នៅក្នុងការជជែកដេញដោលរបស់បេក្ខជនប្រជែងបេក្ខភាពប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យកាលពីយប់ថ្ងៃអង្គារម្សិលមិញ បេក្ខជននានាបានផ្ដោតទិសដៅលើលោក Bernie Sanders ដែលជាបេក្ខជននាំមុខគេ ដោយអះអាងថា លោក Sanders ដែលប្រកាសខ្លួនឯងថាជាអ្នកសង្គមនិយមប្រជាធិបតេយ្យនោះ នឹងចាញ់លោកប្រធានាធិបតី Donald Trump នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខ ប្រសិនបើលោកត្រូវបានតែងតាំងជាបេក្ខជនប្រធានាធិបតី។
អតីតអភិបាលក្រុង New York លោក Michael Bloomberg បានថ្លែងនៅក្នុងការជជែកដេញដោលលើកទី ១០ នេះ ដែលធ្វើឡើងនៅទីក្រុង Charleston រដ្ឋ South Carolina ថា៖ «[ប្រសិនបើលោក Sanders ត្រូវបានតែងតាំងជាបេក្ខជនប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ នោះលោកនឹងចាញ់លោក Donald Trump ហើយរដ្ឋសភា និងព្រឹទ្ធសភានឹងត្រូវបានគណបក្សសាធារណរដ្ឋជាអ្នកគ្រប់គ្រង»។
លោក Sanders បានស៊កសំដីមកវិញថា ការស្ទង់មតិថ្នាក់ជាតិបានបង្ហាញថា នៅក្នុងការប្រកួតផ្អែកលើទ្រឹស្ដី ៥០ ដងចុងក្រោយជាមួយនឹងលោក Trump លោកបានឈ្នះលោក Trump ៤៧ ដង។
បេក្ខជនមួយរូបទៀតគឺសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Massachusetts អ្នកស្រី Elizabeth Warren ដែលជាសម្ព័ន្ធមិត្តយូរអង្វែងរបស់លោក Sanders បានអះអាងដូច្នេះថា៖ «ខ្ញុំអាចធ្វើជាប្រធានាធិបតីបានប្រសើរជាងលោក Bernie»។ អ្នកស្រីនិយាយថា អ្នកស្រីអាចសម្រេចបាននូវគម្រោងគោលនយោបាយវិវឌ្ឍនិយមដែលពួកគេទាំងពីរមានស្រដៀងគ្នា និងបានបញ្ជាក់ថា លោក Sanders នឹងមិនអាចធ្វើបាននោះទេ។
លោក Sanders វ័យ ៧៨ ឆ្នាំរូបនេះ រងការរិះគន់ជាបន្តបន្ទាប់ពីបេក្ខជនផ្សេងទៀត ទាក់ទិននឹងគម្រោងរបស់លោកនៅក្នុងការបង្កើតកម្មវិធីធានារ៉ាប់រងសុខភាពរបស់រដ្ឋាភិបាលដែលនឹងចំណាយទឹកប្រាក់ ៦០ ពាន់លានដុល្លារក្នុងរយៈពេលមួយទសវត្ស និងការណ៍ដែលលោកចង់បញ្ចប់គម្រោងធានារ៉ាប់រងសុខភាពរបស់ឯកជនដែលពលរដ្ឋអាមេរិកាំងប្រហែល ១៦០ លាននាក់ ប្រើសព្វថ្ងៃ៕