ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការឃុំខ្លួនអ្នកបើករថយន្តបុកគេស្លាប់ ហើយរត់គេចខ្លួន ជាបណ្ដោះអាសន្ន


រូបភាពដកស្រង់ពីការ​បង្ហោះលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដែល​បាន​បង្ហាញ​ពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្តាល​ឱ្យ​បុរសម្នាក់​ស្លាប់ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។ (Facebook Screenshot)
រូបភាពដកស្រង់ពីការ​បង្ហោះលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដែល​បាន​បង្ហាញ​ពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្តាល​ឱ្យ​បុរសម្នាក់​ស្លាប់ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។ (Facebook Screenshot)

តុលាការ​រាជធានី​ភ្នំពេញ​បាន​សម្រេច​ឃុំ​ខ្លួនជា​បណ្ដោះ​អាសន្ន​បុគ្គល​ឈ្មោះ​ ព្រហ្ម វិចិត្រ​សុសក្ដា​ ជា​អ្នក​បើក​បរ​រថយន្ត ​ក្នុង​ករណី​បុក​អ្នក​ធ្វើ​ដំណើរ​តាម​ម៉ូតូ​ម្នាក់​ស្លាប់ ​ក្រោម​បទ​ចោទ​ធ្វេស​ប្រហែស​ក្នុង​ការ​បើក​បរ ​និង​បទ​រត់​គេចខ្លួន។​ នេះ​បើ​តាម​ដី​កា​របស់​ចៅ​ក្រម ហុង ម៉ារីណិច​ ដែល​វីអូអេ​ទទួល​បាន។

ជន​ត្រូវ​ចោទ​ឈ្មោះ​ ព្រហ្ម វិចិត្រសុសក្ដា ​ដែល​គេច​ខ្លួន​ពេល​កើត​ហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍ ​បាន​ចូល​សារភាព​នៅ​តុលាការ​ កាល​ពី​ថ្ងៃ​អាទិត្យ ​ក្រោយ​សមត្ថកិច្ច​តាម​ចាប់​ខ្លួន។ ​ក្រោយ​ការ​សាក​សួរ ​តុលាការ​បាន​សម្រេច​ឃុំ​ខ្លួន​រូប​លោក​នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ ​(PJ)​ កាល​ពី​ថ្ងៃ​ទី​ ២៤ ​ខែ​ធ្នូ ​ឆ្នាំ​ ២០២៣។​

ប្រសិន​បើ​តុលាការក​ឃើញ​កំហុស ​បុគ្គល​នោះ​អាច​ជាប់​ពន្ធនាគារ​ពី​ ១​ឆ្នាំ​ទៅ​ ៣​ឆ្នាំ តាម​មាត្រា​ ៨៥ ​នៃ​ក្រម​ព្រហ្មទណ្ឌ ​ពី​បទ​បើក​បរ​ដោយ​ធ្វេស​ប្រហែស​ ខ្ចី​ខ្ចា ​និង​មិន​ប្រុង​ប្រយ័ត្ន​ និង​តាម​មាត្រា​៥៤៣​ ពី​បទ​រត់​គេច​ខ្លួន​ ដែល​អាច​ត្រូវ​ផ្ដន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​ ៦​ខែ​ ទៅ​ ១​ឆ្នាំ។​

គួរ​បញ្ជាក់​ថា ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ទាម​ទារ​សំណង​ជំងឺ​ចិត្ដ ​២០ ​ម៉ឺន​ដុល្លារ​អាមេរិក​ពី​ជន​បង្ក​ និង​ស្នើ​ឱ្យ​ផ្ដន្ទាទោស​តាម​ច្បាប់​លើ​អ្នក​បើកបរ​ថយន្ត​នោះ។

គួរ​បញ្ជាក់​ថា​ បុគ្គល​ឈ្មោះ ​ព្រហ្ម វិចិត្រសុសក្ដា ត្រូវ​បាន​ចោទ​ពីបទ​បើក​រថយន្ត​ម៉ាក ​Jeep ​ពណ៌​ខ្មៅ ​បុក​បុរស​ជិះ​ម៉ូត​ម្នាក់ ​ឈ្មោះ ​សៀង គឹមហុង ​ស្លាប់​នៅ​លើ​ផ្លូវ​ ៥៦៦ ​កែង​៣១៧ ​សង្កាត់​បឹងកក់ ២ ​ខណ្ឌ​ទួលគោក​ កាល​ពី​វេលា​ម៉ោង​ ១០​និង​២០​នាទី​យប់​ថ្ងៃ​ទី​ ១៤​ ខែ​ធ្នូ ​ឆ្នាំ ​២០២៣។​

ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​ត្រូវ​បាន​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ ​លោក ​កើត រិទ្ធ ​ស្នើ​ឱ្យ​តុលាការ​ពិនិត្យ ​ស្រាវ​ជ្រាវ ​និង​ដោះ​ស្រាយ​ឱ្យ​បាន​ត្រឹម​ត្រូវ ​និង​ម៉ឺង​ម៉ាត់​តាម​ផ្លូវ​ច្បាប់៕

XS
SM
MD
LG