ក្រុមហ៊ុនផលិតឱសថអាមេរិកPfizerបានបញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលខ្លួនផលិតរួមគ្នាជាមួយក្រុមហ៊ុនអាល្លឺម៉ង់BioNTechនោះមានសុវត្ថិភាពនិងប្រសិទ្ធភាពទៅលើកុមារអាយុចន្លោះពី១២ទៅដល់១៥ឆ្នាំ ដែលនេះជាការវិវត្តន៍ដ៏ធំមួយក្នុងការឆ្ពោះទៅរកការបើកសាលារៀនទាំងអស់ឡើងវិញនៅក្នុងសហរដ្ឋអាមេរិកនៅក្នុងឆ្នាំនេះ។
ក្រុមហ៊ុនទាំងពីរ បានប្រកាសនៅថ្ងៃអង្គារថា ការធ្វើតេស្តទៅលើកុមារចំនួនជាង២.២០០នាក់បង្ហាញថាពុំមានកុមារណាម្នាក់ដែលទទួលវ៉ាក់សាំងនេះបានឆ្លងវីរុសកូរ៉ូណាបើប្រៀបធៀបនឹងកុមារចំនួន១៨នាក់ នៅក្នុងក្រុមទី២ ដែលទទួលថ្នាំផ្សេងដែលមិនមែនជាវ៉ាក់សាំង។
វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer បច្ចុប្បន្នត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់លើមនុស្សដែលមានអាយុចាប់ពី១៦ឆ្នាំឡើងទៅ។ ប្រធានក្រុមហ៊ុនPfizer លោក Albert Bourla និយាយថា ក្រុមហ៊ុនរបស់លោកនឹងដាក់ពាក្យសុំការអនុញ្ញាតប្រើប្រាស់វ៉ាក់សាំងក្នុងគ្រាបន្ទាន់ពីអាជ្ញាធរសហរដ្ឋអាមេរិក ក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះដើម្បីប្រើប្រាស់ទៅលើកុមារដែលមានអាយុចាប់ពី១២ឆ្នាំឡើងទៅ៕