លោក Pete Buttigieg បានចាកចេញពីការប្រជែងបេក្ខភាពប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យសម្រាប់ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនៅខែវិច្ឆិកាខាងមុខ។
ដោយថ្លែងទៅកាន់ក្រុមអ្នកគាំទ្រកាលពីថ្ងៃអាទិត្យម្សិលមិញ លោក Bittigieg ដែលជាអតីតអភិបាលក្រុង South Bend រដ្ឋ Indianna បាននិយាយថា លោកបានធ្វើការ «សម្រេចចិត្តយ៉ាងលំបាក» នៅក្នុងការចាកចេញពីការប្រកួតនេះ។
លោកមិនបានបង្ហាញការគាំទ្រចំពោះបេក្ខជនណាមួយដែលចូលរួមនៅក្នុងប្រកួតនោះទេ ប៉ុន្តែលោកបានសន្យាថានឹងធ្វើ «អ្វីៗទាំងអស់ដែលលោកអាចធ្វើបាន» ដើម្បីឲ្យគណបក្សប្រជាធិបតេយ្យកាន់កាប់សេតវិមានប្រធានាធិបតីនៅខែមករាឆ្នាំក្រោយ។
លោក Buttigieg គឺជាបេក្ខជនប្រជែងតំណែងប្រធានាធិបតីដំបូងបង្អស់ដែលប្រកាសខ្លួនជាសាធារណៈថាជាអ្នកស្រលាញ់ភេទដូចគ្នា។ លោកបាននិយាយថា លោកសង្ឃឹមថានឹងបញ្ជូនសារទៅកាន់ក្មេងៗដែលគេចាត់ទុកថា «ខុសពីគេឯង» ដោយបង្ហាញឲ្យពួកគេឃើញថា ពួកគេអាចក្លាយជាបេក្ខជននាំមុខមួយរូបបាននៅក្នុងការប្រជែងបេក្ខភាពប្រធានាធិបតី។
លទ្ធផលនៃការប្រជែងបេក្ខភាពប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតនៅរដ្ឋ South Carolina កាលពីថ្ងៃសៅរ៍ ដែលជាការបោះឆ្នោតលើកទី ៤ បន្ទាប់ពីការបោះឆ្នោតស្រដៀងគ្នានេះដែរនៅរដ្ឋ ៣ ផ្សេងទៀត បានធ្វើឲ្យលោក Buttigieg ខកចិត្ត ដោយសារលោកមិនទទួលបានគណៈប្រតិភូណាមួយទេ។
យុទ្ធនាការរបស់លោក Buttigieg បានចាប់ផ្ដើមយ៉ាងល្អដោយលោកបាននាំមុខគេយ៉ាងប្រកៀកប្រកិតនៅក្នុងការបោះឆ្នោតនៅរដ្ឋ Iowa និងបានចំណាត់ថ្នាក់ទី ២ នៅក្នុងការបោះឆ្នោតនៅរដ្ឋ New Hampshire។
ប៉ុន្តែក្រោយមក លោកពិបាកប្រជែងជាមួយនឹងលោក Joe Biden នៅក្នុងទាក់ទាញការគាំទ្រពីអ្នកបោះឆ្នោតកណ្ដាលនិយម ដោយធ្វើឲ្យលោក Biden ឈ្នះនៅក្នុងរដ្ឋ Souht Carolina។ លោក Biden គឺជាបេក្ខជនដែលមានការគាំទ្រខ្លាំងក្លាជាងលោក Buttigiegក្នុងចំណោមពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្វ្រិក៕