ញត្តិមួយកំពុងត្រូវគេផ្សព្វផ្សាយនៅប្រទេសម៉ិកស៊ិកដើម្បីសម្រេចថាតើត្រូវធ្វើប្រជាមតិមួយលើការយកអតីតប្រធានាធិបតីទៅកាត់ទោសពីបទប្រព្រឹត្តិអំពើពុករលួយឬយ៉ាងណា។
ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទ លោកប្រធានាធិបតី Andres Manuel Lopez Obrador ដែលបានចោទប្រកាន់រដ្ឋបាលមុនៗពីបទពុករលួយបានថ្លែងថា ការធ្វើប្រជាមតិមួយអាចនឹងធ្វើឡើងស្របពេលដែលរៀបចំការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សភាជាតិនៅខែមិថុនាខាងមុខ។
លោក Lopez Obrador ថ្លែងថា វាមិនមែនជារឿងតូចតាចទេដែលត្រូវយកប្រធានាធិបតីមុនៗមកកាត់ទោស ដោយលោករៀបរាប់ថា វាគឺជារឿងប្រវត្តិសាស្ត្រមួយ។
ក្រុមអ្នករិះគន់បានចោទប្រកាន់លោក Lopez Obrador ថាកំពុងប្រើប្រាស់ការចោទប្រកាន់ពីអំពើពុករលួយដាក់អតីតប្រធានាធិបតី Enrique Pena Nieto និងលោក Felipe Calderon ដើម្បីបង្វែរការចាប់អារម្មណ៍ពីរដ្ឋបាលរបស់លោកដែលដោះស្រាយមិនបានល្អដើម្បីកាត់បន្ថយឧក្រិដ្ឋកម្មឃោរឃៅ និងការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
លោក Emilio Lozoya អតីតនាយកប្រតិបត្តិក្រុមហ៊ុនប្រេង Pemex របស់រដ្ឋបានចោទប្រកាន់អតីតប្រធានាធិបតី លោក Felipe Calderon និងលោក Enrique Pena Nieto ពីបទជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវស៊ីសំណូកសូកប៉ាន់។
លោក Calderon បានបដិសេធការចោទប្រកាន់ ហើយលោក Pena Nieto មិនបាននិយាយអ្វី ទាំងអស់ជាសាធារណៈពីការចោទប្រកាន់នេះទេ។
ក្នុងពេលជាមួយគ្នានេះដែរលោក Lozoya កំពុងរង់ចាំការកាត់ក្តីពីបទសូកប៉ាន់ និងលាងលុយកខ្វក់៕