ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ ក្រើន​រំឭក​​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ឲ្យ​ផ្ទៀងផ្ទាត់​ព័ត៌មាន​ មុន​នឹង​ចែក​បន្ត


កិច្ចពិភាក្សា​ស្តីពី​«អ្នកប្រើប្រាស់​បណ្តាញ​សង្គម និង​ក្រម​សីលធម៌» រៀបចំ​ដោយ​ក្លិប​អ្នកកាសែត​កម្ពុជា​នៅក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)
កិច្ចពិភាក្សា​ស្តីពី​«អ្នកប្រើប្រាស់​បណ្តាញ​សង្គម និង​ក្រម​សីលធម៌» រៀបចំ​ដោយ​ក្លិប​អ្នកកាសែត​កម្ពុជា​នៅក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)

លោក​ ប៉ែន​ បូណា​ ប្រធាន​ក្លឺប​អ្នក​កាសែត​កម្ពុជា​ បញ្ជាក់​ប្រាប់​ VOA ថា​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ គប្បី​ប្រើប្រាស់​បណ្ដាញ​សង្គម​ ក្នុង​ន័យ​មួយ​ដែល​ជួយ​លើក​ស្ទួយ​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ​ប្រកប​ដោយ​សុជីវធម៌​ និង​សីលធម៌​ ដើម្បី​ចៀសវាង​បង្ក​ចលាចល​ចំពោះ​លំហ​នៃ​​ការ​បញ្ចេញ​មតិ​នេះ។

ការប្រើប្រាស់​បណ្ដាញ​សង្គម​ដោយ​អសីលធម៌ ​ព័ត៌មាន​មិន​ទាន់​ច្បាស់​ការច្រើន​លើសលប់​នៅ​លើ​បណ្ដាញ​សង្គម​ ​ការ​ប្រឈម​មុខ​ខាង​ផ្លូវ​ច្បាប់​និង​ការរិះគន់​ឬ​វាយ​ប្រហារ​ជា​សាធារណៈ​ ​គឺជា​បញ្ហា​ចម្បងៗ​ដែល​កំពុង​កើត​មាន​ឡើង​ក្នុង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​នៅ​កម្ពុជា​ជា​ពិសេស​គឺបណ្ដាញ​សង្គមហ្វេសប៊ុក។ នេះ​បើ​យោង​តាម​កិច្ច​ពិភាក្សា​មួយ​ស្ដីពី»អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ និង​ក្រមសីលធម៌»​ ដែល​រៀបចំ​ដោយ​ក្លឹប​អ្នក​កាសែត​កម្ពុជា​ ​នា​ព្រឹក​ថ្ងៃ​ពុធ​នេះ។​

ក្រុម​អ្នក​ជំនាញ​សារព័ត៌មាន​លើក​ឡើង​ថា​ ស្រប​ពេល​ដែល​ព័ត៌មាន​មិន​ពិត​ត្រូវ​បាន​គេ​ចែក​រំ​លែក​នៅ​លើ​បណ្ដាញ​សង្គម​យ៉ាង​ទូលំទូលាយ​នោះ​ ក្រម​សីលធម៌​វិជ្ជាជីវៈ​របស់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ និង​ចំណេះ​ដឹង​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ គឺ​ជា​ធាតុ​ផ្សំ​២​សំខាន់​ ​ដើម្បី​កាត់​បន្ថយ​ភាព​ចម្រូង​ចម្រាស់​ចំពោះ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នៅ​កម្ពុជា។​

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ផ្តល់​កិច្ចសម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​ នៅក្នុង​កិច្ចពិភាក្សា​ស្តីពី«អ្នកប្រើប្រាស់​បណ្តាញ​សង្គម និង​ក្រម​សីលធម៌» រៀបចំ​ដោយ​ក្លិប​អ្នកកាសែត​កម្ពុជា​នៅក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/ VOA)
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ផ្តល់​កិច្ចសម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​ នៅក្នុង​កិច្ចពិភាក្សា​ស្តីពី«អ្នកប្រើប្រាស់​បណ្តាញ​សង្គម និង​ក្រម​សីលធម៌» រៀបចំ​ដោយ​ក្លិប​អ្នកកាសែត​កម្ពុជា​នៅក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/ VOA)

ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ការ​ពិភាក្សា​គ្នា​នោះ​ លោក​ ខៀវ​ កាញារីទ្ធ​ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ ​បង្ហាញ​ក្ដី​បារម្ភ​អំពី​អសីលធម៌​ និង​ពាក្យ​ពេចន៍​ជេរ​ប្រមាថ​របស់​អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​នៅ​កម្ពុជា។

«អ្វី​ដែល​ពិបាក​នោះ​គឺ​ក្រម​សីលធម៌​របស់​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម។ អ្នក​កាសែត​ទូរទស្សន៍​ វិទ្យុ​ ទស្សនាវដ្ដី​ កាសែត​បោះពុម្ព​ សុទ្ធតែ​មាន​ការ​បណ្ដុះបណ្ដាល​ សុទ្ធតែ​មាន​ការ​ទទួល​ខុស​ត្រូវ។ ចំណែកប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម គេ​អត់​មាន​ការ​ទទួល​ខុសត្រូវ​ទេ»។​

លោក​ ប៉ែន​ បូណា​ ប្រធាន​ក្លឺប​អ្នក​កាសែត​កម្ពុជា​ បញ្ជាក់​ប្រាប់​ VOA ថា​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ គប្បី​ប្រើប្រាស់​បណ្ដាញ​សង្គម​ ក្នុង​ន័យ​មួយ​ដែល​ជួយ​លើក​ស្ទួយ​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ​ប្រកប​ដោយ​សុជីវធម៌​ និង​សីលធម៌​ ដើម្បី​ចៀសវាង​បង្ក​ចលាចល​ចំពោះ​លំហ​នៃការ​បញ្ចេញ​មតិ​នេះ។

«បើ​យើង​ប្រើ​ខុស​ដូច​រាល់​ថ្ងៃ​ភាគ​ច្រើន​នេះ​ ធ្វើ​ឲ្យ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​យើង​អាប់​អោន ច្របូក​ច្របល់​ ធ្វើ​ឲ្យ​ប្រជាធិបតេយ្យ​យើង​ក្លាយ​ជា​អនាធិបតេយ្យ។ សេរី​ភាព​ជេរ​ប្រមាថ​គ្នា​ ការ​បង្ហោះ​រូប​ផ្ដេសផ្ដាស កាត់​ត​អីចឹង វា​ប៉ះពាល់​អញ្ចឹង»។​

លោក​ ប៉ែន​ បូណា​ លើក​ជា​ឧទាហរណ៍​ទាក់​ទង​នឹង​ការ​ចែក​រំលែក​ព័ត៌មាន​ដោយ​មិន​បាន​ផ្ទៀង​ផ្ទាត់​យ៉ាង​ដូច្នេះ​ថា៖

«ខ្ញុំ​លើក​ឧទាហរណ៍​ ស្ត្រី​ម្នាក់​ដែល​គាត់​ទៅ​ផ្សារ​ ស្រាប់​តែ​គេ​ចោទ​គាត់​ថា​ចោរ​ ហើយ​ស្រាប់​តែ​ហ្វេសប៊ុក​នាំ​គ្នា​ថត ហើយ​បង្ហោះ​រូប​គាត់​ពេញ​ហ្វេសបុក​ទាំង​អស់។ ក្រោយ​មក​គេ​បាន​រក​ឃើញ​ថា​ គាត់​មិន​មែន​ចោរ​ផង​ សន្តិសុខ​ចាប់​ច្រឡំ​ គាត់​ជា​មនុស្ស​ស្អាត​ស្អំ។ អញ្ចឹង​បាន​ន័យ​ថា ហ្វេសប៊ុក​យើង​ហ្នឹង​បាន​កាត់ទោស​គាត់​រួច​ទៅ​ហើយ។ មិន​ដឹង​ថា​ទៅ​ជួសជុល​ឲ្យ​គាត់​យ៉ាង​ម៉េច។ យើង​ស្រមៃ​មើល​ថា​គាត់​ឈឺ​ចាប់​យ៉ាង​ម៉េច»។

លោក​ Rene Gradwohl ​ប្រធាន​អង្គការ​មូលនិធិ​ខុនរ៉ាដ​ ប្រចាំ​កម្ពុជា​ លើក​ឡើង​ថា​ ​ការ​អប់រំ​អំពី​អក្ខរកម្ម​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ គួរ​តែ​ធ្វើ​ឡើង​ឲ្យ​បាន​ទូលំ​ទូលាយ​ ដើម្បី​ឲ្យ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​នានា​អាច​មាន​សមត្ថភាព​បែង​ចែក​ថា​ព័ត៌មាន​បែប​ណា​ដែល​ពួក​គេ​គួរ​តែ​ទុកចិត្ត​នោះ​ ព្រម​ទាំង​ឲ្យ​ពួកគេ​ចេះ​ទទួល​យក​ទស្សនៈ​របស់​អ្នក​ដទៃ​ដែល​មាន​លក្ខណៈ​ផ្ទុយ​ពី​ខ្លួន។​

«នៅ​ក្នុង​សង្គម ​ អក្ខរកម្ម​ផ្នែក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នេះ​និង​ការ​យល់​ដឹង​អំពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​គួរ​តែ​ពង្រឹង​នៅ​ក្នុង​សាលា​រៀន​ ​ក្នុង​គ្រួសារ​ និង​ក្នុង​សង្គម​ទាំង​មូល​ ដើម្បី​ឲ្យ​យុវជន​ នៅ​ពេល​ដែល​គាត់​អាន​ព័ត៌មាន​ គាត់​អាច​មាន​សមត្ថភាព​ដឹង​ថា​តើ​ព័ត៌មាន​បែប​ណា​ជា​ព័ត៌មាន​ដែល​មាន​ប្រភព​ច្បាស់​លាស់​គួរ​ឲ្យ​ទុក​ចិត្ត​បាន តើ​អ្វី​ទៅ​គ្រាន់​តែ​ជា​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ហើយ​អ្វី​ទៅ​ជា​ព័ត៌មាន​ដែល​មិន​ពិត​សោះ​នោះ»។

​នៅ​ក្នុង​កិច្ច​ពិភាក្សា​នា​ព្រឹក​នេះ​ ក្រុម​អ្នក​ជំនាញ​សារព័ត៌មាន​ ក្រើន​រំលឹក​ថា​ អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ គប្បី​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​ដែល​ពួក​គេ​ទទួល​បាន​នៅ​លើ​បណ្ដាញ​សង្គម​ ជាមួយ​នឹង​អត្ថបទ​ព័ត៌មាន​វិជ្ជាជីវៈ​ មុន​ពេល​ពួកគេ​ជឿ​ ឬ​ធ្វើ​ការ​ចែក​រំលែក​បន្ត​នូវ​ព័ត៌មាន​ទាំង​នោះ។ ក្រុម​អ្នក​ជំនាញ​ អះអាង​ថា អ្នក​សារព័ត៌មាន​អាជីព​ ជា​រឿយៗ​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​ប្រភព​ព័ត៌មាន​មុន​ពេល​ចុះ​ផ្សាយ៕

XS
SM
MD
LG