ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ហ្វីលីពីន ​Duterte ​កំពុង​តែ​គំរាម​ប្រើ​ច្បាប់​អាជ្ញាសឹក​


ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte លើក​ដៃ​គោរព​ជាមួយ​កម្លាំង​យោធា​របស់​លោក​ក្នុង​ពេល​ប្រារព​ពិធី​រំឮក​ខួប​កង​ទ័ព​ជើង​គោក​ កាល​ពី​ឆ្នាំ​មុន។
ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte លើក​ដៃ​គោរព​ជាមួយ​កម្លាំង​យោធា​របស់​លោក​ក្នុង​ពេល​ប្រារព​ពិធី​រំឮក​ខួប​កង​ទ័ព​ជើង​គោក​ កាល​ពី​ឆ្នាំ​មុន។

ប្រធានាធិបតី​ហ្វីលីពីន​កំពុង​តែ​គំរាម​ប្រើប្រាស់​ច្បាប់​អាជ្ញាសឹក​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន។ ថ្លែង​ទៅ​កាន់​សមាជិក​នៃ​សភា​ពាណិជ្ជកម្ម​នៅ​ទីក្រុង ​Davao​ កាល​ពី​ថ្ងៃ​សៅរ៍ លោក ​Rodrigo Duterte​ បាន​មាន​ប្រសាសន៍​ថា ​ប្រសិន​បើ​សង្គ្រាម​ថ្នាំញៀន​ក្លាយ​ទៅ​ជា​សកម្មភាព​ដែល​កាច​សាហាវ​ខ្លាំង នោះ​លោក​នឹង​ប្រកាស​ប្រើ​ច្បាប់​អាជ្ញាសឹក។

លោក​ថ្លែង​ថា៖ «គ្មាន​នរណា​ម្នាក់​អាច​បញ្ឈប់​ខ្ញុំ​បាន​ទេ»។ លោក​បាន​បន្ថែម​ថា គោល​បំណង​នៃ​វិធាន​ការ​នេះ​គឺ​ដើម្បី​ការពារ​ប្រជាពលរដ្ឋ​និង​យុវជន​ហ្វីលីពីន​នៅ​ក្នុង​ទឹកដី​របស់​ខ្លួន។

ប្រធានាធិបតី​ដ៏​ចម្រូង​ចម្រាស​រូប​នេះ​បាន​ប្តេជ្ញា​ថា​នឹង​បោស​សម្អាត​ថ្នាំញៀន​ខុស​ច្បាប់។ ក្នុង​រយៈ​ពេល​៦​ខែ​ដំបូង​នៃ​ការ​បង្ក្រាប​ថ្នាំញៀន​របស់​លោក ​មនុស្ស​ជិត​៦​ពាន់​នាក់​ត្រូវ​បាន​សម្លាប់​ដោយ​ប៉ូលិស​និង​ក្រុម​ការពារ​សណ្តាប់​ធ្នាប់ ដែល​រង​ការ​រិះគន់​ពី​អង្គការ​សិទ្ធិមនុស្ស ​អង្គការ​សហប្រជាជាតិ និង​ពី​ប្រធានាធិបតី​អាមេរិក ​លោក បារ៉ាក់ អូបាម៉ា ផង​ដែរ។

លោក Duterte បាន​ប្តេជ្ញា​ថា​នឹង​មិន​ខ្វល់​នឹង​ការរិះគន់​នោះ​ទេ ហើយ​នៅ​តែ​បន្ត​បង្ក្រាប​ត​ទៅ​ទៀត។ លោក​ក៏​ហ៊ាន​ឲ្យ​អ្នក​ប្រឆាំង​នឹង​លោក​ទម្លាក់​លោក​ចេញ​ពី​តំណែង​ផង​ដែរ។​

ប្រទេស​ហ្វីលីពីន​បាន​ប្រើប្រាស់​ច្បាប់​អាជ្ញាសឹក​ក្នុង​អំឡុង​ពេល​នៃ​របប​ផ្តាច់​ការ​របស់ លោក​ Ferdinand Marcos។ ​

លោក ​Duterte ​បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា លោក​បាន​បញ្ជា​ឲ្យ​យោធា​របស់​លោក​សម្លាប់​ពួក​ជ្រុលនិយម​ណា​ដែល​រត់​គេច​ខ្លួន​ជាមួយ​នឹង​ចំណាប់​ខ្មាំង។

នៅ​ពេល​សួរ​អំពី​ចំណាប់​ខ្មាំង លោក​ប្រធានាធិបតី​បាន​ឆ្លើយ​ថា៖ «​សុំ​អភ័យ​ទោស​ចំពោះ​គ្រោះថ្នាក់​ទៅ​លើជន​ស្លូត​ត្រង់»។ ហើយ​នៅ​ពេល​សួរ​អំពី​យោបល់​របស់​លោក​ទៅ​លើ​ជន​រង​គ្រោះ​ដែល​ប្រឈម​នឹង​គ្រោះ​ថ្នាក់ លោក​បាន​ឆ្លើយ​ថា «ការពារ​ខ្លួន​កុំ​ឲ្យ​ទៅ​ធ្លាក់​ជា​ចំណាប់​ខ្មាំង»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG