរវករដែលគេតាមប្រមាញ់ខ្លាំងក្លាបំផុត និងថែមទាំងប្រគល់រង្វាន់ចំនួន ៥ លានដុល្លារអាមេរិក ដល់អ្នកណា ដែលអាចចាប់ខ្លួនជននេះបាន។
ការវាយប្រយុទ្ធគ្នានៅក្នុងទីក្រុង Marawi បានសម្លាប់ពួកជ្រុលនិយមក្រុមរដ្ឋឥស្លាមយ៉ាងតិច ៩៥ នាក់ កងកម្លាំងសន្តិសុខហ្វីលីពីន ៣០ នាក់ និងជនស៊ីវិល ១៩ នាក់។
លោក Delfin Lorenzana បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា ពួកជ្រុលនិយមក្រុមរដ្ឋឥស្លាម ៨ នាក់ ដែលបានសម្លាប់ គឺជាជនបរទេស ដែលក្នុងនោះមានទាំងពួកសកម្មប្រយុទ្ធ Chechen និងអារ៉ាប់ ផងដែរ៕