អាជ្ញាធរហ្វីលីពីននិយាយថា ពួកបរទេសស្ថិតនៅក្នុងចំណោមពួកជនសកម្មប្រយុទ្ធឥស្លាមនិយមដែលបានត្រួតត្រាកោះ Mindanao នាប៉ែកខាងត្បូងប្រទេសកាលពីពេលមុននេះក្នុងសប្តាហ៍នេះ។
លោក Jose Calida បាននិយាយនៅថ្ងៃសុក្រនេះថា «អ្វីដែលកើតមាននៅ Mindanao មិនមែនជាការបះបោររបស់ក្រុមពលរដ្ឋហ្វីលីពីនទៀតហើយ។ វាក្លាយទៅជាការលុកលុយមួយដោយពួកយុទ្ធជនបរទេស»។
លោកបានថ្លែងថាពួកជនជាតិម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងសិង្ហបុរីបានឆ្លើយតបនឹង «ការអំពាវនាវ» មួយឱ្យបង្កើតខេត្ត ISIS មួយនៅក្នុងកោះ Mindanao។
ពួកទាហានរដ្ឋាភិបាលហ្វីលីពីនបានចូលទៅក្នុងកោះ Mindanao កាលពីថ្ងៃព្រហស្បតិ៍ដើម្បីចាប់ផ្តើមបណ្តេញពួកជនសកម្មប្រយុទ្ធឥស្លាមនិយមឱ្យចេញពីទីនោះ។
កងឧទ្ធម្ភាគចក្រយោធាបានហោះពីលើដំបូលអាគារក្នុងក្រុង Marawi នៅពេលដែលកងរថក្រោះបានបើកកាត់សង្កាត់នៃក្រុងនេះនៅពេលមានការបាញ់កាំភ្លើងនិងការផ្ទុះយូរៗម្តង។ មនុស្សច្រើននាក់ក្នុងបណ្តាពលរដ្ឋ២សែននាក់នៃក្រុងនេះបានរត់គេចខ្លួនទៅកាន់កន្លែងមានសុវត្ថិភាពហើយ។
វិបត្តិនេះបានកើតមានឡើងកាលពីយប់ថ្ងៃអង្គារនៅពេលដែលកងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាលហ្វីលីពីនបានបើកធ្វើបេសកកម្មមួយដើម្បីចាប់ខ្លួនមេដឹកនាំពួកជនសកម្មប្រយុទ្ធឈ្មោះ Isnilon Hapilon ដែលគេជឿថាគាត់ស្ថិតនៅក្នុងក្រុង Marawi ដោយរើបពីរបួសដែលគាត់មាននៅក្នុងការប៉ះទង្គិចគ្នាមួយពីពេលមុន ។ការឆ្មក់វាយប្រហារនោះបានបញ្ចប់នៅក្រោយក្រុមជនសកម្មប្រយុទ្ធបានចូលលុកក្នុងក្រុងនេះ ហើយបានប្រព្រឹត្តដូចកម្រោលចូលដោយបានដុតផ្ទះអ្នកស្រុក សាកលវិទ្យាល័យមួយ និងព្រះវិហារគ្រិស្តសាសនានិកាយកាតូលិក និងបានចាប់ពួកចំណាប់ខ្មាំងផងដែរ ដោយមានរួមបញ្ចូលទាំងបព្វជិតគ្រិស្តសាសនាម្នាក់ និងមនុស្សជាង១២នាក់ទៀតនៅក្នុងព្រះវិហារមួយកន្លែង។
ពួកយោធានិយាយថាមានទាហានរដ្ឋាភិបាលយ៉ាងតិចណាស់១១នាក់ និងពួកជនសកម្មប្រយុទ្ធ៣១នាក់បានស្លាប់នៅក្នុងការប្រយុទ្ធគ្នានោះ៕