ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ថានភាព​​សេរីភាព​សារព័ត៌មាន​និង​ការ​បញ្ចេញ​មតិក្នុង​ប្រទេស​នីហ្សេរីយ៉ា​យ៉ាប់យឺន​តាំង​ពីអ្នក​កាសែត រហូត​ដល់​ម្ចាស់​សត្វ​សុនខ


អ្នក​កាសែត​កាត់​បដា​ នៅ​ពេល​ពួកគេ​ធ្វើ​បាតុកម្ម​នៅ​តាម​ផ្លូវ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​អ្នក​កាសែត​ម្នាក់​ត្រូវ​បាន​សម្លាប់​ដោយ​បុគ្គលិក​មន្ទីរពេទ្យ Lagos State University Teaching Hospital ម្នាក់​នៅ​ក្នុង​ក្រុង Lagos កាលពី​ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១២។
អ្នក​កាសែត​កាត់​បដា​ នៅ​ពេល​ពួកគេ​ធ្វើ​បាតុកម្ម​នៅ​តាម​ផ្លូវ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​អ្នក​កាសែត​ម្នាក់​ត្រូវ​បាន​សម្លាប់​ដោយ​បុគ្គលិក​មន្ទីរពេទ្យ Lagos State University Teaching Hospital ម្នាក់​នៅ​ក្នុង​ក្រុង Lagos កាលពី​ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១២។

ការ​វាយប្រហារ​ និង​ការ​ចាប់​ខ្លួន​​អ្នក​កាសែត​ជា​បន្តបន្ទាប់​នៅ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា​ បាន​ធ្វើ​ឲ្យ​ក្រុម​អ្នក​តស៊ូ​មតិ​ដើម្បី​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​មាន​ការ​ព្រួយ​បារម្ភ​អំពី​បរិយាកាស​នៃ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​នៅ​ទ្វីប​អាហ្វ្រិក។

ក្រុម​មន្រ្តី​ប៉ូលិស​បាន​បង្ហាញ​ខ្លួន​នៅ​ផ្ទះ​របស់​លោក Musa Azare នៅ​ក្នុង​រដ្ឋធានី​អាប៊ូហ្សា (Abuja) កាលពី​ថ្ងៃទី២០ ខែ​សីហា។

លោក​បានប្រាប់​ថា៖ «ពួកគេ​និយាយ​ថា ពួកគេ​ជា​មន្រ្តី​សន្តិសុខ​ ជា​កងកម្លាំង​ប៉ូលិស​នីហ្សេរីយ៉ា។ ពួកគេ​ត្រូវ​បាន​គេ​បញ្ជូន​មក​ពី​រដ្ឋ Bauchi ឲ្យ​មក​ទី​នេះ ដើម្បី​ចាប់​ខ្លួន​ខ្ញុំ»។

មន្រ្តី​ប៉ូលិស​ទាំងនោះ​បាន​ទាមទារ​ឲ្យ​លោក Azare ដែល​ត្រូវ​បាន​គេ​ដឹង​ថាបាន​ធ្វើ​ការ​រិះគន់​រដ្ឋា​ភិបាល​ក្នុង​រដ្ឋ Bauchi តាម​រយៈ​ការ​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​ ឲ្យ​ទៅ​ជាមួយ​ពួកគេ។ ទាល់​តែ​ពេល​ដែល​លោក​បាន​ទៅ​ដល់​ប៉ុស្តិ៍​ប៉ូលិស​នៅ​ខាង​ក្រៅ​រដ្ឋធានី​នៃ​ប្រទេស​នេះ ទើប​លោក​ដឹង​ថា លោក​ត្រូវ​បាន​គេ​ចោទ​ពីបទតាមដាន​ក្នុង​ប្រព័ន្ធ​អ៊ិនធឺណិតនិងបទ​បរិហាកេរ្តិ៍​។

មិន​យូរប៉ុន្មាន​ លោក Azare ​ត្រូវ​បាន​គេ​ដោះលែង។ ខណៈ​ដែល​មន្រ្តី​ក្នុង​រដ្ឋ Bauchi និយាយ​ថា ពួកគេ​មិន​បាន​ដឹង​អ្វី​ពី​ការ​ចាប់​ខ្លួន​នេះ​ទេ ប៉ុន្តែ​លោក Azare ជឿ​ថា​ រូប​លោក​ត្រូវ​បាន​គេ​យក​ធ្វើជា​គោលដៅ​បែបនេះ​ដោយសារ​តែការ​ការបញ្ចេញមតិ​រិះគន់​របស់លោក​។

ការ​ឃុំ​ខ្លួន​លោក Azare ជា​ករណី​មួយ​ក្នុង​ចំណោម​ការ​ចាប់​ខ្លួន ឬ​ការ​ឃុំ​ខ្លួនអ្នក​កាសែត​នានា​ជាច្រើន​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​នីហ្សេរីយ៉ាក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ។​

រដ្ឋធម្មនុញ្ញ​នីហ្សេរីយ៉ា​ ធានា​ពី​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​សេរីភាព​សារ​ព័ត៌មាន។ លោក Lai Mohammed ​រដ្ឋ​មន្រ្តី​ក្រសួង​ព័ត៌មាន​ បាន​និយាយ​កាលពី​ខែ​មិថុនា​ថា រដ្ឋាភិបាល​របស់​លោក​ប្រធានា​ធិបតី Muhammadu Buhari «មិន​មាន​បំណង​ធ្វើ​អ្វីមួយ​ដើម្បី​រឹតត្បិត​សេរីភាព​សារព័ត៌មាន​នោះ​ទេ»។

ប៉ុន្តែ​លោក Peter Nkanga ដែល​ជា​អ្នក​តំណាងអាហ្វ្រិក​ខាង​លិច​សម្រាប់​គណៈកម្មាធិការ​ការពារ​អ្នក​កាសែត​បាន​និយាយ​ថា សេរីភាព​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា​កំពុង​តែ​ធ្លាក់​ចុះ។​

លោក​បាន​បកស្រាយ​ថា៖ «តើ​សេរីភាព​សារ​ព័ត៌មាន​ធ្លាក់​ចុះ​ក្នុងរបៀប​ណា​ដែរ? ចម្លើយ​ គឺ​តាម​រយៈ​សកម្មភាព​របស់​ស្ថាប័ន​ និង​អាជ្ញាធរ​រដ្ឋាភិបាល​ ដែល​សុទ្ធ​តែជា​ស្ថាប័ននិង​បុគ្គល​ត្រូវ​ធានា​ឲ្យមាន​ សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ សេរីភាព​សារព័ត៌មាន​ សេរីភាព​ក្នុងការ​ប្រកាន់​គោល​គំនិត បែរជា​កំពុង​តែ​ធ្វើឲ្យ​សេរីភាព​នោះ​ធ្លាក់​ចុះ​បន្តិច​ម្តងៗ​ទៅវិញ»។

កាល​ពី​ខែ​មុននេះ កងទ័ព​របស់​នីហ្សេរីយ៉ា​បាន​កោះហៅ​អ្នក​កាសែត​ម្នាក់​ឲ្យមក​កាន់​បន្ទាយដើម្បី​ធ្វើ​ការ​សាក​សួរ​ បន្ទាប់​ពី​អ្នក​កាសែត​រូប​នោះ​បាន​បង្ហោះ​បន្តវីដេអូ​មួយ​នៃក្រុម​ជ្រុល​និយម​ Boko Haram នៅ​ក្នុង​បណ្តាញ​សង្គម​ Twitter។ នៅ​ខែ​មិថុនា អ្នក​កាសែត​ម្នាក់​ទៀត​ដែល​ធ្វើ​ការ​ស៊ើបអង្កេត​លើ​ការ​ជួញ​ដូរ​អាវុធ​ ត្រូវ​រងការ​វាយប្រហារ​នៅ​ពេល​ឆ្លង​កាត់​ព្រំដែន​នីហ្សេរីយ៉ា។ លោក Nkanga និយាយ​ថា ហេតុ​ការណ៍​វាយ​ប្រហារ​នោះ​បាន​កើត​ឡើង​នៅ​ពី​មុខ​ក្រុម​មន្រ្តី​គយ​ ប៉ុន្តែក្រុម​មន្ត្រីទាំង​នោះ​មិន​បាន​ធ្វើ​អន្តរាគមន៍​អ្វី​ទាល់​តែ​សោះ។​

មិន​មែន​ត្រឹម​តែ​អ្នក​កាសែត​ទេ​ដែល​ត្រូវ​បាន​គេ​កំណត់​ជា​គោលដៅ​នោះ។ ​នា​ពេល​ថ្មីៗ​នេះ ប៉ូលិស​បាន​ចាប់​ខ្លួន​បុរស​ម្នាក់​នៅ​រដ្ឋ Ogun ប៉ែក​ទិស​និរតី​នៃ​ប្រទេស​ ដោយ​សារតែ​លោក​បាន​ដាក់​ឈ្មោះ​សត្វ​សុនខ​ ថា​ «Buhari» តាម​ឈ្មោះ​លោក​ប្រធានាធិបតី។

លោក​រដ្ឋ​មន្រ្តី​ក្រសួង​ព័ត៌មាន​ Mohammed មិន​អាច​ទាក់ទង​ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​នោះ​ទេ។

លោក Shuaib Leman លេខាធិការ​ជាតិ​នៃ​សហជីព​អ្នកកាសែត​នីហ្សេរីយ៉ា (Nigerian Union of Journalists) និយាយ​ថា លោក​ទទួល​ស្គាល់​ថា​ការ​វាយប្រហារ​នានា​ក្នុង​ពេល​ថ្មីៗ ជា​ការវាយ​ប្រហារ​ចំពោះ​ការ​សន្យា​របស់​លោក​ប្រធានាធិបតី Buhari ក្នុង​ការ​បង្ក្រាបអំពើ​ពុករលួយ។ ចាប់​តាំង​ពី​ពេល​ដែល​លោក​ប្រធានាធិបតី Buhari បាន​ចូល​កាន់​តំណែង​កាលពី​ឆ្នាំ​មុន អ្នក​កាសែត​ជាច្រើន​បាន​រាយការណ៍​ព័ត៌មាន​នានា​អំពីករណី​សង្ស័យ​នៃការ​កេងប្រវ័ញ្ច​លួច​បន្លំ​ពីសំណាក់​រដ្ឋអំណាច​ និង​មន្រ្តី​ថ្នាក់​មូល​ដ្ឋាន​នានា។

លោក​បាន​និយាយ​ថា៖ «ខ្ញុំ​មិន​មាន​ការ​ភ្ញាក់ផ្អើល​នោះទេ​ ដែល​ជា​រៀង​រាល់ថ្ងៃ​អ្នក​នឹង​ឃើញ​មានមួយ​ករណី ឬ​ករណី​ផ្សេងៗ​ទៀត​ដែល​អ្នក​កាសែត​ម្នាក់​ត្រូវ​បាន​គេ​នាំ​ខ្លួន​ទៅ​ជួប​អភិបាល​រដ្ឋ ឬ​អ្នក​នយោបាយ​ដែល​មាន​អំណាច​ម្នាក់​ដោយ​សារតែ​ការ​សរសេរ​អត្ថបទ​ប្រឆាំង​នឹង​អំពើ​ពុករលួយ ឬ​ការ​លើក​យក​បញ្ហា​នានា​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី​សាធារណ​ជន និង​ទាមទារ​ការ​ពិនិត្យ​ពិច្ច័យ​ឲ្យ​បាន​ល្អិតល្អន់»។

លោក​ Mai Truong ប្រធាន​ក្រុម​តស៊ូមតិ​នៃកម្មវិធី​សេរីភាព​អ៊ីនធឺណិត​នៃ Freedom House បាន​និយាយ​ថា ក្រុមអ្នក​នយោបាយ​ប្រើប្រាស់​ច្បាប់​ដែលបាន​អនុម័ត​ឆ្នាំមុន​ដើម្បីដាក់​ទោសទណ្ឌ​រាល់​សកម្មភាព​នានា ដូចជា​ការ​លួច​ចូល​មើល​ព័ត៌មាន​ ​តាមដាន​ក្នុង​ប្រព័ន្ធ​អ៊ិនធឺណិត និងសំដៅ​អនុវត្ត​លើ​ក្រុម​អ្នកសរ​សេរ​ប្លុកជាដើម។​

លោក​បាន​និយាយ​ថា៖ «យើង​ឃើញ​មាន​ការ​កើន​ឡើង​តិចតួច​នៃ​ចំនួនអ្នក​សរសេរ​ Blogប្លុក​ដែល​ត្រូវ​បាន​គេ​កំណត់​ជា​គោលដៅ​នៃ​ការ​ចាប់​ខ្លួន និង​ចោទប្រកាន់​នៅ​ក្រោម​ច្បាប់​ឧក្រិដ្ឋកម្ម​អ៊ិនធឺណិត​ចំពោះ​ការ​សរសេរ​ខ្លឹមសារ​បង្ហោះ​នានា​អំពី​ថ្នាក់ដឹកនាំ​ ឬមន្រ្តី​ថ្នាក់​មូល​ដ្ឋាន​នានា»។

លោក Nkanga នៃគណៈកម្មាធិការ​ការពារ​អ្នក​កាសែត​ បាន​និយាយ​ថា បរិយាកាស​នៃ​សេរីភាព​សារ​ព័ត៌មាន​នឹង​មាន​ភាព​ល្អ​ប្រសើរ​ឡើង ល្គឹកណា​តែ​ភ្នាក់ងារ​សន្តិសុខ និង​អ្នក​នយោបាយ​ដែល​យក​អ្នក​កាសែត​ជា​គោលដៅ​ អាច​ផ្តល់​ភាព​យុត្តិធម៌​បាន៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG