ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ម្តាយជនបង្កប្តឹងគ្រួសារជនរងគ្រោះ​ពី​បទ​«បរិហារកេរ្តិ៍»​និង«ជេរប្រមាថ»​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​សម្លាប់មនុស្សម្នាក់


រូបភាពដកស្រង់ពីការ​បង្ហោះលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដែល​បាន​បង្ហាញ​ពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្តាល​ឱ្យ​បុរសម្នាក់​ស្លាប់ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។ (Facebook Screenshot)
រូបភាពដកស្រង់ពីការ​បង្ហោះលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដែល​បាន​បង្ហាញ​ពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្តាល​ឱ្យ​បុរសម្នាក់​ស្លាប់ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។ (Facebook Screenshot)

ក្រុម​គ្រួសារ​របស់​ជន​បង្ក​ហេតុ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​សម្លាប់​មនុស្ស​ម្នាក់​ បាន​ប្តឹង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ដែល​ស្លាប់ ពី​បទ​បរិហារកេរ្តិ៍ និង​ជេរ​ប្រមាថ​ជា​សាធារណៈ។

ការ​ប្តឹង​ផ្តល់​នេះ បន្ទាប់​ពី​តុលាការ​រាជធានី​ភ្នំពេញ​បាន​សម្រេច​ឃុំ​ខ្លួន​ជន​បង្ក​ម្នាក់ ឈ្មោះ ព្រហ្ម វិចិត្រ​សុសក្ដា ជា​អ្នក​បើក​បរ​រថយន្ត​ Jeep ដែល​ត្រូវ​បាន​រាយការណ៍​ថា​ បើក​បុក​អ្នក​ធ្វើ​ដំណើរ​តាម​ម៉ូតូ​ម្នាក់​ស្លាប់ កាល​ពី​ខែ​ធ្នូ ឆ្នាំ​មុន។

បើ​តាម​ដីកា​របស់​តុលាការ ម្តាយ​របស់​ជន​បង្ក​បាន​ប្តឹងក្រុម​គ្រួសារ​ជន​រង​គ្រោះ​ចំនួន ​៤​នាក់ ពី​បទ​«បរិហារកេរ្តិ៍​ជា​សាធារណៈ» «បរិហារកេរ្តិ៍តាម​សារព័ត៌មាន» និង«ជេរ​ប្រមាថ​ជាសាធារណៈ»។ ពួកគេ​ទាំង​ ៤​នាក់ ​ដែល​ជា​សាច់​ញាតិរបស់​ជន​រង​គ្រោះ​ដែល​ស្លាប់ ត្រូវ​បាន​តុលាការ​កោះ​ហៅឱ្យចូល​បំភ្លឺ​ក្នុ​ង​នាម​ជា​ជន​សង្ស័យ​នៅ​ថ្ងៃ​ទី ​២៤ ខែ​មករា ខាង​មុខ​នេះ។

បើ​តាម​ដីកា​កោះហៅ​ ៤​ច្បាប់​ ផ្សេង​គ្នា​របស់​សាលា​ដំបូង​រាជធានីភ្នំពេញ ចុះថ្ងៃទី​ ៩ ខែមករា អ្នកស្រី សុខ លីណា ម្តាយ​របស់​ជន​បង្ក​បាន​ប្តឹង​មនុស្ស​៤​នាក់​រួម​មាន ​អ្នកស្រី គ្រុយ ឈិន​លាំង ត្រូវ​ជា​ភរិយា​របស់​អ្នក​ស្លាប់ កញ្ញា សៀង សេរីរដ្ឋា និង​កញ្ញា សៀង មួយអេង ត្រូវ​ជា​ប្អូនស្រី​បង្កើត​របស់​អ្នក​ស្លាប់ និង​លោក សំរិទ្ធ សារុន ត្រូវ​ជា​សាច់​ញាតិ​របស់​អ្នកស្លាប់ ពី​បទ​បរិហារកេរ្តិ៍ជា​សាធារណៈ បទ​បរិហារកេរ្តិ៍​តាម​សារព័ត៌មាន និងបទជេរប្រមាថជា​សាធារណៈ។

បើ​តាម​ដីកា​កោះ​ទាំង​នោះ អ្នកស្រី សុខ លីណា បាន​ប្តឹង​មនុស្ស​ទាំង​៤​នាក់​នេះ ​កាល​ពី​ថ្ងៃ​ទី ​៤ ខែ​មករា ឆ្នាំ​ ២០២៤ ​ហើយ​តុលាការបាន​កោះ​ហៅ​ឱ្យ​អ្នក​ទាំង​ ៤​ ចូល​បំភ្លឺ ​នៅថ្ងៃទី​ ២៤ ខែ​មករា ឆ្នាំ ២០២៤។

គេ​មិន​ទាន់​ដឹង​លម្អិត​ថា​តើ​មាន​ការ​ប្រើប្រាស់​ពាក្យ​ពេចន៍​យ៉ាង​ដូច​ម្តេច​ខ្លះ​ពី​សំណាក់​ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ រហូត​ដល់​ម្តាយ​របស់​ជន​បង្ក​ប្តឹង​ពួកគេ​ឡើយ។ ការ​ប្តឹង​ផ្តល់​នេះ​នាំឱ្យមាន​ការ​រិះគន់​ជា​បន្ត​បន្ទាប់​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ទៅ​លើ​ម្តាយ​របស់​ជន​បង្ក។

កញ្ញា សៀង សេរីរដ្ឋា អាយុ​២៤​ឆ្នាំ ដែល​ត្រូវ​ជា​ប្អូនស្រី​បង្កើត​របស់​អ្នក​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​នោះ បង្ហាញ​ការ​ងឿង​ឆ្ងល់​ចំពោះ​ពាក្យ​បណ្តឹង​លើ​កញ្ញា និង​បាន​អះអាង​ថា​ កញ្ញា​មិន​បាន​ជេរ​ប្រមាថ​អ្វី​ឡើយ។

កញ្ញា​ប្រាប់​វីអូអេ​ថា៖ «យើង​អត់​ទាន់​បាន​ទៅ​តុលាការ​ទេ​បង។ យើង​ព្យាយាម​ស្ងប់ស្ងាត់​ ដើម្បី​ឱ្យ​ខាង​តុលាការ​គាត់​ធ្វើ​ការ​។ អ៊ីចឹង​មាន​តែ​ខាង​ក្រុម​គ្រួសារសព ទើប​ស្ងាត់​ស្ងៀម​ ទប់ចិត្ត ទប់​កំហឹង ទប់​អ្វី​ទាំង​អស់​ ដើម្បី​ឱ្យ​ខាង​តុលាការ​ធ្វើ​ការ។ តែ​ចុងក្រោយ ខ្ញុំត្រូវ​បាន​ទទួល​ពាក្យ​បណ្តឹង​ ដោយ​អត់​មានដឹង​ថា​មូល​ហេតុ​ថា​យើង​ធ្វើអ្វី ​បាន​គេ​ប្តឹង​យើង​ ហើយ​ប្តឹង​មិន​មែន​តែ​ម្នាក់​ទៀត គឺ​ដល់​ប្រពន្ធ បង​ប្រុស[សៀង គឹមហុង ​ដែល​ស្លាប់​] ដែល​គាត់​កូន​ខ្ចី កូន​ទើ​បតែ​ ៦​ខែ ត្រូវ​បាន​ទទួល​ពាក្យ​បណ្តឹង​ហ្នឹង»។

​កញ្ញា​រៀប​រាប់​បន្ថែម​ថា​ គ្រួសារ​មិន​ទាន់​បាត់​សោក​សៅ និង​មិន​ទាន់​ធ្វើ​បុណ្យ​ ១០០​ថ្ងៃ​ចប់​សព្វ​គ្រប់​ផង បែរ​ជា​ត្រូវ​រង​ពាក្យ​បណ្តឹង​នេះ​ថែមទៀត។

កញ្ញា​បញ្ជាក់​ថា​៖ «ចាស​បង គាត់ [ប្រពន្ធ​លោក សៀង គឹមហុង] ​នៅ​តែ​សោក​សៅ​យំ​រាល់​ថ្ងៃ ព្រោះ​អី​កូន ​៦ខែ​ ហើយ​គ្នា​អត់​មាន​ដឹង​អី​ត្រូវ​បាត់​បង់​ឪពុក ហើយ​បើ​នៅ​តែ​ជាមួយ​កូន​ចឹង​ទៀត ហើយ​អា​ភាព​សោក​សៅ​ហ្នឹង​មិន​ងាយ​បាត់​ទេ»។

​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ​បាន​កើត​ឡើង​នា​វេលា​ម៉ោង ​១០​និង​២០​នាទី​យប់ ​ថ្ងៃ​ទី​ ១៤​ ខែ​ធ្នូ ​ឆ្នាំ​ ២០២៣ ដោយ​បុគ្គល​ឈ្មោះ ​ព្រហ្ម វិចិត្រសុសក្ដា ត្រូវ​បាន​ចោទ​ពីបទ​បើក​រថយន្ត​ម៉ាក ​Jeep ​ពណ៌​ខ្មៅ ​បុក​បុរស​ជិះ​ម៉ូតូ​ម្នាក់ ​ឈ្មោះ ​សៀង គឹមហុង ​ស្លាប់​នៅ​លើ​ផ្លូវ​ ៥៦៦ ​កែង​ ៣១៧ ​សង្កាត់​បឹងកក់២ ​ខណ្ឌ​ទួល​គោក។

ក្រោយ​ពេល​កើត​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍ លោក​ ព្រហ្ម វិចិត្រសុសក្ដា បាន​គេច​ខ្លួន​ពេល​មួយ​រយៈ និង​បាន​ចូល​សារភាព​នៅ​តុលាការ ក្រោយ​សមត្ថកិច្ច​តាម​ចាប់​ខ្លួន និង​ក្រោយ​មាន​ការ​ណែនាំ​ពីរដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ លោក ​កើត រិទ្ធ ដែល​ស្នើ​ឱ្យ​តុលាការ​ពិនិត្យ ​ស្រាវ​ជ្រាវ និង​ដោះ​ស្រាយ​ឱ្យ​បាន​ត្រឹម​ត្រូវ និង​ម៉ឺង​ម៉ាត់​តាម​ផ្លូវ​ច្បាប់។ ក្រោយ​មក ​លោក​ ព្រហ្ម វិចិត្រសុសក្ដា ​បាន​ចូល​សារ​ភាព​នៅថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ២០២៣ ​ហើយ​ក្រោយ​ការ​សាក​សួរ ​តុលាការ​ក៏​បាន​សម្រេច​ឃុំ​ខ្លួន​រូប​លោក​នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ ក្រោម​បទ​ចោទ​«ធ្វេស​ប្រហែស​ក្នុង​ការ​បើក​បរ» និង​បទ​«​រត់​គេច​ខ្លួន»។

ដោយ​ឡែក​នៅ​ពេល​ដែល​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​នោះ​កើត​ឡើង ​គណនី​ហ្វេស​ប៊ុក​ដែល​មាន​ឈ្មោះ​ថា​ Juppy ​និង​ត្រូវ​បាន​បញ្ជាក់​ដោយ​ក្រុម​គ្រួសារ​ថា​ជា​ហ្វេស​ប៊ុក​របស់​ភរិយា​របស់​អ្នក​ដែល​ស្លាប់ បាន​បង្ហោះ​សារ​មួយ​និង​ត្រូវ​បាន​លោក ​ជិន ម៉ាលីន​ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​យក​មក​ផ្សព្វ​ផ្សាយ​បន្ត​ថា៖ «លោក​ ព្រហ្ម វិចិត្រ​សុភា ​[ដែល​ជា​ឪពុក​របស់​ជន​សង្ស័យ] ​លោក​ចូល​បុណ្យ​សព​ ១០០០$ ​ហើយ​លោក​សូម​ឱ្យ​ដក​ពាក្យ​បណ្តឹង បើ​មិន​ដក​នឹង​ខូច​អនាគត​ទាំង​សង​ខាង​ លោក​ចង់​គំរាមហ៍? ​ហើយ​លោក​មក​ប្រាប់​ពួក​ខ្ញុំ​ដែល​ជា​គ្រួសារ​សព​ឱ្យ​កាត់​ចិត្ត​ទៅ? ​លោក ​ព្រហ្ម វិចត្រ​សុភា ខ្ញុំ​ឱ្យ​លោក​បែប​នឹង​វិញ​លោក​ព្រម​អត់? បើ​សិន​ជា​រូប​សព​ជា​រូប​កូន​លោក​ តើ​លោក​មាន​អារម្មណ៍​បែប​ណា?....​ខ្ញុំ​មិន​ឱ្យ​ប្តី​ល្អ​របស់​ខ្ញុំ​ស្លាប់​ទៅ​បែប​នេះ​ទេ។ យុត្តិធម៌​ត្រូវ​តែ​មាន​សម្រាប់​ប្តី​ខ្ញុំ...»។

កញ្ញា សៀង សេរីរដ្ឋា ដែល​ត្រូវជា​ប្អូន​ស្រី​បង្កើត​របស់​លោក សៀង គឹមហុង ជា​អ្នក​បើក​បរ​ម៉ូតូ​ដែល​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍ បន្ថែម​ថា ​រហូត​មក​ដល់​ពេល​នេះ ក្រុម​គ្រួសារមិ​ន​ទាន់​ដឹង​ព័ត៌មាន​អ្វី​បន្ថែមជុំវិញ​ករណី​ដែលតុលាការ​ចោទ​ប្រកាន់​ជន​បង្ក​នៅ​ឡើយ​ទេ។

កាល​ពី​កន្លង​ទៅ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ទាម​ទារ​សំណង​ជំងឺ​ចិត្ដ​ ២០​ម៉ឺន​ដុល្លារ​អាមេរិក​ពី​ជន​បង្ក​ និង​ស្នើ​ឱ្យ​ផ្ដន្ទាទោស​តាម​ច្បាប់​លើ​អ្នក​បើកបរ​ថយន្ត​នោះ។ ដូច្នេះ​ប្រសិន​បើ​តុលាការក​ឃើញ​កំហុស ​បុគ្គល​នោះ​អាច​ជាប់​ពន្ធនាគារ​ពី​១​ឆ្នាំ​ទៅ​៣​ឆ្នាំ តាម​មាត្រា​ ៨៥ ​នៃ​ក្រម​ព្រហ្មទណ្ឌ ​ពី​បទ​បើក​បរ​ដោយ​ធ្វេស​ប្រហែស​ ខ្ជីខ្ជា ​និង​មិន​ប្រុង​ប្រយ័ត្ន​ និង​តាម​មាត្រា​ ៥៤៣​ ពី​បទ​រត់​គេច​ខ្លួន​ ដែល​អាច​ត្រូវ​ផ្ដន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​ ៦​ខែ​ ទៅ ​១​ឆ្នាំ។

អ្នក​នាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ​អ៊ី រិន្ទ ​សុំ​មិន​អត្ថា​ធិប្បាយ​លើ​ករណី​នេះ ដោយ​ស្នើឱ្យទាក់ទង​ទៅ​អ្នក​នាំពាក្យ​របស់​តុលាការ​មួយ​ទៀត។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី ​អ្នកស្រី សុខ លីណា ​ជាម្តាយ​របស់​ជន​បង្ក និង​លោក ព្រហ្ម វិចិត្រ​សុភា ជា​ឪពុក​របស់​ជន​បង្ក និង​ជា​មេធាវី​ម្នាក់​បាន​នៅ​ឡើយ​ទេ។

បើ​តាម​ការ​ផ្សាយ​ផ្ទាល់​នៅ​លើ​បណ្តាញ​ហ្វេសប៊ុក កាលពី​ថ្ងៃ​អង្គារ អ្នកស្រី សុខ លីណា បាន​អះ​អាង​ថា ​មូល​ហេតុ​ដែល​អ្នកស្រី​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ ដោយ​សារ​តែ​មិន​ចង់​ឱ្យ​មាន​ការ​ជេរ​ប្រមាថ និង​លាប​ពណ៌​មក​កាន់​ក្រុម​គ្រួសារ​របស់​អ្នកស្រី​បន្ត​ទៀត។ អ្នកស្រី​បញ្ជាក់​ថា ​ករណី​គ្រោះ​ថា្នក់​ចរាចរណ៍​នោះ​គឺ​ជា​ឧបទ្ទវ​ហេតុ ហើយ​កូន​ប្រុស​របស់​អ្នកស្រី​មិន​មែន​ជា​ឃាតកឡើយ។ អ្នកស្រី​បន្ថែម​ថា​ប្រសិន​បើ​ក្រុម​គ្រួសារ​សព​មិន​ពេញ​ចិត្ត​ចំពោះ​ពាក្យ​បណ្ដឹង​នេះ អ្នកស្រី​នឹង​ដក​ពាក្យ​បណ្ដឹង​នោះ​វិញ។

អ្នកស្រី​ថ្លែង​ថា៖ «អញ្ចឹង​ខ្ញុំ​ធ្វើ​ពាក្យ​បណ្ដឹង​ហ្នឹង គឺ​ខ្ញុំ​ចង់​បញ្ជាក់​ថា​ ឈប់​ទៅ ខ្ញុំ​មាន​ពាក្យ​បណ្ដឹង។ អញ្ចឹង​ខ្ញុំ​ចង់​ឱ្យ​គាត់​កុំជេរ​ខ្ញុំ​ទៀត កុំ​ជេរ​ក្រុម​គ្រួសារ​ខ្ញុំ​ទៀត​ទេ។ ខ្ញុំ​អត់​មាន​ន័យ​ទាម​ទារ​ស្អី​ទៀត​ទេ ប៉ុន្ដែ​បើ​សិន​ជា​ពាក្យ​បណ្ដឹង​ហ្នឹង​ធ្វើ​ឱ្យ​គាត់​ខឹង​កាន់​តែ​ខ្លាំង ខ្ញុំ​អាច​ដក​បាន អត់​ជា​បញ្ហា ប៉ុន្ដែ​សុំ​កុំ​ដៀល​ត្មះ​ក្រុម​គ្រួសារ​ខ្ញុំ​ទៀត ប្រមាថ​ក្រុម​គ្រួសារ​ខ្ញុំ​ទៀត ខ្ញុំ​សុំ​តែ​ប៉ិន​ហ្នឹង ទុក​ឱ្យ​ច្បាប់​គេ​ធ្វើ​ការ»។

អ្នកស្រី សុខ លីណា បន្ថែម​ថា​ ក្រុម​គ្រួសារ​របស់​អ្នកស្រី​បាន​ទៅ​ចូលរួម​បុណ្យ​សព ហើយ​ក៏​មាន​គោល​បំណង«សម្រប​សម្រួល»ជាមួយ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ឱ្យ​ដក​ពាក្យ​បណ្តឹង ដោយ​អ្នកស្រី​បញ្ជាក់​ថា«កុំ​ឱ្យខូច​អនាគត​ក្មេង» ដែល​ជា​កូន​ប្រុស​របស់​អ្នកស្រី។ ក្នុង​ពេល​នោះ ក្រុម​គ្រួសារ​របស់​អ្នកស្រី​ក៏​បាន​ចូលរួម​ថវិកា​ចំនួន​ ១០០០​ដុល្លារ​សម្រាប់​បុណ្យ​សព៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG