ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ឈ្នះ​ដាច់គេ​ក្នុង​ការ​បោះឆ្នោត​បេក្ខភាព​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ​ក្នុង​រដ្ឋ South Carolina


បេក្ខជន​ឈរឈ្មោះ​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក Joe Biden ថ្លែង​ក្នុង​កម្មវិធី​ឃោសនា​បោះឆ្នោត​មួយ​ក្នុង​ក្រុង Sumter រដ្ឋ South Carolina ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ២០២០។

អតីត​អនុប្រធានាធិបតី​សហរដ្ឋអាមេរិក លោក Joe Biden បាន​ឈ្នះ​ដាច់គេ​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យក្នុង​រដ្ឋ South Carolina។ ជ័យជម្នះ​នេះ​បាន​ជួយ​ស្ដារយុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដ៏​រួញរា​របស់​លោក​និង​បាន​ជួយ​បង្កើន​ការ​គាំទ្រ​សម្រាប់​ការ​បោះឆ្នោត Super Tuesday ដ៏​សំខាន់​នៅ​សប្ដាហ៍​ក្រោយ​នេះ ដែល​នឹង​បោះឆ្នោត​នៅ​ក្នុង​រដ្ឋ​ចំនួន​១៤​ដើម្បី​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ។ ​

ក្រោយ​ពី​លទ្ធផល​បង្ហាញ​ថា លោក Biden ទទួល​បាន​ការ​គាំទ្រ​ទាប​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតីក្នុង​រដ្ឋ​ចំនួន​៣​រួច​មក​ហើយ​នោះ ក្រុម​អ្នក​វិភាគ​បាន​ព្យាករណ៍​ថា យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រជែង​យក​តំណែងប្រធានាធិបតី​របស់​លោក​នឹង​ត្រូវ​បញ្ចប់​ ប្រសិន​បើ​លោក​មិន​ទទួល​បាន​ជ័យជម្នះ​ខ្លាំងក្លា​នៅ​ក្នុង​រដ្ឋ South Carolina ទេ​នោះ។ លោក Biden ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំងក្លា​នៅ​ក្នុង​រដ្ឋ South Carolina ពី​សំណាក់​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក ដែល​ជា​អ្នក​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​ភាគច្រើន​នៅ​ក្នុង​រដ្ឋ​នេះ។

លោក Biden មិន​ត្រឹម​តែ​ឈ្នះ​លោក Bernie Sanders សមាជិក​ព្រឹទ្ធសភា​នៃ​រដ្ឋ Vermont ដែល​ធ្លាប់​តែ​នាំ​មុខ​គេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក Biden ក៏​បាន​បង្ហាញ​ដល់​អ្នក​បោះឆ្នោត​ថា លោក​នៅ​តែ​មាន​លទ្ធភាព​ប្រកួតប្រជែង​យ៉ាង​ស្វិតស្វាញ​ដើម្បី​ទទួល​បាន​ការ​ជ្រើសតាំង​ជា​បេក្ខជន​ប្រធានាធិបតី​តំណាង​គណបក្ស​ប្រជាធិបតេយ្យ ដើម្បី​ប្រជែង​ជាមួយ​នឹង​លោក​ប្រធានាធិបតី Donald Trump នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។

លោក Biden ទទួល​បាន​ការ​គាំទ្រ​រហូត​ដល់​ជិត​៥០%​នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​ក្នុង​រដ្ឋ South Carolina នេះ។ ចំណែក​ឯ​លោក Sanders ទទួល​បាន​ការគាំទ្រ​ត្រឹមតែ​១៩%​ប៉ុណ្ណោះ។ លោក Tom Steyer ដែល​ជា​មហាសេដ្ឋីនិង​ជា​សប្បុរសជន​ដែល​បាន​ចំណាយ​ពេលវេលា​និង​ប្រាក់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ដើម្បី​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​ក្នុង​រដ្ឋ South Carolina នេះ ទទួល​បាន​ចំណាត់ថ្នាក់​លេខ​បី ដោយ​បាន​ការ​គាំទ្រ​ចំនួន​១១%។ ​

លោក Steyer បាន​សម្រេច​ចិត្ត​ឈប់​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​តទៅ​ទៀត​ ក្រោយ​ពី​លោក​នៅ​តែ​ទទួល​បាន​ការ​គាំទ្រ​ទាប​ពី​សំណាក់​អ្នក​បោះឆ្នោត៕

ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG